ភីហ្សា Domino ល្បី​របស់​អាមេរិក នឹង​មាន​វត្តមាន​នៅ​កម្ពុជា​ឆាប់​ៗ​

  • 2015-01-05 17:25:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ CBM Corporation ​​បាន​ចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន​​ Evolution Capital PLC​ ​​ដើម្បី​នាំ​យក​​​​ភីហ្សា​រសជាតិ​លំដាប់​អន្តរជាតិ​ថ្មី​មក​កាន់​ទីផ្សារ​កម្ពុជា ​​​គឺ​ Domino's Pizza។​​​​ ពិធី​ចុះ​ហត្ថលេខា​​រួមគ្នា​​លើ​កិច្ច​ព្រមព្រៀង​នាំ​យក​ស្លាក​យី​ហោ​ដ៏​ល្បី​នៅ​លើ​ពិភព​លោក​​​មួយ​នេះ បាន​ចាប់​ផ្ដើម​នៅ​សណ្ឋាគារ​ អាំងទែរ​កុង​ទី​ណង់​-តាល់ ​ព្រឹក​ថ្ងៃ​ទី​ ៥ ខែ​ មករា ឆ្នាំ ២០១៥ ​អម្បាញ់​មិញ​នេះ។

វត្តមាន​​​ក្នុង​ពិធី​នោះ​រួម​មាន​​​​ នាយក​ប្រតិបត្តិ​ Evolution Capital PLC ​លោក Sanjay Singh ​តំណាង​ CBM ​លោក ​គួច សុខលី និង ​​លោក ​ជី សិលា,  លោក​ស្រី Julie Chung ភារធារី និង ជា​តំណាង​ស្ថានទូត​អាមេរិក,​  ​ក្រុម​ការងារ Domino's Pizza កម្ពុជា ​និង​ ​អាស៊ី​ប៉ាស៊ីហ្វិក ​ព្រម​ទាំង​ភ្ញៀវកិត្តិយស និង ​​ក្រុម​អ្នក​សារព័ត៌មាន​​​នានា។

 

 

ចប់​ពិធី​ចុះ​ហត្ថលេខា​រួម​គ្នា លោក ​គួច សុខលី ប្រធានក្រុមហ៊ុន CBM Corporation​ និង ជា​តំណាង Domino's Pizza នៅ​កម្ពុជា បាន​និយាយ​ថា Domino ភីហ្សា​ គឺជា ​ក្រុម​ហ៊ុន​​ចែក​ចាយ​ភីហ្សា​លេខ​ ១ ប្រចាំ​ពិភព​លោក​ មាន​ហាង​ជាង ១១២៥០ ហាង​នៅ​ក្នុង​ប្រទេស​ចំនួន ៧៥ ដែល​បាន​បម្រើ​អតិថិជន​រាប់​លាន​​នាក់​​ជា​រៀង​រាល់​ថ្ងៃ​​​នៅ​ជុំវិញ​ពិភព​លោក។​ ដូច្នេះ​នៅ​ថ្ងៃ​នេះ Domino ភីហ្សា​​បាន​មក​ដល់​ប្រទេស​កម្ពុជា។

 

“ថ្ងៃ​នេះ ​គឺ​ជា​ សុបិន​ក្លាយ​ជា​ការ​ពិត​​ដោយ​សារ​តែ​ការ​គាំ​ទ្រ​ពី​មិត្ត​​សម្លាញ់​របស់​ខ្ញុំ​​​បាទ​ហើយ​ក៏​ជា​​ដៃ​គូ​សហការ​ដ៏​យូរ​អង្វែង​​ គឺ​​លោក ​សិលា និង មិត្តភ័ក្ដិ​​ និង ក្រុម​ការងារ។​ បើ​គ្មាន​​ការ​ខិត​ខំ​ប្រឹងប្រែង​ និង ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួកគេ​ ក្រុម​ហ៊ុន CBM ​មិន​​ទទួល​បាន​ជោគជ័យ​នោះ​ទេ​​ នោះ​វា​នៅ​តែ​ជា​ក្ដី​សុបិន​មួយ​ប៉ុណ្ណោះ"។

 

លោក​ Sanjay Singh នាយ​ប្រតិបត្តិ​ Evolution Capital & Member of BOD, D. PIZZA PLC បាន​និយាយ​​ដែរ​ថា "ថ្ងៃ​នេះ​ខ្ញុំ​បាទ​មាន​សោមនស្ស​ក្រៃ​លែង​ដែល​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​ជាមួយ​ CBM Corporation ​និង​ បង្ហាញ​គម្រោង​​សម្រាប់​ Domino's Pizza ប្រចាំ​នៅ​កម្ពុជា​។ លោក​បាន​ថ្លែង​ទៀត​ថា ការ​ចាប់​ដៃ​គូ​ជាមួយ​ក្រុម​ហ៊ុន​ CBM គឺ​ជឿជាក់​ថា សម្ពន្ធភាព​ជាមួយ​ CBM មិន​ត្រឹម​តែ​អាច​ឲ្យ​ Domino ពង្រីក​ខ្លួន​ឆាប់​រហ័ស​ក្នុង​ទីផ្សារ​ក្នុង​ប្រទេស​នេះ​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្ដល់​​ឱកាស​ដល់​ក្រុមហ៊ុន​ម្ហូបអាហារ​​ក្នុង​ស្រុក​កាន់​តែ​រីក​​ធំធាត់​ជាង​មុន​ផង​ដែរ។

 

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា  Domino បាន​ទាក់ទាញ​អតិថិជន​ក្នុង​ចំនួន​​ដ៏គួរ​​ឲ្យ​កត់​សម្គាល់​ទូទាំង​ពិភពលោក​ ហើយ​យើង​ជឿជាក់​ថា អតិថិជន​កម្ពុជា​​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ស្វាគមន៍​អ្វី​ដែល​ក្រុមហ៊ុន​នឹង​ផ្ដល់​​ជូន​ដោយ​​ឈរ​លើ​គុណភាព​ ពិសេស​ គឺ​ រសជាតិ​ និង ការ​ចម្អិន​ភ្លាមៗ។ អ្វី​ដែល  Domino ផ្ដល់​ជូន​អតិថិជន​​ គឺ​គ្រប់​ភីហ្សា​​ទាំង​អស់​​ធ្វើ​ភ្លាមៗ​ដោយ​ដៃ​ចុងភៅ​ដ៏​ចំណាន​ ដោយ​ប្រើ​គ្រឿង​​​ផ្សំ​ប្រកប​ដោយ​​រូបមន្ត​​ដ៏​ពិសេស​គុណភាព​ខ្ពស់​បំផុត​ ពិសេស​ទៅទៀត​​នោះ គឺ​ប្រើ Mozzarella Cheeses ១០០​%។

 

លោក​បាន​បញ្ជាក់​ទៀត​ថា​ ក្រៅ​ពី​នេះ  Domino ក៏​ផ្ដោត​សំខាន់​​ទៅ​លើ​សេវា​​ដឹង​ជញ្ជូន​ដល់​អតិថិជន​​ដែរ​ ក្នុង​នោះ​ យើង​មាន​មោទនភាព​ក្នុងនាម​ជា​អ្នក​ជំនាញ​សេវា​ដឹក​ជញ្ជូន​​អតិថិជន​លេខ​១​ក្នុង​លោក។ "យើង​ប្រើ​រយៈពេល​៣០​នាទី​ដើម្បី​ដឹក​ជញ្ជូន​ដល់​​អតិថិជន​ក្រោយ​ពី​កុម្ម៉ង់"។

 

លោក​ស្រី Julie Chung ភារធារី និង ជា​តំណាង​ស្ថានទូត​អាមេរិក​ បាន​មាន​ប្រសាសន៍​ដែរ​ថា ចំណុច​មួយ​ដ៏​សំខាន់​បំផុត​គឺ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​បាន​គាំទ្រ​ក្រុម​ហ៊ុន​អាមេរិក និង ​ជំរុញ​លើក​កម្ពស់​​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​​តែ​ជិត​ស្និទ្ធ។ ការ​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​បាន​ជួយ​ផ្សព្វផ្សាយ​ការ​ងារ​ក្នុង​ប្រទេស​ទាំង​ពីរ បង្កើន​ស្ថិរភាព និង​ ធ្វើ​ឲ្យ​ជីវភាព​រស់​នៅ​ប្រជា​ពល​រដ្ឋ​កាន់​តែ​ប្រសើរ​ឡើង។ ការ​ធ្វើ​ការ​រួម​គ្នា​ជា​មួយ​ពាណិជ្ជកម្ម​អាមេរិក យើង​សង្ឃឹម​ពង្រីក​អាជីវកម្ម​របស់​យើង​ទៅ​កាន់​តំបន់ ហើយ​ការ​ភ្ជាប់​ទំនាក់​ទំនង​របស់​យើង​នឹង​ជ្រៀត​ចូល​ឲ្យ​កាន់​តែ​ជ្រៅ​ក្នុង​វិស័យ​ចម្រុះ​កាន់​តែ​ច្រើន។​

 

លោក​ស្រី Julie Chung បាន​រំលឹក​ថា "វា​ដិត​ជាប់​ក្នុង​អារម្មណ៍​ជា​និច្ច វា​ពិត​ជា​រំភើប​ណាស់​ដែល​មាន​វត្តមាន​​ហាង​ ភីហ្សា Domino នៅ​កម្ពុជា។ ឆ្លង​កាត់​ការងារ​ដ៏​លំបាក ផលិត​ផល​ដ៏​អស្ចារ្យ​ និង​សេវាកម្ម​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ កាល​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ មាន​ហាង​តែ​មួយ​គត់ ប៉ុន្តែ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ក្រុម​ហ៊ុន​បាន​រីក​ចម្រើន​រហូត​ដល់​ចំនួន​ ១១​២៥០ ​ហាង​នៅ​ទូទាំង​៧៥​ប្រទេស​ក្នុង​ពិភព​លោក"។

 

លោកស្រី បាន​បន្ថែម​ថា Domino ដែល​បាន​ចាប់​ផ្ដើម​ដំបូង​នៅ​ជិត​សាកល​វិទ្យាល័យ​ Eastern Michigan ក្នុង​ទី​ក្រុង Ypsilanti រដ្ឋ​ Michigan​ បាន​ក្លាយ​ជា​ទី​ពេញ​និយម​សម្រាប់​សិស្ស​និស្សិត​មហា​វិទ្យាល័យ​ និង​សាកល​វិទ្យាល័យ ជា​ពិសេស​អំឡុង​ពេល​ប្រឡង​ឆមាស​ និង ​ប្រឡង​បញ្ចប់​ការ​សិក្សា៕

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី