អ៊ិន សុភិន ថា ​តម្រូវ​ការ​ទីផ្សារ​ខាន​មិន​បាន​​ទើប​ឱ្យ​​កូន​ស្រី​គ្រង​តំណែង​​តួឯក​តទៅ​ទៀត!

  • 2015-01-09 19:00:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ិន សុភិន និយាយ​ថា ​តម្រូវ​ការ​ទីផ្សារ​ពី​ទស្សនិកជន​ទើប​លោក​នៅ​បន្ត​ឱ្យ​កូន​ស្រី​គ្រង​តួឯក​តទៅ​ទៀត​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​រឿង "ខ្មោច​ទឹក" ដែល ទើប​​​ក្រុង​ពាលី​ព្រឹក​មិញ។ ការ​និយាយ​ដូច្នេះ​ខណៈ​កូន​ស្រី​របស់​​​លោក​ គឺ​​កញ្ញា ភិន សុដាលីស ធ្លាប់​ធ្វើ​ជា​តួឯក​ជាង​ ១០​រឿង​មក​ហើយ​ក្នុង​ផលិតកម្ម មហាហង្ស ហើយ​រឿង​ចុង​ក្រោយ​ដែល​នាង​សម្ដែង​ជា​តួឯក "អា​ព្រឿង​ងាប់​ហើយ"។

 

http://youtu.be/5JSZe3qDCzs

 

ផលិតករ និង​ ជា​ចាងហ្វាង​ផលិតកម្ម មហាហង្ស​លោក អ៊ិន សុភិន និយាយ​ថា៖ "ការ​ដែល​ខ្ញុំ​​ធ្វើ​ដូច្នេះ ដោយសារ​ទីផ្សារ​នៅ​តែ​គាំទ្រ​គាត់​ខ្លាំង ហើយ​គាត់​អាច​សម្ដែង​បាន​គ្រាប់​រសជាតិ"។

 

លោក អ៊ិន សុភិន បន្ត​ថា​ ប្រសិន​បើ​ទីផ្សារ​មិន​ត្រូវ​ការ​ ក៏​លោក​មិន​ជ្រើសរើស​កូន​ស្រី​របស់​​​ខ្លួន​​​ឱ្យ​គ្រង​តួឯក​តទៅ​ដែរ។ ប្រការ​នេះ​លោក​ចង់​បញ្ជាក់​ថា​ ខ្សែ​ភាពយន្ត​មួយៗ​ចំណាយ​ការ​ផលិត​អស់​ដើម​ទុន​ច្រើន ហើយ​ម្យ៉ាង​ទៀត​បើ​រើស​តួ​ខុស​អាច​ខូច​សាច់រឿង និង​លែង​មាន​ទំនុក​ចិត្ត​ពី​ទស្សនិកជន​ពេល​ដាក់​បញ្ចាំង​លើ​ទីផ្សារ។

 

នៅ​ពេល​ចោទ​សួរ​ថា​ តើ​ការ​​យក​កូន​ស្រី​កញ្ញា ភិន សុដាលីស ជា​តួឯក​ក្នុង​រឿង​ថ្មី "ខ្មោច​ទឹក" អាច​ឱ្យ​នាង​មាន​ប្រជាប្រិយភាព​ខ្ពស់​ថែម​ទៀត ឬ​អាច​ធ្លាក់​ប្រជាប្រិយភាព​ជាង​មុន។ ផលិតករ​លោក អ៊ិន សុភិន លើក​ឡើង​ថា​​ កូន​ស្រី​ខ្លួន​នឹង​អាច​មាន​ប្រជាប្រិយភាព​កាន់​តែ​ខ្លាំង។

 

លោក អ៊ិន សុភិន ផ្ដល់​បទសម្ភាសន៍នា​ពិធីក្រុងពាលី​រឿង ខ្មោចទឹក​ ព្រឹក​មិញ

 

ការ​និយាយ​បែប​នេះ ​ដោយ​លោក​សម្អាង​ទៅ​លើ​ខ្សែ​ភាពយន្ត​ថ្មី​ខាង​លើ មាន​ភាព​ទាក់ទាញ​ជាង​រឿង​មុនៗ​ ដែល​លោក​ធ្លាប់​ផលិត ហើយ​តារា​ចូល​រួម​សម្ដែង​ គឺ​សុទ្ធសឹងតែ​ជា​តារា​ល្បីៗ។

 

ផលិតករ​រូប​នេះ​បន្ត​ថា​ ការ​​យក​កូន​ស្រី​ឱ្យ​សម្ដែង​តួឯក​តទៅ​ទៀត​មិន​មាន​អ្វី​ប្លែក​ទេ ព្រោះ​ផលិតករ​ក្នុង​ស្រុក​ដទៃ​ទៀត​ក៏​ជ្រើសរើស​តែ​តួ​ដដែលៗ ក្នុង​ការ​សម្ដែង​ដែរ ហើយ​សូម្បី​តែ​នៅ​ក្រៅ​ប្រទេស​ក៏​មាន​រឿង​ដូច្នេះ​កើត​ឡើង​ផង​ដែរ។

 

 

តួឯក​ក្នុង​រឿង ខ្មោចទឹក ពី​ឆ្វេង​ទៅ​ស្ដាំ ភិន សុដាលីស ភឹម តារាវិបុល និង នី មុនីនាថ

 

 

“ខ្ញុំ​ទទួល​ស្គាល់​​ការ​ឱ្យ​កូន​ស្រី​បន្ត​សម្ដែង​តួឯក​តទៅ​ទៀត។ ធ្វើ​ម៉េច​បើ​ទីផ្សារ​តម្រូវ​ចឹង ហើយ​មិន​ថា​តែ​ខ្ញុំ ក្រឡេក​មើល​ផលិតកម្ម​ផ្សេង​ទៀត​ក៏​គេ​ធ្វើ​បែប​នេះ​ដែរ។ តួ​ណា​គេ​ចាប់​អារម្មណ៍​គេ​នៅ​តែ​ឱ្យ​សម្ដែង​តទៅ​ទៀត"។ លោក អ៊ិន សុភិន បន្ថែម។

 

ទោះ​ជា​បែប​នេះ​ក្ដី​ កញ្ញា ភិន សុដាលីស ត្រូវ​សម្ដែង​ជា​តួឯក​រួម​ជា​មួយ​កញ្ញា នី មុន្នីនាថ និង​ លោក ភឹម តារា​វិបុល លើក​ឡើង​ថា​ នាង​ក៏​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​ទស្សនិកជន​ធុញទ្រាន់​ផង​ដែរ​ នៅ​​ពេល​រឿង​ជា​បន្តបន្ទាប់​ដាក់​បញ្ចាំង​លើ​ទីផ្សារ។

 

កញ្ញា​បញ្ជាក់​ថា៖ "ខ្លាច​គេ​ជ្រេញ​មុខ​ដែរ​ហ្នឹង​បង ពេល​ថត​ច្រើន​រឿង​អីចឹង តែ​ធ្វើ​ម៉េច​បើ​គាត់​តម្រូវ​អីចឹង​​ហើយ។ ណា​មួយ​គិត​ថា​ទស្សនិកជន​មួយ​ចំនួន​ក៏​គេ​បន្ត​គាំទ្រ​ទៅ​ទៀត​ដែរ"។

 

http://youtu.be/BgLabhpnX6s

 

លោក អ៊ិន សុភិន បាន​បង្ហាញ​ជំនឿ​ជាក់​ខ្លាំង​ថា ​រឿង​ដែល​កូន​ស្រី​ខ្លួន​សម្ដែង​ជា​តួឯក​លើក​នេះ​គឺ​មាន​ភាព​ពិសេស និង​ ទាក់ទាញ​ជា​ច្រើន។ បើ​ប្រៀបធៀប​នឹង​រឿង​ "អា​ព្រឿង​ងាប់​ហើយ" កំពុង​ទទួល​គាំទ្រ​ច្រើន​នោះ លោក​ថា​ អាច​លើស​ពីរ​ទៅ​បី​ដង​ឯណោះ។

 

លោក អ៊ិន សុភិន ទើប​ទទួល​ជោគជ័យ​ជា​ខ្លាំង​ក្នុង​រឿង "អា​ព្រឿង​ងាប់ហើយ" ដែល​សហការ​ផលិត​ជា​មួយ​ផលិតកម្ម មាតុចក្រ​ហ្វីលម៍។ រឿង​ "ខ្មោច​ទឹក" របស់​លោក​គ្រោង​នឹង​ថត​ចប់ ហើយ​ដាក់​បញ្ចាំង​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៥​ខាង​មុខ។ ដើម​ទុន​ក្នុង​ការ​ផលិតកម្ម​លោក​ប្រាប់​ថា​ចន្លោះ​ពី ៦ ​ទៅ ៨ ​ម៉ឺន​ដុល្លារ៕

 

អានអត្ថបទបន្ត៖ ស្ទីលថត​ប្លែកៗ ១១​ សន្លឹក​ពី អែនឌី ​និង​ តារា​ស្រី​ល្បីៗ យ៉ាង​

អានអត្ថបទបន្ត៖តារា​ថៃ​ល្បី​តាម​វីដេអូ​សិច ក្លាយ​ជា​តួ​​នារី​រក​ស៊ី​ផ្លូវ​ភេទ​ក្នុង​រឿង​ហុងកុង

អានអត្ថបទបន្ត៖ មក​ដល់​ឆ្នាំ​នេះ “Gangnam Style” មាន​អ្នក​​មើល​​​២,២​ពាន់​លាន​ដង

 

 

 
 
 
 
 
 
 
 

អត្ថបទ៖ អ៊ីង សុឡា

អត្ថបទថ្មី