រឿងថ្មីរបស់ CTN ត្រូវការតួសម្ដែង ១០០ នាក់!
- 2015-01-10 13:02:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងថ្មីរបស់ CTN ត្រូវការតួសម្ដែង ១០០ នាក់!
ចន្លោះមិនឃើញ
រឿងភាគថ្មីបែបអប់រំរបស់ CTN មានចំណងជើងថា "ផ្កា៤ទង" កំពុងប្រកាសរកតួសម្ដែងចំនួន ១០០ នាក់ នៅក្នុងដំណើរការថតដើមខែ មីនា ឆ្នាំ២០១៥ ដើម្បីប្រកួតប្រជែងជាមួយភាពយន្តបរទេស និង លើកស្ទួយស្នាដៃខ្មែរ។
លោក ផាត់ យុទ្ធ(ពាក់មូក) កំពុងដឹកនាំថតរឿង
លោក ផាត់ យុទ្ធ អ្នកដឹកនាំរឿងប្រចាំស្ថានីយទូរទស្សន៍ខាងលើប្រាប់ Sabay ថា នេះជាខ្សែរឿងដំបូងចំណាយតួសម្ដែងច្រើនបំផុត។ ហើយក្រុមការងារផលិតកម្ម ត្រូវចំណាយពេលថតជាងកន្លះឆ្នាំឯណោះ ដើម្បីថតបញ្ចប់រឿង ដែលមានជាង ១០០ ភាគ ទុកសម្រាប់ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ CTN។ ប៉ុន្តែពេលនេះ កំពុងជ្រើសរើសតួនៅឡើយ។
"ខ្ញុំចង់បានតួថ្មីៗ និង មានសមត្ថភាពសម្ដែង ស្របតាមការកំណត់ជាស្រេច ព្រោះជារឿងបែបអប់រំផង"។ អ្នកដឹកនាំរឿងបន្តថា លោកត្រូវជ្រើសរើសតួប្រុសស្រីមានបុគ្គលិកលក្ខណៈស្របតាមសាច់រឿងជាក់ស្ដែង រួមមាន ស្អាតបែបស៊ីវិល័យ, ស្អាតបែបសាមញ្ញ និង តួម្ដាយជាដើម។ លោកជ្រើសរើសតួសំខាន់ស្រីមានចំនួន ៤ នាក់ តំណាងឲ្យផ្កា៤ទង និង តួសំខាន់ប្រុសមួយចំនួនទៀតផង ហើយក្រៅពីនេះជាតួបន្ទាប់បន្សំ តែមានចំនួនជាច្រើននាក់។
លោកឲ្យដឹងទៀតថា ល្ខោនទូរទស្សន៍កំពុងដំណើរការជ្រើសរើសតួសម្ដែងខាងលើ បានឆ្លុះបញ្ចាំងពីការពិត ដែលមាននៅក្នុងសង្គមខ្មែរ និង ផ្ដល់សារអប់រំនានា រួមមានពាក់ព័ន្ធការប្រកបរបរពេស្យាចារជាដើម។
លោកថា៖ "ខ្ញុំមិនខ្លាចនឹងធ្វើការបកស្រាយនោះទេ ប្រសិនបើមានការសួរនាំពីសាច់រឿង ព្រោះចង់ចូលរួមចំណែកទប់ស្កាត់ពីបញ្ហានេះជាមួយស្ថាប័នកំពុងធ្វើការពាក់ព័ន្ធ"។
លោកបង្ហាញសុទិដ្ឋិនិយមថា ខ្សែរឿងនេះអាចនឹងទទួលបានជោគជ័យមិនខាន នៅក្រោយការចាក់បញ្ចាំង។ ម្យ៉ាងទៀត ធ្លាប់មានបទពិសោធន៍ជោគជ័យរួចមកហើយ តាមរយៈខ្សែរឿងភាគមានចំណងជើងថា "មាសសុទ្ធ" ដែលកំពុងដំណើរការចាក់បញ្ចាំងនៅCTN និង មានការស្នើសុំនាំយកទៅចាក់បញ្ចាំងនៅទូរទស្សន៍អន្តរជាតិទៀតផង ដែលនេះជាមោទនភាពរបស់លោក៕
រឿង "មាសសុទ្ធ" ត្រៀមយកទៅបញ្ចាំងលើកញ្ចក់ទូរទស្សន៍អន្តរជាតិ
អានអត្ថបទ៖ នី មុនីនាថ ឆ្វាក់រឿងខ្មោចក្នុងឆ្នាំ២០១៥នេះ
អានអត្ថបទ៖ អ៊ិន សុភិន និយាយថាតម្រូវការទីផ្សារទើបឲ្យកូនស្រីសម្ដែងជាតួឯកទៀត
អត្ថបទ៖ សំ ជំនាញ រូបថត៖ ផ្ដល់ឲ្យ