ទឹម រដ្ឋា បញ្ជាក់​បន្ថែម​រឿង​ចែក​ផ្លូវ​ជា​មួយ​ប្រុស​ស្នេហ៍​ប៉ាគីស្ថាន

  • 2015-01-12 17:41:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណង​ស្នេហា​​​របស់​ កញ្ញា ទឹម រដ្ឋា ជា​មួយ​អ្នក​ជំនួញ​ប៉ាគីស្ថាន​​ លោក Zak Ky ដែល​កើត​ឡើង​​ជាង ១ ឆ្នាំ​​ មក​នេះ ​បាន​​ឈាន​ដល់​ផ្លូវ​បំបែក​ហើយ ក្រៅ​ពី​ការ​ប្រចណ្ឌ មាន​ហេតុផល​ជា​ច្រើន​ទៀត។

 

ទឹម រដ្ឋា និយាយ​ប្រាប់​ថា ការ​​ពិត​​មាន​​រឿង​ច្រើន​ណាស់​ដែល​នាំ​ឲ្យ​នាង​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​សង្សារ​របស់​នាង ប៉ុន្តែ​នាង​សូម​លើក​រឿង​មួយ​ចំនួន​ប៉ុណ្ណោះ​មក​និយាយ។ រដ្ឋា បាន​បន្ត​ថា រឿង​ប្រចណ្ឌ​ជាដើម​ចម​ចម្បង​គេ បន្ទាប់​មក​គឺ​រឿង ក្រុម​គ្រួសារ​នាង ​និង ការងារ​សិល្បៈ។

 

 

រដ្ឋា លើក​ឡើង​ថា ដំបូង​ឡើយ Zak Ky មិន​បាន​ធ្វើ​ឲ្យ​នាង​ចាប់​អារម្មណ៍​​​ពី​អត្តចរិត​របស់​គាត់​ ដូច្នេះ​ហើយ​ ​ស្នេហា​របស់​នាង​បាន​ដើរ​យ៉ាង​​រលូន ប៉ុន្តែ​​មួយ​រយៈ​ចុង​ក្រោយ​នេះ ចាប់​ផ្ដើម​មាន​បញ្ហា​ជា​មួយ​គ្នា ព្រោះតែ​ ប្រចណ្ឌ​​ខ្លាំង។ នាង​បាន​បន្ត​ទៀត​​ថា ដើម្បី​ឲ្យ​ស្នេហា​នាង សុខចិត្ត​​កាត់​បន្ថយ​ច្រើន​​​ពី​ការងារ​សិល្បៈ ក្នុង​រយៈ​ពេល​ដែល​​ស្គាល់​គ្នា​នេះ មាន​អ្នក​ដឹក​នាំ​សិល្បៈ​ច្រើន​ណាស់​ហៅ​ថត តែ​នាង​បាន​បដិសេធន៍។ មាន​តែ​ការ​ដើរ​ម៉ូដ ប៉ុណ្ណោះ​ដែល​នាង​ទទួល ហើយ​ការ​ទទួល​ដើរ​ម៉ូដ​នោះ​ក៏​មិន​សូវ​មាន​ច្រើន​ដែរ  ហើយ​​រាល់​ការ​ទៅ​ណា​មក​ណា សង្សារ​នាង​ទៅ​តាម​ជាប់​​ជា​និច្ច។

 

ចំណុច​មួយ​ទៀត​សូម្បី​តែ​នាង ចាប់ដៃ​គូជា​មួយ លោក អេឡិច ច័ន្ទត្រា ដែល​ជា​មិត្តភ័ក្រ្ត​ចាស់ ​ស្គាល់​ចិត្ត​ស្គាល់​​ថ្លើម​​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ក៏ Zak Ky នៅ​តែ​ប្រចណ្ឌ​ដែរ។

 

ចំពោះ​រឿង​ក្រុម​គ្រួសារ​វិញ ទឹម រដ្ឋា បាន​លើក​ឡើង​ឲ្យ​ដឹង​ថា នាង​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​ម្ដាយ​ឪពុក​ និង ​បងប្អូន ព្រោះ  Zak Ky ​ហាក់​ដូច​ជា ​ព្យាយាម​​បន្តិច​ម្ដងៗ ទាញ​នាង​ឲ្យ​ឆ្ងាយ​ពី​សិល្បៈ​ និង ​ក្រុម​គ្រួសារ ។ នាង​មិន​សូវ​មាន​ពេល ជួបជុំ​ក្រុម​គ្រួសារ​ដូច​មុន​ឡើយ តែ​បែប​នេះ​ក្ដី ដើម្បី​ក្ដី​សុខ​កូន ម្ដាយ​របស់​នាង​មិន​​បាន​ស្ដី​ថា ឲ្យ​នាង​ឡើយ។

 

តារា​ស្រី​ដែល​មាន​ស្នាម​សាក់​​អក្សរ​​ចិន​ 我愛你 លើ​​កញ្ចឹង​ក ម្នាក់​នេះ​បាន​និយាយ​​ថា នាង​ជា​អ្នក​សិល្បៈ ជា​មនុស្ស​ត្រូវ​ការ​សេរីភាព ការ​ដើរហើរ ការ​ចាប់​ដៃគូ​សម្ដែង វា​ជា​រឿង​ធម្មតា មិន​មែន​ជា​រឿង​ចម្លែក​ឡើយ ហេតុ​នេះ​អ្នក​ដែល​ស្រលាញ់​នាង​ត្រូវ​តែ​ដឹង​ និង​ ព្រម​ទទួល​រឿង​នេះ។ ទោះ​បី​ជា មាន​​មាស​ប្រាក់​ច្រើន​បែប​ណា​ក្ដី នាង​មិន​ត្រូវ​ការ​ជា​ដាច់​ខាត  ប្រសិន​បើ​មនុស្ស​ដែល​ស្រលាញ់​នាង​នោះ មិន​យល់​ពី​អារម្មណ​របស់​នាង​។

 

ទឹម រដ្ឋា បាន​សម្ដែង​​អារម្មណ៍​សោកស្ដាយ​ពេលវេលា ​និង ​អនុស្សាវរីយ​ជា​មួយ​គ្នា​ជា​​ខ្លាំង ព្រោះ ​Zak Ky គឺ​ជា​បុរស​ទី ១​ ដែល​នាង​បាន​​ប្រកាស​ឲ្យ​មហាជន​ដឹងឮ ហើយ​នាង​ក៏​មិន​ធ្លាប់​គិត​ថា ​ស្នេហា​មួយ​នេះ អាច​ដើរ​ដល់​ផ្លូវ​បំបែក​ដែរ។

 

ទោះបី​ជា​បាន​ប្រកាស​​ថា ចែក​ផ្លូវ​គ្នា​ហើយ​បែប​នេះ​ក្ដី  តាម​​ការ​ឲ្យ​ដឹង ទឹម រដ្ឋា បច្ចុប្បន្ន Zak Ky ព្យាយាម​ទូរ​សព្ទ និង ឆាត​មក អង្វរ​សុំ​ផ្សះផ្សា​​គ្នាវិញ ។ តារា​ស្រី​ម្នាក់​នេះ​ បញ្ជាក់​ថា ស្នេហា​​មួយ​នេះ ​មិន​អាច​កើត​ឡើង​ជា​លើក​ទីពីរ​​ទៀតទេ៕

អានអត្ថបទ៖ តារា​ឯក​ស្រី​ថៃ​ម្នាក់​នេះ ធ្វើ​ឲ្យ​កក្រើក​​រោងភាពយន្ត Major Cineplex by Cellcard យប់​មិញ!

 

អត្ថបទ៖ ខុត សីហា