ចំណង​ស្នេហ៍​តារា​ល្បី​ៗ ​ក្លាយ​ជា​ប្ដី​ប្រពន្ធ​មែនទែន​ក្រោយ​សម្ដែង​រឿង​រួម​គ្នា

  • 2015-01-14 16:00:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុស្សាវរីយ​ផ្អែមល្ហែម​ពេល​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត បាន​ធ្វើ​ឲ្យ​តារា​ប្រុស​ស្រី​ចាប់​អារម្មណ៍​លើ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​តារា​ខ្លះ​​បាន​បង្កាត់​ភ្លើង​ស្នេហ៍​នៅ​ខាង​ក្រៅ​ឆាក រហូត​ដល់​រៀបការ​ជាមួយ​គ្នា​ក្លាយ​ជា​ប្ដី​ប្រពន្ធ​ពិត​ប្រាកដ​ទៀត​ផង។ ថ្ងៃ​នេះ Sabay នឹង​បង្ហាញ​ពី​គូ​ស្នេហ៍​តារា​ល្បី​ៗ​ចំនួន​ ៨​គូ ទាំង​តារា​អាស៊ី និង​ហូលីវូដ ដែល​បាន​ជួប​គ្នា​ដំបូង​តាម​រយៈ​ការ​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត។ តាមដាន​រឿង​រ៉ាវ​ស្នេហា​ពួក​គេ​ខាង​ក្រោម​នេះ៖​

 

១. តារា​​អាមេរិក Brad Pitt និង Angelina Jolie ជួប​គ្នា​ក្នុង​រឿង "Mr. and Mrs. Smith”

 

 

គូ​ស្នេហ៍​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ពិភព​សិល្បៈ​ហូលីវូដ មួយ​គូ​នេះ បាន​ជួប​គ្នា​ដំបូង​កាល​ពី​ឆ្នាំ​២០០៤ នៅ​ពេល​សម្ដែង​រឿង “Mr. and Mrs. Smith” ស្រប​ពេល​ដែល​ Brad Pitt នៅ​ជា​ស្វាមី​របស់​តារា​សម្ដែង Jennifer Aniston នៅ​ឡើយ។ មួយ​ឆ្នាំ​ក្រោយ​មក Brad Pitt ក៏​បាន​លែងលះ​ប្រពន្ធ​ដើម​របស់​ខ្លួន និង​បាន​សាង​ចំណង​ស្នេហ៍​ជាមួយ Angelina Jolie រហូត​ដល់​ខែ​សីហា ឆ្នាំ​២០១៤ ទើប​រៀបការ​ជាមួយ​គ្នា។

 

២. តារា​​អាមេរិក Ben Affleck និង Jennifer Garner ជួប​គ្នា​ក្នុង​រឿង "Daredevil”

 

 

នៅ​ឆ្នាំ​២០០២ ពួក​គេ​បាន​សម្ដែង​​ជា​តួ​ឯក​រួម​គ្នា​ក្នុង​ខ្សែ​ភាពយន្ត​វីរបុរស "Daredevil” ហើយ​នៅ​ឆ្នាំ​២០០៤ ពួក​គេ​ក៏​បាន​ក្លាយ​ជា​គូ​ស្នេហ៍។ Affleck បាន​សុំ​មិត្ត​ស្រី​របស់​ខ្លួន​រៀបការ​ចំ​ថ្ងៃ​ខួប​កំណើត​ទី​៣៣​របស់​នាង។ ពួក​គេ​បាន​រៀបការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០០៥ នៅ​ពេល Garner កំពុង​មាន​ផ្ទៃពោះ ៤ខែ។ មក​ដល់​បច្ចុប្បន្ន​ពួក​គេ​មាន​កូន​៣នាក់​ជាមួយ​គ្នា។

៣. តារា​​អាមេរិក Chris Pratt និង Anna Faris

 

 

Pratt បាន​ជួប Anna Faris នៅ​ពេល​សម្ដែង​រឿង "Take Me Home Tonight” ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​២០០៧ ប៉ុន្តែ​កាល​នោះ Pratt មិន​បាន​សម្ដែង​ជា​តួ​ឯក​ជាមួយ​ភរិយា​ឡើយ។ ពីរ​ឆ្នាំ​ក្រោយ​មក​ពួក​គេ​បាន​ភ្ជាប់​ពាក្យ ហើយ​ក៏​រៀបការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០០៩។ នៅ​ឆ្នាំ​២០១២ ពួក​គេ​ទទួល​បាន​កូន​ប្រុស​ម្នាក់​ឈ្មោះ Jack។

 

៤. តារា​សិង្ហបុរី Fann Wong និង Christopher Lee ជួប​គ្នា​ក្នុង​រឿង "Star Search: First Encounter”

 

 

ពួក​គេ​គឺ​ជា​ដៃ​គូ​សម្ដែង​ជាមួយ​គ្នា​ដ៏​ល្បីល្បាញ​នៅ​ប្រទេស​សិង្ហបុរី តាំង​ពី​ឆ្នាំ​១៩៩៥ ដែល​ក្នុង​នោះ​រឿង​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ល្បីល្បាញ​ខ្លាំង​គឺ​រឿង "វីរបុរស​បុរស​ឥន្ទ្រី​ទេព" (យ៉ាងគួរ និង​សៀវឡុងនី)។ នៅ​ឆ្នាំ​២០០៥ តារា​ទាំង​ពីរ​ដួង​​បាន​ប្រកាស​អំពី​ចំណង​ស្នេហ៍​ជា​សាធារណៈ ក្រោយ​ពី​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​តាំង​ពី​ឆ្នាំ​២០០២។ ពួក​គេ​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០០៩ ហើយ​នៅ​ខែ​សីហា ឆ្នាំ​២០១៤ Fann Wong ក៏​សម្រាល​បាន​កូន​ប្រុស​ម្នាក់។

 

៥. តារា​សិង្ហបុរី Qi Yuwu និង Joanne Peh ជួប​គ្នា​ក្នុង​រឿង "Beautiful Connection”

 

 

Joannae Peh បាន​ស្គាល់ Qi Yuwu តាំង​ពី​សម្ដែង​រឿង "Beautiful Connection” កាល​ពី​ឆ្នាំ​២០០២ ដែល​ជា​រឿង​ភាគ​ដំបូង​របស់​នាង។ ប៉ុន្តែ​ពួក​គេ​ទើប​តែ​ចាប់​ផ្ដើម​ទំនាក់ទំនង​ស្នេហា​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៣ប៉ុណ្ណោះ ហើយ​ក៏​បាន​រៀបការ​ជាមួយ​គ្នា​ នៅ​​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៤។ ពួក​គេ​ធ្លាប់​សម្ដែង​ក្នុង​រឿង​ភាគ​រួម​គ្នា​ចំនួន​៦​រឿង​ទៀត រួម​ទាំង​រឿង "C.L.I.F” និង​រឿង "ជីវិត​នារី​នូយ៉ា"។​

 

៦. តារា​​កូរ៉េ​ខាង​ត្បូង Lee Bo Young និង Ji Sung ជួប​គ្នា​ក្នុង​រឿង "Save the Last Dance for Me”

 

 

គូ​ស្នេហ៍​តារា​សម្ដែង​កូរ៉េ​ខាង​ត្បូង Lee Bo Young និង​ Ji Sung បាន​ជួប​គ្នា​ដំបូង​ពេល​សម្ដែង​រឿង "Save the Last Dance for Me” ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​២០០៤។ ពួក​គេ​បាន​ប្រកាស​​ចំណង​ស្នេហ៍​ជា​សាធារណ​នៅ​ឆ្នាំ​២០០៧ ហើយ​ក៏​បាន​រៀបការ​នឹង​គ្នា​នៅ​ឆ្នាំ២០១៣ ដែល​នៅ​ឆ្នាំ​នោះ Lee Bo Young ត្រូវ​បាន​បោះឆ្នោត​ជា​តារា​ស្រី​ឆ្នើម​ប្រចាំ​ឆ្នាំ​នៅ​កូរ៉េ​ខាង​ត្បូង។

 

៧. តារា​​ហ្វីលីពីន Marian Rivera និង Dingdong Dantes ជួប​គ្នា​ក្នុង​រឿង "ម៉ារីម៉ា"

 

 

ភាពយន្ត​ភាគ​ម៉ារីម៉ា កាល​ពី​ឆ្នាំ​២០០៧ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​តារា​សម្ដែង Marian Rivera ល្បី​ខ្លាំង​នោះ​ទេ ប៉ុន្តែ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​នាង​បាន​ជួប​នឹង​ស្វាមី​ Dingdong Dantes ផង​ដែរ ដែល​សម្ដែង​ជា​តួ​ប្រុស​ សូជីអូ។ ក្រោយ​ពី​បាន​សម្ដែង​រឿង​ជាមួយ​គ្នា​មួយ​ចំនួន​ទៀត អ្នក​ទាំង​ពីរ​ក៏​បាន​ក្លាយ​ជា​គូ​ស្នេហ៍​នៅ​ឆ្នាំ​២០១០ ហើយ​ក៏​បន្ត​ចំណង​ស្នេហ៍​រហូត​ដល់​​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤ ទើប​រៀប​ការ​ជាមួយ​គ្នា។

 

​៨. តារា​​ឥណ្ឌា Sushant Singh Rajput និងAnkita Lokhande ជួប​គ្នា​ក្នុង​រឿង "ជីវិត​ស្ត្រី​មេ​ផ្ទះ"

 

 

គូ​ស្នេហ៍​តារា​ល្បី​ឥណ្ឌា Sushant និង Ankita បាន​ជួប​គ្នា​ពេល​សម្ដែង​រឿង​ភាគ "Pavitra Rishta” (ជីវិត​ស្ត្រី​មេ​ផ្ទះ) កាល​ពី​ឆ្នាំ​២០០៩ ហើយ​ក៏​បាន​ក្លាយ​ជា​គូ​ស្នេហ៍​ភ្លាម​ៗ។ Suhant បាន​សុំ​មិត្ត​ស្រី​របស់​ខ្លួន​រៀប​ការ តាម​រយៈ​ទូរទស្សន៍​ជាតិ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១១។ បើ​ទោះ​ជា​អ្នក​ទាំង​ពីរ​មិន​ទាន់​រៀបការ​ជាមួយ​គ្នា ប៉ុន្តែ​ពួក​គេ​បាន​រស់​នៅ​ក្រោម​ដំបូល​តែ​មួយ​រយៈ​ពេល ៣ឆ្នាំ​មក​ហើយ ហើយ Sushant ​បាន​បញ្ជាក់​​ថា​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​នឹង​កើត​ឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ ៕

 

ចុច​អាន៖តារា​ស្រី​ល្បីៗ ៩​ដួង មាន​គូ​ស្នេហ៍​ជា​ប្រុស​ក្មេង ​អាយុ​ខុស​គ្នា​ឆ្ងាយ

ចុច​អាន៖តារា​ចិន​ល្បី​ៗ ៦​រូប ដែល​មាន​ប្រពន្ធ​ជា​កំពូល​អ្នក​មាន

ដោយ៖ វ៉ាន់ថន