ស្នេហា​ធ្វើ​បាប​មនុស្ស​មែន! ​៥​ឆ្នាំ​លះ​បង់​ឲ្យ​​​គាត់ ​​បន្សល់​ឲ្យ​ខ្ញុំ​ត្រឹម​ «​អារម្មណ៍​​​ស្អប់​មនុស្ស​ប្រុស​​»

  • 2015-01-15 17:19:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្ញុំ​មាន​រឿង​ជា​ច្រើន​ដែល​តែង​តែ​លាក់​ក្នុង​ចិត្ត​មិន​ដែល​ប្រាប់​​អ្នក​​​ណា ​ទើប​ពេល​នេះ​ខ្ញុំ​សម្រេច​ចិត្ត​សរសេរ​មក​ទំព័រ​ស្នេហ៍​របស់​​​ Sabay​។

 

ខ្ញុំ​ជា​ក្មេង​ស្រី​រស់​នៅ​តាម​ខេត្ត​ដែល​មាន​ជីវភាព​ធូរធារ។ ក្រោយ​មក​ខ្ញុំ​បាន​ចូល​ធ្វើ​ការ​នៅ​ក្នង​ក្រុម​ហ៊ុន​មួយ​​។ ខ្ញុំ​មាន​វ័យ​ក្មេង​ជាង​គេ​ ហើយ​គេ​គ្រប់​គ្នា​តែង​សរសើរ​ថា​ខ្ញុំ​ឆ្លាត​ ពូកែ​ធ្វើការ។ ខ្ញុំ​ចូល​ធ្វើការ​បាន​មួយ​រយៈ​ខ្ញុំ​ទទួល​តំណែង​​ធំ​ទៅៗ​​។ តែ​រយៈពេល​៥​ឆ្នាំ​ក្រោយ​មក​ដោយសារ​ខ្ញុំ​ដឹង​រឿង​របស់​បុគ្គលិក​មួយ​ចំនួន​ដែល​លួច​កិបកេង​ប្រាក់​ក្រុមហ៊ុន​ពួក​គេ​បាន​ព្យាយាម​រក​វិធី​ធ្វើ​អោយ​ខ្ញុំ​មិន​អាច​ធ្វើ​ការ​នៅ​ទី​នោះ​បាន។ ​ខ្ញុំ​សម្រេច​ចិត្ត​ទាំង​មិន​ចង់ ព្រោះ​ប្រាក់​ខែ​របស់​ខ្ញុំ​គឺ​ ៨០០$ ហើយ​​ CEO គាត់​ក៏​មិន​ព្រម​អោយ​ខ្ញុំ​ចេញ។តែ​ខ្ញុំ​ត្រូវ​តែ​ចេញ​ដោយសារ​​សង្សារ​របស់​ខ្ញុំ​ចង់​អោយ​ខ្ញុំ​មក​ធ្វើ​ការ​ជិត​គាត់​វិញ។​ខ្ញុំ​ក៏​សម្រេច​​ចិត្ត​មក​​ទាំង​គ្រួសារ​ខ្ញុំ​មិន​ពេញ​ចិត្ត។

 

 

ចំណែក​គ្រួសារ​គាត់​វិញ​គឺ​ត្រូវការ​អ្នក​​យក​ចិត្ត​យក​ថ្លើម​ពួក​គាត់​ចេះ call ទៅ​លេង​។ និយាយ​អោយ​ចំ​ទៅ​គឺ​​ពួក​គាត់​ទាមទារ​ច្រើន​ណាស់​ពី​ខ្ញុំ។​  ពួក​​គាត់​ក៏​ធ្លាប់​និយាយ​ប្រាប់​សង្សារ​ខ្ញុំ​​​​ថា​ម៉េច​មិន​រក​អ្នក​នៅ​ភ្នំពេញ​ទៅ​មក​យក​អី​អ្នក​នៅ​តាម​ខេត្ត​គ្មាន​លុយ​គ្មាន​ផ្ទះ​នៅ​ផង​។​ខុស​ពី​គ្រួសារ​របស់​ខ្ញុំ​ដែល​មិន​ដែល​ទាមទារ​អ្វី​ទាំង​អស់​ក្រៅ​ពី​អោយ​តែ​កូន​មាន​ក្តីសុខ​ចេះ​ស្រឡាញ់​គ្នាទៅ​បាន​ហើយ។ ពេល​មក​ដល់​ភ្នំពេញ​ខ្ញុំ​ត្រូវ​ជួល​ផ្ទះ​នៅ​ហើយ​ទៅ​ធ្វើការ​ឆ្ងាយ​។ ដោយ​សារ​ខ្ញុំ​អត់​ស្គាល់​ផ្លូវ​ សង្សារ​របស់ខ្ញុំ​ជា​​អ្នក​មក​​​ទទួល​ទៅ​ធ្វើ​ការ​រាល់ថ្ងៃ។ គាត់​ជា​មនុស្ស​ល្អ​ ហើយ​​​គ្រប់គ្នា​តែង​សរសើរ​ថា​ពួក​យើង​ជា​គូ​ស្នេហ៏​ដែល​ sweet​ ជាង​គេ។ ​តែ​​មិន​បាន​យូរ​ប៉ុន្មាន​គាត់​បាន​លួងលោម​ខ្ញុំ ​ហើយ​ពួក​យើង​នៅ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ។ គាត់​បាន​ចូល​ស្តី​ដណ្តឹង​ខ្ញុំ​តាម​ច្បាប់​ហើយ​ថែម​ទាំង​កំណត់​ថ្ងៃ​រៀបការ​ផង​ដែរ​។ ប៉ុន្តែ​​​​ជិត​ដល់​ថ្ងៃ​រៀប​ការ​ពួក​យើង​ ក៏​មាន​បញ្ហា​រឿង​លុយ​កាក់។​​ ​ប្រាក់​ខែ​ខ្ញុំ​ ៦០០$​តែ​គាត់​យក​អស់​ទុក​អោយ​ខ្ញុំ​តែ​២០០$ ​សម្រាប់​បង់​ថ្លៃ​ផ្ទះ​និង​​ម្ហូប។​

 

 

​​គាត់​បាន​និយាយ​​រឿង​​រ៉ាវ​ខ្លះ ទៅ​កាន់​គ្រួសារ​របស់​ខ្ញុំ​ ​ធ្វើ​អោយ​ពួក​​គាត់​ខឹង​យ៉ាង​ខ្លាំង តែ​​​​​ខ្ញុំ​បាន​ជួយ​សម្រួល​​​វិញ​ទើប​ពួកគាត់​មិន​សូវ​ខឹង។​​ ​មិន​បាន​ប៉ុន្មាន​​ ស្រាប់​តែ​គាត់​បាន​ទាក់ទង​នឹង​ស្រី​ផ្សេង​ម្នាក់​ទៀត​ហើយ​កុហក​​ខ្ញុំ​ថា​គ្រាន់​តែ​ជា​មិត្ត។​ ខ្ញុំ​ក៏​មិន​បាន​ថា​អី​ តែ​ក្រោយ​មក​ខ្ញុំ​បាន​ឃើញ​សារ​របស់​គាត់​និង​ស្រី​ម្នាក់​​ហ្នឹង​​។ តែ​​គាត់​នៅ​តែ​ប្រកែក​ថា​​មិន​មែន​ទេ​គឺ​គ្រាន់​ជា​មិត្ត​ម្នាក់​ទៀត​​ទាំង​ខ្ញុំ​ឃើញ​ថា​ជា​មនុស្ស​ស្រី។​​ ចាប់​ពី​ពេល​នោះ​មក​រាល់​ពេល​ដែល​គេ​ផ្ញើរ​សារ​រក​គ្នា​គេ​តែង​លុប សារ​ចោល​ទាំង​អស់​មិន​អោយ​ខ្ញុំ​ឃើញ។​ គេ​តែង​ប្រាប់​ថា​ជា​មិត្ត​​​​ ហើយ​ថា​ផ្ទះ​គេ​នៅ​ឆ្ងាយ​ទាំង​ខ្ញុំ​ដឹង​ថា​គេ​នៅ​ផ្ទះ​ជាប់​គ្នា។ ​facebookវិញ​ស្រី​ម្នាក់​នោះ​បាន ​​block ខ្ញុំ​ចោល​ទៀត។

 

 

ខ្ញុំ​ដឹង​ថា​ពួក​គេ​ព្យាយាម​លាក់​ខ្ញុំ​។ ក្រោយ​មក​គេ​ថា​ស្រី​នោះ​មិន​ដឹង​អី​ទេ​មក​ពី​គេ​ពិបាក​ចិត្ត​​ហើយ​ខ្ញុំ​តែង​រក​រឿង​គេ​ពេក។ ​ឯ​ស្រីម្នាក់​នោះ​គេ​យល់​ចិត្ត​គាត់​ ទើប​ធ្វើ​អោយ​គាត់​មាន​អារម្មណ៍​ល្អ។ពេល​នេះ​ខ្ញុំ​មាន​កូន​ ហើយ​​​គាត់​បាន​អោយ​ខ្ញុំ​យក​ចេញ​។ គាត់​​ថា​គ្រួសារ​ខ្ញុំ​និង​គាត់​មិន​អាច​ទទួល​យក​បាន​ហើយ​ខ្ញុំ​ក៏​យល់​ព្រម។ នេះ​គាត់​បាន​និយាយ​ថា​គាត់​នឹង​ព្យាយាម​រក​លុយ​ហើយ​គាត់​នឹង​សម្រេច​​​ចិត្ត​ម្តង​ទៀត​ថា​រស់​នៅ​ជាមួយ​ខ្ញុំ​បាន​អត់?​ ​រៀបការ​បាន​អត់? ខ្ញុំ​កែ​ចរិត​​​បានអត់? គាត់​តែង​តែ​សួរ​ខ្ញុំ​អោយ​ខ្ញុំ​ត្រៀម​ខ្លួន​សម្រេច​ចិត្ត​ ទាំង​​គាត់​ក៏​​​បាន​ដឹង​​ថា​ខ្ញុំ​មាន​ចម្លើយ​​អ្វី​ខ្លះ​សម្រាប់​សំនួរ​អស់​នោះ​​។ខ្ញុំ​ធ្លាប់​​សុំ​គាត់​បែក​គ្នា​តែ​គាត់​មិន​ព្រម​ ដល់​ពេល​ខ្ញុំ​ស្រឡាញ់​​គាត់ខ្លាំង គាត់​បែរ​ជា​ព្យាយាម​បែក​​ទៅ​ចោល​ខ្ញុំ​វិញ។

 

 

រូប​តំណាង

 

ខ្ញុំ​មិន​យល់​ទេ​ រយៈ​ពេល​៥​ឆ្នាំ​ដែល​ខ្ញុំ​បាន​ស្គាល់​គាត់ខ្ញុំ​បាន​ដឹង​រួច​ហើយ​ថា​គាត់​ពាក់ព័ន្ធ​នឹង​មនុស្ស​ស្រី​ច្រើន​ណាស់​ តែ​គាត់​​ពូកែ​ គឺ​​ពូ​កែ​លាក់​ណាស់។​ គ្រប់​គ្នា​តែង​សរសើរ​គាត់​ថា​ជា​មនុស្ស​ល្អ មិន​ចេះ​ខិល​ខូច​​ តែ​​អ្វី​ដែល​ខ្ញុំ​ដឹង​គឹ​ផ្ទុយ​ស្រឡះ​ទាំងអស់។មុន​គាត់​ទាក់ទង​ខ្ញុំ​គាត់​ធ្លាប់​មាន​ស្រី​ប៉ុន្មាន​នាក់​ធ្លាប់​ដេក​ជា​មួយ​ប៉ុន្មាន​នាក់​ពេល​ទាក់ទង​ខ្ញុំ​ហើយ​ធ្លាប់​លួច​មាន​ប៉ុន្មាន​នាក់​ខ្ញុំ​សុទ្ធ​តែដឹង​ទាំង​អស់​ សូម្បី​តែ​មាន​គេ​យក​រូប​មក​គំរាម​គេ ​ក៏​ខ្ញុំ​ដឹង​ដែរ។ ​ពេល​គាត់​​​មិន​អាច​ដោះ​ស្រាយ​បាន​គេ​មក​សារភាព ​គាត់​ថា​គាត់​ចាញ់​បោក​គេ​ខ្ញុំ​ក៏​ជួយ​ដោះ​ស្រាយ​អោយ​​ ទើប​ស្រី​នោះ​លែង​ហ៊ាន​។ ពេល​នេះ​ ខ្ញុំ​មិន​មិន​យល់​ថា​ខ្លួន​ឯង​​នៅ​តែ​ស្រឡាញ់​គេ​ទៀត​រឺ​អត់​ទេ​?​ បើ​គេ​រៀបការ​នឹង​ខ្ញុំ​​ តើ​ព្រោះ​តែ​ការ​ស្រឡាញ់​រឺ​គ្រាន់​តែ​ជា​ការ​ទទួល​ខុស​ត្រូវ នូវ​អ្វី​ដែល​គេ​បាន​​ធ្វើ​ដាក់​ខ្ញុំ​? ព្រោះ​គាត់​ថា​ខ្លាច​ខ្ញុំ​សម្លាប់​​ខ្លួន​ពេល​គេ​បែក​ពី​ខ្ញុំ​។ ​តែ​ខ្ញុំ​ក៏​ធ្លាប់​ប្រាប់​គេ​ថា​ខ្ញុំ​នឹង​មិន​ស្លាប់​ព្រោះ​មនុស្ស​ប្រុស​ទេ។ និយាយ​ពី​ស្រី​នោះ​វិញ​ គេ​ជួប​គ្នា​រាល់​ថ្ងៃ​​ហើយ​ពេល​នាង​ជួប​ខ្ញុំ​ នាង​ធ្វើ​មិន​ឃើញ​ហើយ​តែង​ផ្ញើរ​សារ​សួរ​គាត់​ទៅ​ណា​មក​ណា មិន​ថា​ពេល​ណា​ទេ​អោយ​តែ​គាត់​ចេញ​ពី​ផ្ទះ។ តើ​នេះ​ជា​មិត្ត​រឺ​មិន​មែន​បើ​ម៉ោង​១១​យប់​ទៅ​ហើយ​ ​ថែម​ទាំង​និយាយ​ថា​ពេល​ត្រឡប់​ទៅ​វិញ​ប្រាប់​គេ​ផង គេ​បារម្ភ។ ប្រាប់​ខ្ញុំ​ផង តើគាត់នៅស្រឡាញ់ខ្ញុំទៀតអត់? គាត់​​​តែង​និយាយ​ថា​បើ​មនុស្ស​ប្រុស​គេ​ទាក់ទង​​អ្នក​​ទី​២​ហើយ​គឺ​គេ​លែង​ស្រឡាញ់​នាក់​ទី​១ហើយ​។ តើ​វា​​ពិត​រឺ​អត់?

 

ពេល​នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ស្អប់​មនុស្ស​ប្រុស។ តើ​ខ្ញុំ​អាច​បញ្ចប់​អ្វី​ៗ​គ្រប់​យ៉ាង​​​ជាមួយ​​គាត់​​បាន​អត់?

 

 

ខ្ញុំ​គ្រាន់​តែ​ចង់​ប្រាប់​ថា​នេះ​ជា​មេរៀន​មួយ​សម្រាប់​​ខ្ញុំ។ ​​វា​បាន​បង្រៀន​អោយ​ខ្ញុំ​ដឹង​គ្រប់​យ៉ាង​​​ថា​មិន​​ត្រូវ​​ផ្ដល់​ការ​ស្រឡាញ់​អោយ​គេ​រហូត​ ភ្លេច​ទុក​​សម្រាប់​​ខ្លួន​ឯង​ដូច​ពេល​នេះ​ឡើយ​​។

 

 

​ខ្ញុំ​សង្ឃឹម​ថា​អ្នក​ ដែល​បាន​អាន​ហើយ​នឹង​​យល់​ពី​អារម្មណ៍​របស់​ខ្ញុំ​ពេល​នេះ។

 

អាន​អត្ថបទ៖ សុំ​រួម​រ័ក​ច្រើន​ដង​ពេក​ ខ្ញុំ​​សម្រេច​ដើរ​ចេញ​ ត្រូវ​អត់? អាន​អត្ថបទ៖ បង​ស្ម័គ្រ​អូន​ស្មោះ​ មាន​ប្រឡោះ​ បង​​បញ្ចាំ​​ម៉ូតូ​អូន​​បាត់!

 

លោក​អ្នក​មាន​វិបត្តិ និង​រៀង​រ៉ាវ​ស្នេហា​ ចង់​ចែក​រំលែក​ ឬ​ស្វែង​រក​មតិ​សូម​ផ្ញើ​​មក​​កាន់​ pen.sophana@cidc.com.kh។ Sabay នឹង​ចុះ​​ផ្សាយ​ជូន​លោក​អ្នក​៕

អត្ថបទថ្មី