តើ​ធ្វើ​ម្ដេច​ទៅ​ដើម្បី​ក្លាយ​ជា​មិត្ត​ប្រុស​ដ៏​ល្អ​ម្នាក់?

  • 2015-01-16 18:07:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ទំនាក់ទំនង​ជា​គូសង្សារ ​រមែង​តែង​ជួប​រឿង​រកាំរកូស អាក់អន់​ស្រពន់​ចិត្ត ឬ​ប្រចែប្រចណ្ឌចៀស​មិន​ផុត បើ​ទោះ​បី​បុរស​ខ្លះ​ចាត់​ទុក​នារី​ដែល​ខ្លួន​ស្រលាញ់​ដូច​ទេព​ធីតា​ក្ដី។ បើ​ចង់​ក្លាយ​ជា​​ជា​មិត្ត​ប្រុស​ដ៏​ល្អ​ម្នាក់​នោះ​ សូម​មើល​វិធី​ខាងក្រោម ​នោះ​​ស្នេហា​របស់​​អ្នក នឹង​​រឹតតែ​ស្អិតល្មួត​ថែម​ទៀត៖

 

 

១. ចាត់​ទុក​នាង​ដូច​ជា​មនុស្ស​នារី​ដ៏​អស្ចារ្យ

 

ដើម្បី​ក្លាយ​ជា​មិត្ត​ប្រុស​ដ៏​ល្អ​ ជំហាន​ដំបូង​អ្នក​ត្រូវ​ដឹង​ពី​ឥរិយាបថ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់​ថា​មាន​ទំនោរ​ទៅកាន់​បុគ្គល​ល្បី​មួយ​ណា។   បន្ទាប់​មក​ពេល​នាង​ធ្វើ​អ្វី​ល្អ​មួយ ​ត្រូវ​ប្រៀបធៀប​នាង​ទៅ​នារី​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មួយ​រូប​នោះ​អញ្ចឹង​ដែរ។

 

២. គោរព​នាង

 

មិន​ត្រូវ​រំពឹង​បាន​ថា​មិត្ត​ស្រី​របស់​អ្នក​អាច​ធ្វើអ្វី​បាន​ល្អ​គ្រប់យ៉ាង​ដូច​ការ​គិត​របស់​អ្នក​នោះ​ទេ។ ដូចនេះ​សូម​ចងចាំ​ថា​នាង​គ្រាន់​តែ​ជា​មិត្ត​ស្រី​ហើយ​អ្នក​មិនមែន​ជា​ម្ចាស់​នាង ​កុំ​បញ្ចេញ​ឥរិយាបថ​ដូចជា​កំពុង​បណ្ដុះបណ្ដាល​នាង ​ព្រោះ​ធ្វើឲ្យ​​នាង​មាន​អារម្មណ៍​ថា​​អ្នក​កំពុង​បង្គាប់បញ្ជា។ អ្វី​ដែល​រឹតតែ​ពិសេស​នោះ​គឺ​ត្រូវ​គោរព​ការ​សម្រេចចិត្ត​របស់​នាង។

 

៣. ចងចាំ​ថ្ងៃ​ពិសេស​របស់​នាង

 

អ្វី​ទៅ​ជា​ថ្ងៃ​ពិសេស​របស់​នាង? ចម្លើយ​ដ៏​ងាយស្រួល​បំផុត​នោះ​គឺ​ថ្ងៃ​កំណើត​របស់​នាង​​​ ដែល​អ្នក​គួរ​រៀបចំពិធីមួយ​ឲ្យមានភាពរ៉ូមែនទិក។ ប្រសិនបើ​ភ្លេច​ថ្ងៃ​ពិសេស គឺ​ស្មើ​នឹង​មិន​យក​ចិត្ត​ទុកដាក់​ចំពោះ​នាង។

 

 

៤. ប្រុងប្រយ័ត្ន

 

ចំពោះ​បុរស ​អ្វី​ដែល​សំខាន់​នោះ​គឺ​មាន​ភាព​ស្និទ្ធស្នាល​ផ្នែក​រាងកាយ ​និង​ផ្លូវ​ភេទ។ ប៉ុន្តែ​ប្រសិនបើ​ខាង​ស្រី​គេ​បដិសេធ ​អ្នក​គ្រាន់តែ​អង្គុយ​កាន់ដៃ​គ្នា ឬ ឱប​និង​ថើប​ដ៏​កក់ក្ដៅ​ ហើយ​អាច​​​ធ្វើឲ្យ​មនុស្ស​ស្រី​កាន់តែ​ស្រលាញ់​អ្នក​ទ្វេដង​ វា​ប្រសើរ​ជាង​ការ​គិត​រឿង​លើ​គ្រែ​។

 

៥. កុំ​បង្ខំ​ឲ្យ​នាង​ធ្វើ​អ្វី​ជូន​អ្នក

 

កត្តា​ដ៏​សំខាន់​បំផុត​ក្នុង​ការ​​ក្លាយ​ជា​មិត្ត​ប្រុស​ដ៏​ល្អ ​គឺ​ត្រូវ​ជៀសវាង​ការ​ទទូច​ឲ្យ​នាង​ធ្វើអ្វី​សម្រាប់​អ្នក។  ប្រសិនបើ​នាង​ជួយ​ម៉ាស្សា ឬ​ចម្អិន​អាហារ​ឆ្ងាញ់​ៗ​សម្រាប់​អ្នក​នា​​ថ្ងៃ​ចុង​សប្ដាហ៍​ គឺ​​ជា​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​អ្នក ហើយ​អ្នក​មិន​ត្រូវ​សំណូមពរ​ឲ្យ​នាង​ធ្វើ​ទៀត​ទេ។

 

៦. គាំទ្រ​នៅ​ពេល​នាង​ត្រូវការ

 

មិត្ត​ប្រុស​ល្អ​គឺ​ត្រូវ​ហុចដៃ​ទៅ​ជួយ​នាង​ចំ​ពេល​នាង​ជួប​ទុក​លំបាក តែ​មិន​ត្រូវ​តោងទាម​នាង​គ្រប់​ពេល​ឡើយ។ ធ្វើ​បែបនេះ​នាង​ចាត់​ទុក​អ្នក​ជា​បុរស​ដ៏​ល្អ​ក្នុង​បេះដូង។

 

៧. អភ័យទោស​ដល់​នាង

 

 

បើ​ចង់​ក្លាយ​ជា​មិត្ត​ប្រុស​ល្អ​ក្នុង​កែវភ្នែក​មនុស្ស​ស្រី អ្នក​​​ត្រូវ​រៀន​បើក​ចិត្ត​ឲ្យ​ទូលាយ​ចំពោះ​កំហុស​ឆ្គង​អចេតនា​របស់​នាង និង​មិន​ត្រូវ​ប្រកាន់​ទោស​អូស​ដំណើរ​អ្វី​ច្រើន​ពេក​ទេ​ព្រោះ​វា​អាច​ធ្វើឲ្យ​រឿង​តូច​ទៅ​ជា​រឿង​ធំ​បាន។

 

៨. ស្ដាប់​អ្វី​ដែល​នាង​ចង់​បាន

 

ជា​គូស្នេហ៍​ផ្អែមល្ហែម​ត្រូវ​តែ​ស្គាល់​ និង​យល់ដឹង​ពី​តម្រូវការ​ដែល​នាង​ចង់បាន។ ព្យាយាម​យល់​ពី​អារម្មណ៍​មិត្ត​ស្រី​នូវ​រឿង​ដែល​លាក់​ក្នុង​ចិត្ត និងស្ដាប់​ពាក្យ​ត្អូញត្អែរ​របស់​នាង។

 

៩. កុំ​គាបសង្កត់​នាង

 

បុរស​ភាគច្រើន​មាន​ទំនោរ​ចង់​គ្របដណ្ដប់​មិត្ត​ស្រី​របស់​ពួកគេ​ នេះ​វា​ជា​វិធី​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ការទាក់ទង​​គ្នា។

 

១០. ត្រូវ​លួង​នាង​មុន

 

បើ​ទោះ​បី​ជា​នាង​ជា​អ្នក​ធ្វើ​ខុស​មុន​ក៏​ដោយ​ត្រូវ​លួង​នាង​ជានិច្ច តែ​វិធី​នេះ​សម្រាប់​កំហុស​ឆ្គង​តិចតួច​តែ​ប៉ុណ្ណោះ។

 

១១. ស្មោះត្រង់

 

 

ក្នុង​កាលៈទេសៈ​មួយ​ពេល​នាង​មាន​ជំងឺ​ អ្នក​ត្រូវ​ត្រូវ​បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​នាង ហើយ​មិន​ត្រូវ​ព្រងើយកន្តើយ ​ឬ​សម្លឹង​ទៅ​ស្រី​ផ្សេង​បើ​ទោះបី​ជា​នារី​ម្នាក់​នោះ​ស្អាត​ជាង​នាង​ក៏​ដោយ៕

 

ចុចអាន៖រឿង​១១​យ៉ាង​មិន​គួរ​និយាយ​មុន​ពេល​ថើប

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖lovepanky

អត្ថបទថ្មី