អាត្រាក់ ឬ គោយន្ដច្នៃ ជាឡានចតគ្មានភ្លើងពេលយប់ យានជំនិះផ្សេងបុក មួយណាខុស?
- 2015-01-20 15:45:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាត្រាក់ ឬ គោយន្ដច្នៃ ជាឡានចតគ្មានភ្លើងពេលយប់ យានជំនិះផ្សេងបុក មួយណាខុស?
ចន្លោះមិនឃើញ
ករណីគ្រោះថ្នាក់ចរាចរណ៍ប្លែកៗបានកើតឡើង មិនថា រថយន្តធ្វើសកម្មភាពទៅមក សូម្បីករណីខ្លះរថយន្តឈប់ចតស្ងៀមនៅពេលយប់ ក៏អាចបង្កគ្រោះថ្នាក់ចរាចរណ៍បានដែរ។
ដូចជាអាត្រាក់ ឬ គោយន្ដច្នៃ ជាឡានចតគ្មានភ្លើងពេលយប់ ស្រាប់តែមានយានជំនិះផ្សេងបើកបុកពីក្រោយ ដែលបណ្ដាលឱ្យមានការជជែកគ្នាថា អាត្រាក់ ឬ គោយន្ដច្នៃខុសព្រោះគ្មានភ្លើងបំភ្លឺ ព្រោះភាគីម្ខាងទៀតមើលមិនឃើញ តែខ្លះថា អាត្រាក់ ឬ គោយន្ដច្នៃ ចតស្ងៀមមិនបានបង្កសកម្មភាព នោះយានដែរបុកពីក្រោយទេដែរខុស។ ដូច្នេះតើមួយណាខុស?
លោក ឈួន វ៉ន់ អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជួន និង ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបាននិយាយថា បើមែនទែនទៅ គឺខុសទាំងពីរ។ ការចតលើចំណីផ្លូវ ដោយពុំមានភ្លើងបំភ្លឺក៏ខុស ឯអ្នកដែលបុកគេពីក្រោយក៏ខុសដែរ ។
លោកបន្តថា៖ "យើងមើលលើការខុសហ្នឹងដែរ មួយណាជាអ្នកបង្ក មួយណាខុសខ្លាំងជាង។ ការចតដោយគ្មានភ្លើងបំភ្លឺចាត់ទុកថាខុស តែយើងមើលថា តើការចតនោះយ៉ាងម៉េច កម្រិតនៃការចតគាត់យ៉ាងណា។ ជួនកាលទោះអាត្រាក់គាត់គ្មានភ្លើងបំភ្លឺពិត តែគាត់មិនចតលើចំណីនៃទ្រូងផ្លូវ គាត់ចតលើចិញ្ចើមថ្នល់បានត្រឹមត្រូវ តែអ្នកបើកបុកពីក្រោយស្រវឹងបើកជ្រុលទៅបុកត្រាក់ទ័រខ្លួនឯង នោះអ្នកបុកពីក្រោយនោះជាអ្នកខុស"។
ក្នុងករណីអាត្រាក់ចត ឬ គោយន្ដច្នៃ មិនបានត្រឹមត្រូវ គេនឹងពិន័យទៅតាមបទលហុនៃច្បាប់ចរាចរណ៍។ បើបង្កឲ្យមនុស្សស្លាប់ទៀត អាចចូលជាទោសព្រហ្មទណ្ឌ ត្រូវធ្វើសំណុំបែបបទឡើងតុលាការ។ ក្នុងករណីរបួសតិចតួច ប៉ូលិសចុះវាស់វែង និងផាកពិន័យអាស្រ័យស្ថានភាពជាក់ស្ដែង។
ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រង់ជំពូក ៤ មាត្រា ២៧ ចំណុចទី ៥ ចែងថា ក្នុងករណីដែលយានជំនិះត្រូវបង្ខំឲ្យឈប់ឬចតនៅលើទ្រូងផ្លូវដែលអាចបង្កជាឧបសគ្គ ឬគ្រោះថ្នាក់ចរាចរណ៍ដូចជានៅជិតផ្លូវប្រសព្វ ផ្លូវបត់ ផ្លូវកោង ផ្លូវចុះទួល និងផ្លូវរថភ្លើងឆ្លងកាត់ដោយមូលហេតុយានខូចគាំងឬជាប់ទាក់ទិននឹងគ្រោះថ្នាក់ចរាចរណ៍ហើយមិនអាចរំកិលយានចេញពីទ្រូងផ្លូវបាន អ្នកបើកបរត្រូវប្រាប់ដំណឹងអំពីឧបសគ្គដល់អ្នកបើកបរផ្សេងទៀតដោយប្រើភ្លើងសញ្ញាអាសន្នឬដាក់សញ្ញាត្រីកោណយ៉ាងតិចចម្ងាយ៣០មែត្រពីខាងក្រោយយានដែលអាចមើលឃើញក្នុងចម្ងាយយ៉ាងតិច១០០មែត្រ។
លោក ឈួន វ៉ន់ ក៏បានផ្ដាំផ្ញើរ ថា សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាលុបបំបាត់គ្រោះថ្នាក់ ព្រោះច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនឹងមានការអនុវត្តតឹងតែងជាងច្បាប់ចាស់ ដូច្នេះសុំឲ្យប្រជាពលរដ្ឋគោរពច្បាប់ទាំងអស់គ្នា ដើម្បីសុវត្ថិភាពខ្លួនឯងផង និង ចៀសវាងការផាកពិន័យផង៕
សូមអាន៖ ឪពុក-ម្ដាយ បើកបុកកូនស្លាប់ មានទោសព្រហ្មទណ្ឌ ឬអត់?
អត្ថបទ៖ សុនា