​អតីត​សមាជិក​ទាំង​ ៣ ​ក្រុម MKS​ រំលឹក​ពី​អតីត​​ប្រធាន​ក្រុម​​ សរ​ ធារ៉ា​!

  • 2015-01-19 22:03:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​សមាជិក​ទាំង ​៣ នៃ​ក្រុម​ចម្រៀង​យុវវ័យ​ខ្មែរ​ដ៏​ល្បី​សម័យ​ឆ្នាំ ​២០០០ គឺ​ក្រុម​ MKS មាន​លោក មិញ បញ្ញា​សុទ្ធ ហេង ពិទូ និង វណ្ណា ពិសិដ្ឋ បាន​បង្ហាញ​​អារម្មណ៍​ក្ដុកក្ដួល​ជា​ខ្លាំង នៅ​ពេល​ដឹង​ថា ​​អតីត​ប្រធាន​ក្រុម​ពួកគេ​ លោក សរ ធារ៉ា ទទួល​មរណភាព​កាល​ពី​ពេល​ថ្មីៗ ដោយ​សារ​​ជំងឺ​ឈាម​កក​ក្នុង​ខួរ​ក្បាល។

 

ថ្លែងប្រាប់ ​Sabay លោក មិញ​ បញ្ញា​សុទ្ធ​ បច្ចុប្បន្ន​ជា​អ្នក​និពន្ធ​បទ​ភ្លេង​ក្នុង​ផលិតកម្ម​សាន់ដេ​ ឱ្យ​ដឹង​​ថា​ លោក​និយាយ​ស្ទើរតែ​មិន​ចេញ ហើយ​សោក​ស្ដាយ​ជា​ខ្លាំង​ដោយ​មិន​នឹក​ស្មាន​ដល់​ពេល​ដឹង​ថា​ មិត្តភ័ក្ដិ​ជិតស្និទ្ធ​បំផុត​របស់​ខ្លួន​ស្លាប់។  "ខ្ញុំ​ស្ដាយ​គាត់​បំផុត ហើយ​និយាយ​អី​អត់​​​ពេល​នេះ ព្រោះ​គាត់​ជា​ធនធាន​ដ៏​កម្រ​រក​បាន​ក្នុង​សង្គម​សិល្បៈ​ខ្មែរ"។

 

 

អតីត​សមាជិក​ទាំង ៤​រូប​ក្នុង​ក្រុម MKS

 

អតីត​សមាជិក​ក្រុម រូប​នេះ​បន្ត​ថា​ ការ​លេច​ឈ្មោះ​ជា​ក្រុម​ MKS លេច​ឈ្មោះ​ឡើង រួម​នឹង​ការ​​ទទួល​​សំឡេង​​គាំទ្រ​ពី​ទស្សនិកជន​នា​ពេល​កន្លង ក៏​ដោយសារ​​តែ​ខ្លួន ហើយ​នឹង​សព សរ ធារ៉ា ដែរ​ជា​អ្នក​បង្កើត​ឡើង។

  ថ្លែង​ដោយ​នឹក​ស្មាន​មិន​ដល់​​អតីត​សមាជិក​ម្នាក់​ទៀត​គឺ​ លោក វណ្ណា ពិសិដ្ឋ បច្ចុប្បន្ន​កំពុង​ច្រៀង​ឱ្យ​ផលិតកម្ម M លើក​ឡើង​​ដោយ​តក់​ស្លុត និង​ ស្ទើរ​ស្រក់​ទឹក​ភ្នែក​ពេល​ដឹង​ថា​​ អតីត​មិត្ត​រួម​ក្រុម​ធ្លាប់​មាន​ប្រវត្តិ​ជូរចត់​បំផុត​​ជា​មួយ​គ្នា​ទទួល​មរណភាព។ ​

"តាំង​ពី​បែក​បាក់​ក្រុម​មក​​ជាង ១០​ឆ្នាំ​ហើយ​ខ្ញុំ​មិន​ដែល​ជួប​គាត់​ទេ តែ​ពេល​លឺ​ដំណឹង​គាត់​ស្លាប់​អារម្មណ៍​​ខ្ញុំ​ស្លុង​ដូច​មាន​នរណា​ម្នាក់​មក​ក្បែរ​អ៊ីចឹង។ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​សោកស្ដាយ​ខ្លាំង​ណាស់​ចំពោះ​សមត្ថភាព​ដ៏​ល្អ​របស់​គាត់"។

  តារា​ចម្រៀង​រូប​នេះ​មក​មិន​ទាន់​​ពិធី​បូជា​​សព​ លោក សរ ធារ៉ា តែ​​អះអាង​ថា ​នឹង​ចូល​រួម​ពិធី​បុណ្យ​គម្រប់ ៧​ថ្ងៃ​ ដែល​គ្រោង​នឹង​ធ្វើ​​នា​សប្ដាហ៍​នេះ។  

ដោយ​ឡែក​ លោក ហេង ពិទូ ធ្លាប់​ជា​អតីត​សមាជិក​ក្រុម​ខាង​លើ​ ក៏​បាន​បង្ហាញ​ពី​ក្ដី​អាណិត និង ​សោក​ស្ដាយ​ដូច​គ្នា​នៅ​ពេល​​លឺ​​លោក សរ ធារ៉ា ស្លាប់។ លោក​ប្រាប់​ថា ​ការ​ចូល​ក្រុម​ MKS និង​ មាន​ឈ្មោះ​ល្បី​ដល់​សព្វ​ថ្ងៃ ក៏​​​ដោយសារ​តែ​​អតីត​ប្រធាន​ក្រុម​រូប​នេះ​ផង​ដែរ។ "​ទាំង​អាណិត និង​គុណ​ស្រ័យ​របស់​គាត់ ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ទេ​ក្នុង​មួយ​ជីវិត​នេះ ហើយ​ខ្ញុំ​ចង់​ធ្វើ​មិត្តភ័ក្ដិ​ល្អ​ជា​មួយ​គាត់​ទៀត នា​ជាតិ​ក្រោយ"។

 

 

 

 

តារា​ចម្រៀង​ក្នុង​ផលិតកម្ម​សាន់ដេ បន្ត​ថា​​ ការ​​ស្លាប់​របស់​លោក សរ ធារ៉ា ពិត​ជា​បាត់បង់​ធនធាន​មនុស្ស​សំខាន់​ និង​ ពិបាក​រក​បំផុត​ក្នុង​​សិល្បៈ​ខ្មែរ ព្រោះ​ទាំង​ការ​ដឹក​នាំ​សម្ដែង និពន្ធ និង​ ច្រៀង​គឺ​លោក​អាច​ធ្វើ​បាន​ទាំង​អស់។

 

លោក សរ ធារ៉ា អតីត​អ្នក​ចម្រៀង អ្នក​ដឹក​នាំ​សម្ដែង និង​ ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។ ពិធី​បុណ្យ​សព​គម្រប់ ៧ ​ថ្ងៃ ​របស់​លោក​នឹង​ធ្វើ​នៅ​ថ្ងៃ ព្រហស្បតិ៍ ទី ២២ សប្ដាហ៍​នៅ​គេហដ្ឋាន​ម្ដាយ​ នៅ​ម្ដុំ​ទួល​ស្វាយ​ព្រៃ។ មុន​ស្លាប់​លោក​បាន​បន្សល់​ទុក​ស្នាដៃ​ជា​ច្រើន​​ក្នុង​​វិស័យ​សិល្បៈ ដូច​ជា​ស្ថាបនិក​ក្រុម MKS ជា​​អតីត​អ្នក​និពន្ធ​ក្នុង​ផលិតកម្ម   U2 រស្មី​ហង្ស​មាស និង KH ជា​ដើម៕

 

អានអត្ថបទបន្ត៖ ២​ សន្លឹក ​ជា​ភាព​កតញ្ញូពី ខេមរៈ សិរីមន្ត និង ឱក សុគន្ធកញ្ញា នៅ​​ចុង​ក្រោយ​នៃ​ជីវិត​អ្នក​និពន្ធ សរ ធារ៉ា

អានអត្ថបទបន្ត៖ ទី​បំផុត! ឌីជេ ឡាយអិន បាន​ត្រឹម​ពោល​ពាក្យ​អហោសិកម្ម

អានអត្ថបទបន្ត៖ គ្រាន់​តែ​រឿង “គ្រប់​គ្រង” សិល្បករ​ខ្មែរ​៣-៤​នាក់ អស់​ប្រាក់​រាប់​ម៉ឺន​ដុល្លារ!

ឱក សុគន្ធកញ្ញា ទៅ​សួរ​សុខទុក្ខលោក សរ ធារ៉ា មុន​ពេល​ស្លាប់

 

អត្ថបទ៖ អ៊ីង សុឡា

អត្ថបទថ្មី