សំដី​ពិតគួរ​ឲ្យ​អាសូរ ពី​តួឯក “កូន​មាស​ម្ដាយ” ឬ "Cambodian Son"!

  • 2015-01-19 23:01:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ខៀវ កុសល គឺ​ជា​តួ​អង្គ​ក្នុង​ភាពយន្ត​ឯកសារ "កូន​មាស​ម្ដាយ" ឬ "Cambodian Son” ដែល​និយាយ​ពី​ខ្សែ​ជីវិត​ពិត​របស់​លោក​តែ​ម្ដង។ លោក គឺ​ជា​អតីត​ជនជាតិ​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក ក្រោយ​ពី​បាន​ចាក​ចេញ​ពី​ជំរុំ​ទៅ​នៅ​ប្រទេស​នេះ តាំង​ពី​អាយុ ១ឆ្នាំ។

 

ធំ​ធាត់​ក្នុង​តំបន់​ដែល​សម្បូរ​ដោយ​ពួក​បង​ធំ កុសល ក៏​ធ្លាក់​ខ្លួន​ចូល​ក្នុង​សង្គម​នោះ​ដែរ។ ចុង​ក្រោយ​លោក​ត្រូវ​អាមេរិក​បញ្ជូន​មក​កម្ពុជា​កាល​ពី​ឆ្នាំ ២០១១ បន្ទាប់​ពី​មាន​ទោស​ត្រូវ​ជាប់​ឃុំ។ កណ្ដោច​កណ្ដែង​ម្នាក់​ឯង កុសល កំពុង​ត្រួសត្រាយ​ផ្លូវ​ទៅ​អាមេរិក​វិញ។ សូម​តាមដាន​សំដី​ពិត​របស់​លោក៖

 

 

Sabay ៖ លឺ​ថា ភាពយន្ត​ឯកសារ “កូន​មាស​ម្ដាយ" ឬ “Cambodian Son” របស់​លោក ទើប​ទទួល​បាន​ពាន​ភាពយន្ត​ឯកសារ​ល្អ​បំផុត​នៅ​ក្នុង​​មហោស្រព​មជ្ឈមណ្ឌល​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជនជាតិ​អាមេរិក​​ដើម​កំណើត​អាស៊ី (CAAFest 2014)។ អនុញ្ញាត​ដឹង​ពី​អារម្មណ៍​ពិត​របស់​លោក!

 

កុសល៖ អស្ចារ្យ​មែន​ទែន យើង​ឈ្នះ​ពាន​ភាពយន្ត​ឯកសារ​ល្អ​បំផុត​នៅ​សាន់ហ្វ្រាន់ស៊ីស្កូ…ខ្ញុំ​សប្បាយ​ចិត្ត…ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​ទេ។

 

Sabay ៖ ភាពយន្ត​នេះ តើ​លោក​ជា​អ្នក​ធ្វើ​ឡើង​ដោយ​ខ្លួន​ឯង ឬ​ត្រូវ​ស្នើ​ឡើង​ដោយ​ភាគី​ណា​មួយ? ហើយ​ដើម្បី​អ្វី?

 

កុសល៖ ដំបូង​ខ្ញុំ​ជួប Masahiro Sugano ដែល​ជា​អ្នក​និពន្ធ និង​ដឹក​នាំ​រឿង​ជនជាតិ​ជប៉ុន ខ្ញុំ​រៀបរាប់​ប្រាប់​គាត់​ពី​ជីវិត​របស់​ខ្ញុំ​ម្តង​ជា​ពីរ​ដង គាត់​ក៏​ចាប់​អារម្មណ៍ ហើយ​យើង​ក៏​សម្រេច​ថា​សហការ​គ្នា​ធ្វើ។ ខ្ញុំ​ត្រូវ​គេ​និរទេស​មក​ស្រុក​ខ្មែរ តែ​ម៉ាក់​ខ្ញុំ និង​បង​ប្អូន​មួយ​ចំនួន​នៅ​អាមេរិក ដូច្នេះ​ហេតុផល គឺ​ខ្ញុំ​ចង់​ទៅ​វិញ គឺ​ទៅ​លេង​ពួក​គេ តែ​ខ្ញុំ​អត់​ចង់​ទៅ​នៅ​ទេ នៅ​ស្រុក​ខ្មែរ​ខ្ញុំ​រស់​នៅ​ដោយ​សប្បាយ​ចិត្ត​ហើយ។

 

Sabay ៖ ត្រូវ​ហើយ​ការ​លំបាក​លើ​ទឹក​ដី​ថ្មី ក្រោយ​ត្រូវ​និរទេស ទើប​បង្កើត​ឲ្យ​មាន​ភាពយន្ត “កូន​ខ្មែរ”។ តើ​លោក​ជួប​ការ​លំបាក​អ្វី​ខ្លះ​ក្រោយ​ត្រូវ​និរទេស?

 

កុសល ៖ ខ្ញុំ​ស្រណោះ​ខ្លួន​ឯង​ណាស់…ខ្ញុំ​នៅ​តែ​ម្នាក់​ឯង…ដំបូង​អត់​ចេះ​ភាសា​ខ្មែរ អត់​មាន​ផ្ទះ​ទៀត បង​អាច​ស្រមៃ​មើល៍…។ ប្រជាជន​ខ្មែរ អត់​ហ៊ាន​រាប់​អាន​ខ្ញុំ ព្រោះ​ខ្ញុំ​មាន​សាក់​ពេញ​ខ្លួន អីចឹង​ជាង​១ខែ​ខ្ញុំ​ពាក់​អាវ​ដៃ​វែង និង​នៅ​ក្នុង​ផ្ទះ​រហូត​កុំ​ឲ្យ​គេ​ឃើញ។ ខ្ញុំ​ក្តៅ​ស្អុះ​ស្អាប់​ណាស់…ខ្ញុំ​គិត​ថា នៅ​ស្រុក​ខ្មែរ​ខ្ញុំ​មិន​មែន​មក​លេង​១​ថ្ងៃ​២​ថ្ងៃ​ទេ គឺ​ខ្ញុំ​នៅ​មួយ​ជីវិត អីចឹង​ត្រូវ​រៀន​រស់​ជាមួយ​បរិយាកាស​នេះ។ ដូច្នេះ​ហើយ​ខ្ញុំ​ក៏​ដោះ​អាវ​ចេញ​ដើរ...ជួប​បង​ប្អូន​ខ្មែរ ខ្ញុំ​ជម្រាប​សួរ និង​សួរ​ថា “បង​សុខ​សប្បាយ​ទេ” ទី​បំផុត ខ្ញុំ​អាច​សម្រប​បាន​ហើយ។

 

Sabay ៖ ដូច្នេះ​តើ​ លោក អត់​មាន​សាច់​ញាតិ​ណា​ម្នាក់​ស្រុក​ខ្មែរ​ទេ ឬ​យ៉ាង​ណា?

 

កុសល៖ មាន​…មាន​បង​ប្អូន​មួយ​ចំនួន​នៅ​បាត់​ដំបង នៅ​ស្រុក​ស្រែ…បន្ទាប់​ពី​ត្រូវ​និរទេស​មក​ស្រុក​ខ្មែរ ដំបូង​ខ្ញុំ​បាន​ទៅ​រស់​នៅ​ជាមួយ​ពួក​គេ​មួយ​រយៈ។ ពួក​គេ​បង្ខំ​ឲ្យ​ខ្ញុំ​ការ ការ​អី…ខ្ញុំ​មាន​អី…មាន​តែ​ខ្លួន​ហ្នឹង…ខ្ញុំ​ធ្លាប់​គិត​ថា​នឹង​នៅ​ទី​នោះ​រហូត ទោះ​ធ្វើ​អី​ក៏​ធ្វើ​ដែរ…តែ​ចុង​ក្រោយ​នៅ​អត់​កើត ក៏​ត្រឡប់​មក​ភ្នំពេញ​វិញ​តែ​ម្តង។

Sabay ៖ មក​រាជធានី លោក​ធ្វើ​កិច្ចការ​អ្វី ហើយ​បច្ចុប្បន្ន លោក​ប្រកប​កិច្ច​ការ​អ្វី​ដែរ?

 

កុសល៖ មក​ដល់​ភ្នំពេញ​នៅ​ឆ្នាំ ២០១២ ខ្ញុំ​បាន​ជួប​​មិត្តភ័ក្ដិ​ខ្ញុំ​ពីរ​បី​នាក់​ដែល​ត្រូវ​និរទេស​ដែរ គេ​បាន​ណែនាំ​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​រោងភាពយន្ត Legend។ អីចឹង​ខ្ញុំ​បាន​ទៅ​សុំ​គេ​ធ្វើ​ការ ខ្ញុំ​ប្រាប់​គេ​ថា ខ្ញុំ​ទើប​ត្រូវ​គេ​បញ្ជូន​មក​ពី​អាមេរិក អត់​មាន​អី​ធ្វើ​ទេ សុំ​ធ្វើ​ការ​ផង ឲ្យ​ធ្វើ​អី​ក៏​ធ្វើ​ដែរ ធ្វើ​អ្នក​ទទួល​ភ្ញៀវ អ្នក​ហៅ​ភ្ញៀវ អ្នក​បញ្ចាំង​កុន ឬ​អី​ផ្សេង​ក៏​បាន។ ចុង​ក្រោយ​គេ​ឲ្យ​ធ្វើ​ជា​អ្នក​បញ្ចាំង​កុន តែ​ការងារ​នេះ​អត់​មាន​ថ្ងៃ​ឈប់​ទេ ថ្ងៃ​ណា​ក៏​នៅ​រោងកុន​ដែរ។ ធ្វើ​បាន​តែ​៦ខែ ខ្ញុំ​សុំ​ឈប់​​ ព្រោះ​ខ្ញុំ​មាន​ក្តី​ស្រមៃ​របស់​ខ្ញុំ​កាល​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​អាមេរិក អីចឹង​ខ្ញុំ​ត្រូវ​ធ្វើ​តាម​ក្តី​ស្រមៃ​របស់​ខ្ញុំ។ ក្រោយ​មក​ខ្ញុំ​បាន​ធ្វើ​ជា​គ្រូ​នៅ​តាម​អង្គការ​មួយ​ចំនួន អប់រំ​អូស​ទាញ​កុមារ​កុំ​ឲ្យ​ដើរ​ផ្លូវ​ខុស។ តែ​ឥឡូវ​ខ្ញុំ​ធ្វើការ​គម្រោង​នៅ Studio Revolt ក្រៅ​ពី​នេះ អត់​មាន​ធ្វើ​អី​ផ្សេង​ទេ។

 

Sabay ៖ លោក ថា​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង លោក មាន​ក្តី​ស្រមៃ​មួយ តើ​នោះ​គឺ​ជា​អ្វី?

 

កុសល៖ គឺ​ខ្ញុំ​ចង់​ដើរ​ទៅ​ប្រទេស​នានា អីចឹង​ខ្ញុំ​ត្រូវ​ធ្វើ​ការងារ​ណា​ដែល​អាច​ចេញ​ទៅ​ប្រទេស​ផ្សេង​ៗ​បាន។ ឥឡូវ​ខ្ញុំ​ធ្វើ​បាន​ហើយ ខ្ញុំ​បាន​ទៅ​បារាំង​ដែល​ប៉ា​ខ្ញុំ​រស់​នៅ និង​ទៅ​អង់គ្លេស តាម​ការ​អញ្ជើញ​ទៅ​សូត្រ​កំណាព្យ…តែ​សំខាន់ គឺខ្ញុំ​ចង់​ប្រាប់​ទៅ​អាមេរិក​ថា ប្រទេស​ផ្សេង​ៗ​គេ​ទទួល​ខ្ញុំ ហេតុ​អី​អ្នក​មិន​ទទួល​ខ្ញុំ​វិញ ខ្ញុំ​មាន​ម្តាយ មាន​បង​ប្អូន ក្មួយ​ជា​ច្រើន​នៅ​ទី​នេះ ខ្ញុំ​ចង់​ទៅ​លេង​ពួក​គេ។ តែ​ដូច​ប្រាប់​ពី​ខាង​លើ ខ្ញុំ​អត់​ចង់​ទៅ​នៅ​ទេ ខ្ញុំ​ចង់​នៅ​ប្រទេស​ខ្មែរ បច្ចុប្បន្ន​ខ្ញុំ​កំពុង​ធ្វើ​ផ្ទះ​នៅ​កំពត អីចឹង​ខ្ញុំ​អត់​ចង់​ទៅ​នៅ​អាមេរិក​វិញ​ទេ គ្រាន់​តែ​ចង់​ទៅ​លេង​ប៉ុណ្ណោះ ហេតុ​អី​មិន​ឲ្យ​ខ្ញុំ​ទៅ។

 

Sabay៖ និយាយ​អីចឹង ហេតុ​អ្វី​បាន​ជា​លោក​ត្រូវ​បញ្ជូន​មក​ស្រុក​ខ្មែរ ហើយ​មូលហេតុ​អ្វី​ដែល​នាំ​ជាប់​ឃុំ​ឃាំង​នៅ​អាមេរិក?

 

 

កុសល៖ មក​ពី​ខ្ញុំ​ជាប់​ឃុំ ខ្ញុំ​ជាប់​ឃុំ​១៥​ឆ្នាំ តាំង​ពី​អាយុ ១៦​ឆ្នាំ។ ចំពោះ​មូលហេតុ គឺ​យើង​មាន​ជម្លោះ​ជាមួយ​គេ រហូត​កើត​ជា​អំពើ​ហិង្សា​បាញ់បោះ​ទៅ​វិញ​ទៅ​មក ចុង​ក្រោយ​ខាង​គេ​របួស​ធ្ងន់។ អីចឹង​ហើយ​ទើប​គេ​ចាប់​ខ្ញុំ​ដាក់​ឃុំ ខ្ញុំ​សុំ​ប្រាប់​ថា ខ្ញុំ​មិន​ដែល​ធ្វើ​ឲ្យ​នរណា​ម្នាក់បាត់​បង់​ជីវិត​ទេ ខ្ញុំ​មិន​ដែល​ទេ…។

 

ខ្សែភាពយន្ត​ឯកសារ​រឿង “កូន​មាសម្ដាយ” បាន​ទទួល​ពាន​រង្វាន់​ជា​ខ្សែភាព​យន្ត​​ឯកសារ​​ល្អ​បំផុត​​ប្រចាំ​ឆ្នាំ ២០១៤ ពី​ក្រុង​​សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋ ​អាមេរិក ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​របស់​មជ្ឈមណ្ឌល​សម្រាប់​ការ​ផ្សព្វផ្សាយ​របស់​ប្រជាជន​​ អាស៊ី-អាមេរិក​លើក​ទី ៣២។

 

លោក ស្រី អានីដា យុអិ អាលី ជា​ផលិតករ​នៃ​ស្ទូឌីយ៉ូរីវ៉ូល បាន​ប្រាប់​គេហទំព័រ Sabay ថា ខ្សែភាពយន្ត​នេះ​បាន​ចំណាយ​ពេល​ថត​រហូត​ដល់​ទៅ ២ ឆ្នាំ ឆ្លុះ​បញ្ចាំង​អំពី​ជីវិត​ពិត​របស់ លោក ខៀវ កុសល ដែល​មាន​ដើម​កំណើត​នៅ​តំបន់​ជំរំ​ភៀសខ្លួន​ព្រំដែន​កម្ពុជា​-ថៃ។ លោក​បាន​ចាក​ចេញ​ទៅ រស់​នៅ​អាមេរិក​អំឡុង​ឆ្នាំ ១៩៨១ ដែល​គ្រា​នោះ លោក​ទើប​តែ​មាន​អាយុ​ ១ ខួប ប៉ុណ្ណោះ។

 

“រឿង​នេះ​ចង់​បង្ហាញ​សារ​សំខាន់​មិន​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​គិត​ថា គ្រប់​មនុស្ស​និរទេស​ខ្លួន​មក​ប្រទេស​កំណើត​វិញ​សុទ្ធតែ​អាក្រក់​នោះ​ទេ គឺ​គាត់​​ (កុសល) រង​ការ​លំបាក​ច្រើន​​ ប៉ុន្ដែ អ្វីៗ​មាន​ហេតុ​និង​ផល​វា”។  អានីដា​និយាយ។

 

"កូន​មាស​ម្ដាយ" នឹង​ដាក់​បញ្ចាំង​លើក​ដំបូង គឺ​នៅ​រោងភាពយន្ត Major Cineplex by Cellcard នៅ​ផ្សារ​ទំនើប​ AEON  នា​ថ្ងៃ​ទី ២៩ ខែ មករា ឆ្នាំ ២០១៥ ចាប់​ពី​ម៉ោង​ ៦ ល្ងាច។ នៅ​ថ្ងៃ​បន្ទាប់ "កូន​មាស​ម្ដាយ" ឬ "Cambodian Son" នឹង​ត្រូវ​​ចាក់​បញ្ចាំង​​ផ្លូវ​ការ​ជូន​ជា​សាធារណៈ​ទស្សនា នៅ​រោងភាពយន្ត Major Cineplex by Cellcard, Platinum Cineplex និង​រោង​ភាព​យន្ត Legend Cinema គ្រប់​សាខា៕

 

 

អត្ថបទ៖ ទារិកា