ពាក្យ ១០​ឃ្លា ​ម៉ែ​តែង​លាក់ បើ​អ្នក​បាន​ឮ​អាច​ស្រក់​ទឹក​ភ្នែក

  • 2015-01-19 23:21:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាង ៩​ខែ ម៉ែ​រង​ទុក្ខ រស់នៅ​មិន​សុខ​ព្រោះ​ពរ​ពោះ​កូន ចាញ់​សព្វ​អាហារ​កាយ​ស្គាំង​ស្គម តែ​នៅ​មិនព្រម​បោះ​បង់​ឡើយ។ ពេល​កូន​កើត​មក ម៉ែ​ត្រូវ​ចិញ្ចឹម​​បីបាច់​ថែ​រក្សា បង្ហាត់​បង្រៀន​ឲ្យ​ចេះ​ចាំ បំពេ​ផ្ដែរ​ផ្ដាំ​ឲ្យ​ស្គាល់​ក្រ ចេះ​អត់​ធ្មត់ ប្រឹង​រៀន ស្គាល់​អាក្រក់​ល្អ។ នេះ​ហើយ​ទឹក​ចិត្ត​ម្ដាយ ដែល​មាន​ចំពោះ​កូន។ អ្វី​ទាំង​អស់​នេះ សុទ្ធ​តែ​កូន​គ្រប់​រូប​បាន​ឃើញ តែ​នៅ​មាន​ពាក្យ​ជា​ច្រើន​ទៀត​ដែល​ម៉ែ​មិន​អាច​និយាយ​បាន ព្រោះ​ខ្លាច​កូន​ពិបាក​ចិត្ត។ ​​

 

 

១. ម៉ែ​យំ​ព្រោះ​កូន

 

ពេល​ដឹង​ខ្លួន​មាន​ផ្ទៃ​ពោះ ម៉ែ​ស្រក់​ទឹក​ភ្នែក ព្រោះ​សប្បាយ​ចិត្ត​ពេក​រក​អ្វី​មក​ប្រៀប​​ពុំ​បាន។ ពេល​ប្រសូត​បុត្រ​ភ្ងា​រួច​បាន​ពរ​ភ្លាម ម៉ែ​ហូរ​ទឹក​ភ្នែក​ម្ដង​ទៀត ដោយ​ហេតុ​ឃើញ​កូន​កើត​មក​មាន​សព្វ​មាន​គ្រប់ ក្លាយ​ជា​សមាជិក​ថ្មី​ក្នុង​សន្តាន​ចិត្ត​អាណិត​មេត្តា។ រីក​រាយ ខ្លាច​រអា អាណិត ស្រឡាញ់ សុទ្ធតែ​ធ្វើ​ឲ្យ​ម៉ែ​ស្រក់​ទឹក​ភ្នែក​ទប់​មិន​ជាប់។ ពេល​កូន​យំ ម៉ែ​នៅ​មិន​សុខ​ទប់មិន​​បាន យំ​តាម​កូន... ដឹង​ទេ​គ្រប់​យ៉ាង​ព្រោះ​ម៉ែ​ស្រលាញ់​កូន ទើប​ទឹក​ភ្នែក​ម៉ែ​ងាយ​ស្រក់​យ៉ាង​នេះ។

 

២. ម៉ែ​ចង់​ចម្អិន​អាហារ​ឲ្យ​កូន​រហូត​ដង្ហើម​ចុង​ក្រោយ

 

សេចក្ដី​សុខ​របស់​ម៉ែ អាច​ឃើញ​កូន​ធំធាត់ មាន​សុខភាព​ល្អ។ ពេល​ម៉ែ​ឃើញ​កូន អង្គុយ​ចាំ​អាហារ​បើក​ភ្នែក​ក្រឡង់​ដោយ​ភាព​ហេវហត់ ម៉ែ​ប្រញាប់​រួស​រាន់​ធ្វើ​ម្ហូប​សម្រាប់​កូន។ មាន​សុភមង្គល​បំផុត ឃើញ​កូន​​សប្បាយ​ចិត្ត​ពេល​ទទួល​ទាន​អាហារ ប្រាប់​ម៉ែ​ថា​ឆ្ងាញ់​ណាស់។ ទោះ​ពេល​​ម៉ែ​ចាស់ ធ្លាក់​ទឹក​ដៃ ម្ហូប​លែង​ឆ្ងាញ់​ដូច​មុន តែ​សង្ឃឹម​ថា​អាច​ធ្វើ​ឲ្យ​កូន​បាន​ញ៉ាំ​ទៀត កុំ​ធុញ​នឹង​ម៉ែ​អី​ណា។

 

៣. ម៉ែ​ឈឺ​ណាស់

 

៩​ខែ ១០​ថ្ងៃ ម៉ែ​រង​ទុក្ខ រស់​នៅ​មិន​សុខ​ព្រោះ​តែ​ព្រួយ ឯ​ខ្លួន​ប្រាណ​វិញ​ចាញ់​ឥត​ស្បើយ នេះ​ហើយ​ឈឺ​ព្រោះ​ពរ​ពោះ​កូន​។ ពេល​កូន​ប្រសូត ម៉ែ​ត្រូវ​ឈឺ​ម្ដង​ទៀត ឈឺ​រហូត​ពេល​ខ្លះ​មិន​អាច​នឹង​ថ្លាថ្លែង​បាន។ ពេល​កូន​បោច​សក់​ម៉ែ ពេល​កូន​ខាំ​ម៉ែ ពេល​កូន​ខ្ញាំ​ម៉ែ ពេល​កូន​បៅ ដឹង​ទេ​ថា​ម៉ែ​ឈឺ​ណាស់ តែ​មិន​ខឹង​ទេ សប្បាយ​ចិត្ត​ដែល​កូន​រស់​រវើក មាន​កម្លាំង។ រាងកាយ​ម៉ែ អាច​ឲ្យ​ឈឺ តែ​មិន​អាច​ឲ្យ​ឈឺ​ដល់​កូន​ទេ រាងកាយ​ម៉ែ​អាច​ឈឺ តែ​មិន​អាច​ឲ្យ​កូន​យំ​ទេ។ ទោះ​ម៉ែ​ឈឺ​យ៉ាង​ណា​ក៏​មិន​ហា​ស្តី ព្រោះ​ខ្លាច​កូន​មិន​សប្បាយ​ចិត្ត។ ​ ៤. ម៉ែ​​ខ្លាចណាស់

 

ចាប់​តាំង​ពី​ពេល​ពពោះ រហូត​ដល់​ពេល​ប្រសូត ម៉ែ​តែង​តែ​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ការពារ​កូន ព្រោះ​ម៉ែ​ខ្លាច​បាត់​បង់​កូន។ ម៉ែ​ប្រែ​ជា​មនុស្ស​ចង្អៀត​ចង្អល់​ចំពោះ​អ្នក​ដទៃ មិន​ឲ្យ​គេ​ពរ​កូន ព្រោះ​ខ្លាច​គេ​មិន​ប្រយ័ត្ន ​កូន​ធ្លាក់​ពី​ដៃ។ ពេល​កូន​​ទៅ​ណា មក​ណា ម៉ែ​ខ្លាច​កូន​មាន​គ្រោះ​ថ្នាក់ ត្រូវ​នៅ​ចាំ​មាត់​ទ្វារ​ផ្ទះ មិន​ថា​យប់ ឬ​ថ្ងៃ។ កុំ​គិត​ថា​ម៉ែ​តឹង​តែង​ចំពោះ​កូន ធ្វើ​បែប​នេះ​ក៏​ព្រោះ​ខ្លាច​បាត់​បង់​កូន។

 

៥. ម៉ែ​ដឹង​ថា​ម៉ែ​មិន​ល្អ​គ្រប់​យ៉ាង​ទេ

 

ម៉ែ​តែង​តែចង់​ធ្វើ​ជា​ម្ដាយ​ដ៏​ល្អ​ឥត​ខ្ចោះ​ម្នាក់ ប៉ុន្តែ​ម៉ែ​ធ្វើ​មិន​បាន។ ពេល​ខ្លះ​ម៉ែ​ស្អប់​ខ្លួន​ឯង ដែល​មិន​អាច​ធ្វើ​អ្វី​តាម​កូន​ចង់​បាន។ អ្វី​ដែល​អាច​រៀន​បាន ម៉ែ​នឹង​ប្រឹង​រៀន​បន្ថែម​ទៀត ដើម្បី​ធ្វើ​ជា​អ្នក​ម្ដាយ​ដ៏​ល្អ​ម្នាក់​របស់​កូន។ ​​

 

៦. ម៉ែ​ចូល​ចិត្ត​មើល​​កូន​គេង

 

ម៉ែ​គេង​មិន​លក់ ព្រោះ​លង់​នឹង​ភាព​គួរ​ឲ្យ​ស្រលាញ់ ពេល​កូន​គេង លង់​នឹង​មុខ​ដ៏​គួរ​ឲ្យ​ក្នាញ់។ ពេល​កូន​គេង​មិន​លក់ ម៉ែ​តែង​ច្រៀង​បំពេ ទោះ​ម៉ែ​ត្រូវ​នឿយ​ហត់​ប៉ុនណា​ក៏​មិន​គិត។ ពេល​គេង​លក់ ម៉ែ​ត្រូវ​នៅ​ចាំ​មើល​កូន​ទៀត ខ្លាច​កូន​ភ្ញាក់ ឃើញ​កូន​អាច​គេង​លក់​ស្កប់​ស្កល់​ទើប​ម៉ែ​បាន​ស្ងប់។

 

៧. ម៉ែ​ត្រូវ​ពរ​កូន​អស់​ច្រើន​ខែ

 

​ម៉ែ​ត្រូវ​រៀន​ពរ​កូន ពេល​ចម្អិន​អាហារ ពេល​បោស​សម្អាត និង​ពេល​រៀប​ចំ​ផ្ទះ ព្រោះ​មាន​តែ​ម៉ែ​ទេ​ដែល​អាច​ធ្វើ​បាន​បែប​នេះ។ ម៉ែ​បី​កូន​ឲ្យ​គេង អង្រួន​កូន​ឲ្យ​បាត់​យំ ម៉ែ​ត្រូវ​ផ្លាស់​ប្ដូរ​គ្រប់​យ៉ាង​ដើម្បី​កូន។ ដៃ​ម៉ែ​រោយ​ណាស់ ចង្កេះ​ម៉ែ​ចុក​ណាស់ តែ​ម៉ែ​សប្បាយ​ចិត្ត​ពេល​បាន​ពរ​កូន។

 

៨. ម៉ែ​ឈឺ​ចាប់​ណាស់ ពេល​ឮ​កូន​យំ

 

គ្មាន​អ្វី​ឈឺ​ចាប់​សម្រាប់​អ្នក​ម្ដាយ ជាង​ពេល​ឃើញ​កូន​យំ​នោះ​ទេ។ពេល​កូន​រត់​មក​រក​ម៉ែ​ដោយ​ទឹក​ភ្នែក​ហូរ​រហាម ម៉ែ​ព្យាយាម​ធ្វើ​កាយ​វិការ​ក្រមិចក្រមើម ដើម្បី​លួង​កូន​ឲ្យ​បាត់​យំ។

 

៩. កូន​ជា​មនុស្ស​ទី​មួយ​ជា​និច្ច

 

មក​ពី​ធ្វើការ​វិញ ទោះ​ម៉ែ​ហត់ ឬ​ងងុយ​គេង​យ៉ាង​ណា ក៏​ម៉ែ​ត្រូវ​មើល​ថែ​កូន​មុន។ ពេល​កូន​​ឃ្លាន ម៉ែ​ចម្អិន​អាហារ​ឲ្យ​កូន ពេល​កូន​ពិបាក​ចិត្ត ម៉ែ​លួង​កូន និយាយ​លេង​ជាមួយ​កូន។ ម៉ែ​ប្រើ​កម្លាំង​ទាំង​អស់​ដែល​ខ្លួន​មាន​ដើម្បី​ឲ្យ​កូន​សប្បាយ​ចិត្ត ហើយ​តែង​ទុក​កូន​សំខាន់​ជាង​ខ្លួន​ឯង។

 

 

១០. គ្រប់​យ៉ាង​ម៉ែ​អាច​ធ្វើ​បាន​ដើម្បី​កូន

 

គ្មាន​ការងារអ្វី​​ដែល​ពិបាក​ជាង​ធ្វើ​ជា​ម្ដាយ​គេ​ទេ ប៉ុន្តែ​ទោះ​ពិបាក​យ៉ាង​ណា​ក៏​ម៉ែ​អាច​ធ្វើ​បាន​ដើម្បី​កូន​ដែរ ព្រោះ​ម៉ែ​សប្បាយ​ចិត្ត​ពេល​បាន​នៅ​ជិត​កូន។ ទោះ​បី​ជា​មាន​ការ​ឈឺ​ចាប់ មិន​បាន​ដេក​ពួន ត្រូវ​ភ្ញាក់​ពី​យប់ ប៉ុន្តែ​ម៉ែ​នៅ​តែ​អាច​ធ្វើ​បាន ដើម្បី​កូន​ម្នាក់​គត់៕

 

មាន​អ្វី ចង់​និយាយ​ទៅ​កាន់​អ្នក​ម្ដាយ​វិញ​ទេ?

 

ចុចអាន៖ អាច​ស្រក់​ទឹក​ភ្នែក! ទឹក​ចិត្ត​ឪពុក​គ​ថ្លង់​រើស​សំរាម ចិញ្ចឹម​កូន​ស្រី

 

ដោយ៖ គង់ វិសាល ប្រភព៖ fortafy-daily