ជួបតារាចម្រៀងជាអតីតជយលាភី The Voice អាមេរិកទាំង ៦រដូវកាល
- 2014-10-03 16:11:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួបតារាចម្រៀងជាអតីតជយលាភី The Voice អាមេរិកទាំង ៦រដូវកាល
ចន្លោះមិនឃើញ
ស្របពេលដែលកម្មវិធីប្រឡងចម្រៀង "The Voice” អាមេរិករដូវកាលទី៧ ទើបតែចាប់ផ្ដើមបាន ២សប្ដាហ៍ ថ្ងៃនេះ យើងក្រឡេកមកមើលអតីតម្ចាស់ជយលាភីពីកម្មវិធីនេះ ក្នុងរដូវកាលកន្លងមកទាំងអស់គ្នា។ បេក្ខជនដែលទទួលបានជ័យលាភីក្នុងរដូវកាលនីមួយៗអាចទទួលបានប្រាក់រង្វាន់ ១សែនដុល្លារ និងកុងត្រាចូលច្រៀងក្នុងផលិតកម្ម Universal ដូចគ្នា។ ប៉ុន្តែក្រោយចេញពីកម្មវិធី មិនប្រាកដថាពួកគេអាចជោគជ័យដូចគ្នាឡើយ។ តើពួកគេជានរណា ហើយទទួលបានជោគជ័យយ៉ាងណាខ្លះក្នុងអាជីពចម្រៀងបន្ទាប់ពីក្លាយជាម្ចាស់ជយលាភីក្នុងកម្មវិធីនេះ? តាមដានខាងក្រោមនេះទាំងអស់គ្នា៖
រដូវកាលទី១៖ Javier Colon
ម្ចាស់ជយលាភីរដូវកាលដំបូងរបស់ "The Voice” អាមេរិកកាលពីឆ្នាំ២០១១ គឺ Javier Colon ជាកូនក្រុមរបស់តារាចម្រៀង Adam Levine។ ជាមួយជោគជ័យក្នុងកម្មវិធីនេះ Javier បានទទួលកុងត្រាចូលច្រៀងក្នុងផលិតកម្ម Universal Republic Records ហើយក៏បានចេញអាល់ប៊ុមដំបូង មានចំណងជើងថា "Come Through For You” ដែលរួមមានបទចម្រៀង "As Long As We Got Love” ដែលតារារូបនេះច្រៀងជាមួយ Natasha Bedingfield។ ទោះយ៉ាងណាអាល់ប៊ុមដំបូងរបស់គេមិនទទួលការគាំទ្រច្រើនដូចការរំពឹងទុកឡើយ ដោយបានទទួលចំណាត់ថ្នាក់ទី១៣៤លើតារាង Billboard និងលក់ដាច់អស់ ៤២០០០បន្ទះ។ ដោយមិនទទួលបានការជ្រោមជ្រែងចំពោះការខិតខំប្រឹងប្រែងរបស់ខ្លួន Solon ក៏សម្រេចចិត្តដើរចេញពីផលិតកម្មនេះទៅ។
បច្ចុប្បន្នតារាវ័យ ៣៧ឆ្នាំរូបនេះ នៅតែបន្តអាជីពចម្រៀងរបស់គេដដែល តាមរយៈការសម្ដែងក្នុងកម្មវិធីផ្សេងៗ នៅទូទាំងប្រទេស ស្របពេលកំពុងស្វែងរកទ្រនំថ្មី។
http://youtu.be/4I-sqNOJkJI
រដូវកាលទី២៖ Jermaine Paul
ជយលាភីសម្រាប់ក្រុមរបស់គ្រូបង្វឹក Blake Shelton បានលេចឡើងនៅរដូវកាលទី២ ដោយបេក្ខជន Jermine Paul។ មុននឹងចូលរួមប្រឡងក្នុងកម្មវិធីនេះ គេគឺជាអ្នករាំរបស់តារាចម្រៀង Alicia Keys។ Paul ហាក់មិនទទួលបានការគាំទ្រច្រើនឡើយបន្ទាប់ពីទទួលបានជយលាភីពីកម្មវិធី ហើយក៏បានចេញអាល់ប៊ុមដំបូង "I Believe In This Life” ដែលនៅតែមិនអាចទាក់ទាញការគាំទ្របានដដែល។ តារារូបនេះបានចេញអាល់ប៊ុមចុងក្រោយ "Next To You” កាលពីឆ្នាំ២០១៣។
http://youtu.be/J2gEX3FvsFI រដូវកាលទី៣ និងទី៤៖ Cassadee Pope និង Danielle Bradbery
ខុសពីសិស្សច្បងនៅរដូវកាលមុនៗ ម្ចាស់ជយលាភីក្នុងរដូវកាលទី៣ និងទី៤ គឺ Cassadee Pope និង Danielle Bradbery ដែលជាកូនក្រុមរបស់តារាចម្រៀង Blake Shelton ទាំងពីរនាក់ អាចជាប់ចំណាត់ថ្នាក់ Top 100 លើតារាង Billboard បានតាមរយៈបទចម្រៀងចង្វាក់ Country របស់ពួកគេ។
Pope បានសម្ដែងបទចម្រៀងចុងក្រោយរបស់នាងគឺបទ "Like There's No Tomorrow” ក្នុងការប្រគំតន្ត្រីមួយរបស់នាងកាលពីថ្ងៃទី២៩ ខែសីហា បន្ទាប់ពីបញ្ចប់តន្ត្រីទេសចរណ៍មួយនៅ West Springfield។ នាងក៏បានសម្ដែងជាមួយតារាចម្រៀង និងអ្នកលេងហ្គីតាម្ចាស់ពានរង្វាន់ Grammy Daruys Rucker ដែរ។ នៅឆ្នាំ២០១៤នេះ នាងបានឈ្នះពានរង្វាន់ Breakthrough Video of The Year ពីកម្មវិធី CMT Music Awards តាមរយៈបទ “Wasting All These Tears”។
http://youtu.be/EJZOeTnvq4k
ចំណែក Bradbery ដែលជាម្ចាស់ជយលាភីក្មេងបំផុតក្នុងកម្មវិធី The Voice បានចេញបទចម្រៀង Cover ជាច្រើនតាមរយៈវីដេអូជាស៊េរី មានចំណងជើងថា "DBRequestLine”។ វីដេអូចម្រៀងចុងក្រោយរបស់តារាវ័យ ១៨ឆ្នាំរូបនេះបានចេញនៅថ្ងៃទី២ ខែកញ្ញា ដែលជាបទចម្រៀង Cover បទ "Set Fire to the Rain” របស់តារាចម្រៀង Adele។ បច្ចុប្បន្នតារាមកពីរដ្ឋ Texas រូបនេះកំពុងបន្តការប្រគំតន្ត្រីទេសចរណ៍របស់នាង រួមទាំងការសម្ដែងមួយ Show មួយចំនួនទៀតនៅ Allentown។
http://youtu.be/Ddyt96P94jw រដូវកាលទី៥៖ Tessanne Chin
ជយលាភី The Voice រដូវកាលទី៥ បានទៅលើបេក្ខនារីមានកំណើតនៅប្រទេសចាម៉ៃកា ជាកូនក្រុមរបស់តារាចម្រៀង Adam Levine។ តារាចម្រៀងដែលមានទេពកោសល្យសម្បូរបែបរូបនេះបានចេញអាល់ប៊ុមដំបូង "Count on My Love” កាលពីខែកក្កដា។ ប៉ុន្តែតារាវ័យ ២៩ឆ្នាំដែលមានកំណើតនៅប្រទេសចាម៉ៃការូបនេះមិនបានទទួលជោគជ័យច្រើនឡើយ ដោយអាល់ប៊ុមដំបូងនេះអាចលក់ដាច់តែ ៧០០០បន្ទះប៉ុណ្ណោះ ដែលជាចំនួនលក់ដាច់តិចបំផុតសម្រាប់ម្ចាស់ជយលាភី The Voice គិតត្រឹមពេលនេះ។
http://youtu.be/nLpha-xLuMA រដូវកាលទី៦៖ Josh Kaufman
Josh Kaufman គឺជាម្ចាស់ជយលាភីទី១ ក្នុងក្រុមរបស់តារាចម្រៀង Usher និងជាបេក្ខជនម្នាក់ដែលទស្សនិកជនពេញចិត្តតែម្ដង។ តារាវ័យ ៣៨ឆ្នាំដែលមកពីទីក្រុង Indianapolis រដ្ឋ Indiana រូបនេះ បានរៀបការនិងមានកូន ៣នាក់រួចហើយ មុនចូលប្រឡងក្នុងកម្មវិធី។ Kaufman មិនទាន់ចេញអាល់ប៊ុមដំបូងឡើយក្រោយទទួលជយលាភី តែគេនៅតែមានសុទិដ្ឋិនិយម បើទោះជាបានឃើញអ្នកឈ្នះនៅរដូវកាលមុនៗមួយចំនួនមិនទទួលបានជោគជ័យក៏ដោយ។
http://youtu.be/OZeSrRGAA4s