រមណីយដ្ឋាន​ធម្មជាតិ​ ​៥​ កន្លែង​​ព័ទ្ធ​ជុំវិញ​រាជធានី​​ភ្នំពេញ​ល្បី​ថា​ មនុស្ស​ទៅ​​លេង​រាល់​សប្ដាហ៍​

  • 2015-01-23 18:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះ​ Sabay  សូម​ណែ​​នាំនូវ​រមណីយដ្ឋាន​ធម្មជាតិ ​​​៥ កន្លែង​ ​​ដែល​មាន​ទីតាំង​នៅ​ជុំវិញ​​រាជធានី​ភ្នំពេញ​ ​ស័ក្ដិសម​បំផុត​ សម្រាប់​ការ​ដើរ​លេង​​លម្ហែ​អារម្មណ៍​ ជាមួយ​មិត្តភ័ក្ដិ​ និង ​ក្រុម​គ្រួសារ។ ​រមណីយដ្ឋាន​ទាំង​អស់​នោះ​ មាន​ខ្លះ​ជា​​កន្លែង​ដែល​បង្កើត​ឡើង​យូរ​មក​ហើយ តែ​កន្លែង​ខ្លះ​ទៀត​ ទើប​តែ​ល្បី​​ប៉ុណ្ណោះ។ ​

ប្រិយមិត្ត​ចង់​ដឹង​ទេ​ថា កន្លែង​ទាំង​ ៥​ នោះ​ មាន​នៅ​ឯ​ណា​ខ្លះ? ​​​​

 

១. ​កោះ​ដាច់​

 

ទេសភាព​ដ៏​ត្រកាល ​ក្រោម​ផ្ទៃ​មេឃ​ពណ៌​ខៀវ​ស្រងាត់​ ពន្លឺ​ភ្លឺ​ភ្លែត​ៗ​​បាញ់​ចេញ​មក​ពី​ផ្ទៃ​ទន្លេ​ដ៏​ថ្លា​ឆ្វង់​ ​លម្អ​ដោយ​ខ្សាច់​ស​ស្គុស ​ទាំង​អស់​នេះ​ ជា​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​​​នៃ​រមណីយដ្ឋាន​កោះ​ដាច់។ ​ ​ ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​​រាជធានី​ភ្នំពេញ ​កោះ​ដាច់​ ជា​រមណីយដ្ឋាន​ធម្មជាតិ​ ​​​ទាក់​ទាញ​ភ្ញៀវ​​ទេសចរ​​ឲ្យ​មក​កម្សាន្ត​ជា​ហូរហែ​ ជាពិសេស​នា​រដូវ​ប្រាំង​ ខែ​ទឹក​ស្រក​នេះ​តែ​ម្ដង។ ​ក្រៅ​ពី​សម្រស់​ធម្មជាតិ​​ចម្រុះ​ទាំង​នោះ​ អ្នក​ទៅ​លេង​កោះ​ដាច់​ ក៏​អាច​ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ និង ​ចុះ​ហែល​ទឹក​លេង​​ទៀត​ផង។

 

 

២. ​រមណីយដ្ឋាន​កៀន​ស្វាយ​​

រមណីយដ្ឋាន​កៀន​ស្វាយ​ ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​លើ​ទឹក​ ​ដ៏​ស្រស់​ត្រកាល​ មាន​ខ្ចុស​​​​តូចៗ​​សង់​​ប្រប​នឹង​មាត់​​ទឹក​ ​ទុក​សម្រាប់​ភ្ញៀវ​ទេសចរ​ សម្រាក​យ៉ាង​ត្រជាក់​ ត្រឈឹង​ត្រឈៃ​។ អ្នក​ភ្នំពេញ​ តែង​តែ​នាំ​គ្នា​ទៅ​លម្ហែ​កាយ​ ជិះ​ទូក​លេង​ យ៉ាង​ច្រើន​កុះ​ករ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ ព្រោះ​ទី​នោះ​ភ្ញៀវ​ទៅ​លេង​អាច​រក​ទិញ​ ម្ហូប​ធម្មជាតិ​ ​មាន​មាន់​អាំង​ ត្រី​អាំង​ ​ជ្រក់​ ផ្អក​ ម៉ាំ​ ​និង​ ផ្លែ​ឈើ​ស្រស់​ជា​ច្រើន​ទៀត ​ក្នុង​តម្លៃ​សមរម្យ នៅ​ក្នុង​ផ្សារ​​កៀន​ស្វាយ​នោះ​តែម្ដង។

 

 
 
 

៣. ភ្នំ​ឧត្ដុង្គ ​​

រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ ភ្នំ​ឧត្ដុង្គ​ មាន​ចម្ងាយ​ប្រហែល​ ៤០ គីឡូម៉ែត្រ​ ​ស្ថិត​នៅ​ភាគ​ពាយព្យ​រាជធានី​​​ភ្នំពេញ​ ​​ប្រិយមិត្ត​អាច​ធ្វើ​ដំណើរ​តាម​​​ផ្លូវជាតិ​លេខ៥។ នៅ​ទី​នោះ​លោក​អ្នក​អាច​ ឡើង​ទៅ​​​គយ​គន់​មើល​ទេសភាព​វាល​ស្រែ​ដ៏​ស្រស់​ត្រកាល​ ពី​លើ​កំពូល​ភ្នំ។ ពេល​ទៅ​ដល់​ទី​នោះ​កុំ​ភ្លេច​​កុម្ម៉ង់​​មាន់​ដុត​ញ៉ាំ​ណា៎ ព្រោះ​នៅ​​ជើង​ភ្នំ​​កន្លែង​លក់​ម្ហូប​អាហារ​ញ៉ាំ​ ឮ​ល្បី​ថា​មាន់​ដុត​ឆ្ងាញ់​ណាស់។

​​​

 
 

៤. សួន​ទឹក​សន្តិភាព

សួន​ទឹក​សន្តិភាព​ អាច​ជា​ជម្រើស​ដ៏​ល្អ​ សម្រាប់​ប្រិយមិត្ត​ដែល​ចង់​ទៅ​លម្ហែ​កាយ​ និង​​ ងូត​ទឹក​លេង ​​ជា​លក្ខណៈ​គ្រួសារ ឬ​ជាមួយ​មិត្តភ័ក្ដិ​ និង​ មនុស្ស​ជា​ទី​ស្រលាញ់។ ​ទៅ​លេង​នៅ​ សួន​ទឹក​សន្តិភាព​ កុំ​ភ្លេច​ត្រៀម​ខោអាវ​ងូត​ទឹក​ទៅ​ផង​ណា៎​ ព្រោះ​ថា​ បើ​ចង់​ទៅ​លេង​នៅ​ទីនោះ​ ប្រិយមិត្ត​គួរ​តែ​ងូត​ទឹក​លេង​ ទើប​សប្បាយ។ ​ប្រិយមិត្ត​អាច​ធ្វើ​ដំណើរ​ទៅ​លេង​ សួន​ទឹក​សន្តិភាព​ តាម​ផ្លូវ​ជាតិ​លេខ១ ​ជិត​ដល់​ផ្សារ​ព្រែក​ឯង ​ក្រឡេក​មើល​ខាង​ស្ដាំ​ដៃ​ នឹង​ឃើញ​​ក្លោង​ទ្វា​ រួច​ជិះ​ចូល​​ក្នុង​ប្រហែល​ ២ គីឡូម៉ែត្រ​​ទៀត​ដល់ហើយ។

៥. ភូមិ​ត្នោត

នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រាជធានី​ភ្នំពេញ​ "​ភូមិ​ត្នោត"  ​ជា​រមណីយដ្ឋាន​​​​ធម្មជាតិ​ថ្មី​ ​មាន​ដើម​ត្នោត​ ព័ទ្ធ​ជុំវិញ​​​ អម​ដោយ​​ទេសភាព​​វាល​ស្រែ​ ពណ៌​​បៃតង​​ខៀវ​ស្រងាត់។​ រមណីយដ្ឋាន​ជន​បទ​​មួយ​​កន្លែង​នេះ​​​ ក៏​មាន​អាង​​ហែល​ទឹក​​ សម្រាប់​កុមារ​តូច​ៗ​លេង ​និង​ ម្ហូប​ស្រែ​ឆ្ងាញ់​ៗ​ទៀត​ផង។ ភូមិ​ត្នោត​ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ​ ​ប្រមាណ ​២៥ ​គីឡូម៉ែត្រ ​នៅ​ម្ដុំ​សៀមរាប​កន្ទួត​ ខេត្ត​កណ្ដាល​ប្រិយមិត្ត​អាច​ធ្វើ​ដំណើរ​ទៅ​លេង​បាន​​ ​តាម​ផ្លូវជាតិ​លេខ២៕

 

 
 
 

យ៉ាង​ម៉េច​ដែរ​ ​ប្រិយមិត្ត​មាន​ចាប់​អារម្មណ៍​ចង់​ទៅ​លេង​រមណីយដ្ឋាន​ណា​មួយ​អត់​ សម្រាប់​សប្ដាហ៍​នេះ?

 

អត្ថបទ៖ យិន សំបូរ​ ​

​​​​

អត្ថបទថ្មី