កញ្ញារូបស្រស់សុខចិត្តចោលការងារក្នុងម៉ាស៊ីនត្រជាក់មកលក់ទឹកសណ្ដែកខ្មែរ
- 2015-01-27 18:00:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កញ្ញារូបស្រស់សុខចិត្តចោលការងារក្នុងម៉ាស៊ីនត្រជាក់មកលក់ទឹកសណ្ដែកខ្មែរ
ចន្លោះមិនឃើញ
យុវជនមួយចំនួនប្រាថ្នា ចង់ធ្វើការងារការិយាល័យ ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ មានប្រាក់ខែសមរម្យ ស្លៀកពាក់ឯកសណ្ឋានស្អាតៗ តែសម្រាប់ កញ្ញាស្រស់សោភា ឈួន ច័ន្ទធីតា បែរជាសម្រេចចិត្ត បោះបង់ការងារធនាគារនោះចោល ទៅចាប់យកអាជីព ជាអ្នកធ្វើទឹកសណ្ដែកខ្មែរ លក់ដោយផ្ទាល់ដៃខ្លួនឯង ជំនួសវិញ។
តើយុវតីវ័យក្មេង ស្រស់ស្អាតរូបនេះ មានប្រវត្តិយ៉ាងណា បានជាសម្រេចចិត្ត ចោលការងារក្នុងម៉ាស៊ីនត្រជាក់ ទៅលក់ទឹកសណ្ដែកដូច្នេះ?
http://youtu.be/yghu-7JOeXI
កូនស្រីពៅក្នុងគ្រួសារ
មានស្រុកកំណើតនៅខេត្តព្រះសីហនុ កញ្ញា ឈួន ច័ន្ទធីតា អាយុ ២៣ ឆ្នាំ ជាកូនពៅ ក្នុងគ្រួសារ ដែលមានជីវភាពធូរធារ មានបងប្អូនប្រុសស្រី ៤ នាក់ ឯប៉ាម៉ាក់ ជាម្ចាស់ផ្ទះសំណាក់មួយ ក្នុងទីរួមខេត្ត។
ទឹកមុខស្រស់បស់ និយាយចេញមករួសរាយរាក់ទាក់ កញ្ញា បានបញ្ជាក់ពីប្រវត្តិ នៃការសិក្សារបស់ខ្លួនថា រូបកញ្ញា បានផ្លាស់ពីខេត្ត មករៀនបន្តឆ្នាំទី ២ នៅភ្នំពេញ ក្នុងឆ្នាំ ២០១១ ដោយរៀនបន្តថ្នាក់ បរិញ្ញាបត្រ ផ្នែកអក្សរសាស្ត្រអង់គ្លេស នៅសាកលវិទ្យាល័យបៀលប្រាយ។ មុនចាប់ផ្ដើមបើកអាជីវកម្មលក់ទឹកសណ្ដែកខ្មែរនេះ កញ្ញាធ្លាប់ជាបុគ្គលិក បម្រើការក្នុងធនាគារចិនមួយ អស់រយៈពេលជាង ៣ ឆ្នាំ។
ស្ថិតក្នុងវ័យទើបតែ ២៣ ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែ កញ្ញា ច័ន្ទធីតា ប្រើប្រាស់ភាសាចិន និង អង់គ្លេសបានយ៉ាងស្ទាត់ជំនាញ ព្រោះកញ្ញា ចូលរៀនភាសាចិនតាំងពីថ្នាក់បឋមមកម្ល៉េះ។
មូលហេតុមិនចង់ធ្វើការងារក្នុងម៉ាស៊ីនត្រជាក់
និយាយដល់រឿងបើកអាជីវកម្មលក់ទឹកសណ្ដែកខ្មែរ កញ្ញា ប្រាប់ Sabay ថា៖ "តាមពិតទៅការងារនៅធនាគារក៏មានលក្ខណៈងាយស្រួលម៉្យាងដែរ ប៉ុន្តែធ្វើការផ្នែកនោះជាង ៣ឆ្នាំមក ខ្ញុំបែរជាបែកគំនិតចង់បង្កើតអាជីវកម្ម ដោយខ្លួនឯងវិញ"។
កញ្ញាបានលើកឡើងពីទស្សនៈផ្ទាល់ខ្លួនថា បច្ចុប្បន្នកញ្ញាសម្លឹងឃើញថា ផលិតផល និង ចំណីអាហារ ដែលនាំចូលពីក្រៅស្រុកមួយចំនួន មានជាតិគីមីច្រើន ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋខ្មែរ អ៊ីចឹងហើយ ទើបកញ្ញាសម្រេចចិត្តថាបើកជីវកម្ម ផលិតទឹកសណ្ដែកខ្មែរនេះឡើង។
“នាងខ្ញុំចង់លើកស្ទួយវិស័យកសិកម្ម និងផ្ដល់តម្លៃដល់ផលិតផលរបស់កសិករខ្មែរយើង តាមពិតទៅសណ្ដែក ជាផលិតផលខ្មែរយើងសុទ្ធសាធ មានប្រូតេអ៊ីនខ្ពស់ មិនគួរណាមើលរំលងទេ។ មួយវិញទៀត ខ្ញុំចង់ផ្ដល់ការងារ ដល់ប្រជាពលរដ្ឋ និង និស្សិតខ្មែរ ដែលមានបំណងចង់ស្វែងរកការងារធ្វើ"។ កញ្ញា ថ្លែងបន្ថែមដូច្នេះ។
លក់ទឹកសណ្ដែកគិតសុខភាពប្រជាពលរដ្ឋខ្មែរជាអាទិភាព
គ្រាប់សណ្ដែក ដែលកញ្ញា យកមកកិនលក់ គឺកញ្ញាទិញពីកសិករខ្មែរ នៅខេត្តព្រះវិហារ កំពង់ធំ និង កំពង់ចាម ដោយផ្ទាល់។ បន្ទាប់មក យកមកចម្រាញ់ដោយធម្មជាតិ ញ៉ាំទៅល្អចំពោះសុខភាព មិនមានលាយម្សៅ ឬលាយលក្ខណ៍នោះទេ។ ម្ចាស់អាជីវកម្មរូបនេះបន្ថែមទៀតថា៖ "មុននឹងដាក់លក់ ពួកខ្ញុំបានស្រាវជ្រាវ រករូបមន្ត កែច្នៃ ជាងមួយខែ ទម្រាំគិតថា អាចដាក់លក់បាន"។
អាជីវកម្មលក់ទឹកសណ្ដែកខ្មែររបស់ កញ្ញា ច័ន្ទធីតា បើកដំណើរការបានជាង ៣ ខែ ហើយ ឃើញថា មានការគាំទ្រពីបងប្អូនអតិថិជនច្រើនគួរសម។ ទឹកសណ្ដែកខ្មែររបស់កញ្ញា មានពីរប្រភេទ គឺទឹកសណ្ដែកពណ៌ខៀវ និងពណ៌ស ដាក់លក់មួយកែវ ឬមួយដប តម្លៃ២៥០០រៀល។ ក្រៅពីលក់នៅតាមរទេះ ទឹកសណ្ដែកខ្មែររបស់កញ្ញា ក៏មានលក់នៅតាមអាហារដ្ឋានតាមសាកលវិទ្យាល័យជិត ១០កន្លែង ក្នុងរាជធានីភ្នំពេញដែរ។
អ្នកផ្ទះទទូចឲ្យឈប់លក់ទឹកសណ្ដែក ត្រឡប់ទៅធ្វើការធនាគារវិញ
លើកឡើងពីបញ្ហាប្រឈមក្នុងអាជីវកម្មមួយនេះ កញ្ញារូបស្រស់ មុខកូនកាត់ចិន រូបនេះបន្ថែមថា ពេលបើកធ្វើអាជីវកម្មលក់ទឹកសណ្ដែកខ្មែរនេះឡើង កញ្ញាក៏មានបញ្ហាប្រឈមខ្លះៗដែរ។ ពេលខ្លះកញ្ញា ទៅជួយធ្វើទឹកសណ្ដែក ជិះហាលក្ដៅ ដើរទីផ្សារ និងឈរលក់ ជាមួយបុគ្គលិកទៀតផង តែអ្វីដែលប្រឈមមួយទៀតនោះ គឺបញ្ហាគ្រួសារ។
កញ្ញាប្រាប់ថា៖ “ប៉ាម៉ាក់ខ្ញុំ ពួកគាត់អត់ចង់ឲ្យខ្ញុំហត់នឿយ គាត់គិតថា នេះមិនមែនជាមុខរបរធំដុំ ណាមួយគាត់ចង់ឃើញកូនស្លៀកពាក់ស្អាតបាត ធ្វើការងារធនាគារដូចមុនវិញ ព្រោះបងៗរបស់ខ្ញុំសុទ្ធតែធ្វើការងារក្នុងធនាគារ។ តែខ្ញុំក៏ចង់បង្ហាញពួកគាត់ថា នេះជាបទពិសោធន៍ជីវិតរបស់ខ្ញុំ និងជាអ្វីដែលខ្ញុំអាចធ្វើបានដោយការខិតខំប្រឹងប្រែង ចេញពីសមត្ថភាពរបស់ខ្លួនខ្ញុំផ្ទាល់"។ កញ្ញា ច័ន្ទធីតា ពន្យល់បន្ថែមទៀតថា៖ “ខ្ញុំគិតថា ការលក់ទឹកសណ្ដែក មិនមែនជារឿងអន់អីនោះទេ សំខាន់ខ្ញុំចង់ធ្វើអ្វីដែលខ្ញុំចង់ធ្វើ ហើយមានប្រយោជន៍ដល់ខ្លួនឯង និងសង្គមទាំងមូល។ ខ្ញុំក៏ចង់ឲ្យយុវជនខ្មែរ មានគំនិតចង់ជួយសង្គមឲ្យបានច្រើនដែរ បើចង់ធ្វើអាជីវកម្មអ្វីមួយ យុវជន គួរតែជួយលើកស្ទួយផលិតផលខ្មែរឲ្យបានច្រើន អត់ចង់ឮគេថា ផលិតផលខ្មែរយើងអន់ អត់ល្អទេ តែចង់ឲ្យមានស្តង់ដារមួយដែរ"។
ចែករំលែកគំនិតអាជីវកម្ម
ដើម្បីជាការចែករំលែក កញ្ញា ច័ន្ទធីតា ក៏បានប្រាប់ពីការធ្វើផែនការ និងការអនុវត្តមួយចំនួនដល់យុវជន ដែលមានបំណងចង់ធ្វើអាជីវកម្មណាមួយ។
"មុននឹងធ្វើអាជីវកម្មមួយ យុវជនគួរតែរៀបចំគម្រោងឲ្យបានច្បាស់លាស់ ផលិតផលដែលត្រូវលក់ជាអ្វី លក់ឲ្យអ្នកណា លក់កន្លែងណា និងត្រូវពូកែខាងផ្នែកទីផ្សារ។ មួយវិញទៀត គឺត្រូវអានសៀវភៅល្អៗ ទាក់ទងនឹងការធ្វើជំនួញឲ្យបានច្រើន ដើម្បីជាជំនួយផ្នែកស្មារតីបន្ថែម"។ នេះជាអ្វីដែល កញ្ញា បានលើកឡើង។
បំណងធំចង់ធ្វើអ្នកជំនួញ តែមិនអាចចោលសិល្បៈបាន
“ទៅថ្ងៃមុខ ខ្ញុំចង់ក្លាយជាអ្នកធ្វើជំនួញដ៏ជោគជ័យម្នាក់ ប៉ុន្តែចំពោះសិល្បៈខ្ញុំមិនអាច កាត់ផ្ដាច់បានទេ ព្រោះខ្ញុំចូលចិត្តសិល្បៈតាំងពីតូចមកម៉េ្លះ"។
ក្រៅពីសមត្ថភាព ធ្វើការងារ បើកអាជីវកម្មដោយខ្លួនឯង កញ្ញា ឈួន ច័ន្ទធីតា ក៏មានទេពកោសល្យពិសេសផ្នែកសិល្បៈទៀតផង។ តាំងពីតូចមក កញ្ញាចូលចិត្តរាំ ច្រៀង លេងភ្លេង តែងនិពន្ធចម្រៀង សរសេររឿងប្រលោមលោកផងដែរ។ មកទល់ពេលនេះ កញ្ញាក៏មានបង្កើតទំព័រផ្ទាល់ខ្លួនមួយនៅក្នុង Facebook ឈ្មោះ Jessi Yun - Love Arts Entertainment ដែលមានអ្នកគាំទ្ររហូតដល់ជាង ២ម៉ឺននាក់ ទុកគ្រាន់បង្ហោះវីដេអូចម្រៀងផ្សេងៗ មានទាំងចម្រៀងជាភាសាខ្មែរ ចិន និងអង់គ្លេស។
ថ្វីត្បិតតែ មានដុងខាងផ្នែកសិល្បៈ មានទឹកដម សំឡេងពីរោះ តែកញ្ញាបញ្ជាក់ថា មិនចង់ចូលសិល្បៈពេញមុខពេញមាត់អីទេ។ កន្លងមក មានខាងផលិតកម្មមួយចំនួន ទាក់ទងកញ្ញា ឲ្យទៅច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីតាមខេត្តនានា តែកញ្ញាបដិសេធមិនទៅ។ តែបើសិនជាទៅច្រៀងក្នុងកម្មវិធី លក្ខណៈសប្បុរសធម៌ជួយសង្គម កញ្ញានឹងចូលរួមជួយ។
“សំខាន់ គឺខ្ញុំអាចច្រៀងលេង បង្ហោះលើអ៊ីនធឺណិត ឲ្យបងប្អូនទស្សនា និងស្ដាប់ហើយសប្បាយចិត្តទៅបានហើយ។ ខ្ញុំចង់រស់នៅធម្មតា ទៅណាមកណាមានសេរីភាព គ្រាន់តែខ្ញុំស្រលាញ់វិស័យសិល្បៈ"។ កញ្ញា ឈួន ច័ន្ទធីតា បញ្ជាក់បែបនេះ។
ចុងក្រោយ កញ្ញាក៏សូមសម្ដែងនូវការអរគុណយ៉ាងជ្រាវជ្រៅដល់បងប្អូន តែងតែគាំទ្រ និងទស្សនាវីដេអូចម្រៀងលើ Facebook Page (Jessi Yun - Love Arts Entertainment) ក៏ដូចជាអតិថិជន ដែលជួយទិញផលិតផលទឹកសណ្ដែកខ្មែររបស់កញ្ញាផងដែរ៕
អត្ថបទ៖ យិន សំបូរ