ផល សោភ័ណ្ឌ ​ប្រើ​តែ​២​ទឹក​កីឡាករ​ថៃ​​នេះ​​សន្លប់​ធំ

  • 2015-01-26 15:44:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​កម្ពុជា ផល សោភ័ណ្ឌ ​ប្រើ​ពេល​តែ​២​ទឹក​ប៉ុណ្ណោះ​ដើម្បី​ផ្តួល​កីឡាករ​ថៃ​ Yattakid ​ដែល​បាន​ដាក់​ជំនួស​​ជើង​ខ្លាំង​ថៃ​ Kwanmoung ​​នៅ​សង្វៀន​​បាយ័ន​ស្ទឹងមានជ័យ​​កាល​ពី​យប់​មិញ​សម្រាប់​​ការ​ប្រកួត​មិត្តភាព​ខ្មែរ-ថៃ។

 

ការ​ជួប​គ្នា​នៅ​សង្វៀន​ស្ទឹងមាន​ជ័យ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ដែល​មាន​អ្នក​ទស្សនា​ពេញ​សង្វៀន​ក្នុង​នោះ​អ្នក​ទស្សនា​បរទេស​ក៏​ច្រើន ផល សោភ័ណ្ឌ​ បាន​ប្រើ​សមត្ថភាព​ប្រកួត​​យ៉ាង​ល្អ​តាំង​ពី​ទឹក​ទី​មួយ​ដែល​កីឡាករ​ថៃ​ម្នាក់​នេះ​មិន​អាច​ធ្វើ​អ្វី​បាន​សោះ​ឡើយ។ ចូល​ទឹក​ទី​ពីរ​​អ្នក​លេង​ឆ្លង​ដែន​ថៃ​បាន​​ព្យាយាម​វាយ​សម្រុក និង​ប្រើ​កែង​ប្រយោល​ម្តង​ម្កាល ប៉ុន្តែ​​ឥត​ប្រយោជន៍។

កីឡាករ ផល សោភ័ណ្ឌ

 

ផ្ទុយ​ទៅ​​ ផល សោភ័ណ្ឌ ​បាន​វាយ​ចេញ​តាម​បច្ចេកទេស​ដោយ​កណ្តាប់​ដៃ និង​ទាត់​ជើង​ក្រោម​បាន​យ៉ាង​ល្អ។ ចុង​​​ទឹក​ទី​ពីរ ជើង​ខ្លាំង​កម្ពុជា​ម្នាក់​នេះ​ប្រើ​តែ​មួយ​កែង​ឆ្វេងទៅ​លើ​ចិញ្ចើម​បណ្តាល​ឲ្យ​កីឡាករ​អំនួត​ឆ្លង​ដែន​នេះ​ដួល​ដាច់​ផ្ងារ​សន្លប់​ធំ​តែ​ម្តង។

 

នេះ​ជា​ការ​ផ្តួល​កីឡាករ​ថៃ​ឲ្យ​សន្លប់​ជា​លើក​ទឹក​ទី​ពីរ​សម្រាប់​ ផល សោភ័ណ្ឌ​ ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​មិត្តភាព​អន្តរជាតិ​ខ្មែរ-ថៃ​ដែល​ឧបត្ថម្ភ​ដោយ​ខារ៉ាប៉ាវ​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មានជ័យ។

 

ចំណែក​ឡុង សុភី វិញ​បាន​ចាញ់​ពិន្ទុ​កីឡាករ​ថៃ Lukchampachai បន្ទាប់​ពី​ការ​ប្រកួត​៥​ទឹក​​ពេញ។ សម្រាប់​គូ​នេះ​កីឡាករ​ម្ចាស់​ផ្ទះ​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ​ដោយ​ចាញ់​ប្រៀប​គេ​ទាំង​ជង្គង់ និង​ទាត់។ កីឡាករ​ថៃ​ម្នាក់​នេះ​មក​អង្រួន​សង្វៀន​កម្ពុជា​៣​ដង​ទាំង​លើក​នេះ និង​មិន​ទាន់​ស្គាល់​ពាក្យចាញ់​​ម្តង​សោះ​ក្នុង​នោះ​លើក​ទី​មួយ​ផ្តួល​ ឯម ខ្លឹមខ្មៅ ​ឲ្យ​សន្លប់​ក្នុង​ទឹក​៣ លើក​ទី​២​ស្មើ​ពិន្ទុ ពេជ្រ សីហា និង​លើក​ទី​៣​នេះ​ឈ្នះ ឡុង សុភី៕

វីដេអូ

ឡុង សុភី vs កីឡាករ​ថៃ Lukchampachai http://youtu.be/DviHtMDKTrE ផល សោភ័ណ្ឌ vs កីឡាករ​ថៃ ​Yattikid http://youtu.be/s_lSVMU_Si4 អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម