អ្នកគាំទ្រ AOA ក្ដៅក្រហាយរឿង Seolhyun ត្រូវគេវាយក្បាលពេលមកថតនៅកម្ពុជា
- 2015-01-26 18:25:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្រ AOA ក្ដៅក្រហាយរឿង Seolhyun ត្រូវគេវាយក្បាលពេលមកថតនៅកម្ពុជា
ចន្លោះមិនឃើញ
បន្ទាប់ពីឃើញតារាកំប្លែង Park Myung Soo វាយក្បាលសមាជិកក្រុម AOA Seolhyun ក្នុងឈុតខ្លីៗ នៃកម្មវិធី "Brave Family” វគ្គ២ ដែលថតនៅប្រទេសកម្ពុជា អ្នកគាំទ្រជាច្រើនបានរិះគន់ថានេះគឺជាសកម្មភាពមិនសមរម្យទាល់តែសោះ។
ក្នុងឈុតខ្លីនោះ តារាចម្រៀង Seolhyun បានធ្វើឲ្យធ្លាក់ពងទាមួយដែលសមាជិកគ្រួសារនាងខំរកមកយ៉ាងលំបាក ធ្វើឲ្យ Park Myung Soo ដែលសម្ដែងជាតួពូរបស់នាងវាយក្បាលនាង និងស្ដីបន្ទោស។ ក្រោយមក Seolhyun ក៏យំប្រាប់បងប្រុសរបស់ខ្លួន ដែលសម្ដែងដោយសមាជិកក្រុមCNBLUE ឈ្មោះ Minhyuk។ទស្សនិកជនជាច្រើនបានរិះគន់សកម្មភាពរបស់ តារាកំប្លែង Park Myung Soo ចំពោះ Seolhyun ស្របពេលដែលទស្សនិកជនផ្សេងៗទៀតលើកឡើងថានេះគ្រាន់ជាការទាក់ទាញចំណាប់អារម្មណ៍តែប៉ុណ្ណោះ។
ដោយមានមនុស្សជាច្រើនចាប់អារម្មណ៍លើបញ្ហានេះ ផលិតករកម្មវិធីលោក Song Jun Young បានចេញមុខបកស្រាយថា "នេះជាការយល់ច្រឡំទេ។ នៅពេលថត តួសម្ដែងទាំងអស់សុទ្ធតែជួបការលំបាក ដោយពួកគេមិនទាន់បានញ៉ាំបាយស្រួលបួលឡើយ ក្រោយធ្វើការហត់ពេញមួយថ្ងៃ។ ពេលនោះ Seolhyun បានធ្វើឲ្យជ្រុះពងទា ហើយ Park Myung Soo វាយក្បាលនាងបន្តិចទៅ"។
ផលិតកររូបនេះបានបន្តថា "Park Myung Soo ធ្វើបែបនេះជាមួយ Seolhyun ដោយសារតែភាពស្និទ្ធស្នាលប៉ុណ្ណោះ ហើយម្យ៉ាងពួកគេសម្ដែងជាសមាជិកគ្រួសារតែមួយ។ ខ្ញុំសង្ឃឹមថាទស្សនិកជនទាំងអស់ឈប់មានការយល់ច្រឡំតទៅទៀត"។
កម្មវិធី "Brave Family” ដែលក្រុមការងារទូរទស្សន៍ KBS បានមកថតផ្ទាល់នៅប្រទេសកម្ពុជា កាលពីដើមខែមករា បានចាក់ផ្សាយវគ្គដំបូង កាលពីយប់ថ្ងៃសុក្រ ទី២៣ ខែមករា។ កម្មវិធីនេះបង្ហាញពីការរស់នៅរបស់គ្រួសារតារាកូរ៉េ ក្នុងនាមជាជនបរទេសនៅប្រទេសផ្សេងៗ និងការសម្របខ្លួនរបស់ពួកគេទៅតាមរបៀបរស់នៅនៃប្រជាជនក្នុងតំបន់ទាំងនោះ។ វគ្គទីពីរ ដែលមានឈុត Seolhyun ត្រូវលោកពូវាយក្បាល នឹងចាក់ផ្សាយនៅយប់ថ្ងៃទី៣០ ខែមករា។
ទស្សនាឈុតខ្លីៗ នៃកម្មវិធី "Brave Family” វគ្គទី២៖
ចុចមើល៖វីដេអូពីកម្មវិធីថ្មី ដែលសមាជិកក្រុម CNBLUE និង AOA មកថតនៅកម្ពុជា
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ soompi