ប្រើ​ហេតុផល ៧​យ៉ាង​នេះ​ដើម្បី​រៀប​ការ អាច​មាន​វិប្បដិសារី​ទៅ​អនាគត

  • 2015-01-26 22:45:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាពាហ៍ពិពាហ៍​ដ៏​មាន​ន័យ​បំផុត មាន​តែ​ម្ដង​គត់​ក្នុង​ជីវិត ដូច​នេះ​ហើយ​ទើប​មនុស្ស​ម្នាក់​ៗ​ព្យាយាម​គិត​គូរ​យ៉ាង​ល្អិត​ល្អន់​មុន​សម្រេច​ចិត្ត​ទទួល​យក។ ការ​ស្រលាញ់​គ្នា​រវាង​មនុស្ស​ពីរ​នាក់ បង្កើត​ចេញ​ជា​ចំណង​ស្នេហា​មិន​អាច​កាត់​ផ្ដាច់​បាន រហូត​ឈាន​ជើង​ចូល​រោងការ​កសាង​អនាគត​រួម​គ្នា។ នេះ​គឺ​ជា​មូលហេតុ​សាមញ្ញ​បំផុត បង្កើត​ជា​អាពាហ៍ពិពាហ៍​ប្រកប​ដោយ​ភាព​ផ្អែមល្ហែម​មិន​ចេះ​រីង​​ស្ងួត​ទៅ​ថ្ងៃ​មុខ ព្រោះ​ម្នាក់​ៗ​សុទ្ធតែ​មាន​ចិត្ត​លើ​គ្នា។ យ៉ាង​ណា​មិញ មនុស្ស​មួយ​ចំនួន​ទៀត មិន​ទាន់​បាន​ស្គាល់​ស្នេហា​ច្បាស់​ផង ក៏​ចាប់​ផ្ដើម​ប្រលូក​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ដោយ​ហេតុផល​ផ្សេងៗ ហើយ​ក្រោយ​មក​ក៏​កើត​ចិត្ត​ស្ដាយ​ក្រោយ។

 

 

ខាង​ក្រោម​នេះ គឺ​ជា​ហេតុផល ៧យ៉ាង ធ្វើ​ឲ្យ​អ្នក​សម្រេច​ចិត្ត​រៀបការ ប៉ុន្តែ​អាច​មាន​វិប្បដិសារី​ទៅ​អនាគត៖

 

១. រៀបការ​ព្រោះ​អាយុ​ច្រើន

 

ព្រោះ​ភ័យ​ព្រួយ​ថា​ខ្លួន​អាយុ​ច្រើន អ្នក​ក៏​ចាប់​ផ្ដើម​គិត​ពី​រឿង​អាពាហ៍ពិពាហ៍ ទាំង​មិន​ដឹង​ថា​គូ​អនាគត​នៅ​ទី​ណា ទាំង​មិន​ដឹង​ថា​ក្ដី​ស្រលាញ់​ជា​អ្វី​ឲ្យ​ប្រាកដ។ ទស្សនៈ​បែប​នេះ​អាច​នាំ​ឲ្យ​អ្នក​ចូល​រោង​ការ​ទាំង​ស្រពេចស្រពិល​ក្នុង​ចិត្ត ហើយ​មិន​បាន​គិត​វែង​ឆ្ងាយ​ក្នុង​ការ​រៀប​ចំ​គោល​ដៅ​ជីវិត។ អាពាហ៍ពិពាហ៍​បែប​នេះ ប្រៀប​ដូច​ជា​ការ​បង្ខំ​ចិត្ត​ដើរ​លើ​ផ្លូវ​ដែល​ខ្លួន​មិន​ស្គាល់​បែប​នោះ​ដែរ។ ពេល​ខ្លះ​បើ​គ្មាន​ឧបសគ្គ អ្នក​នៅ​តែ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ទាំង​មិន​ស្គាល់ ប៉ុន្តែ​បើ​ជួប​បញ្ហា​វិញ ច្បាស់​ជា​បន្ទោស​លើ​ព្រហ្មលិខិត​ជាក់​ជា​មិន​ខាន។ ​

 

២. រៀបការ​បំពេញ​បំណង​ឪពុក​ម្ដាយ

 

ឪពុក​ម្ដាយ​ឯណា​ដែល​មិន​ស្រលាញ់​កូន មិន​បារម្ភ​ពី​កូន មិន​ចង់​ឃើញ​កូន​ខ្លួន​ឯង​​មាន​ក្ដី​សុខ​រស់​នៅ​លើ​គំនរ​ទ្រព្យ​សម្បត្តិ​នោះ។ យ៉ាង​ណា​មិញ ពេល​ខ្លះ​ក្ដី​ស្រលាញ់​ដ៏​ជ្រាលជ្រៅ បាន​ធ្វើ​ឲ្យ​អ្នក​មាន​គុណ​ទាំង​ពីរ​បង្ខំ​កូន​រៀប​ការ​ជាមួយ​មនុស្ស​ម្នាក់​នៅ​ក្នុង​ក្រសែ​ភ្នែក​ខ្លួន ទាំង​មិន​គិត​ថា​កូន​ស្រលាញ់​ពេញ​ចិត្ត​ឬ​អត់។ ក្នុង​នាម​​ជា​កូន​ស្ដាប់​បង្គាប់ អ្នក​អាច​ទទួល​យក​អាពាហ៍ពិពាហ៍​នោះ ទាំង​មិន​គិត​ពី​ខ្លួន​ឯង។ ប្រសិន​អនាគត​ចុះ​សម្រុង​គ្នា ប្រហែល​ជា​គ្មាន​បញ្ហា​ទេ ប៉ុន្តែ​បើ​មាន​ការ​រកាំរកូស​តែ​បន្តិច អ្នក​ប្រាកដ​ជា​គិត​ភ្លាម​ថា​មក​ពី​ឪពុក​ម្ដាយ​បង្ខំ។ ចំណង​អាពាហ៍ពិពាហ៍ ដែល​មិន​កើត​ចេញ​ពី​ឆន្ទៈ​ខ្លួន​ឯង​បែប​នេះ ច្រើន​តែ​ខ្វះ​ការ​តស៊ូ​ជាមួយ​គ្នា និង​ឆាប់​បែក​គ្នា​លឿន​ពេល​ឈ្លោះ​គ្នា នាំ​ឲ្យ​មាន​វិប្បដិសារី​រៀង​ៗ​ខ្លួន។

 

៣. រៀបការ​ដើម្បី​រំដោះ​ខ្លួន​ពី​ភាព​ឯកា

 

មនុស្ស​មួយ​ចំនួន តែង​គិត​ថា​ខ្លួន​ឯង​ឯកា ក៏​ចាប់​ផ្ដើម​ចង់​រក​មនុស្ស​ម្នាក់​មក​កំដរ​ជីវិត និង​គិត​ចង់​រៀបការ​មាន​គូ​អនាគត​ដូច​គេ។ គំនិត​បែប​នេះ​គឺ​អាត្មានិយម​ពេក​ហើយ ព្រោះ​ស្នេហា​មិន​មែន​ជា​ការ​ផ្ដល់​អ្វី​មួយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ។ អ្នក​គិត​ពី​ខ្លួន​ឯង ចង់​ឲ្យ​គេ​កំដរ ចង់​ឲ្យ​គេ​មាន​ពេល​វេលា​សម្រាប់​ខ្លួន ហើយ​គេ​វិញ​ក៏​ចង់​ឲ្យ​អ្នក​ធ្វើ​បែប​នេះ​ដូច​គ្នា។ យូរ​ៗ​ទៅ បរិយាកាស​បែប​នេះ បែរ​ជា​នាំ​ឲ្យ​មាន​ការ​ធុញ​ទ្រាន់​គ្នា​ទៅ​វិញ​ទៅ​មក ឯ​ចំណង​ស្នេហា​ក៏​គ្មាន​ពិត​ប្រាកដ។ ពេល​នោះ អ្នក​នឹង​ស្ដាយ​ក្រោយ គិត​ថា​បើ​ដឹង​បែប​នេះ ប្រហែល​ជា​មិន​ទាន់​រៀបការ​ទេ សុខ​ចិត្ត​នៅ​ទំនេរ​គ្មាន​អ្នក​រំខាន។ ​

 

៤. រៀបការ​ដើម្បី​បំពេញ​ចំណង់​ផ្លូវ​ភេទ

 

ពិត​ណាស់​ថា​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​អាច​ឆ្លង​កាត់​ទំនាក់​ទំនង​ផ្លូវ​ភេទ និង​ត្រូវ​ការ​វា​ដើម្បី​បំពេញ​រសជាតិ​ជីវិត ប៉ុន្តែ​រៀប​ការ​ដើម្បី​បំពេញ​ចន្លោះ​ខ្វះ​ខាត​ក្នុង​រឿង​នេះ ហាក់​ដូច​ជា​មិន​មែន​ជម្រើស​ត្រឹម​ត្រូវ​ឡើយ។ ការ​ស្រលាញ់​គ្មាន​ដែន​កំណត់ ឯ​ចំណង់​ផ្លូវ​ភេទ​មិន​ស្ថិតស្ថេរ​យូរ​អង្វែង​ទេ។ ប្រាថ្នា​ចង់​បាន ពេល​បាន​ហើយ​ក៏​អស់​ចិត្ត។ ចុះ​បើ​ពេល​រៀបការ​រួច អ្នក​ត្រូវ​ការ​តែ​ពេល​សប្បាយ​មួយ​ភ្លែត ដល់​ពេល​អស់​ចំណង់​ក៏​លែង​ចង់​ឃើញ​មុខ តើ​ភាគី​ម្ខាង​ទៀត​មាន​អារម្មណ៍​យ៉ាងណា? ចំណែក​អ្នក​វិញ មិន​ស្រលាញ់​គេ យូរៗ​រឹត​តែ​ធុញ អនាគត​នឹង​ទៅ​ជា​បែប​ណា? មាន​តែ​ការ​ស្ដាយ​ក្រោយ​ប៉ុណ្ណោះ។ ​​

 

  ៥. រៀបការ​ព្រោះ​មិត្តភ័ក្ដិ​មាន​ប្ដី​ប្រពន្ធ​អស់

 

មនុស្ស​មួយ​ចំនួន ​អាច​មិន​ទាន់​មាន​គម្រោង​អនាគត​ច្បាស់លាស់​ទេ ហើយ​ក៏​ពុំ​ទាន់​មាន​បំណង​ថា​ចង់​ទទួល​យក​ចំណង​អាពាហ៍ពិពាហ៍​ដែរ ប៉ុន្តែ​ពេល​ឃើញ​មិត្តភ័ក្ដិ​ស្រករ​ខ្លួន​មាន​ប្ដី​ប្រពន្ធ​អស់ ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​ខ្មាស​គេ។ ពេល​នោះ អ្នក​ចាប់​ផ្ដើម​គិត​ចង់​បាន​គូ​អនាគត​ដូច​គេ ទាំង​ខ្លួន​ឯង​រីករាយ​ជាមួយ​សេរីភាព​ខ្លួន​មួយ​មិន​ទាន់​អស់​ចិត្ត​ផង។ ពេល​មាន​ដៃ​គូ​ដែល​តឹងតែង​ខ្លាំង​ពេក អ្នក​ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​ស្ដាយ​ក្រោយ នឹក​ស្រណោះ​ដល់​ពេល​នៅ​ម្នាក់​ឯង​វិញ។ អារម្មណ៍​បែប​នេះ អាច​នឹង​ពិបាក​ទ្រាំ រហូត​ដល់​ពេល​ខ្លះ​បែក​គ្នា​ទាំង​គ្មាន​បញ្ហា​ក៏​ថា​បាន។ ​​​​   ៦. រៀបការ​ព្រោះ​ខាង​ស្រី​មាន​ផ្ទៃ​ពោះ  

ស្នេហ៍​ស្មោះ​ពិត មិន​ប្រាថ្នា​អ្វី​ទាំង​អស់ ក្រៅ​ពី​ចង់​ឃើញ​គេ​មាន​ក្ដី​សុខ និង​ស្នាម​ញញឹម ក៏​អស់​ចិត្ត​ហើយ។ ចំណែក​ឯ​ការ​ចង់​បាន និង​​លះ​បង់​ខ្លួន​ប្រាណ គឺ​ជា​ចំណង់ មិន​មែន​ស្នេហា​ពិត​ឡើយ។ យ៉ាងណាមិញ មាន​មនុស្ស​មួយ​ចំនួន​បាន​ជ្រុល​ជ្រួស​រហូត​មាន​ផ្ទៃ​ពោះ​ទាំង​មិន​ចង់​បាន។ ដើម្បី​កុំ​ឲ្យ​មាន​ភាព​អាម៉ាស់ ក៏​ទទួល​យក​អាពាហ៍ពិពាហ៍​ទាំង​បង្ខំ។ ស្នេហា​បែប​នេះ គ្មាន​សុភមង្គល​ឡើយ មាន​តែ​ការ​ធុញ​ទ្រាន់ និង​ពាក្យ​និន្ទា​ពី​អ្នក​ដទៃ។ ច្បាស់​ទេ ថា​អ្នក​ស្រលាញ់​ស្មោះ ឬ​ក៏​ព្រោះ​ដើម្បី​កូន​ក្នុង​ផ្ទៃ និង​ខ្លាច​ខ្មាស​គេ? ត្រូវ​គិត​ឲ្យ​បាន​ល្អិត​ល្អន់ មុន​សម្រេច​ចិត្ត​ទទួល​យក​អាពាហ៍ពិពាហ៍​មួយ។ បើ​មិន​រៀប​ការ​អាច​ពិបាក​ខ្មាស​គេ ប៉ុន្តែ​បើ​រៀប​ការ​ហើយ​បែរ​ជា​មិន​ស្រលាញ់​គ្នា វា​មិន​ខុស​អី​ពី​រស់នៅ​ក្នុង​គុក​ឡើយ។ នេះ​មិន​មែន​មាន​ន័យ​ថា មិន​ទទួល​ខុស​ត្រូវ​ទេ ប៉ុន្តែ​ត្រូវ​មាន​ជម្រើស​ដ៏​ល្អ​មួយ ដើម្បី​កុំ​ឲ្យ​មាន​វិប្បដិសារី​ទៅ​អនាគត។

 

៧. រៀបការ​ដើម្បី​បង្កើន​ទ្រព្យ  

ដោយសារ​គេ​ជា​អ្នក​មាន​ទ្រព្យ ក៏​បង្ខំ​ចិត្ត​ព្រម​រៀប​ការ​ទាំង​ដឹង​ថា​ខ្លួន​មិន​ទាន់​ស្រលាញ់​គេ មិន​ទាន់​ត្រៀម​ចិត្ត​ទទួល​យក​គេ និង​ពេល​ខ្លះ​មិន​ទាន់​ទាំង​ដឹង​ថា​គេ​នោះ​ជា​មនុស្ស​បែប​ណា​ផង។ ចំណង​អាពាហ៍ពិពាហ៍​កើត​ចេញ​ពី​ទឹក​ប្រាក់ ភាគ​ច្រើន​មិន​មែន​ជា​ស្នេហា​ពិត​ឡើយ។ អ្នក​មាន​ទ្រព្យ​ច្រើន​មើល​ឃើញ​សម្រស់ ឯ​អ្នក​មាន​ទ្រព្យ​តិច​មើល​ឃើញ​លាភសក្ការៈ។ ពេល​ភាគី​ណា​ម្ខាង​បាត់​បង់​របស់​ដែល​ខ្លួន​មាន​នេះ ភាគី​ម្ខាង​ទៀត​ក៏​ចាប់​ផ្ដើម​ប្រែ​ចិត្ត ព្រោះ​អ្វី​ដែល​ខ្លួន​មើល​ឃើញ​តាំង​ពី​ដំបូង​បាន​របូត​បាត់​ទៅ​ហើយ។ ទោះ​បែប​នេះ​ក្ដី ស្នេហា​មិន​ប្រកាន់​វណ្ណៈ​ឡើយ ហើយ​ពេល​ខ្លះ​គេ​អាច​មាន​ស្នេហា​ពិត​មិន​គិត​ទៅ​លើ​ទ្រព្យ​សម្បត្តិ។  

ត្រូវ​ទទួល​យក​ចំណង​អាពាហ៍ពិពាហ៍​ពេល​ជួប​មនុស្ស​ដែល​​ស្រលាញ់​ពិត បង្កើត​ស្នេហា​ចេញ​ពី​ចិត្ត អាច​ដើរ​ផ្លូវ​រួម​គ្នា​ទៅ​អនាគត។ មុន​សម្រេច​ចិត្ត​រៀបការ ត្រូវ​គិត​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ចំណុច​ល្អ​របស់​ខ្លួន​ឯង ចំណុច​អាក្រក់​របស់​ខ្លួន​ឯង អ្វី​ដែល​ខ្លួន​មាន​គេ​អាច​ទទួល​បាន​ ឬ​ទេ។ ចំណែក​ចំណុច​អាក្រក់​របស់​គេ​វិញ អ្នក​អាច​ទទួល​បាន​ឬ​អត់។ ថ្ងៃ​ក្រោយ ពេល​ឈ្លោះ​គ្នា អ្នក​អាច​អត់​ទ្រាំ​បាន​កម្រិត​ណា។ សេដ្ឋកិច្ច​អ្នក​ទាំង​ពីរ អាច​ល្មម​គ្រប់គ្រាន់​សម្រាប់​បង្កើត​គ្រួសារ​មួយ​ហើយ​ឬ​នៅ។ ត្រូវ​បង្កើត​ការ​ស្រលាញ់​ចេញ​ពី​ចិត្ត អាណិត មេត្តា អធ្យាស្រ័យ យោគយល់ នោះ​ចំណង​អាពាហ៍ពិពាហ៍​អ្នក នឹង​ប្រកប​ទៅ​ដោយ​ភាព​ផ្អែម​ល្ហែម គ្មាន​អ្វី​អាច​មក​បំបែក​បាន​ឡើយ។  

យ៉ាង​ណា​ក៏​ដោយ ស្នេហា​ពេល​ខ្លះ​មិន​អាច​កំណត់​បាន គ្មាន​ព្រំ​ដែន និង​មើល​មិន​ឃើញ។ មនុស្ស​មួយ​ចំនួន ប្រើ​ហេតុផល​ណា​មួយ​ក្នុង​ចំណោម​ហេតុផល​ទាំង៧ ខាង​លើ ដើម្បី​រៀបការ បន្ទាប់​មក​ការ​ស្រលាញ់​ក៏​កើត​មាន​ឡើង​តាម​ក្រោយ និង​មាន​ក្ដី​សុខ​រហូត​រៀង​ទៅ។ អ្វី​ដែល​បង្ហាញ​ខាង​លើ គ្រាន់​តែ​ទុក​ជា​ការ​គិត​គូរ​ឲ្យ​បាន​ល្អិត​ល្អន់​មុន​ពេល​រៀប​ការ​តែ​ប៉ុណ្ណោះ៕

ដោយ៖ គង់ វិសាល ប្រភព៖ Yourtango
អត្ថបទថ្មី