ជា​អ្នក​សុំ​ទាន តែ​មាន​លុយ​ជិត ១​ពាន់​ដុល្លារ​ជាប់​ខ្លួន

  • 2015-01-28 16:03:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​មាន​សមត្ថកិច្ច​នៅ​ប្រទេស​ថៃ បាន​ឃាត់​ខ្លួន​អ្នក​សុំ​ទាន​ជនជាតិ​ចិន​ម្នាក់​នៅ​ភាគ​កណ្ដាល​ខេត្ត Chai Nat កាល​ពី​ថ្ងៃ​អង្គារ។ បន្ទាប់​ពី​ធ្វើការ​ឆែកឆេរ គេ​បាន​រក​ឃើញ​ថា​នៅ​ក្នុង​ខ្លួន​អ្នក​សុំ​ទាន​នោះ​មាន​ប្រាក់​ជាង ២​ម៉ឺន​បាត គិត​ជា​ប្រាក់​ដុល្លារ​ប្រមាណ​ជិត ១​ពាន់​ដុល្លារ។

 

 

ការ​ឃាត់​ខ្លួន​នេះ ក្រោយ​មាន​ប្រតិបត្តិការ​ចុះ​បង្ក្រាប​សកម្មភាព​សុំ​ទាន​តាម​ទី​សាធារណៈ នៅ​ផ្សារ​មួយ​តាម​បណ្ដោយ​ផ្លូវ hong Tham កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ។ ប៉ូលិស​បាន​ប្រទះ​ឃើញ​អ្នក​សុំ​ទាន​​វ័យ ៣៩​ឆ្នាំ​ម្នាក់​ឈ្មោះ Xu Baosong មាន​ពិការ​ម្រាម​ដៃ​មួយ​ចំនួន រួច​ធ្វើការ​ឃាត់​ខ្លួន​ដើម្បី​សួរនាំ។ អ្នក​សុំ​ទាន​ដែល​ត្រូវ​ឃាត់​ខ្លួន​នេះ មក​ពី​ខេត្ត​ហឺណាន ប្រទេស​ចិន។ ប៉ូលិស​ព្យាយាម​ពន្យល់​ថា​ការ​សុំ​ទាន​គឺ​ជា​អំពើ​ខុស​ច្បាប់​នៅ​ថៃ ប៉ុន្តែ​អ្នក​សុំ​ទាន​ពុំ​ចេះ​ភាសា​ថៃ ឬ​អង់គ្លេស​នោះ​ទេ។ ​

 

មុន​ដំបូង គេ​បាន​ឆែក​ឃើញ​កាក់​ដែល​មាន​តម្លៃ ៤៨០បាត (១៨​ដុល្លារ)​ ប៉ុន្តែ​ក្រោយ​មក​ក៏​រក​ឃើញ​លុយ​សុទ្ធ​ចំនួន ២១៥៤០​បាត ​(៨២៧​ដុល្លារ)ទៀត នៅ​ក្នុង​កាបូប​ស្ពាយ​របស់​ជនជាតិ​ចិន​នោះ។ មន្ត្រី​ម្នាក់​បាន​លាន់​មាត់​ថា “អ្នក​សុំ​ទាន​នេះ​មាន​លុយ​កាន់​ច្រើន​ជាង​ប្រាក់​ខែ​ខ្ញុំ​ទៀត”។

 

បន្ទាប់​ពី​សាកសួរ គេ​បាន​រក​ឃើញ​ថា លោក Xu ស្នាក់​នៅ​សណ្ឋាគារ​មួយ​កណ្ដាល​ខេត្ត Chai Nat នៅ​ជិត​កន្លែង​អង្គុយ​សុំ​ទាន។ ប៉ូលិស​បាន​រក​ឃើញ​កាក់​លុយ​ជា​ច្រើន​ទៀត​នៅ​ក្នុង​បន្ទប់​ដែល​អ្នក​សុំ​ទាន​ស្នាក់​នៅ។ បន្ទាប់​ពី​សាកសួរ​រួច ប៉ូលិស​បាន​បញ្ជូន​ខ្លួន​ជនជាតិ​ចិន​នេះ ទៅ​ការិយាល័យ​អន្តោប្រវេសន៍៕ ​

 

ចុចអាន៖ បុរស​អត់​ការងារ​ធ្វើរើស​បាន​ជាង ២​ម៉ឺន​ដុល្លារ ៣​ថ្ងៃ​ក្រោយ​ប្រគល់​ឲ្យប៉ូលិស

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ bangkokpost

អត្ថបទពេញនិយម