មួយខែទៀត សារ៉ាយ សក្ខណា ឃើញមុខកូនស្រីដូចការប៉ងប្រាថ្នា
- 2015-01-30 17:15:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយខែទៀត សារ៉ាយ សក្ខណា ឃើញមុខកូនស្រីដូចការប៉ងប្រាថ្នា
ចន្លោះមិនឃើញ
ក្ដីប្រាថ្នាចង់បានបុត្រជាស្រីរបស់ សារ៉ាយ សក្ខណា និង ស្វាមីបានសម្រេច ដោយរយៈពេលមួយខែទៀតកូនស្រីក្នុងផ្ទៃនាងនឹងចាប់កំណើតនៅលើទឹកដីអាមេរិក។ នេះបើតាមការលើកឡើង ពីអ្នកនាង សារ៉ាយ សក្ខណា។
សក្ខណា ប្រាប់ Sabay តាមរយៈសារអេឡិចត្រូនិកពីអាមេរិកប្រមាណ ១៥ នាទីមុននេះថា កូនក្នុងផ្ទៃរបស់នាងត្រៀមនឹងចាប់កំណើតមួយខែខាងមុខទៀត គឺជាកូនស្រី ដែលនាង និង ស្វាមីប្រាថ្នាចង់បានបំផុត។ បំណងបានសម្រេចនេះ បានធ្វើឱ្យនាង និងក្រុមគ្រួសារទាំងសងខាងសប្បាយរីករាយជាខ្លាំង។ សុខភាពម្ដាយ និង ទារកក្នុងផ្ទៃល្អប្រសើរមិនមានអ្វីជាបញ្ហាឡើយ។
រូបថតមានផ្ទៃពោះជិតគ្រប់ខែសារ៉ាយ សក្ខណាបង្ហោះលើបណ្ដាញសង្គម Facebook
យ៉ាងណាក៏ដោយតារាសម្ដែង និង ជាតារាម៉ូដែលល្បីឈ្មោះខាងលើមិនទាន់ប្រាប់ឱ្យដឹងនៅឡើយទេ ពីគម្រោងដាក់ឈ្មោះកូនស្រីតាមនាមត្រកូលរបស់ខ្លួន ឬក៏ស្វាមី។ មួយវិញទៀតគម្រោងមកលេងស្រុកខ្មែរនៅពេលណាម្ដងទៀតក៏តារារូបនេះមិនទាន់បង្ហើបឱ្យដឹងដែរ ដោយនាងយកពេលដើម្បីរក្សាសុខភាពកូន និង ម្ដាយ។
ក្រោយពីរៀបអាពាហ៍ពិពាហ៍រួចកាលពីចុងឆ្នាំ ២០១៣ កន្លងទៅ សារ៉ាយ សក្ខណា និង ស្វាមីលោក កែវ មន្ត្រី ជាមេធាវីអាណិកជនមកពីសហរដ្ឋអាមេរិក ធ្លាប់ប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា ពួកគេស្រលាញ់កូនស្រី ជាពិសេសកូនលើកដំបូងតែម្ដង។ ប៉ុន្តែនេះគឺជាការគ្រោងទុកប៉ុណ្ណោះ បើបានកូនប្រុសក៏ពួកគេគិតថា មិនមានអ្វីជាបញ្ហាឡើយ។
មួយវិញទៀតកាលពីចុងឆ្នាំ ២០១៤ កន្លងទៅ ខណៈនាងមកលេងក្រុមគ្រួសារ រួមនឹងការថតរឿងមួយចំនួន ដោយពេលនោះកូនក្នុងផ្ទៃមានវ័យ ៣-៤ខែហើយក្ដី ក៏សក្ខណា មិនទាន់ដឹងថា បុត្រក្នុងផ្ទៃរបស់ខ្លួនជាស្រី ឬប្រុសនៅឡើយទេ។ ទើបតែពេលនេះប៉ុណ្ណោះនាងប្រាប់ថា បុត្រក្នុងផ្ទៃគឺជាកូនស្រីជិតគ្រប់ខែ គឺ រយៈពេល ១ ខែទៀតកូនស្រីនៅក្នុងផ្ទៃនេះ នឹងឃើញពន្លឺថ្ងៃហើយ។
សារ៉ាយ សក្ខណា ជាតារាសម្ដែងស្រីលេចធ្លោម្នាក់ក្នុងចំណោមតារាស្រីនានាពេលនាងមិនទាន់រៀបការនឹងមេធាវីមកពីអាមេរិក។ ក្រៅតែពីមានឈ្មោះល្បីខាងសម្ដែង និង ដើរម៉ូដតារារូបនេះក៏ធ្លាប់ឈ្នះពានពីកម្មវិធីអាណាចក្រតារាផងដែរ ផ្នែកតារាសម្ដែងលេចធ្លោកាលពីឆ្នាំ ២០១២ កន្លងទៅ៕
អានអត្ថបទបន្ត៖ តារាសម្ដែងជើងចាស់ នារី រ័ត្នគន្ធា ចង់រត់ចោលអាមេរិក
អានអត្ថបទបន្ត៖ មើលនែ…EV Band អ្នកនៅចាំខ្លះ មិនចាំមើលទាំងអស់គ្នា!
អានអត្ថបទបន្ត៖ ដាច់ផ្ងារ! វីដេអូ Obama រ៉េបបទថ្មី Bruno Mars ពេលថ្លែងសុន្ទរកថា
អត្ថបទ៖ អ៊ីង សុឡា