ក្រោយ​បាន១០០​ដុល្លារ ជនអនាថា​ធ្វើ​អំពើសប្បុរស​មិន​គួរ​ឲ្យ​ជឿ

  • 2015-01-31 17:28:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​អនាថា​ឈ្មោះ Thomas បាន​បោះបង់​ការងារ ដើម្បី​មើល​ថែ​ម្ដាយ​ឪពុក​មាន​ជំងឺ​ជាប់​ខ្លួន ប៉ុន្តែ​ជា​អកុសល​នៅ​តែ​ពុំ​អាច​ជួយ​ពួក​គេ​ឲ្យ​នៅ​រស់រាន​មាន​ជីវិត​បន្ត​ទៀត​បាន។ អ្នក​មាន​គុណ​ទាំង​ពីរ​បាន​បាត់​បង់​ជីវិត​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ ដោយសារ​រោគ​មហារីក និង​ខូច​ក្រលៀន។

 

ក្រោយ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​ខ្លួន​ស្លាប់​ចោល លោក​ថែម​ទាំង​បាត់បង់​ខុនដូ​ដែល​ធ្លាប់​នៅ​ទៀត រហូត​ធ្លាក់​ខ្លួន​គ្មាន​ការងារ​ធ្វើ និង​ត្រាច់ចរ​អនាថា​​ស្នាក់​នៅ​តាម​ដង​ផ្លូវ។ បើ​ទោះ​ជា​គ្មាន​អ្វី​ជាប់​ខ្លួន​ក្ដី ក៏​បុរស​កំព្រា​ម្នាក់​នេះ​នៅ​តែ​ជួយ​អ្នក​ដទៃ​ជានិច្ច។

 

 

កន្លង​ទៅ​ថ្មី​ៗ​នេះ ម្ចាស់​គណនី​យូធូប​ដ៏​ធំ​មួយ​ឈ្មោះ Josh Paler Lin បាន​សាក​ចិត្ត​បុរស​អនាថា​នេះ ដោយ​ផ្ដល់​លុយ​ឲ្យ ១០០​ដុល្លារ រួច​ចាំ​លួច​ថត​សកម្មភាព ដើម្បី​ឲ្យ​ដឹង​ថា​គេ​យក​លុយ​នោះ​ទៅ​ធ្វើ​អ្វី​ខ្លះ។ ក្រោយ​ទទួល​បាន​លុយ​រួច Thomas បាន​ដើរ​ចូល​ទៅ​ក្នុង​ហាង​ទំនិញ​មួយ ដោយ​ទិញ​របស់​ខ្លះ​ដាក់​ជាប់​ខ្លួន​មក​វិញ។ បន្ទាប់​មក​គេ​បាន​យក​ចំណី​អាហារ​មួយ​ចំនួន​ទៅ​ចែក​ឲ្យ​ជន​អនាថា​ផ្សេង​ទៀត គួរ​ឲ្យ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។

 

​ទន្ទឹម​នឹង​គ្នា​នោះ ម្ចាស់​លុយ​បាន​បង្ហាញ​ខ្លួន​នៅ​មុខ Thomas និង​សួរ​គេ​ថា មាន​ស្គាល់​មនុស្ស​ទាំង​អស់​ដែល​ផ្ដល់​អាហារ​ឲ្យ ឬ​អត់? Thomas បាន​ឆ្លើយ​ថា មិន​ស្គាល់​ទេ ហើយ​​រូប​គេ​គ្រាន់​តែ​ចង់​ជួយ​មនុស្ស​ដែល​គ្មាន​អាហារ​ទទួល​ទាន​ដូច​គ្នា​ប៉ុណ្ណោះ។ សកម្មភាព​សប្បុរស​ធម៌​នេះ បាន​ធ្វើ​ឲ្យ​ម្ចាស់​គណនី​យូធូប​រំភើប​ចិត្ត​យ៉ាង​ខ្លាំង រហូត​ផ្ដល់​លុយ​ថែម​មួយ​ចំនួន​ទៀត ព្រម​ទាំង​បង្កើត​មូលនិធិ​រៃអង្គាស​ជួយ​រក​កន្លែង​ស្នាក់​នៅ​ដល់​បុរស​អនាថា​ចិត្ត​ធម៌​ផង​ដែរ។

 

http://youtu.be/AUBTAdI7zuY

 

​​វីដេអូ​សកម្មភាព​បុរស​អនាថា​នេះ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ជា​ច្រើន ដោយ​គ្រាន់​តែ​ជាង ១​ខែ​ប៉ុណ្ណោះ មាន​អ្នក​ចូល​ទស្សនា​ជិត ៤៤​លាន​ដង៕

 

ចុចអាន៖ អូន​​តូច​សុខចិត្ត​អត់​ញ៉ាំ​ ដើម្បី​ទិញ​ឆ្នោត ​យក​ប្រាក់​ព្យាបាល​ឪពុក

 

ដោយ៖ គង់ វិសាល

អត្ថបទពេញនិយម