​វីរបុរស​បាល់ទាត់​​អាស៊ី​ទាំង​១០ មាន​អាស៊ី​អាគ្នេ​យ៍​​​ម្នាក់​ដែរ​តើ!

  • 2014-10-04 15:32:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ​និង​ Cristiano Ronaldo ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​ល្អ​បំផុត​នៅ​លើ​លោក​នេះ។ ចុះ​បើ​​គិត​តែ​នៅ​អាស៊ី​​វិញ​ តើ​នរណា​ខ្លះ​​​​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ (Best Player all the time)? Sabay ​សូម​នាំ​អារម្មណ៍​​ប្រិយមិត្ត​​​ឱ្យ​ស្គាល់​កីឡាករ​១០​នាក់​​នោះ​ដូច​ខាង​ក្រោម៖

 

១. ខ្សែ​ប្រយុទ្ធ​ Ali Daei (អ៊ីរ៉ង់​)

 

 

 

កីឡាករ​ Ali Daei ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​ល្អ​បំផុត​នៅ​ទ្វីប​អាស៊ី​កាល​ពី​ឆ្នាំ​២០០៩។ លើស​ពី​នេះ​ទៅ​ទៀត ​ការ​រក​បាន​១០៩​គ្រាប់​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់​​ក៏​បាន​ធ្វើ​ឱ្យ​គេ​ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​ឱ្យ​ជម្រើស​ជាតិ​បាន​ច្រើន​ជាង​គេ​ដែរ​នៅ​លើ​លោក​នេះ។ បុរស​វ័យ​៤៥​ឆ្នាំ​នេះ​បាន​ចំណាយ​ពេល​៥​ឆ្នាំ​លេង​នៅ​ក្លិប​៣​ក្នុង​ប្រទេស​អាល្លឺម៉ង់​ពោល​គឺ Armenia Bielefeld, Bayern Munich​និង​ Hertha Berlin។

 

២. ខ្សែ​បម្រើ​ Park Ji-Sung (កូរ៉េ​ខាង​ត្បូង)

 

 

Park Ji-Sung ​ជា​ខ្សែ​បម្រើ​ម្នាក់​ដែល​អាច​លេង​បាន​គ្រប់​ទីតាំង​នៅ​តំបន់​បម្រើ​​ ពោល​គឺ​អាច​លេង​ជា បម្រើ​ស្លាប បម្រើ​កណ្ដាល បម្រើ​ការពារ អ្នក​ចែក​បាល់ ​និង​សូម្បី​តែ​បម្រើ​ប្រយុទ្ធ។ កីឡាករ​វ័យ​៣៣​ឆ្នាំ​នេះ​ប្រើ​ពេល​ជាមួយ​ក្លិប​ Manchester United ​អស់​៧​ឆ្នាំ ​និង​ជួយ​ក្លិប​បិសាច​ក្រហម​ឈ្នះ​ពាន​លំដាប់​ធំៗ​ដូចជា​ Premier League ​៤​ដង​ និង​ UEFA Champions League ​១​ដង។

 

៣. ខ្សែ​បម្រើ​ Hidetoshi Nakata (ជប៉ុន)

 

 

Nakata ​ជា​ខ្សែ​បម្រើ​ជាប់​ជម្រើស​ជាតិ​ជប៉ុន​តាំង​ពី​ U17 ​រហូត​មក​ដល់​ឆ្នាំ​២០០៦​ទើប​រូប​គេ​លាឈប់​ពី​ជម្រើស​ជាតិ​ជប៉ុន។ កីឡាករ​វ័យ​៣៧​ឆ្នាំ​រូប​នេះ​ក៏​បាន​លេង​នៅ​អឺរ៉ុប​ផង​ដែរ​ ដូចជា​នៅ​ក្លិប​ Roma ​ជា​ដើម​។ កាល​នៅ​ Roma ​បុរស​ម្នាក់​នេះ​បាន​ជួយ​ក្លិប​នេះ​ឱ្យ​បាន​ចូល​លេង​នៅ​លីក​កំពូល Serie A ​របស់​អ៊ីតាលី​ផង​ដែរ។

 

៤. ខ្សែ​បម្រើ​ Shinji Kagawa (ជប៉ុន)

 

 

Kagawa ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​នេះ ដោយ​សារ​តែ​កាល​គេ​លេង​នៅ​​ Borussia Dortmund ​ដំបូង ​អាច​ជួយ​ក្លិប​នៅ​អាល្លឺម៉ង់​មួយ​នេះ​ឈ្នះ​ពាន​ Bundesliga ​២​ដង​ជាប់ៗ​គ្នា។ មួយ​វិញ​ទៀត​នោះ​គឺ​ពេល​ខ្សែ​បម្រើ​រូប​នេះ​ផ្លាស់​មក​លេង​នៅ​ក្លិប​ Man Utd ​ក៏​បាន​ជួយ​ក្លិប​នេះ​ឈ្នះ​ពាន​រង្វាន់​ Barclays Premier League ​ម្ដង​ផង​ដែរ។

 

៥. ខ្សែ​ប្រយុទ្ធ​ Sami Aljaber (អារ៉ាប៊ីសាអ៊ូឌីត)

 

 

Sami Aljaber ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​ពេល​ចំណាយ​ពេល​២០​ឆ្នាំ​ជាមួយ​ក្លិប​ Al Hilal ​និង​រក​បាន​១៤៣​គ្រាប់​ក្នុង​៣០៥​ប្រកួត។ សម្រាប់​ជម្រើស​ជាតិ​វិញ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ជួយ​ប្រទេស អារ៉ាប៊ីសាអ៊ូឌីត​អាច​ឈាន​ដល់​វគ្គ​ជម្រុះ​តាម​ទ្វីប​លើក​ទី​២​នៅ World Cup ​ឆ្នាំ​១៩៩៤។ សព្វ​ថ្ងៃ​បុរស​វ័យ​៤១​ឆ្នាំ​នេះ​មាន​តួនាទី​ជា​អ្នក​ចាត់​ការ​នៅ​ក្លិប​ Al-Arabi។

 

៦. ខ្សែ​បម្រើ​ការពារ Mehdi Mahdavikia (អ៊ីរ៉ាក់)

 

 

Mehdi Mahdavikia ​ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​នៅ​អាស៊ី​​នៅ​ឆ្នាំ​២០០៣។ បុរស​វ័យ​៣៧​ឆ្នាំ​នេះ​ចំណាយ​ពេល​៨​ឆ្នាំ​ជាមួយ​ក្លិប​ Hamburger SV ​របស់​អាល្លឺម៉ង់។ កីឡាករ​ជាប់​ជម្រើស​ជាតិ​អ៊ីរ៉ាក់​តាំង​ពី​ U20 ​រូប​​នេះ ​អាច​លេង​ទាំង​ការពារ​ស្ដាំ បម្រើ​កណ្ដាល​ និង​បម្រើ​ស្លាប។

 

៧. ខ្សែ​បម្រើ​ Shunsuke Nakamura (ជប៉ុន)

 

 

Nakamura ​ជា​ខ្សែ​បម្រើ​ដែល​មាន​ឈ្មោះ​ល្បី​ខាង​ទាត់​បាល់​ (Free Kick) ។ ការ​ជោគជ័យ​ធំ​បំផុត​របស់​ខ្សែ​បម្រើ​វ័យ​៣៦​ឆ្នាំ​នេះ​គឺ​ពេល​គេ​លេង​នៅ​ក្លិប Glasgow Celtic ​របស់​ប្រទេស​ស្កុតឡែន​ចន្លោះ​ឆ្នាំ​២០០៥-២០០៩។ រយៈ​ពេល​៤​ឆ្នាំ​នៅ​ទឹក​ដី​ស្កុតឡែន​ Nakamura ​បាន​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​ Scottish League ​បាន​៣​ដង។

 

៨. ខ្សែ​ការពារ​ Hong Myung-Bo (កូរ៉េ​ខាង​ត្បូង)

 

 

Hong Myung-Bo ​ជា​កំពូល​ខ្សែ​ការពារ​របស់​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​រយៈ​ពេល​១២​ឆ្នាំ​ ហើយ​កាល​ពី​ World Cup ២០០២ ​រូប​លោក​ក៏​បាន​ជួយ​ក្រុម​ឱ្យ​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ព្រ័ត្រ ​និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​ផង​ដែរ។

 

៩. ខ្សែ​ប្រយុទ្ធ Paulino Alcantara (ហ្វីលីពីន)

 

 

Alcantara ​ជា​កីឡាករ​ម្នាក់​គត់​របស់​អាស៊ីអាគ្នេយ៍​ដែល​អាច​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ល្អ​បំផុត​របស់​អាស៊ី​នេះ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ចូល​លេង​នៅ Barcelona ​តាំង​ពី​អាយុ​១៥​ឆ្នាំ និង​ចំណាយ​ពេល​១៥​ឆ្នាំ​នៅ​ក្លិប​នេះ។ សព្វ​ថ្ងៃ​បុរស​រូប​នេះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​ក្នុង ទី​ក្រុង​ Barcelona ​ទឹក​ដី​របស់​ប្រទេស​អេស្ប៉ាញ។ (ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ប្រវត្តិរូប​របស់ Alcantara, Sabay នឹង​ផ្សាយ​ជូន​នា​ពេល​បន្ទាប់)

 

១០. ខ្សែ​ប្រយុទ្ធ Kazuyoshi Miura (ជប៉ុន)

 

 

Kazuyoshi ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​វីរបុរស​របស់​ប្រទេស​ជប៉ុន​ដោយ​បាន​ជួយ​ជម្រើស​ជាតិ​ជប៉ុន​ឈ្នះ​ពាន​រង្វាន់​ Asian Cup ​នៅ​ឆ្នាំ​១៩៩២។ ការ​បង្ហាញ​ខ្លួន​ឱ្យ​ជម្រើស​ជាតិ​៨៩​ដង​ ខ្សែ​ប្រយុទ្ធ​វ័យ​៤៧​ឆ្នាំ​នេះ​អាច​រក​គ្រាប់​បាល់​បាន​៥៥​គ្រាប់។

 

ចំណែក​ប្រិយមិត្ត​វិញ គិត​ថា​កីឡាករ​អាស៊ី​ណា​ខ្លះ​ទៀត​ដែល​សម​នឹង​ចូល​ក្នុង​បញ្ជី​ខាង​លើ?

 

*ចុច​អាន​ព័ត៌មាន​​កីឡា​បាល់ទាត់​​អាស៊ី​ជា​ច្រើន​ទៀត​

 

អត្ថបទ៖ សុខ មុន្នី​រម្យ

ប្រភព៖ andrzejpavlov

អត្ថបទពេញនិយម
អត្ថបទថ្មី