ទេវតា​​​មិន​អាណិត​មនុស្ស​​​ស្មោះ​សោះ!​ ​១០​ឆ្នាំ ចុង​​ក្រោយ​ខ្ញុំ​​ក្លាយ​​​ជា​ស្រី​​​​​​​​​ស្លាប់​បេះ​ដូង​​ព្រោះ​​​ប្រុស​មុខ​លុយ

  • 2015-02-02 16:29:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន ​សម្បុរ​សជ្រះ រាង​​ខ្ពស់​ស្តើង បុប្ផា គឺ​ជា​បុគ្គលិក​​មន្រ្តី​​រាជ​ការ​ម្នាក់​ បម្រើ​ការ​ក្នុង​​ស្ថាប័ន​រដ្ឋ​មួយ ​ក្នុង​តួនាទី​ជា​ជំនួយ​ការ​​រដ្ឋបាល។ វា​ជា​ទូនាទី​ដ៏​ល្អមួយ​ បើ​ប្រៀប​ធៀប​នឹង​ការ​ងារ​ផ្សេង​ៗ​ទៀត​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​​ បច្ចុប្បន្ន។ នាង​គួរ​តែ​រីករាយ​នឹង​មុខ​ងារ​នេះ ប៉ុន្តែ​បុប្ផា​ហាក់​មិនសូវ​​សប្បាយ​ចិត្ត​សោះ ដោយ​សា​វិបត្តិ​ដ៏​ធំមួយ​បានអន្ទោល​តាម​ប្រាណ​នាង​រហូត។

 

ដើម្បី​ បន្ធូរ​នូវ​ភាព​តាន​តឹង​ក្នុង​អារម្មណ៍​ នារីវ័យ​៣២​ឆ្នាំ​រូប​នេះបាន​ស្វះ​ស្វែង​ចែក​រំលែក​រឿងរ៉ាវ​​របស់​នាងឲ្យ​ អ្នក​ដទៃ​ជួយគិត។ ​ពេលនោះ​​​​នាង​បាន​មក​ជួប​ ​Sabay ដើម្បី​ចែក​រំលែក​រឿង​នេះ​ដល់​យុជន​ទាំង​អស់​​កុំ​ឲ្យ​ដើរ​ខុស​គន្លង​ដូច​ រូប​នាង។

  ប៉ុន្តែ​រឿង​ដែល​នាង​ចង់​ប្រាប់​នេះ​ គឺ​មិន​មែន​ទាក់​ទង​នឹង​ការងារ​ទេ គឺ​វាទាក់ទង​នឹង​រឿង​ប្រុស​ស្នេហ៍​របស់​​នាងទៅ​វិញ​ទេ ​​ដែលបាន​​​ស្គាល់​​គ្នា​​ជាង​​១០​​​ឆ្នាំ​ទៅ​​ហើយ​នោះ ប៉ុន្តែ​ត្រូវ​បែក​បាក់​​គ្នា​នា​ពេល​​ថ្មីៗ​​។

 

បុប្ភា បាន ​និយាយ​រឿង​របស់​នាង​តាម​លំដាប់​លំ​ដោយ​ថា នាង​​មាន​ស្រុក​កំណើត​នៅ​ ខេត្ត​​ត្បូង​ឃ្មុំ​​។ នៅ​ពេល​នាង​មាន​អាយុ​​​២០ឆ្នាំ នាង​បាន​សេព​គប់ជាមួយ​បុរស​ម្នាក់ ​ដែល​មាន​ផ្ទះ​ក្បែរនាង​មិន​ដល់​៥០​ម៉ែត្រ​​ផង ​ឯ​ស្រុក​កំណើត។ គេ​គឺ​ជា​កូន​ច្បង​ក្នុង​គ្រួសារ​មួយ ​​ដែល​មាន​ម្តាយ​ជា​ស្រ្តី​ម៉េម៉ាយ និង​មាន​ប្អូន​​ស្រី​៣នាក់​ទៀត។

 

ពន្លក​​​ស្នេហ៍រវាង​កំឡោះ​ស្រុកស្រែ និង​បុប្ផា​ត្បូង​ឃ្មុំ​​បាន​ដុះ​ដាល​ឡើងជា​​លំដាប់។ គេ​ហ៊ាន​បង្ហាញ​​​ទំនាក់​ទំនង​របស់​គេ​ ដោយ​បើក​ចំហ​​ទៅ​ដល់​អ្នក​ស្រុក​ទៀតផង តាម​រយៈ​​ការ​ដើរ​លេង​ ​​ជា​មួយ​គ្នា និងការ​​ទៅ​​លេង​​គ្រួសារគ្នា ទៅ​​វិញ ទៅ​មក។

  បុប្ផា​បាន​បន្ថែមថា៖ “ចាស់ៗ​ក៏ដឹង​រឿង​ពួកយើង​ ហើយ​គាត់ក៏​មិនដែល​ជំទាស់​ ព្រោះ​ជា​អ្នក​ស្រុក​​ជា​មួយ​គ្នា​ស្រាប់ និង​បាន​ស្គាល់​ពូជពង្ស​វង​ត្រកូល​ច្បាស់​តាំង​ពី​ជំនាន់​ជីទួត​ជីលួត​ ជីលាម្លេះ។ ម្ល៉ោះ​ហើយ គាត់ និងខ្ញុំ​មិន​ធ្លាប់​គិត​បារម្ភ​ពី​ឧបសគ្គ​ដូច​ជា​មាន​អ្នក​ជំទាស់​ទេ។ យើង​មាន​តែគិតគូរ​ខំ​រក​ការ​ងារ​ធ្វើ​សន្សំ​លុយ​កាក់ ដើម្បី​ទិញ​ផ្ទះ​សម្បែង​ សង្ឃឹមថា​នឹង​បាន​សាង​អនាគត​រួមគ្នា។ ពីរ​នាក់ខ្ញុំ​ស្រឡាញ់​គ្នា​ណាស់! នរណា​ៗ​ក៏ដឹងថា​យើង​ជា​ប្តី​ប្រពន្ធ​ទៅ​អនាគត​ដែរ”។

 

ក្រោយ​ពី​បញ្ចប់​ បាក់​ឌុប គេ​បាន​​មក​​​​ភ្នំពេញ​ដើម្បី​​សិក្សា​​នៅ​​ថ្នាក់​​ឧត្តម​បន្ត។ ​បុប្ផា​រៀន​ផ្នែក​គ្រប់​គ្រង ចំណែក​មិត្ត​ប្រុស​របស់​នាង​រៀន​ផ្នែក​គណនេយ្យ។ ជា​សំណាង​ល្អ សង្សា​របស់​នាង​បាន​ការងារ​​ធ្វើ​​នៅ​ធនាគារ​ដ៏​ធំមួយ។ លុះ​មួយ​ឆ្នាំក្រោយ​មក​ បុប្ផា​ក៏​បាន​ការងារ​ធ្វើ​ដែរ​​គឺ​​​នៅ​ក្រសួង​មួយ ដែល​​​មាន​បង​ជី​ដូន​មួយ​របស់​នាង​ម្នាក់​នៅ​ភ្នំពេញ​ជួយ​រត់​ការ​​​ឲ្យ។ ពេល​នោះ​ គេ​​ទាំង​ពីរ​​សុទ្ធ​​តែ​មាន​​ការ​ងារ​​ល្អ​​ដូច​គ្នា ដូច្នេះ​ក្តី​រំពឹង​ថា​នឹង​កសាង​អនាគត​ដ៏​ភ្លឺ​ស្វាង គឺ​ខិត​ជិត​មក​​ដល់​​នា​ពេល​​ឆាប់ៗ​​ខាង​​មុខ។

 

ជំនួយ​ការ​រដ្ឋបាលរូប​ នេះ​ថ្លែង​​ថា​៖ “តាម​​ពិត​​ទៅ ខ្ញុំធ្លាប់​ជួយ​សង្សារ​​របស់​ខ្ញុំ​យ៉ាង​ច្រើន ទ​ម្រាំ​គាត់​បាន​ចូល​ធ្វើការ​កន្លែង​ល្អ រាប់ទាំង​ពី​លុយ​កាក់ និង​ការ​ពឹង​ពាក់​បង​ខ្ញុំ​អោយជួ​យ​​និយាយ​ឲ្យ​គាត់ ឬ​ធានា​គាត់​ជាដើម។ តែ​ដោយ​សារ​គាត់​មាន​សមត្ថភាព​ស្រាប់ គាត់​ក្លាយ​ជា​មនុស្ស​លេចធ្លោ​យ៉ាង​រហ័ស ហើយ​បាន​ក្លាយ​ជា​ប្រធានផ្នែក​ទៀត​ផង​”។

 

កាល​នោះ ​ពេល​ដែល​គេ​ទាំងពីរ​​បាន​ ធ្វើការ​ងារ​គ្រប់​គ្នា គ្រួសារ​របស់​គេ​ទាំង​ពីរ​ក៏គ្រោង​​រៀប​ចំ​មង្គល​ការ​​ឲ្យ​​ពួក​គេ​ ដោយ​កំណត់​យក​​ឆ្នាំ​២០០៧​។ ​មង្គល​ការ​មិន​ទាន់នឹង​​កើត​ឡើង​​ផង គេ​ទាំង​ពី​រ​ក៏​បាន​ទិញ​​ផ្ទះ​​​មួយ​​​​​នៅ​ភ្នំពេញ​ កាល​ពី​ឆ្នាំ​២០០៦ ​តាម​ការ​បង់​រំលោះ​ដោយ​ប្រើ​រយៈពេល​៥ឆ្នាំ​ទើប​​​បាន​​​ផ្ទះ​នោះ​​ដាច់​ មុខ។

  បុប្ផា​​និយាយ​ថា៖ “ដំបូងខ្ញុំគិតថា ផ្ទះ​នោះគឺ​ជា​ចំណង​ដៃ​រឹងមាំ​សម្រាប់​ខ្ញុំ​ និង​គាត់ ប៉ុន្តែ​តាម​ពិត វា​គឺ​​ជា​ជំហាន​នាំ​ទៅ​រក​ក្តី​វិនាស​អន្តរាយ​សោះ។ ម្ចាស់​ផ្ទះ​​ដែល​​លក់​​បណ្តាក់​​ឲ្យ​​យើង​​​នោះ គឺ​ជា​អ្នក​មាន​ម្នាក់នៅ​ភ្នំពេញ។ គាត់​មាន​ដីច្រើន​ណាស់ និង​ប្រកប​របរ​លក់​ផ្ទះ និង​សង់ផ្ទះ​នៅស្ទើរគ្រប់​កន្លែង។ ដោយ​សារ​គាត់​មាន​ផ្ទះ​នៅជិតនោះ ​និង​គាត់​ចេញ​ចូល​ធនាគារ​ញឹក​ញាប់ ទើប​គាត់​ ជួប​មិត្តប្រុស​ខ្ញុំ​។ គាត់​ក៏​ចាប់​អារម្មណ៍​ ហើយ​ក៏​ទាក់​ទង​មិត្ត​ប្រុស​ខ្ញុំ​​ឲ្យ​កូនស្រី​គាត់”។

 

 

រូប​តំណាង​

 

 

អាន​អត្ថបទវិបត្តិ​ស្នេហ៍របស់​យុវវតី​ម្នាក់​​៖ សុំ​រួម​រ័ក​ច្រើន​ដង​ពេក​ ខ្ញុំ​​សម្រេច​ដើរ​ចេញ​ ត្រូវ​អត់?

 

និយាយ​មកដល់​ ត្រង់​នេះ បុប្ផា​បាន​គ្រវី​ក្បាល​ហួស​ចិត្ត​ មិន​គួរ​ណា​​អ្នក​មានរូប​នោះ ​​ចង់​បាន​​សង្សា​រ​របស់​នាង​ទៅធ្វើ​ជាកូន​ប្រសាគាត់​​​សោះ។ ​គេ​បាន​អញ្ជើញ​មិត្ត​ប្រុស​របស់​នាង​​ទៅ​ហូប​បាយ​នៅ​​ផ្ទះគេ​ជា​រឿយៗ​។ អ្នក​មាន​នោះ​មាន​កូនស្រី​ប្រហែល​​បី ឬ​បួននាក់​ឯណោះ សុទ្ធតែរៀន​បានតិច​ ប៉ុន្តែ​ចូល​​​​​ចិត្ត​លេង​ខ្លួន​ហ៊ឺហា។ ដោយ​ឃើញ​សង្សារ​​របស់​បុប្ផាជា​អ្នក​រៀនសូត្រ គេ​ក៏​ចង់​បាន​គាត់​​មក​ជា​សមាជិក​គ្រួសារ​របស់គេ។

 

បុប្ផា​បញ្ជាក់​ បន្ថែម​ថា៖ “​​គ្រួសារ​អ្នក​មាន​នោះ​ថែម​ទាំង​​សុំ​សង្សា​រខ្ញុំ​​នាំ​ពួក​គេ​ទៅ​លេង​ ស្រុក​​ទៀត​​ផង។ គេ​ទិញ​ជំនូន​ទៅច្រើន​ណាស់ ដូច​​របៀប​ស្រី​ដណ្តឹង​ប្រុស​អញ្ចឹង​។ អ្នក​ភូមិ​គេ​សង្ស័យ គេ​បាន​នាំ​គ្នា​ដុក​ខ្ញុំឲ្យ​​ប្រយ័ត្ន។ ពេល​ខ្ញុំ​សួរ​មិត្ត​ប្រុស​ខ្ញុំ​ គាត់​ថា​កុំ​រវល់​អី។ ​គាត់​មិន​ទៅ​ស្រឡាញ់​ស្រី​ទី​ក្រុង​ទេ”។

 

បើ​ ទោះ​បី​ជា​មាន​ការ​បក​ស្រាយ​ពីសង្សា​រ​ខ្លួន​ក្តី បុប្ផាក៏​នៅ​តែ​​ពិបាកចិត្តពី​មួយ​ថ្ងៃ​ ទៅ​មួយ​ថ្ងៃ សូម្បី​​​ជីវិត​ស្នេ​ហា​រយៈ​ពេល​១០ឆ្នាំ​របស់​នាង​ក៏​ទប់​​អារម្មណ៍​​នាង​ លែង​បាន​ទៀត​​ហើយ។ នាង​គិត​ថា​ គ្រួសារ​អ្នកមាន​នៅ​ភ្នំពេញ​នោះ ប្រាកដ​ជា​​មិន​លែង​មិត្ត​ប្រុស​របស់​នាង​​ងាយ​ៗ​នោះ​ទេ។ គេ​តែង​ទៅ​មក​ស្រុក​កំណើត​របស់​នាង​មិន​ឈប់​សោះ ដោយ​មាន​ទិញនេះ​ ទិញនោះ ​ឲ្យ​ម្ដាយ​មិត្ត​ប្រុស​នាងមិន​ចេះ​ស្វាង។ ចុងក្រោយ​ គេថែម​ទាំង​ធានា​ជួយ​អោយប្អូន​ស្រី​របស់​គាត់​ពីរនាក់​ទៀត​បាន​ស្នាក់​ទៅ​ រៀន​បន្ត​​នៅ​ភ្នំពេញ​​ដែរ។ នាង​បន្ត​ទាំង​សើច​ស្ងួត​ថា៖ “ពេល​នោះ​ហើយ​ដែលខ្ញុំដឹង​ថា ខ្ញុំ​ត្រូវ​គេ​ផាត់​ចោល។ ម្តាយ​សង្សារ​របស់​ខ្ញុំ​​ដែល​ធ្លាប់​ហៅ​ខ្ញុំ​ថា​កូន​ប្រសា​​ពេញៗមាត់ ​បាន​ស្កាត់​មក​ជួបខ្ញុំ​នៅ​ភ្នំពេញ ​ហើយ​បាន​លើកដៃ​សំពះ​អង្វរ​ខ្ញុំ​ទាំង​ទឹកភ្នែក​ សុំឲ្យ​ខ្ញុំ​ចាក​ចេញ​ពី​កូនប្រុស​​គាត់ ដូច្នេះ​កូន​ស្រីៗ​របស់​គាត់​នឹង​មាន​​គេ​​ជួយ​​ឧបត្ថម្ភ​​បាន​​សិក្សា​រៀន​ ​សូត្រ។ ​គាត់​​ស្រក់​​ទឹក​​ភ្នែក តែ​​ខ្ញុំ​​មិន​ស្រក់​​​ទេ ព្រោះ​​​បេះដូង​ខ្ញុំ​​បាន​​ស្លាប់​​ឈឹង​​តាំងពីឮសម្តី​​គាត់ពីដំបូង​ ម៉្លេះ។​ គាត់ថា កូនរបស់​គាត់​​​ទំាងអស់​នឹង​​មាន​​អនាគត​​ ប្រសិន​​បើកូន​ច្បង​របស់​គាត់​យកកូនស្រី​ថៅ​កែ​សំណង់​នោះ”។

 

កូន​ប្រុស ​អ្នក​ជន​បទ​ ដែល​តែង​គោរព​ម្តាយ​យ៉ាង​ខ្ជាប់​ខ្ជួន​បំផុត បាន​ស្រប​ទៅ​តាម​​ចិត្ត​ម្តាយ​ដោយ​សម្រេច​រៀប​ការ​ជាមួយ​នឹង​កូន​​ស្រី​​ ថៅកែ​សំណង​​នោះ​តែ​ម្តង ទុក​បុប្ផា​ឲ្យ​រស់​នៅ​កណ្តោច​​កណ្តែង​​​តែ​ម្នាក់​​ឯង។ ឥឡូវ​នេះ ​អាយុ​នាង​កាន់​តែ​ច្រើន ហើយ​កេរ្តិ៍​ឈ្មោះ​ធ្លាប់​ត្រូវ​សង្សា​ដឹក​ព្រឹក​ល្ងាច​ បាន​ផ្សព្វ​ផ្សាយ​ពេញ​ត្រចៀក​អ្នក​​ស្រុក។ ប៉ុន្តែ​នាង​នៅ​តែ​ព្យាយាម​​​ធ្វើ​ខ្លួន​ឯង​ឲ្យ​រឹង​ប៉ឹង​ ដោយ​គិត​ថា​ នាង​អាច​នឹង​ជូប​អ្នក​ថ្មី​ដែល​សុខ​ចិត្ត​រៀប​ការ​ជាមួយ​នាង​មិន​ខាន។

 

អ្វី ​ដែល​នាង​នៅ​​​ស្តាយនោះ​ គឺ​ចិត្ត​ដែល​ស្រឡាញ់​បុរស​នោះ​រហូត​ដល់​១០ឆ្នាំ។ ប៉ុន្តែ​នាង​សង្ឃឹម​​ថា ប្អូន​ស្រីៗ​នឹង​​មិន​ត្រូវ​ងប់ងុរ និង​មាន​ជំនឿ១០០​ភាគ​រយ​ទៅលើ​បុរស​ណា​ម្នាក់​ទេ។ ចំណែក​បុរស​វិញ ​ក៏​មិន​គួរ​បោះ​បង​សង្សារ​ខ្លួន​​ចោល សុខ​ចិត្ត​ក្បត់​ស្នេហា​ ក៏​ព្រោះ​លាភ​សក្ការៈ​ដែរ។ បុប្ផា​យល់​ថា ​បើ​បាន​ស្រឡាញ់​គ្នា​ត្រូវ​រ៉ូវ​ហើយ​ ត្រូវ​រៀបការ​ឆាប់ៗ​ កុំ​ទុក​យូរ នាំ​តែ​យប់​យន់​សុបិន​ច្រើន​​ដូច​ ​បុប្ផា​ ដែរ ។ ចុះ​ចំណែក​​អ្នក​វិញ​​គិត​​យ៉ាង​​មិច​​ដែរ?

 

ចុច​ត្រង់​នេះ...! ដើម្បី​ចូ​ល​ទៅ​បណ្ដុំ​រឿង​រ៉ាវ​ស្នេហ៍​ពិត​ជា​ច្រើន​ទៀត​ដែល​មិត្ត​អ្នក​អាន​ផ្ញើរ​មក​ Sabay

ស្នេហា​ធ្វើ​បាប​មនុស្ស​មែន! ​៥​ឆ្នាំ​លះ​បង់​ឲ្យ​​​គាត់ ​​បន្សល់​ឲ្យ​ខ្ញុំ​ត្រឹម​ «​អារម្មណ៍​​​ស្អប់​មនុស្ស​ប្រុស​​»

បើ​​មិត្ត​អ្នក​អាន​​មាន​រឿង​រ៉ាវ​ស្នេហា​ចង់​ចែក​រំលែក​លើ​ Sabay​ និង​ស្វែង​រក​មតិ​ សូម​ផ្ញើ​រឿង​មក​កាន់ pen.sophana@cidc.com.kh ៕ ​​