តារាមានវ័យកាន់តែជ្រេ តែមិនទាន់នឹកនារឿងគូស្រករ
- 2015-02-02 17:09:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាមានវ័យកាន់តែជ្រេ តែមិនទាន់នឹកនារឿងគូស្រករ
ចន្លោះមិនឃើញ
សិល្បករ សិល្បការិនីខ្មែរជាច្រើន បើទោះបីជាមានវ័យកាន់តែជ្រេបន្តិចហើយក្ដី តែពួកគេខ្លះមិនទាន់នឹកនារឿងគូស្រករនៅឡើយទេ។ តារាខ្លះប្រឡូកសិល្បៈតាំងពីទសវត្សរ៍ ៨០ និង ៩០ ក៏មិនទាន់ខ្វាយខ្វល់រឿងស្នេហានៅឡើយ។
តារាមានវ័យជ្រេ ដោយមិនទាន់នឹកនារឿងយកប្ដី ឬប្រពន្ធ មានដូចខាងក្រោម៖
ទេព រិនដារ៉ូ កើតនៅឆ្នាំ ១៩៦៣ ក្នុងខេត្ត បាត់ដំបង ដោយឈានចាប់អាជីពជាអ្នកសិល្បៈក្នុងឆ្នាំ ១៩៨០។ បើទោះជាមានវ័យ ៥២ ឆ្នាំហើយក្ដី តារាសម្ដែងដែលមិត្តសិល្បៈដូចគ្នា រួមនឹងមហាជនទូទៅផ្ដល់រហស្សនាមថា ជាតារាគោរពពេលវេលាល្អ មិនទាន់នឹករឿងយកប្រពន្ធនៅឡើយទេ។ សកម្មភាពមមាញឹកក្នុងសិល្បៈ រួមនឹងបញ្ហាផ្ទាល់ខ្លួនមួយចំនួនទៀត ធ្វើឱ្យតារាសម្ដែងរៀមច្បងល្បីឈ្មោះមួយនេះ មិនសូវជាខ្វល់ខ្វាយរឿងស្នេហា។
ណុប បាយ៉ារិទ្ធ អាចនិយាយថា ជាតារាចម្រៀងចាស់វស្សាម្នាក់ប្រចាំផលិតកម្ម រស្មីរស្មីហង្សមាសក៏ថាបាន ព្រោះលោកជាតារាចម្រៀងម្នាក់នៅតែទទួលការចាប់អារម្មណ៍ពីមហាជន។ បើគិតពីអាយុ ណុប បាយ៉ារិទ្ធ មានវ័យខ្ទង់ ៣៣ ឆ្នាំ ទៅ ៣៤ ឆ្នាំហើយ ក៏ប៉ុន្តែលោកហាក់មិនទាន់ខ្វល់ខ្វាយរឿងយកប្រពន្ធនៅឡើយ។ សកម្មភាពអាជីវកម្មផ្ទាល់ខ្លួនរួមនឹងការងារសិល្បៈច្រើន ធ្វើឱ្យតារាចម្រៀងរូបនេះមិនទាន់នឹកនារឿងគូស្រករ។
ញឹម ចាន់ថន ក៏ជាតារាចម្រៀង និង តារាសម្ដែងចាស់វស្សាម្នាក់ដែលមិនទាន់នឹកនារឿងស្នេហាដូចគ្នា។ មានវ័យ ៣០ ឆ្នាំប្លាយ នាងហាក់មិនទាន់ចាប់អារម្មណ៍ពីបញ្ហាស្នេហានៅឡើយទេ ព្រោះតែអាជីពក្នុងសិល្បៈបច្ចុប្បន្នធ្វើឱ្យនាងមិនមានពេលគិតគូរដល់រឿងនេះ។ យ៉ាងណាក៏ដោយកាសែតក្នុងស្រុកនានាក៏ចាប់អារម្មណ៍ខ្លាំងដែរលើ តារារូបនេះ ពីបញ្ហាស្វែងរកដៃគូស្នេហ៍ពិតប្រាកដ។
មាស សាលី អាចចាត់ទុកជាតារាចម្រៀងដំបូង ឬក៏ជាតារាចាស់វស្សាម្នាក់ប្រចាំផលិតកម្ម សាន់ដេ ព្រោះចាប់តាំងពីផលិតកម្មនេះពង្រីកអាជីវកម្មពីការនាំខ្សែភាពយន្តបរទេសចូលក្នុងស្រុកមកផលិតចម្រៀង គឺ មាស សាលី មានមុខ ហើយទទួលការចាប់អារម្មណ៍ច្រើនពីទស្សនិកជនក្នុងបទចម្រៀងមួយចំនួន។ បើគិតពីអាយុលោកមានវ័យមិនក្រោម ៣១ ឆ្នាំទៅ ៣២ ឆ្នាំទេ តែរឿងគូស្រករលោកនៅមិនទាន់លេចលឺដំណឹងនៅឡើយ។ លោក មាស សាលី ធ្លាប់បញ្ចេញសារនៅលើបណ្ដាញសង្គម ដោយទំនងជាចង់បានដៃគូស្នេហាពិតប្រាកដមួយ។ លោកបាននិយាយនៅលើ wall របស់ខ្លួនថា "ចាស់ទៅហើយ តើនរណានឹងយកយើងធ្វើជាប្ដី ណាមួយអត់លុយថែមទៀត"។
សុគន្ធ និសា ចាប់តាំងពីបាក់បែកស្នេហ៍នឹងកវីនិពន្ធ លោក សុខ ជំនោរ តារាចម្រៀងស្រគត់ស្រគំរូបនេះមិនទាន់ស្វែងរកស្នេហាឱ្យពិតប្រាកដបាននៅឡើយទេ។ ក៏ប៉ុន្តែនាងតែងលេចលឺដំណឹងស្នេហាក្រៅឆាកជាញឹកញាប់ពីបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើន។ ត្បិតតែឃើញមុខមាត់ស្រស់ស្អាត និង នៅក្មេង តែបើនិយាយពីអាយុ សុគន្ធ និសា មានវ័យមិនក្រោម ៣១ ឆ្នាំឡើយ។
ហេង ពិទូ ជាតារាចម្រៀងម្នាក់ធ្លាប់មានឈ្មោះបោះសំឡេងខ្លាំងកាលនៅជាសមាជិកក្នុង MKS តែពេលនេះលោកកំពុងជ្រកកោនក្នុងផលិតកម្ម សាន់ដេ។ និយាយពីអាយុលោកមានវ័យចន្លោះពី ៣១ឆ្នាំទៅ ៣២ឆ្នាំ ក៏ប៉ុន្តែរឿងគូស្រករទៅថ្ងៃអនាគតតារាចម្រៀងរូបនេះក៏មិនទាន់លេចលឺដំណឹងនៅឡើយដែរ។ មហាជន និង បណ្ដាញសារព័ត៌មានក្នុងស្រុកតែចុះផ្សាយជាញឹកញាប់ថា លោកមានស្នេហ៍លួចលាក់នឹងនាង ហង្ស សុជាតា ក៏ប៉ុន្តែលោកតែងបដិសេធន៍។
ស៊ុន ស្រីពេជ្រ ជាតារាចម្រៀងម្នាក់តែងទាក់ទាញការចាប់អារម្មណ៍ពីមហាជនតាមរយៈបទចម្រៀងទាក់ទងនឹងធម្មជាតិ ឬតំបន់រមណីយដ្ឋាននានា។ មានវ័យចន្លោះពី ៣១ឆ្នាំ ទៅ៣២ឆ្នាំ មិនចាញ់តារាតារាមួយចំនួនខាងលើទេ ក៏ប៉ុន្តែនាងនៅតែមិនទាន់ស្វែងរកដៃគូស្នេហ៍ពិតប្រាកដបាននៅឡើយ។ ជារឿយៗគេតែងឃើញសារនៅលើ Facebook ពីអារម្មណ៍ចង់បានដៃគូស្នេហ៍មួយទៅថ្ងៃអនាគត ដោយនាងនិយាយថា "ចាស់ហើយតើនរណានឹងយកយើងធ្វើជាប្រពន្ធ តែមិនថ្វីទេរកលុយសំខាន់ជាង"។
រិន សាវ៉េត ក៏ជាតារាចម្រៀងម្នាក់មានវ័យច្រើន និង ចាស់វស្សាប្រចាំផលិតកម្ម រស្មីហង្សមាសម្នាក់ដែរ។ បើគិតពីវ័យលោកមានអាយុមិនក្រោម ៣៣ឆ្នាំទៅ ៣៤ឆ្នាំទេ។ ក៏ប៉ុន្តែដំណឹងចូលរោងការ ឬមានដៃគូស្នេហ៍មិនប្រាកដមួយលោកមិនទាន់បញ្ចេញឱ្យទស្សនិកជនដឹងនៅឡើយ។
ឌួង ហ្សូរីដា ជាប្រធានក្រុមតារាបង្ហាញម៉ូដ Cambodia Super Model និង ជាពិធីការិនីល្បីឈ្មោះម្នាក់ប្រចាំស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍។ បើគិតពីអាយុ ហ្សូរីដា ក៏មានអាយុមិនក្រោម ៣១ឆ្នាំ ទៅ៣២ឆ្នាំទេ។ យ៉ាងណាមិញការរកដៃគូស្នេហ៍ឱ្យពិតប្រាកដមួយមិនទាន់លេចដំណឹងជាដុំកំភួននៅឡើយទេ។ អាជីវកម្មផ្ទាល់ខ្លួន រួមនឹងសកម្មភាពសិល្បៈមមាញឹកខ្លាំងធ្វើឱ្យពិធីការិនីរូបនេះតែងនិយាយថា មិនទាន់នឹកនារឿងជ្រើសរើសគូស្រករឡើយ។
ហង្ស ឧត្ដមម៉ានី ក៏ជាតារាចម្រៀងមួយរូបធ្លាប់សាងឈ្មោះល្បីក្នុងចំណោមមហាជនដែរ តែដោយសារបញ្ហាផ្ទាល់ខ្លួនមួយចំនួនធ្វើឱ្យលោកបាត់មុខពីសិល្បៈមួយរយៈ។ លោកបានផ្ដើមអាជីពចម្រៀងថ្មីក្នុងផលិតកម្ម សាន់ដេ និង បានសាងភាពល្បីឈ្មោះឡើងវិញ។ ចាប់តាំងពីផ្ដើមអាជីពចម្រៀងជាថ្មី ហង្ស ឧត្ដមម៉ានី មិនទាន់នឹកនារឿងរកស្នេហាជាថ្មីនៅឡើយ។ អាចមកពីឆ្អែតចិត្តនឹងស្នេហាចាស់កាលពីពេលកន្លងទៅ ឬមកពីការងារសិល្បៈរវល់ច្រើនទើបធ្វើតារាចម្រៀងរូបនេះហាក់មិនទាន់ចាប់អារម្មណ៍រឿងដៃគូអនាគតនាពេលបច្ចុប្បន្ន។
សាន សុម៉ាលី មានអាយុមិនចាញ់តារាមួយចំនួនខាងលើទេគឺ ៣០ឆ្នាំប្លាយ ក៏ប៉ុន្តែរឿងដៃគូអនាគតនាងនៅតែមិនទាន់ជួបបុរសណាឱ្យពិតប្រាកដនៅឡើយ។ ជារឿយៗនាងតែសរសេរសារលើ Facebook របស់ខ្លួនដោយចង់បានដៃគូស្នេហ៍មួយស្មោះស្ម័គ្រ តែនៅតែរកមិនទាន់បាន៕
អានអត្ថបទបន្ត៖ និស្សិតកសិកម្ម ចេញបទថ្មីទៀតហើយ ឡូយដដែល!
អានអត្ថបទបន្ត៖ លេចវីដេអូក្រុមតារាកូរ៉េមកទិញអីវ៉ាន់ស្រុកខ្មែរ តថ្លៃឡើង
អានអត្ថបទបន្ត៖ ម៉ូដសក់ប្លែកៗរបស់តារាកូរ៉េ១០ដួង យកស្ទីលតាមរបស់ទាំង
អត្ថបទ៖ អ៊ីង សុឡា