មើល​ចុះ!...ខេមរៈ សិរីមន្ត ក៏​បាន​ជួយ​ លោក នូ ស៊ឹប និង ​តា មឿក ដែរ

  • 2015-02-02 18:01:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និពន្ធ ខេមរៈ ភារុន បាន​នាំ​យក​ថវិកា​មួយ​ចំនួន ជា​ទឹក​ចិត្ត​សប្បុរសធម៌​ពី​តារា​ចម្រៀង ខេមរៈ សិរីមន្ត ជា​ប្អូន​ប្រុស​បង្កើត ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​សិល្បករ​ជើង​ចាស់​ លោក នូ ស៊ឹប និង​ លោក​តា ផ្លុង មឿក កាល​ពី​ម្សិលមិញ​នេះ។

 

 

អ្នក​និពន្ធ​ខាង​លើ ប្រាប់​ Sabay នៅ​ព្រឹក​នេះ​ថា ដោយ​សារ​ប្អូន​ប្រុស​របស់​លោក កំពុង​មមាញឹក​ច្រៀង​តាម​ខេត្ត ទើប​មិន​អាច​ទៅ​ជួប​រៀមច្បង​សិល្បៈ​ទាំង​ពីរ​រូប​ខាង​លើ​បាន។ ប៉ុន្តែ​តារា​ចម្រៀង​រូប​នេះ សម្ដែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​ព័ត៌មាន​ចុះ​ផ្សាយ ពេល​ឃើញ​តារា​ចម្រៀង​ជើង​ចាស់​ម្នាក់ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​សុះសាយ​ស្ទើរ​ពាសពេញ​ផ្ទៃ​ប្រទេស កំពុង​រស់​នៅ​ក្នុង​ភាព​លំបាក​។

 

ខេមរៈ ភារុន និយាយ​ថា៖ "ខ្ញុំ​ទូសព្ទ​ប្រាប់​រឿង​នេះ ទៅ​ប្អូន​ប្រុស​របស់​ខ្ញុំ ហើយ​គេ​បាន​សម្រេច​ចិត្ត​ភ្លាមៗ ឲ្យ​យក​ថវិកា​ជួយ​ដល់​ពូក​គាត់​បណ្ដោះ​អាសន្ន​សិន"។ លោក​បន្ត​ថា រៀមច្បង​សិល្បករ​ខាង​លើ​បាន​ទទួល​ថវិកា​ក្នុង​ម្នាក់ ​៤០០. ០០០ (សែសិបម៉ឺន) ​រៀល ដើម្បី​សម្រួល​ដល់​ការ​លំបាក​ក្នុង​គ្រា​នេះ។

 

លោក​បាន​អះអាង​ថា ខេមរៈ សិរីមន្ត មាន​គម្រោង​ទៅ​ដល់​ផ្ទះ​របស់​លោក​តា ផ្លុង មឿក ក្នុង​បុរី​សន្តិភាព ​២ និង​ បន្ទប់​ជួល​របស់​លោក នូ ស៊ឹប នៅ​ម្ដុំ​ភូមិ​ចំរើន​ផល ខាង​មុខ​មន្ទីរ​ពេទ្យ​រុស្សី បន្ទាប់​ពី​រួច​ដៃ​ចម្រៀង​តាម​ខេត្ត។ តារា​ចម្រៀង​ល្បី​រូប​នេះ អាច​ស្វែង​យល់​ពី​ទុក្ខ​លំបាក​របស់​សិល្បករ​រៀម​ច្បង និង ​លៃលក​ជួយ​តាម​លទ្ធភាព​បន្ត ដូច​ពេល​​កន្លង​ទៅ រូប​គេ​តែង​ឈឺឆ្អាល​ជួយ​ដល់​ស្ដេច​ចាប៉ី​លោក​តា ប្រាជ្ញ ឈួន និង​លោក​យាយ ខ្លី (យាយ​ខ្លី​កាល​នៅ​មាន​ជីវិត) ក៏​ដូច​ជា​ចាស់ជរា​ផ្សេង​ទៀត​ផង​ដែរ។

 

លោក​បន្ត​ថា៖ “ខ្ញុំ​គិត​ថា នេះ​ជា​សន្តាន​ចិត្ត​ដ៏​ល្អ​របស់​ប្អូន​ប្រុស​ខ្ញុំ ខេមរៈ សិរីមន្ត តែង​តែ​មាន​ចិត្ត​សប្បុរសធម៌​ជួយ​ដល់​សិល្បករ​ចាស់ៗ​កន្លង​មក​ដែល​ជួប​បញ្ហា​ជីវភាព ដោយ​សារ​ជំងឺ ឬ​គ្រោះ​ថ្នាក់​ផ្សេងៗ​ជាដើម"។

 

អ្នក​និពន្ធ​រូប​នេះ ​អះអាង​ថា រូប​លោក និង ខេមរៈ សិរីមន្ត មាន​គម្រោង​បង្កើត​ជា​សមាគម​មួយ​នា​ពេល​អនាគត ដើម្បី​ជួយ​សិល្បៈ​ទីទ័ល ប្រសិន​បើ​មាន​លទ្ធភាព​គ្រប់គ្រាន់។ នេះ​ជា​ការ​សាបព្រោះ​វប្បធម៌​ នៃ​ការ​ចែក​រំលែក​ជួយ​គ្នា​ទៅ​​វិញ​ទៅ​មក នៅ​ក្នុង​សង្គម​សិល្បៈ ព្រោះ​អ្នក​សិល្បៈ​មិន​មាន​ប្រាក់​ខែ រស់​បាន​អាស្រ័យ​ប្រជាប្រិយភាព៕

 

អាន​អត្ថបទ៖ រឿង​ដើម​ទ្រូង អូន ម៉ី រងការរិះគន់ខ្លាំង​ ពី​សាច់ញាតិ​

អាន​អត្ថបទ៖ តារា​មាន​វ័យ​​កាន់តែ​ជ្រេ តែ​មិន​ទាន់​នឹកនា​រឿង​គូស្រករ

 

អត្ថបទថ្មី