​ទោសទណ្ឌ​​ធ្ងន់ធ្ងរ​ និង​​​តម្លៃ​ផាក​ពិន័យ​ខ្ពស់​បំផុត ​ក្នុង​ច្បាប់​ចរាចរណ៍​ថ្មី​​

  • 2015-02-02 18:37:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្បាប់​ចរាចរណ៍​ថ្មី​ ​ដែល​មាន​ ១២​ ជំពូក ​និង​៩២ ​មាត្រា​ នឹង​ត្រូវ​ចូល​ជា​​ធរមាន​នៅ​ខែ​មីនា​នេះ​។ ​យ៉ាង​ណា​មិញ​មុន​ដាក់​​ឲ្យ​អនុវត្ត​ ​ច្បាប់​ថ្មី​​​នេះ​ ​​សមត្ថកិច្ច​នឹង​ត្រូវ​​ផ្សព្វផ្សាយ​​​​ទៅ​សាធារណៈ​ជន​​តាម​ការ​​​កំណត់​។ នេះ​បើ​​តាម​​​​គេហទំព័រ​​នគរបាល​ជាតិ​​ ដែល​ដក​ស្រង់​ប្រសាសន៍​ លោក ហ៊ឹម​​ យ៉ាន​ ប្រធាន នាយកដ្ឋាន​កណ្តាល​ ​នគរបាល​សណ្ដាប់​ធ្នាប់​សាធារណៈ​ កាល​ពី​សបា្តហ៍​មុន​។ ​​មាន​​មាត្រា​​មួយ​ចំនួន​បាន​កំណត់​ ទោស​ខណ្ឌ​ និង​តម្លៃ​ផាក​ពិន័យ​ច្រើន​បំផុត​ ដែល​គ្រប់​គ្នា​ត្រូវ​តែ​ដឹង៖

 

មាត្រា​ ៨៣ ៖ ​ជន​​ណា​បើក​បរ​ដោយ​ធ្វេស​ប្រហែស​ ខ្ជីខ្ជា​ មិន​ប្រុង​ប្រយ័ត្ន​​ ឬ​មិន​គោរព​​កាតព្វកិច្ច ដែល​​បទប្បញ្ញត្តិ​​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក បណ្តាល​ឲ្យ​មាន​របួស​ដល់​អ្នក​ដទៃ​ ហើយ​​បណ្តាល​ឲ្យ​រង​គ្រោះ​​អសមត្ថភាព​ ធ្វើ​ការងារ​ក្នុង​រយៈ​ពេល​ស្មើ​​ ឬ​លើស​​ពី​៨ ថ្ងៃ​​គិត​​ពី​ថ្ងៃ​កើត​ហេតុ​ ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៦​ ខែ​ ដល់​ ២ ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ ២​​លាន​​​​រៀល​ ទៅ​ដល់​ ១០​ លាន​​រៀល និង​អាច​ត្រូវ​ត្រូវ​ផ្ដន្ទាទោស​​ ដោយ​ទោស​បន្ថែម​​​មួយ​ ឬ​ច្រើន​​ដូច​មាន​ចែង​​ក្នុង​មាត្រា​ ៥៣ ​(ប្រភេទ​នៃ​ទោស​បន្ថែម​) នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។

 

អំពើ​​ល្មើស​ខាង​លើ​​​នេះ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១​ ​ឆ្នាំ​​ ដល់​ ៣ ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ ៤​ លាន​​​រៀល​ ទៅ​ដល់​ ១៥​ លាន​​រៀល ​កាល​បើ​អំពើ​នេះ​បាន​​ប្រព្រឹត្តិ​ ក្នុង​ករណី​ណា​មួយ​ដូច​ខាង​ក្រោម​៖ ក)បើក​បរ ដោយ​​​​គ្មាន​បណ្ណ​បើកបរ​ ឬ​មាន​បណ្ណ​បើក​បរ​​តែ​មិន​ត្រឹម​ត្រូវ តាម​ប្រភេទ​យានយន្ត​។ ​​ខ)​ ស្ថិត​នៅ​​ក្នុង​ស្ថាន​ភាព​ស្រវឹង​ ដោយ​មាន​អត្រា​ជាតិ​អាល់កុល​​​ចាប់​ពី​ ០,៤០ ​មី​លី​ក្រាម​​​ក្នុង​មួយ​លីត្រ​ខ្យល់​​​ ឬ​ចាប់​ពី​ ០,៨០ ​ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​​​​ឡើង​ទៅ។ ​គ)​បណ្តាល​ឲ្យ​របួស​ច្រើន​​​គ្នា​។ ​ឃ)​រត់​​គេច​ពី​កន្លែង​កើត​ហេតុ​ ក្នុង​គោល​បំណង​គេចវេស​​ពី​​ការ​ទទួល​ខុស​ត្រូវ​​។

 

មាត្រា​ ៨៥ ៖ ​​ ​ជន​​ណា​បើក​បរ​ដោយ​ធ្វេស​ប្រហែស​ ខ្ជី​​ខ្ជា​ មិន​ប្រុង​ប្រយ័ត្ន​​ ឬ​មិន​គោរព​​កាតព្វកិច្ច ដែល​​បទប្បញ្ញត្តិ​​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក ​បណ្តាល​ឲ្យ​ស្លាប់​​អ្នក​ដទៃ​​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១​ ​ឆ្នាំ​​ ដល់​ ៣ ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ ៤​ លាន​​​រៀល​ ទៅ​ដល់​ ១៥​ លាន​​រៀល​​ និង​អាច​ត្រូវ​ត្រូវ​ផ្ដន្ទាទោស​​ ដោយ​ទោស​បន្ថែម​​​មួយ​ ឬ​ច្រើន​​ដូច​មាន​ចែង​​ក្នុង​មាត្រា​ ៥៣ ​(ប្រភេទ​នៃ​ទោស​បន្ថែម​) នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។ ​

 

អំពើ​​ល្មើស​ខាង​លើ​​​នេះ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ២​ ​ឆ្នាំ​​ ដល់​ ៥​ ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់ ១០​​ លាន​​​រៀល​ ទៅ​ដល់​ ២៥​ លាន​​រៀល ​កាល​បើ​អំពើ​នេះ​បាន​​ប្រព្រឹត្តិ​ ក្នុង​ករណី​ណា​មួយ​ដូច​ខាង​ក្រោម៖ ក​)បើក​បរ ដោយ​​​​គ្មាន​បណ្ណ​បើកបរ​ ឬ​មាន​បណ្ណ​បើក​បរ​​តែ​មិន​ត្រឹម​ត្រូវ តាម​ប្រភេទ​យានយន្ត​។ ​ខ)​ ស្ថិត​នៅ​​ក្នុង​ស្ថាន​ភាព​ស្រវឹង​ ដោយ​មាន​អត្រា​ជាតិ​អាល់កុល​​​ចាប់​ពី​ ០,៤០ ​មី​លី​ក្រាម​​​ក្នុង​មួយ​លីត្រ​ខ្យល់​​​ ឬ​ចាប់​ពី​ ០,៨០ ​ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​​​​ឡើង​ទៅ។ ​គ)​បណ្តាល​ឲ្យ​របួស​ច្រើន​​​គ្នា​។​ ​ឃ)​រត់​​គេច​ពី​កន្លែង​កើត​ហេតុ​ ក្នុង​គោល​បំណង​គេចវេស​​ពី​​ការ​ទទួល​ខុស​ត្រូវ​​។​

 

អត្ថបទ៖មៃ សុខលីម

អត្ថបទថ្មី