​ជា​ វុឌ្ឍី ​និស្សិត​ខ្មែរ​ក្មេង​ តែ​​​ពូកែ​​​រៀន​ជំនាញ​វេច​ខ្ចប់​អាហារ​​​​​​​ដល់​​​អឺរ៉ុប​

  • 2015-02-04 16:01:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​ឆ្នាំ​ទី​៣​ នៃ​​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ ជំនាញ​កសិឧស្សាហកម្ម​​​ ជា​ វុឌ្ឍី​​ វ័យ​២៣​​ឆ្នាំ​ ជា​យុវជន​ខ្មែរ​ដំបូង​គេ​ បាន​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​ស្រាវជ្រាវ​​លើ​សំបក​វេច​ខ្ចប់​ចំណី​អាហារ​ ឬ “Food Packaging”​ រហូត​ដល់​ប្រទេស​អេស្ប៉ាញ​ឯណោះ។

 

ក្នុង ​អំឡុង​ពាក់​កណ្ដាល​ឆ្នាំ​២០១៣​ វុឌ្ឍី​ បាន​ដាក់​ពាក្យ​សុំ​​អាហារូបករណ៍​ Eramus Mundus​ តាម​ Online ​ដោយ​ជ្រើស​រើស​យក​ប្រទេស​អេស្ប៉ាញ​ជា​ជម្រើស​ទី​១​ ប្រទេស​​អូទ្រីស​​ជា​ជម្រើស​ទី​២​ និង​ប្រទេស​បារាំង​ជា​ជម្រើស​ទី​៣។ ដោយ​សារ​តែ​នៅ​សាកលវិទ្យាល័យ​ Girona ក្នុង​ប្រទេស​អេស្ប៉ាញ​មាន​មុខ​វិជ្ជា​ដែល​ស្រដៀង​នឹង​ជំនាញ​របស់​ខ្លួន​ កំពុង​សិក្សា​សព្វ​ថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា​ ទើប​យុវជន​រូប​នេះ​​សង្ឃឹម​ជាប់​ច្រើន។ ក្ដី​សង្ឃឹម​ក៏​កើត​មាន​ដូច​បំណង​​ វុឌ្ឍី​ បាន​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សាកល​វិទ្យាល័យ​នោះ​មែន។

 

នៅ ​ខែ​កញ្ញា​ ពេល​​ទៅដល់​​ប្រទេស​អេស្ប៉ាញ​ វុឌ្ឍី​ត្រូវ​បាន​សាកលវិទ្យាល័យ​នោះ​កំណត់​ឲ្យ​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ ​លើ​ប្រធានបទ “​សំបក​វេច​ខ្ចប់​អាហារ”​ ឬ “Food Packaging”។ និស្សិត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ “ប្រធាន​បទ​នោះ​ស្រដៀង​នឹង​អ្វី​ដែល​ខ្ញុំ​បាន​រៀន។ ខ្ញុំ​មិន​ជំទាស់​នឹង​ការ​ដាក់​ប្រធាន​បទ​នោះ​ទេ​ ដោយសារ​តែ​មាន​ការ​ជួយ​ណែនាំ​ពី​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ Girona​ផង​ និង​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ ដែល​ជា​អ្នក​ដឹកនាំ​ផង។ ហើយ​អ្វី​ដែល​ពិសេស​នោះ​ មិន​ទាន់​មាន​និស្សិត​ខ្មែរ​ណា​ម្នាក់​ស្រាវ​ជ្រាវ​ពី​វា​នៅ​ឡើយ​ទេ”។

 

គម្រោង ​ស្រាវ​ជ្រាវ​នេះ​ត្រូវ​ធ្វើ​ឡើង​រយៈ​ពេល​១០​ខែ​ ហើយ​ត្រូវ​សរសេរ​ជា​ភាសា​អង់គ្លេស។ សម្រាប់​ការ​សិក្សា​ស្រាវ​ជ្រាវ​នោះ​ ផ្ដោត​សំខាន់​ទៅ​លើ​ការ​ផលិត​សំបក​ប្លាស្ទិក​វេច​ខ្ចប់​អាហារ​ប្រកប​ដោយ​គុណ ​ភាព​ មិន​​ប៉ះ​ពាល់​ដល់​សុខភាព​ និង​មិន​ជ្រាប​ទឹក។

 

វុឌ្ឍី​ បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា៖ “ដោយសារ​សំបក​វេច​ខ្ចប់​ ដែល​មាន​នៅ​ក្នុង​ទីផ្សារ​ភាគច្រើន​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើប្រាស់​ ប្លាស្ទិក​ស្ទើរ​តែ​១០០%​ ទើប​ខ្ញុំ​ធ្វើការ​សិក្សា​ពី​វា​ ដោយ​កាត់បន្ថយ​បរិមាណ​ប្លាស្ទិក តាមរយៈ​ការ​លាយ​ជាមួយ​កាក​សរសៃ​ Fiber ​ដែល​មាន​ក្នុង​ដើម​រុក្ខជាតិ​ ហើយ​ធ្វើ​ប្រៀបធៀប​ ថា​តើ​ការ​ប្រើប្រាស់​ប្លាស្ទិក​សុទ្ធ​ និង​ការប្រើប្រាស់​ប្លាស្ទិក​តិច​ ដោយ​លាយ​ជាមួយ​រុក្ខជាតិ​សម្រាប់​វេច​ខ្ចប់​អាហារ​ មួយ​ណា​ល្អ​ ព្រម​ទាំង​ចំណាយ​លើ​វត្ថុធាតុ​ដើម​តិច​ជាង”។

 

យ៉ាងណា ​មិញ​ ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ត្រូវ​ពឹង​ផ្អែក​លើ​ការ​ពិសោធ​ច្រើន​ ទើប​ធ្វើ​ឲ្យ ​វុឌ្ឍី​ ត្រូវ​ចំណាយ​ពេល​នៅ​មន្ទីរ​ពិសោធ​ស្ទើរ​រាល់​ថ្ងៃ​ ក៏​ប៉ុន្តែ​យុវជន​រូប​នេះ​នឹង​បន្ត​ការ​ស្រាវជ្រាវ​នៅ​តាម​រោង​ចក្រ​មួយ​ ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​​ផលិត​​សំបក​វេច​ខ្ចប់​ក្នុង​ប្រទេស​អេស្ប៉ាញ​ ផង​ដែរ។ បន្ទាប់​ពី​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​​បាន​ប្រមាណ​ជា​៦០%​ វុឌ្ឍី​បាន​លើក​ឡើង​ថា​ ការ​ផលិត​ថង់​ប្លាស្ទិក​គឺ​គេ​តម្រូវ​ទៅ​តាម​ការ​ប្រើប្រាស់​ខុស​ៗ​គ្នា។

 

 

យុវជន ​រូប​នេះ​ បន្ត​ទៀត​ថា៖ “ប្រជាជន​ខ្មែរ​មួយ​ចំនួន​មាន​ការ​ខ្វះ​ចន្លោះ​ចំពោះ​រឿង​នេះ។ ​ថង់​ប្លាស្ទិក​ក្រាស់ ​ឬ​ស្ដើង​គឺ​មាន​ការ​ប្រើ​ប្រាស់ ​និង​គុណភាព​ខុស​គ្នា។ អ្នក​ខ្លះ​ប្រើ​ថង់​ប្លាស្ទិក​ដែល​ស្ដើង​ច្រក​ទឹក​សម្ល​ក្ដៅ​ វា​អាច​នឹង​ប៉ះ​ពាល់​ដល់​សុខភាព។ ម្យ៉ាង​ទៀត​ សំបក​វេច​ខ្ចប់​ ឬ​ថង់​ប្លាស្ទិក​ដែល​ផលិត​ចេញ​ពី​ប្លាស្ទិក​១០០%​ វា​អាច​ប៉ះ​ពាល់​ដល់​​បរិស្ថាន​ទៀត​ផង​ ព្រោះ​វា​មិន​ងាយ​ផុយ​រលួយ”។

 

បន្ទាប់ ​ពី​បញ្ចប់​ការ​សិក្សា​ស្រាវ​ជ្រាវ​នោះ​ វុឌ្ឍី​នឹង​ឡើង​បក​ស្រាយ​នៅ​សាកលវិទ្យាល័យ​ Girona  ហើយ​​គេ​នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ​ដោយ​យក​ស្នាដៃ​នោះ ​មក​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​របស់​ខ្លួន​ផង​ និង​ទុក​ជា​ឯកសារ​ផ្នែក​ចំណេះ​ដឹង​ថ្មី​មួយ​ផង​ ដល់​អ្នក​សិក្សា​ស្រាវជ្រាវ​ជំនាន់​ក្រោយ។

 

 

ម្យ៉ាង​វិញ​ទៀត​ រូប​គេ​ក៏​មាន​គម្រោង​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ លើ​ការ​ផលិត​សំបក​វេច​ខ្ចប់​ចំណី​អាហារ​នៅ​ប្រទេស​ថៃ​ ឬ​ទ្វីប​អឺរ៉ុប​បន្ត​ទៀត​ដែរ។ “ប្រទេស​ថៃ​ជា​គោល​ដៅ​ទី​មួយ​ ដោយសារ​តែ​ថៃ​នៅ​ជាប់​នឹង​ខ្មែរ​យើង​ ហើយ​ផលិត​ផល​ប្រទេស​នេះ​នាំ​ចូល​ស្រុក​ខ្មែរ​ភាគ​​ច្រើន​ជា​ផលិត​ផល​វេច​ ខ្ចប់។ ​ការ​សិក្សា​ពី​ប្រទេស​ជិត​ខាង ​អាច​ជា​​ការ​ងាយ​ស្រួល​ម្យ៉ាង​ដែរ​ ព្រោះ​ស្ថានភាព ​ឬ​វត្ថុ​ធាតុ​អាច​នឹង​ប្រើ​ប្រាស់​ស្រដៀង​គ្នា”។ វុឌ្ឍី​បញ្ជាក់​បន្ថែម។

 

វុឌ្ឍី​ ក៏​សង្ឃឹម​ដែរ​ថា​​ ប្រទេស​កម្ពុជា​នឹង​មាន​​រោងចក្រ​សម្រាប់​ផលិត​សំបក​វេច​ខ្ចប់​អាហារ​ ស្តង់ដារ​​ផ្ទាល់​ខ្លួន​នៅ​ថ្ងៃ​អនាគត។ ជា​ចុង​ក្រោយ​​ វុឌ្ឍី​ក៏​បាន​ផ្ដាំ​ផ្ញើ​ដល់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ខិត​ខំ​សម្រេច​នូវ​ បំណង​ប្រាថ្នា​ដែល​ខ្លួន​ចង់​បាន​ បើ​ទោះ​បី​ជា​ជួប​បរាជ័យ​នៅ​ដំណាក់​កាល​ដំបូង​ក៏​ដោយ​ ហើយ​ធ្វើ​ការងារ​ណា​ដែល​ល្អ​ៗ​បម្រើ​ដល់​សង្គម​ជាតិ៕

 

ថី វីរៈ កូន​ខ្មែរ​ក្រី​ក្រ​រៀន​នៅ​បរទេស​​តាំង​ពី​អាយុ​ ១៤ ​ឆ្នាំ ចង់​ក្លាយ​ជា​ស្ថាបត្យករ​ល្បី​ដូច​វណ្ណ​ម៉ូ​លី​វណ្ណ

​​កញ្ញា​រូប​ស្រស់​​សុខ​ចិត្ត​​ចោល​ការងារ​​ក្នុង​ម៉ាស៊ីន​ត្រជាក់​មក​លក់​​ទឹក​សណ្ដែក​​ខ្មែរ​​​

 

អត្ថបទ៖ ផល្លា សុម៉ាលីណា

អត្ថបទថ្មី