ក្ដី​ស្រលាញ់​ឪពុក​ចំពោះ​កូន​មាន​ពិត ទោះ​ស្លាប់​ខ្លួន​មិន​ប្រែ​

  • 2015-02-04 17:48:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្ដី​ស្រលាញ់​របស់​ឪពុក​ម្ដាយ​សុទ្ធតែ​ធំធេង​មិន​អាច​កាត់​ថ្លៃ​បាន និង​មិន​អាច​សង​រួច​បើ​ទោះ​ប្រើ​វិធី​បែប​ណា​ក៏​ដោយ។ ម្ដាយ​ជា​អ្នក​បង្កើត ចិញ្ចឹម​បីបាច់​ថែ​រក្សា​ឲ្យ​កូន​​ធំ​ដឹង​ក្ដី ចំណែក​ឪពុក​វិញ​មាន​តួនាទី​បញ្ចេញ​ពលកម្ម​រក​ស៊ី​ផ្គត់ផ្គង់​គ្រួសារ​ទាំង​មូល។ ទោះ​បែបនេះ​ក្ដី ពេល​ខ្លះ​អត់​ពី​ម្ដាយ​ទៅ ឪពុក​ត្រូវ​ដើរ​តួនាទី​ពីរ​តែ​ឯង ទាំង​ចិញ្ចឹម​បីបាច់​ថែ​រក្សា ទាំង​បញ្ចេញ​ញើស​ឈាម​ប្ដូរ​ប្រាក់​បន្ត​ជីវិត​រស់​ទៅ​មុខ។

 

 

វីដេអូ​ខ្សែ​រឿង​ខ្លី​មួយ បាន​បង្ហាញ​ពី​ឪពុក​ដែល​គ្មាន​ចំណេះ​ដឹង​ប្រឹង​រកស៊ី​ចិញ្ចឹម​កូន​តែ​ម្នាក់​ឯង ក្នុង​នាម​ជា​អ្នក​នេសាទ​ត្រី។ ដោយសារ​ការ​នឿយ​ហត់​ក្នុង​ការងារ លោក​មិន​ដែល​បាន​បង្ហាញ​ក្ដី​ស្រលាញ់​ចេញ​ជា​សកម្មភាព​ណា​មួយ​ឲ្យ​កូន​ពេញ​ចិត្ត​ឡើយ។ ក្នុង​កែវ​ភ្នែក​កូន​ប្រុស​វិញ មើល​ឃើញ​ឪពុក​ខ្លួន​ឯង​ដោយ​ស្ថានភាព​តឹងតែង មិន​ដែល​ឃើញ​ស្នាម​ញញឹម ព្រម​ទាំង​ខ្វះ​ភាព​កក់​ក្ដៅ។

 

ទោះ​ជា​មិន​បាន​បង្ហាញ​ចេញ​មក​ក្រៅ​ក្ដី ក៏​យើង​អាច​ដឹង​ថា ឪពុក​ម្នាក់​នេះ​ពិត​ជា​ស្រលាញ់​កូន​ខ្លួន​ឯង​ខ្លាំង​ណាស់។ ថ្ងៃ​មួយ ដោយ​ភាព​ក្រ​ខ្សត់ កូន​ប្រុស​ជា​ទី​ស្រលាញ់​បាន​ទៅ​លួច​លុយ​គេ ធ្វើ​ឲ្យ​លោក​ឪពុក​ខឹង​យ៉ាង​ខ្លាំង​រហូត​វាយ​កូន​ទាំង​ឈឺ​ចិត្ត​ខ្លួន​ឯង​។ ក្នុង​នាម​ជា​ឪពុក​ម្នាក់ ធ្វើ​ម្ដេច​នឹង​ទ្រាំ​មើល​ស្នាម​ជាំ​ពេញ​ខ្លួន​កូន​ដោយ​ភាព​ឈឺ​ចាប់​​បាន មាន​តែ​ដាច់​ចិត្ត​រក​អ្វី​មក​លាប​ឲ្យ​កូន​ទាំង​ក្ដី​បារម្ភ។

 

ការ​ប្រឹង​ប្រែង​របស់​លោក​ឪពុក បាន​សម្រេច​ក្ដី​ស្រមៃ​ទិញ​ផ្ទះ​នៅ​ដោយ​ខ្លួន​ឯង ឈប់​ជួល​គេ​ដូច​មុន ហើយ​វា​ជា​ក្ដី​រំភើប​សម្រាប់​គ្រួសារ​ដែល​មាន​តែ​ពីរ​នាក់​ក្រោម​ដំបូល​តែ​មួយ។ កូន​កាន់​តែ​ធំ​ពេញ​រូប​ពេញ​រាង គួរ​ណាស់​តែ​បាន​សោយសុខ​ជាមួយ​គ្នា ប៉ុន្តែ​ជា​អកុសល​ឪពុក​បាន​ធ្លាក់​ខ្លួន​ឈឺ​នៅ​វ័យ ៥៨​ឆ្នាំ រហូត​វង្វេង​បាត់​ការ​ចង​ចាំ ពេល​ខ្លះ​រហូត​ភ្លេច​ទាំង​កូន​ប្រុស​ខ្លួន​ឯង។ ដោយ​សារ​ពិបាក​ក្នុង​ការ​មើល​ថែ​ពេក កូន​បាន​យក​ឪពុក​ខ្លួន ទៅ​ផ្ញើ​នៅ​មណ្ឌល​ថែ​រក្សា​មនុស្ស​ចាស់។

 

ថ្ងៃ​មួយ​កូន​បាន​ទៅ​ទាន់ ពេល​ឪពុក​ខ្លួន​ត្រូវ​គេ​ធ្វើ​បាប និង​ប្រមាថ​យ៉ាង​ខ្លាំង បង្កើត​ជា​ភាព​ស្ដាយ​ក្រោយ។ ទោះ​ឪពុក​វង្វេង​ក្ដី ក៏​នៅ​ពេល​ចង​ចាំ​ឡើង​វិញ​ម្តង​ៗ បាន​ឆ្លៀត​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទុក​ឲ្យ​កូន​​ភ្ជាប់​ជាមួយ​រូប​ថត បូក​រួម​ទាំង​មូលប្បទានប័ត្រ​លុយ​មួយ​ចំនួន ដែល​លោក​ខំ​សន្សំ​ទុក​ពាក់​កណ្ដាល​ជីវិត​មក​ហើយ។ ក្នុង​សំបុត្រ​មាន​អត្ថន័យ​ថា "សូម​ទោស! មក​ពី​ប៉ា​ឈឺ ធ្វើ​ឲ្យ​រំខាន​ដល់​កូន​យ៉ាង​ខ្លាំង... ប៉ា​មិន​ចង់​ភ្លេច​កូន​ទេ ប៉ា​ព្យាយាម​ខ្លាំង​ណាស់​ទម្រាំ​អាច​ចាំ​កូន​បាន... កូន​ត្រូវ​ចេះ​មើល​ថែ​ខ្លួន​ឯង...”។

 

http://youtu.be/qdoKz2l-UOc

 

​​​​ទោះ​បី​គ្រាន់​តែ​ជា​សាច់​រឿង​ពិត​មែន ប៉ុន្តែ​វា​បាន​បង្ហាញ​ពី​ក្ដី​ស្រលាញ់​របស់​ឪពុក ពេល​អត់​ពី​ម្ដាយ និង​ការ​មើល​ថែ​ប្រកប​ដោយ​ភាព​យក​ចិត្ត​ទុក​ដាក់។ ឪពុក​ដាច់​ចិត្ត​វាយ​ឈឺ​រាង​កាយ​កូន ប៉ុន្តែ​ចិត្ត​ខ្លួន​ឈឺ​ចាប់​ជាង​នេះ​រាប់​រយ​ដង...។

 

ចុចអាន៖ អាច​ស្រក់​ទឹក​ភ្នែក! ទឹក​ចិត្ត​ឪពុក​គ​ថ្លង់​រើស​សំរាម ចិញ្ចឹម​កូន​ស្រី

 

ដោយ៖ គង់ វិសាល

អត្ថបទថ្មី