សិល្បករជាង​ ២០០ នាក់​ត្រៀម​សម្ដែង​ក្នុង​សន្និសីទ​ពិភព​លោក​ស្ដី​ពី​ទេសចរណ៍ និង​ វប្បធម៌ យប់​នេះ

  • 2015-02-04 21:38:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សិល្បករ-សិល្ប​ការិនី ប្រមាណ​ជាង ​២០០​ នាក់​ កំពុង​ហាត់​សម ដើម្បី​ត្រៀម​សម្ដែង​ជា​ផ្លូវ​ការ នៅ​ក្នុង​សន្និសីទ​ពិភព​លោក ស្ដី​ពី​ទេសចរណ៍ និង ​វប្បធម៌​នៅ​យប់​នេះ ធ្វើ​ឡើង​ក្នុង​បរិវេណ​លាន​ជល់​ដំរី នៃ​ប្រាសាទ​អង្គរ​ធំ។

 

 

ឯកឧត្ដម ហាប់ ទូច អគ្គនាយក​បច្ចេកទេស នៃ​ក្រសួង​វប្បធម៌​បាន​ឲ្យ​ Sabay ដឹង​មុន​នេះ​ថា សន្និសីទ​ក៏​មាន​ការ​ចូលរួម​ជា​អធិបតីភាព​ពី​លោក​ជំទាវ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង ​ឯកឧត្ដម ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ ព្រម​ទាំង​ថ្នាក់​ដឹកនាំ​តំណាង​គណៈកម្មការ​អន្តរក្រសួង។ ក្នុង​ឱកាស​នោះ ក៏​មាន​ការ​សម្ដែង​ទស្សនីយភាព​សិល្បៈ​ចំនួន ​២​ ម៉ោង​ជាប់​គ្នា ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​សិល្បករ-សិល្ប​ការិនី ​ជា​ច្រើន​នាក់ និង ​គ្រប់​ទម្រង់​ដូច្នេះ។

 

ឯកឧត្ដម​បន្ត​ថា សន្និសីទ​ខាង​លើ​រៀប​ចំ​ឡើង​នៅ​រាត្រី​ថ្ងៃ​ទី ​៤ និង​ ទី ​៥ ​ខែ ​កុម្ភៈ​នេះ ក្នុង​គោល​បំណង​រួម​គ្នា គឺ​​កសាង​ភាព​ជា​ដៃគូ​រវាង​វិស័យ​វប្បធម៌ និង ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​បន្ថែម​ទៀត។ ឯកឧត្ដម​បន្ត​ថា វិស័យ​ទាំង​ពីរ​នេះ មិន​អាច​កាត់​ផ្ដាច់​គ្នា​បាន​ទេ ត្រូវ​ពឹង​ផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក។

 

អគ្គនាយក​បច្ចេកទេស​រូប​នេះ​បន្ត​ទៀត​ថា ​អន្តរ​ក្រសួង​មាន​ទិសដៅ​ចង់​ឲ្យ​មាន​ការ​ប្រើប្រាស់​វិស័យ​ទេសចរណ៍ និង ​វប្បធម៌​ប្រកប​ដោយ​និរន្តរភាព និង​ កៀរគរ​ឲ្យ​មាន​ការ​មក​ទស្សនា​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន ដែល​ឱកាស​នោះ​ជា​ការ​ស្វែង​យល់​ពី​វប្បធម៌​ផង​ដែរ៕

 

 

 
 
 

 

អាន​អត្ថបទ៖ សុទ្ធ​តែ​តារា​ល្បីៗ​ថត ​MV ឲ្យ​ផលិតកម្ម “រៃ​មាស” ម្សិលមិញ

អាន​អត្ថបទ៖ ខួប​កូន​សោះ ច័ន្ទ សុធារ័ត្ន អញ្ជើញ​សុទ្ធតែ​តារា​ល្បីៗ

 

អត្ថបទ៖ សំ ជំនាញ

រូបភាព​៖ ក្រសួង​វប្បធម៌

អត្ថបទថ្មី