ឈិន ឡុង៖​ ភាពយន្ត​​​សំខាន់​​ជាង​​គ្រួសារ​ខ្ញុំ

  • 2015-02-10 22:32:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​បញ្ជាក់​ឱ្យ​កាន់​តែ​ច្បាស់​ពីជំហរ​​ការងារ និង​គ្រួសារ តារា​ក្បាច់គុន Jackie Chan (ឈិន ឡុង) បាន​ឱ្យ​ដឹង​ថា "ការថត​ខ្សែភាពយន្ត​មាន​សារៈសំខាន់​ជាង ចំណាយ​ពេល​ជាមួយ​គ្រួសារខ្ញុំ​​ទៅ​ទៀត"។

 

 ឈិន ឡុង និង​មិត្តរួមការងារ

ការ​ឱ្យ​ដឹង​ខាងលើ គឺ​តារា​វ័យ​៦០​ឆ្នាំ បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន នៅ​ឯ​សន្និសីទ​កាសែត​មួយ​ក្នុង​ប្រទេស​សិង្ហបុរី កាល​ពី​​ព្រឹក​ថ្ងៃ​អង្គារ​នេះ នៅ​ពេលលោក​ត្រូវ​បាន​​សួរ​ដេញដោល​ពី​រឿង​កូនប្រុស។

 

ឈិន ឡុង និយាយ​ជា​ភាសាចិន​ថា “ខ្ញុំ​មាន​អារម្មណ៍​ថា ការ​ថត​រឿង​គឺ​សំខាន់​ជាង​ការ​ជួប​​គ្រួសារ​ខ្ញុំ”។ នៅ​ពេល​អ្នកសារព័ត៌មាន​​សួរ​ថា តើ​លោក​នឹង​ចំណាយ​ពេល​ជាមួយ​​គ្រួសារ​ទេ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន? តារា​រូប​នេះ​តប​ថា “វា​ជា​​រឿង​ដូច​គ្នា​ទេ បើ​ទោះបី​​ខ្ញុំ​ជួប​ពួកគេ (គ្រួសារ) ថ្ងៃ​នេះ ស្អែក ឬ​ខាង​ស្អែក។ ប៉ុន្តែ​ពេល​ភាពយន្ត​ត្រូវ​បញ្ចប់ ពួកគេ (ក្រុមការងារ) ច្បាស់​ជា​ទៅ​អស់ ដូច្នេះ​ខ្ញុំ​គិត​ថា ភាពយន្ត​សំខាន់​ជាង។ ខ្ញុំ​នឹង​ជួប​គ្រួសារ​ខ្ញុំ​ក្នុង​ពេល​ឆាប់ៗ ឬ​នៅ​ពេល​ក្រោយ"។ ​

 

កន្លង​មក​ Jaycee វ័យ​៣២​ឆ្នាំ ដែល​ជា​កូន​ប្រុស ឈិន ឡុង បាន​បន្ទោស​ឈិន ឡុង​ថា ព្រងើយ​កន្តើយ មិន​ចេះ​ថែ​រក្សាខ្លួន​ឱ្យ​បាន​ល្អ ដែល​បណ្ដាល​ឱ្យ​រូបគេ​ធ្លាក់​ក្នុង​សង្គម​គ្រឿងញៀន។ សម្ដី​នេះ​បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​គគុក​​លើ​បណ្ដាញ​សារព័ត៌មាន ដែល​ជា​ហេតុ​ឱ្យ​គេ​យល់​ថា ទំនាក់ទំនង​របស់​អ្នកទាំងពីរ អាច​មាន​ភាព​រង្គោះរង្គើ​បន្តិច​បន្ទួច។

 

Jaycee ត្រូវ​តុលាការ​ទីក្រុង​ប៉េកាំង​កាត់​ទោស​ឱ្យ​ជាប់​ឃុំ​៦ខែ ពី​បទ​ប្រើប្រាស់​គ្រឿងញៀន និង​ផ្ដល់​កន្លែង​ដល់​អ្នកជក់​គ្រឿងញៀន កាល​ពី​ខែ​សីហា ឆ្នាំ​២០១៤ ហើយ​តារា​សម្ដែង​រូប​នេះ​​នឹង​ចេញ​ពី​ពន្ធនាគារ​វិញ​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ។ ​

 

ក្នុង​សន្និសីទ​ខាងលើ ឈិន ឡុង ត្រូវ​អ្នកសារព័ត៌មាន​សួរ​ទៀត​ថា "តើលោក​​​នឹង​និយាយ​អ្វី​ខ្លះ ពេល Jaycee ត្រូវ​ដោះលែង​ពី​ពន្ធនាគារ?"។ តារា​រូបនេះ​និយាយ​ថា លោក​នឹង​មិន​ធ្វើ​អ្វី​ទាំងអស់ ព្រោះ​មិន​ចង់​បញ្ឈឺ​ចិត្ត​កូនប្រុស​ម្ដង​ទៀត​ទេ។

 

“ខ្ញុំ​ជឿថា​៦ខែ​​ក្នុង​គុក ធ្វើ​ឱ្យ​គាត់​ព្រួយបារម្ភ​ពី​ជីវិត​ជូរចត់​ក្នុង​ពេល​អនាគត...ខ្ញុំ​យល់​ថា​គាត់​បាន​ទទួល​ទណ្ឌកម្ម ដែល​គាត់​សម​នឹង​ទទួល​ហើយ...ខ្ញុំ​ច្បាស់​ណាស់​ថា គាត់​យល់...គាត់​មិន​មែន​ក្មេង​ទៀត​ទេ"។ ឈិន ឡុង បន្ថែម។ ​​

 

ថ្មីៗ​នេះ ឈិន ឡុង និង​តារា​សម្ដែង​ច្រើន​ទៀត​ដូចជា John Cusack, Adrien Brody, Choi Siwon សមាជិក​ក្រុម Super Junior, Mika Wang និង Lin Peng បាន​ទៅ​ចូលរួម​ការ​ចាក់​បញ្ចាំង​រឿង "Dragon Blade" លើក​ដំបូង​នៅ​សិង្ហបុរី។ ភាពយន្ត​ចុងក្រោម "Dragon Blade" របស់​តារា​រូបនេះ នឹង​មាន​ចាក់​បញ្ចាំង​តាម​តំបន់​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥​ខាងមុខ៕

 

 បើ​ឈិន ឡុង និង​​Pacquiao​ សម្ដែងរឿង​​​​ “The Expendables 4” យល់​ម៉េចដែរ?

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Yahoo