៩​ចំណុច​ទៅ​លេង​ស្រុក​កំណើត​​ដោយ​សុវត្ថិភាព​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន​ខាង​មុខ!

  • 2015-02-11 17:25:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ចូល​រួម​​ទប់​ស្កាត់​ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​​​ផ្លូវ​គោក​ នា​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ចិន​ ដែល​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ខាង​មុខ​នេះ​ គណៈ​ធម្មាធិការ​ជាតិ​​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​អំពាវ​នាវ ​យ៉ាង​ទទូច​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​​ខ្មែរ​ទាំង​អស់​​ សូម​ឲ្យ​​យក​ចិត្ត​ទុក​ដាក់​ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​ឥរិយា​បទ​នៃ​ការ​បើក​បរ​ ជៀស​វាង​ឲ្យ​បាន​ នូវ​គ្រោះ​ថ្នាក់​​នានា ​លើ​ដង​ផ្លូវ ពេល​ធ្វើ​ដំណើរ​ទៅ​​មក​ស្រុក​កំណើត​។

 

 

ចំណុច​ទាំង​៩ នោះ​មាន​៖

 

១- មុន​ចាប់​ផ្ដើម​បើក​បរ​យាន​ជំនិះ​ អ្នក​បើក​បរ​ត្រូវ​ ប្រកាន់​​ទម្លាប់​ជា​ស្វ័យ​ប្រវត្តិ​ត្រួត​ពិនិត្យ​លក្ខណ​បច្ចេកទេស​យាន​ជំនិះ និង​លើក​កម្ពស់​ស្មារតី​ប្រុង​ប្រយ័ត្ន​ជានិច្ច ចំពោះ​គ្រោះ​ថ្នាក់​ចរាចរណ៍​​ដែល​អាច​កើត​មាន​ជា​យថា​ហេតុ​នៅ​លើ​ផ្លូវ​ថ្នល់។

 

២-អ្នក​បើក​បរ​រថយន្ត​ និង​អ្នក​រួម​ដំណើរ​ជាមួយ​ទាំង​អស់​ សូម​ពាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព​ឲ្យ​បាន​គ្រប់ៗ​គ្នា។

 

៣-អ្នក​បើក​បរ​ម៉ូតូ​ និង​អ្នក​រួម​ដំណើរ​ទាំង​អស់​ សូម​ពាក់​មួក​សុវត្ថិភាព​គ្រប់ៗ​គ្នា ពេល​ធ្វើ​ដំណើរ​ជិត​ ឬ​ឆ្ងាយ​ និង​គ្រប់​ពេលវេលា។ ត្រូវ​ចាំ​​ជា​និច្ច​ថា "មួក​សុវត្ថិភាព​មួយ ការពារ​ជីវិត​បាន​ម្នាក់"

 

៤-ត្រូវ​បើក​បរ​គោរព​ទៅ​តាម​ល្បឿន​​​ដែល​ច្បាប់​កំណត់​ គឺ​រថយន្ត​បើក​បរ​ក្នុង​ល្បឿន​ត្រឹម​តែ​ ៨០គីឡូម៉ែត្រ​ក្នុង​១ម៉ោង នៅ​ក្រៅ​ទីប្រជុំ​ជន​ ៤០ គីឡូម៉ែត្រ​ក្នុង​១ម៉ោង។ ចំពោះ​ម៉ូតូ​ ក្នុង​ទីប្រជុំ​ជន​ សូម​បន្ថយ​ល្បឿន​ឲ្យ​មក​ត្រឹម​តែ​ ៣០ គីឡូម៉ែត្រ​ក្នុង ១ម៉ោង។

 

៥-អ្នក​បើក​បរ​មុន​នឹង​ជែង​ ត្រូវ​ដឹង​​​ច្បាស់​ថា​ ផ្លូវ​ខាង​មុន​ទំនេរ អាច​ជែង​បាន​ដោយ​សុវត្ថិភាព​ ជៀស​វាង​ការ​ជែង​ដោយ​ប្រថុយ​ប្រថាន ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ជា​យថា​ហេតុ។

 

៦-អ្នក​បើក​បរ​សូម​គោរព​សិទ្ធិ​អាទិភាព​នៅ​ត្រង់​ផ្លូវ​ប្រសព្វ​ ដោយ​ត្រូវ​បើក​បរ​បន្ថយ​ល្បឿន​ នៅ​ពេល​ជិត​ដល់​ផ្លូវ​ប្រសព្វ​ និង​ត្រូវ​​ទុក​សិទ្ធិ​​ឲ្យ​អ្នក​បើក​បរ​ដែល​ធ្វើ​ចរាចរ​នៅ​លើ​ផ្លូវ​មាន​សិទ្ធិ​ទៅ​មុន។

 

៧-សូម​ចង​ចាំ​ជា​និច្ច​នូវ​ពាក្យ​ស្លោក​ដែល​ពោល​ថា "បើ​ពិសា​គ្រឿង​ស្រវឹង សូម​កុំ​បើក​បរ"។ ពាក្យ​ស្លោក​នេះ​​មាន​សារៈសំខាន់​​ចំពោះ​អាយុ​ជីវិត​ ព្រោះ​បើ​ស្រវឹង​ អ្នក​​បើក​បរ​នឹង​បាត់​ម្ចាស់​ការ អាច​រេ​ចង្កូត​ចុះ​ឡើង ភ្នែក​ស្រវាំង​ បន្ថែម​ល្បឿន​កាន់​តែ​លឿង ធ្វើ​ឲ្យ​លទ្ធភាព​គ្រោះ​ថ្នាក់​ដល់​ស្លាប់។

 

៨-ចំពោះ​រថយន្ត​ដឹក​អ្នក​ដំណើរ​ ឬ​រថយន្ត​ដឹក​ទំនិញ​ សូម​កុំ​ផ្ទុក​មនុស្ស​ ឬ​ទំនិញ​លើស​ច្បាស់​កំណត់ ជា​ពិសេស​រថយន្ត​​ដឹក​អ្នក​ដំណើរ មិន​ត្រូវ​ផ្ទុក​មនុស្ស​នៅ​លើ​ដំបូល​ឡើយ។

 

៩-នៅ​ពេល​បើក​បរ​ ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​សុជីវធម៌​ និង​ការ​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក។

 

គួរ​រំលឹ​ក​ដែរ​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ដង​ផ្លូវ​ គិត​ជា​មធ្យម​ ​​បាន​ឆក​យក​អាយុ​ជីវិត​​អ្នក​ធ្វើ​ដំណើរ​ ៦នាក់​ ស្លាប់​ក្នុង​មួយ​ថ្ងៃ​ ជា​ហេតុ​ធ្វើ​ឲ្យ​​ប្រទេស​កម្ពុជា​ខាត​បង់​ថវិកា​ក្នុង​មួយ​ឆ្នាំៗ​ រាប់​រយ​លាន​ដុល្លារ ដោយ​សារ​តែ​ឃាត​ករ​ឈាម​ត្រជាក់​មួយ​នេះ។

 

សូម​ជូន​ពរ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ ​ធ្វើ​ដំណើរ​​ទៅ​មក​ប្រកប​ដោយ​សុវត្ថិភាព​​ទាំង​​អស់​គ្នា!

 

អត្ថបទ៖ យិន សំបូរ​​​​​​​​​​​