និស្សិត​រូប​ស្រស់ ស្ម័គ្រ​ចិត្ត​​​រៀប​ការ​ជាមួយ​បុរស​ពិការ​ស្គាល់​តាម WeChat

  • 2015-02-11 21:08:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្រលាញ់​គ្នា​រវាង​មនុស្ស​ពីរ​នាក់ បង្កើត​ចេញ​ជា​ចំណង​ស្នេហា​មិន​អាច​កាត់​ផ្ដាច់​បាន រហូត​ឈាន​ជើង​ចូល​រោងការ​កសាង​អនាគត​រួម​គ្នា។ ទោះ​បី​ក្រ​ខ្សត់​ខ្វះ​ទ្រព្យ​ធន ទោះ​បី​ពិការ រូបរាង​មិន​ស្អាត ក៏​មាន​សិទ្ធិ​អាច​ទទួល​យក​ការ​ស្រលាញ់​ពី​មនុស្ស​គ្រប់​គ្នា​ដែរ។ នេះ​ហើយ​គឺ​ជា​ច្បាប់​ធម្មជាតិ ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​ទទួល​យក និង​មិន​អាច​គិត​ទុក​ជា​មុន​បាន។ តួយ៉ាង និស្សិត​ស្រី​ដ៏​​ស្រស់​ស្អាត​ម្នាក់ បាន​សម្រេច​ចិត្ត​ឈប់​រៀន និង​រក​មុខ​របរ​ផ្ទាល់​ខ្លួន ដើម្បី​អាច​មើល​ថែ​អនាគត​ស្វាមី​ពិការ​របស់​នាង។ ​​​​

 

 

នារី​រូប​ស្រស់​ដែល​ហ៊ាន​លះបង់​ដើម្បី​ស្នេហា​ស្មោះ មាន​ឈ្មោះ Xiao Dan ពេល​នេះ​មាន​វ័យ ២២​ឆ្នាំ​ហើយ។ នាង​បាន​ចាប់​ផ្ដើម​ផ្ញើ​សារ​ឆ្លង​ឆ្លើយ​ជាមួយ​បុរស​ពិការ​វ័យ ២៣​ឆ្នាំ​ឈ្មោះ Kong Chuang តាម​រយៈ​កម្មវិធី WeChat។ ៣​ថ្ងៃ​ក្រោយ​មក នាង​ក៏​បាន​សម្រេច​ចិត្ត​រៀប​ការ​ជាមួយ​បុរស​ពិការ​នោះ ដោយ​ទឹក​ចិត្ត​ស្រលាញ់​ស្មោះ​ពិត និង​មើល​ឃើញ​ពី​ភាព​ព្យាយាម​របស់​គេ។ ​​

 

នាង​បាន​រៀបរាប់​ថា "និយាយ​ជាមួយ​គាត់ មិន​ដូច​និយាយ​ជាមួយ​អ្នក​ផ្សេង​តាម​អនឡាញ​ទេ... គាត់​មើល​ទៅ​ដូច​ជា​មនុស្ស​អស្ចារ្យ​ម្នាក់ ហើយ​យើង​បាន​ឆាត​ជាមួយ​គ្នា​រហូត​ដល់​ដាច់​យប់"។ និស្សិត​ស្រី​នេះ បាន​បន្ត​ទៀត​ថា "ថ្ងៃ​បន្ទាប់ យើង​ឆាត​ជាមួយ​គ្នា​ម្ដង​ទៀត ហើយ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ទៅ​ជួប​គាត់ បើ​ទោះ​ខក​រៀន​​ក៏​ដោយ... ខ្ញុំ​មិន​ដឹង​ទាល់​តែ​សោះ​ថា​គាត់​ពិការ ប៉ុន្តែ​ពេល​ឃើញ​ភ្លាម មាន​អារម្មណ៍​ថា​ភ្ញាក់​ផ្អើល"។ ​

 

នារី​រូប​ស្រស់ ចាប់​ផ្ដើម​និយាយ​ជាមួយ​​បុរស​ពិការ​ដោយ​ការ​ពេញ​ចិត្ត ព្រោះ​រូបគេ​អាច​លេង​ព្យាណូ​បាន​យ៉ាង​ស្ទាត់​ជំនាញ ហើយ​រូបថត​ទៀត​សោត មើល​ទៅ​ដូច​ជា​តារា​សម្ដែង​ដ៏​ល្បី​របស់​តៃវ៉ាន់ Jay Chou ដែល​ទើប​រៀបអាពាហ៍ពិពាហ៍​ថ្មីៗ​នេះ។ ​​​​​អំឡុង​ពេល​និយាយ​គ្នា​នោះ នាង​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​បុរស​ពិការ​មាន​ភាព​សុទិដ្ឋិនិយម​ក្នុង​ការ​សម្លឹង​ឆ្ពោះ​ទៅ​មុខ ហើយ​នាង​មាន​អារម្មណ៍​ថា​បុរស​ម្នាក់​នេះ​បាន​លើក​ទឹក​ចិត្ត​នាង​យ៉ាង​ខ្លាំង។ ក្រោយ​មក នាង​បាន​និយាយ​តាម​ទូរសព្ទ​ជាមួយ​ឪពុក​ម្ដាយ ដោយ​បញ្ជាក់​ប្រាប់​ថា​នាង​ឈប់​រៀន និង​មាន​គម្រោង​រៀបការ​ផង​ដែរ។

 

 

គូ​ស្នេហ៍​ស្មោះ​ស្ម័គ្រ​ទាំង​ពីរ​នាក់​នេះ កំពុង​រស់​នៅ​ជាមួយ​គ្រួសារ​បុរស​ពិការ នៅ​ក្រុង​ក្វាងចូវ ខេត្ត​ក្វាង​ទុង ភាគ​ខាង​ត្បូង​ប្រទេស​ចិន។ នារី​រូប​ស្រស់ បាន​បញ្ជាក់​ថា នាង​ចង់​មាន​មុខរបរ​ផ្ទាល់​ខ្លួន និង​រើ​ទៅ​នៅ​កន្លែង​ណាមួយ​តែ​ពីរ​នាក់ ដែល​នាង​អា​ច​មើល​ថែ​បុរស​ជា​មនុស្ស​ពិការ​បាន។

 

ចំណែក​ឯ​បុរស​ពិការ​វិញ បាន​និយាយ​ដោយ​ក្ដី​រីករាយ​ថា "ខ្ញុំ​មិន​អាច​រៀបរាប់​ពី​ភាព​សុទិដ្ឋិនិយម​របស់​ខ្ញុំ​ទេ គ្រាន់​តែ​ដឹង​ថា​ខ្លួន​ឯង​ចង់​ធ្វើ​អី ហើយ​ប្រឹង​ប្រែង​ដើម្បី​សម្រេច​រឿង​នោះ"។ លោក​បាន​បន្ត​ទៀត​ថា ខ្លួន​ឯង​ពិត​ជា​មាន​សំណាង​ខ្លាំង​ណាស់​ដែល​នារី​រូប​ស្រស់​ជ្រើសរើស​ជា​គូ​អនាគត។ បុរស​កំពូល​សំណាង​​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មិន​អាច​សន្យា​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​នាង​ទេ ប៉ុន្តែ​នឹង​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង​ដែល​ខ្លួន​អាច​ធ្វើ​បាន ដើម្បី​ឲ្យ​គូស្នេហ៍​សប្បាយ​ចិត្ត៕ ​

 

ចុចអាន៖ ស្នេហា​ខុស​វ័យ​ស្ទើរ​ដូច​ឪពុក​កូន​ព្រោះ​ប្រាក់ កំពុង​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ Mirror