ម្តាយ​ធ្វើ​ការ​​រោង​ចក្រ​ ​ជម្នះ​រក​លុយខ្លួន​ឯង​​រៀន​​នៅ​មហាវិទ្យាល័យ​​មួយ​ឆ្នាំ​ជិត​១​ពាន់​ដុល្លារ​​

  • 2015-02-12 16:08:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ស្រុក​កំណើត​​​នៅ​ភូមិ​ព្រៃឈរ​ ឃុំ​ព្រៃឈរ​ ស្រុក​ព្រៃឈរ ខេត្ត​ កំពង់ចាម​ ​ម៉េង​ ពុទ្ធី​ គឺ​ជា​​និស្សិត​​ឆ្នាំ​​ទី​ ៣ ផ្នែក​​​គ្រប់​គ្រង​ពាណិជ្ជកម្ម ​​​​​​នៅ​​សាកលវិទ្យាល័យ ​បញ្ញា​សាស្ត្រ និង​ ជាអនុប្រធានសភានិស្សិត​ប្រចាំ​នៅ​សាកលវិទ្យាល័យ​។​​​ ម៉េង ពុទ្ធី​ ​បាន​ចាក​ចេញ​ពី​​គ្រួសារ​​មួយ​ ដែល​​ឪពុក​-ម្តាយ​ គឺ​ជា​កសិករ​ក្រីក្រ​ និង​ បាន​ជម្នះ​​ឧបសគ្គ​​​គ្រប់​បែប​យ៉ាង​ រហូត​​រក​​​​បាន​​ថវិកា​បង់​ថ្លៃ​សិក្សា​​​ ដោយ​ខ្លួន​ឯង​ ក្បែរ​១​ពាន់​ដុល្លារ​ ក្នុង​មួយ​​ឆ្នាំ​​។ ​

 

ជា​​កូន​ទី ១​ ក្នុង​ចំណោម​បង​ប្អូន​ ៣​ នាក់​ ពុទ្ធី បាន​​ប្រលង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា ទុតិយភូមិ ​(បាក់​ឌុប​)​ កាល​ពី​ឆ្នាំ ២០០៩​ ​បន្ទាប់​មក​ត្រូវ​បាន​ឪពុក-ម្តាយ ​​​បញ្ជូន​​ឲ្យ​រៀន​ជំនាញ​ជួស​ជុល​ម៉ូតូ​ ព្រោះ​គ្មាន​​លទ្ធភាព​​បង់​ថ្លៃ​សិក្សា​​នៅ​មហាវិទ្យាល័យ​បាន​​។ ម្យ៉ាង​​អ្នក​​​មាន​គុណ​​ទាំង​ពីរ​​​គិត​ថា​ បើ​​រៀន​​មិន​បាន​ច្រើន​ក៏​អាច​មាន​​ជំនាញ​មួយ​​ទុក​​គ្រាន់​ចិញ្ចឹម​ជីវិត​ដែរ​​។ ​ចៃដន្យ​​ថ្ងៃ​មួយ​​ ពុទ្ធី​ ត្រូវ​បាន​​មិត្តភ័ក្ដិ​ម្នាក់​ ​​បបួល​​ ពុទ្ធី​ រក​ការងារ​ធ្វើ​នៅ​​ភ្នំពេញ​​ ខុស​​ប្លែក​ពី​មិត្តភ័ក្ដិ​ដទៃ​ទៀត​ ដែល​ឡើង​​មក​ភ្នំពេញ​ដើម្បី​បន្ត​ការ​សិក្សា​។

 

​ទោះ​យ៉ាង​ណា​​ នេះ​គឺ​ជា ​​ដំណឹង​ល្អ​មួយ​សម្រាប់​ ​ពុទ្ធី​ ព្រោះ​បំណង​ប្រាថ្នា​របស់​ខ្លួន​ចង់​រៀន​​ដល់​មហាវិទ្យាល័យ​ ដូច​មិត្តភ័ក្ដិ​ដទៃ​ទៀត​ និង ​មាន​​ការងារ​ធ្វើ​ស្អាត​បាត​ ជាង​មុខ​របរ​ជួស​ជុល​ម៉ូតូ​។​ ទី​បំផុត​ ពុទ្ធី​ បាន​​បោះ​បង់​ចោល​ជំនាញ​រៀន​​ជួស​​ជុល​​​ម៉ូតូ​ ដែល​បាន​​ចាប់​​ផ្តើម​ត្រឹម​​​ពីរ​ខែ​ ​និង ឡើង​មក​ភ្នំពេញ​​​​​រក​ការងារ​ធ្វើ​ជាមួយ​មិត្តភ័ក្ដិ។ "ម៉ែ​ខ្ញុំ​បាន​ខ្ចី​លុយ​​គេ​២០​ម៉ឺន​រៀល​ ជា​សោហ៊ុយ​ធ្វើ​ដំណើរ​ និង​ការ​ហូប​ចុក​នៅ​​​ភ្នំពេញ ខ្ញុំ​ពន្យល់​គាត់​ថា​ ​ម៉ែ បើ​ខ្ញុំ​មាន​ការងារ ​នឹង​អាច​រៀន​​នៅ​សាកល​បាន​ហើយ​​”។ ពុទ្ធី​ បន្ថែម។

 

 

 

 

ការងារ​ដំបូង​របស់​ ពុទ្ធី​ គឺ​ជា​​ភ្នាក់​ងារ​ទីផ្សារ​នៅ​ក្រុមហ៊ុន​មួយ​ និង​​​ បាន​​ស្នាក់​នៅ​​បន្ទប់​ជួល​​ជាមួយ​មិត្តភ័ក្ដិ។ ធ្វើ​ការងារ​​​​បាន​បួន​ខែ​ មិន​​​ទទួល​បាន​​​ប្រាក់​ចំណូល​ទៀង​ទាត់​ ពុទ្ធី បាន​​លា​ឈប់​ បន្ទាប់​​មក​បាន​ប្តូរ​​​ទៅ​​ធ្វើ​ជា​សន្តិសុខ​វិញ​ម្តង។​ ពុទ្ធី បាន​​រៀប​រាប់​ថា​ ​ការងារ​សន្តិសុខ​​រាង​ហត់​នឿយ​​ជាង​ផ្នែក​ ទីផ្សារ​បន្តិច​មែន​​ ប៉ុន្តែ​​ អាច​​​ទទួល​ប្រាក់​ចំណូល​​​សម​ល្មម​ នឹង​សមត្ថភាព​​​យើង​។ ម្យ៉ាង​​អាច​​រក​ក្រៅ​បាន​ខ្លះ​ដែរ។ ​"ក្រៅ​ពី​ប្រាក់​ខែ ​​ខ្ញុំ​អាច​​​រក​បាន​ម៉ា​ថ្ងៃ​​ពី​​​ ៦​​ម៉ឺន​ទៅ​ ៧​ម៉ឺន​រៀល​ដែរ ​​​អញ្ចឹង​​បើ​គិត​​ជា​​​ខែ​ខ្ញុំ​អាច​រក​បាន​​ចន្លោះ​ពី​ ២៥០ ដុល្លារ​ទៅ​ជាង​ ៣០០ ​ដុល្លារ​​”។

 

ទោះ​​​​​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​​ក៏​ពិត​មែន​ ពុទ្ធី​ បាន​​លា​ឈប់​​ពី​ការងារ​​ជា​សន្តិសុខ​​ បន្ទាប់​ពី​សន្សំ​លុយ​បាន​ខ្លះ សម្រាប់​រៀន​នៅ​មហាវិទ្យាល័យ​។ ពុទ្ធី​ បាន​​ឲ្យ​តម្លៃ​ខ្លាំង​លើ​​​​ការ​សិក្សា​ជា​ជាង​ ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ ​ដែល​ទទួល​បាន​ពី​សន្តិសុខ​។ "សុបិន​របស់​ខ្ញុំ​ធំ​​បំផុត​​ពេល​នោះ​ គឺ​ចង់​រៀន​នៅ​មហាវិទ្យាល័យ ខ្ញុំ​មិន​អាច​មើល​ឃើញ​លុយ​​ទទួល​បាន​ពី​ការងារ​សន្តិសុខ​នេះ​ជា​ធំ​នោះ​ទេ​ ទិសដៅ​​​​របស់​យើង​គឺ​ការ​សិក្សា​មិន​មែន​​មក​រក​លុយ​នោះ​ទេ​​​”។ ​​​​​​​​​​​​​​​

 

​​​​ពុទ្ធី បាន​ចូល​រៀន​ថ្នាក់​បង់​​ថ្លៃ​​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្រ្ត ​លើ​​មុខ​វិជ្ជា​គ្រប់​គ្រង​ពាណិជ្ជកម្ម​ ដែល​​មាន​​តម្លៃ​សិក្សា​ក្បែរ​ ១ ពាន់​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ​។ ដោយ​សារ​​​តែ​មាន​​ទំនាក់​ទំនង​ល្អ​ និង ​អាច​និយាយ​ភាសា​​អង់គ្លេស​បាន​ខ្លះ​ ពុទ្ធី បាន​​ទទួល​ការងារ​នៅ​​ហាង​កាហ្វេ​មួយ​ ជា​ទី​កន្លែង​ដែល​​​ខ្លួន​​បាន​​បម្រើ​ការងារ​សន្តិសុខ​ពី​មុន​។ ​ពុទ្ធី​ បាន​​បែង​ចែក​ប្រាក់​ចំណូល​​​ ដែល​ទទួល​បាន​​​​ដំបូង​ជាង​ ១០០ ដុល្លា​ ដើម្បី​បង់​ថ្លៃ​សិក្សា​ ការ​ហូប​ចុក សម្ភារៈ​សិក្សា ការ​ស្នាក់​នៅ​​ និង​តិច​តួច​ផ្ញើ​ទៅ​អ្នក​មាន​​គុណ​នៅ​ឯ​ស្រុក​កំណើត​។ តែ​​គូរ​​ឲ្យ​ស្តាយ​​​អំឡុង​ខែ​​តុលា​ ឆ្នាំ​​ ២០១៤ កន្លង​ទៅ​ថ្មី​​​នេះ​ ឪពុក​ ពុទ្ធី បាន​លា​ចាក​លោក​​ដោយ​សារ​ជំងឺ​ម្រិញ​។ ចំណែក​ម្តាយ​​ ពុទ្ធី​ ​បន្ទាប់​ពី​​លោក​ឪពុក​ស្លាប់​ទៅ​បាន​ប្តូរ​ពី​របរ​លក់​បន្លែ​មក​ធ្វើ​ការងារ​​រោង​ចក្រ។​

 

ការ​​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ​​​បាន​រុញ​ច្រាន​ ពុទ្ធី ​ក្លាយ​ជា​អ្នក​ទទួល​​ខុស​ត្រូវ​ធំ​នៅ​ហាង​កាហ្វេ​​មួយ​​ និង​ទទួល​បាន​ប្រាក់​ខែ​​ជិត​ ៣០០ ដុល្លារ​។ ប៉ុន្តែ​ដោយ​សារ​​ប៉ះពាល់​ដល់​ការ​សិក្សា​ខ្លាំង​ ពុទ្ធី បាន​​លា​ឈប់​​​ ខណៈ​​ការ​សិក្សា​​បច្ចុប្បន្ន​ដល់​ឆ្នាំ​ទី ​៣។ "​​ដល់​ឆ្នាំ​ទី​៣ កិច្ច​ការ​​សាលា​មាន​ច្រើន​​។ ដូច្នេះ​ខ្ញុំ​មិន​អាច​ឲ្យ​ការងារ​ ប៉ះ​ពាល់​ដល់​ការ​សិក្សា​របស់​ខ្ញុំ​នោះ​ទេ។​ បច្ចុប្បន្ន​ខ្ញុំ​​ទទួល​បាន​​ការងារ​​ក្រៅ​ម៉ោង​ខ្លះ និង ​បន្ត​រក​ការងារ​​ក្រៅ​ម៉ោង​បន្ថែម​ទៀត​ ដែល​មិន​ប៉ះ​ពាល់​ដល់​ការ​សិក្សា​របស់​ខ្ញុំ​”។ ពុទ្ធី បន្ថែម។

 

​​​​​ក្រោយ​ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​​ ពុទ្ធី ​មាន​បំណង​ ប្រលង​យក​​​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត​នៅ​បរទេស​​ បន្ទាប់​មក​​រក​ការងារ​ធ្វើ​ ដើម្បី​ទទួល​បាន​​បទ​ពិសោធន៍​ និង ​​គ្រោង​​បង្កើត​​មុខ​​របរ​ ដោយ​ខ្លួន​ឯង​ទៅ​ថ្ងៃ​អនាគត​។ ពុទ្ធី​ បាន​​បន្ថែម​​ថា​ ​កត្តា​ដែល​នាំ​​ខិត​ខំ​ប្រឹង​ប្រែង​ មក​ដល់​ពេល​នេះ​​គឺ​ មតិ​ទូន្មាន​ដ៏​​មាន​តំលៃ​របស់​លោក​ឪពុក​ និង​អ្នក​ម្តាយ ព្រម​​ទាំង​បំណង​ប្រាថ្នា​ផ្ទាល់​ខ្លួន​។ "ពុក​​ និង​ម៉ែ​ខ្ញុំ ​គាត់​មិន​រៀន​​បាន​ច្រើន​ តែ​គាត់​តែង​ជំរុញ​កូន​ឲ្យ​រៀន​បាន​ច្រើន​។ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​តស៊ូ​។ តួ​យ៉ាង​ពេល​​មួយ​ ដែល​ខ្ញុំ​នៅ​​ធ្វើ​ជា​សន្តិសុខ​​ម៉ែ​ខ្ញុំ​ផ្ញើ​សៀង​ពី​​ស្រុក​មក​ច្រក​ដបជ័រ​​ ទុក​ហូប​ជា​មួយ​បាយ​ មួល​គំរប​​​​ទុក​ក្រោម​ដើម​ឈើ​​ត្រូវ​​ថ្ងៃ​ផង​អី​ផង​​ឡើង​បែក​ពពុះ​ ប៉ុន្តែ​វា​នៅ​តែ​មាន​​រស់​ជាតិ​សម្រាប់​ខ្ញុំ​ ហើយ​រឿង​មួយ​ទៀត​​ពេល​ខ្ញុំ​ជិះ​កង់​ រលាក់​​​ធ្លាក់​បាយ​​ខ្ចាយ​ពេញ​​​ផ្លូវ​ ខ្ញុំ​ខំ​ស្រវា​ រើស​បាយ​ដែល​ជ្រុះ​ទុក​ហូប​ ។ នេះ​គឺ​ជា​រឿង​មួយ​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​​”។

 

ពុទ្ធី ​ទទួល​បាន​បទ​​ពិសោធន៍​ជា​ច្រើន​ ក្នុង ​វិស័យ​​ការងារ​។ យុវជន​រូប​នេះ​​​មិន​យល់​ស្រប​​​ទាំង​ស្រុង​ទៅ​នឹង​ទស្សនៈ​​ថា​ រៀន​ផង​ធ្វើ​ការងារ​មិន​ល្អ​​នោះ​ទេ​។ សម្រាប់​​ ពុទ្ធី​ ​​​ចំណុច​សំខាន់​តើ​យើង​​​ចេះ​រៀន ​​ចេះ​ធ្វើ​ការងារ​ និង​​ចេះ​ស្វែក​រក​​អ្វី​ដែល​​ថ្មី​​ ​​​​ឬ​ទេ​?​ បើ​យើង​ចេះ​បែង​ចែក​ពេល​វេលា​បាន​ល្អ​នឹង​មិន​ប៉ះពាល់​នោះ​​​ឡើយ​។​ នៅ​កន្លែង​ការងារ​ក៏​យើង​អាច​រៀន​​បាន​ដែរ​។​  ​

 

​រឿង​ដ៏​សំខាន់​ ដែល​ ពុទ្ធី​ ​​​ផ្តាំ​ផ្ញើ​ទៅ​​យុវជន​ ​គឺ​ការ​តាំង​ចិត្ត​ និង​ការ​កំណត់​គោល​ដៅ​មួយ​ច្បាស់​លាស់​ ​បន្ទាប់​មក​ត្រូវ​ចេះ​​រៀប​ចំ​ផែន​ការ​​មួយ​​សម្រាប់​ខ្លួន​ឯង​ និង​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​​ឲ្យ​​អស់​លទ្ធភាព​។ ​សូម​កុំ​យក​លុយ​​ជា​ឧបសគ្គ​ កុំ​យក​ស្ថាន​ភាព​គ្រួសារ​ជា​បញ្ហា​ កុំ​យក​លេស​​ជា​បញ្ហា​។ យើង​អាច​បញ្ហា​ទុក​​ដោយ​ឡែក​ និង​ យក​​អ្វី​ដែល​ជា​បំណង​ប្រាថ្នា​ធំ​​​ដាក់​ពី​មុខ​៕​​

 

 

https://www.youtube.com/watch?v=KA59aVRyJzI

 

អត្ថបទ៖មៃ សុខលីម

អត្ថបទថ្មី