Angelina Jolie ចង់​​​​បង្កើតសាលា​​ប្រឆាំង​អំពើ​ហឹង្សា​ផ្លូវភេទ​លើ​ស្ត្រី​​​ក្នុង​សង្គ្រាម

  • 2015-02-12 19:10:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ហូលីវូដ Angelina Jolie បាន​និយាយ​ថានាង​សង្ឃឹម​ថា ​មជ្ឈមណ្ឌល​សិក្សា​​​ពី​​​ស្ត្រី ​​សន្តិភាព និង​​សន្តិសុខ​សម្រាប់​ស្ត្រី​​ដំបូង​គេ​របស់អង់គ្លេស​​​​​នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ស្ត្រី​រាប់​លាន​នាក់ ​​​ក៏​ដូច​ជា​ក្មេងស្រី​ជំទង់​អ៊ីរ៉ាក់​ម្នាក់​ដែល​នាង​បាន​ជួប គឺ​​ត្រូវ​ពួក​រដ្ឋអ៊ីស្លាម​ជ្រុលនិយម ចាប់​ធ្វើ​ជា​ទាសករ​ផ្លូវភេទ​​​ដែរ។

 

Angelina Jolie ថ្លែង​ទៅ​អ្នកសារព័ត៌មាន ពេល​ទៅ​សួរសុខទុក្ខជនភៀសខ្លួនឃឺដ

នៅភាគខាងជើងអ៊ីរ៉ាក់ (២៥ មករា ២០១៥)

 

ក្នុង​ពិធី​បើក​មជ្ឈមណ្ឌល​​នេះ​នៅ​សាកលវិទ្យាល័យ​​សេដ្ឋកិច្ច​ទីក្រុងឡុងដុង​​ ​​កាល​ពី​ថ្ងៃ​អង្គារ Jolie បាន​​នឹក​ឃើញ​ដល់​ក្មេងស្រី​វ័យ​១៣​ឆ្នាំ​ម្នាក់ ដែល​នាង​និយាយ​ជាមួយ​នៅ​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​បី​សប្ដាហ៍​មុន។ នាង​ត្រូវ​ពួក​ទាហាន​រដ្ឋ​អ៊ីស្លាម​ជ្រុលនិយម​ ចាប់​រំលោភនិង​ទុកធ្វើ​ជា​ទាសករ​សិច។

 

ក្មេង​ស្រី​នោះ​អាច​មិន​​បាន​បញ្ចប់​ការសិក្សា ​​​ត្រូវ​រៀបការ ឬ​មាន​កូន​ដោយសារ​ការចាប់​រំលោភ​​ត្រូវ​បាន​គេ​ចាត់ទុក​ថាជា​អំពើ​អៀនខ្មាសបំផុត ​ក្នុង​សង្គម​របស់​នាង។

 

"អនាគត​ដ៏​មាន​ស្ថិរភាព​មួយ មិន​អាច​កើត​មាន​បាន​ទេ បើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​ស្ត្រី​មិន​ត្រូវ​បាន​អើពើ ដែល​ធ្វើឲ្យក្មេងស្រី មិនអាចឈាន​ដល់​សក្តានុពល​កំពូល​របស់ខ្លួន ហើយ​ក្មេងៗ​ឃើញ​ម្ដាយ​របស់​ខ្លួន​ត្រូវ​ជិះជាន់ រង​ហិង្សា និង​សម្លាប់​នោះ"។ តារា​វ័យ៣៩​ឆ្នាំ​បញ្ជាក់។

 

មាន​ការ​ចូល​រួមពីអតីត​រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក William Hague នាឱកាស​នោះ តារា​សម្ដែង​ល្បី Jolie ថា នាង​សង្ឃឹម​ថា មជ្ឈមណ្ឌលនឹង​បញ្ចប់​ការស្រាវជ្រាវ ហើយ​ប្រមូល​នូវ​ទិន្នន័យ​ស្ដី​ពី​ហិង្សា​ផ្លូវភេទ​ក្នុង​សង្គ្រាម និង​ស្វែងរក​មធ្យោបាយ ដើម្បី​បញ្ចប់​ឧក្រិដ្ឋកម្ម ដែល​កើត​ឡើង​នៅ​តំបន់​សង្គ្រាម។

 

កាល​ពី​ឆ្នាំ​ទៅ​មិញ Jolie និង Hague បាន​រៀបចំ​កិច្ចប្រជុំ​សាកល​មួយ​ ស្ដី​ពីអំពើ​ហិង្សា​ផ្លូវភេទ ដើម្បី​បង្ហាញ​ពី​សិទ្ធិ​របស់​ជនរងគ្រោះ៕

 

 

 Angelina Jolie ចុះ​ជួប​ជន​រងគ្រោះ​ដោយ​សារ​ក្រុម ISIS ដល់​ជំរំ​​នៅ​អ៊ីរ៉ាក់​

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Channelnewsasia