Angelina Jolie ចុះ​ជួប​ជន​រងគ្រោះ​ដោយ​សារ​ក្រុម ISIS ដល់​ជំរំ​​នៅ​អ៊ីរ៉ាក់​

  • 2015-01-26 22:35:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង​អាមេរិក Angelina Jolie បាន​ធ្វើ​ដំណើរ​ទៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២៥ ខែ​មករា ដើម្បី​ចុះ​សួរ​សុខ​ទុក្ខ​ជនរងគ្រោះ​ដោយ​ក្រុម​ឥស្លាម​ជ្រុល​និយម (ISIS) ដែល​កំពុង​រស់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន។

 

 

ក្នុង​នាម​ជា​គណៈកម្មការ​ជាន់​ខ្ពស់​នៃ​អង្គការ​សហប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន Jolie បាន​ទៅ​ដល់​ជំរំ Khanke ដែល​បច្ចុប្បន្ន​មាន​ជន​ភៀស​ខ្លួន​ចំនួន ១ម៉ឺន​គ្រួសារ​រស់​នៅ ដែល​ប្រជាជន​ទាំង​នោះ​ត្រូវ​បាន​បង្ខំ​ឲ្យ​បោះបង់​ផ្ទះ​សម្បែង​របស់​ខ្លួន បន្ទាប់​ក្រុម​រដ្ឋ​ឥស្លាម ISIS ចូល​ឈ្លានពាន។​

 

បន្ទាប់​ពី​សម្ដែង​ការ​គួរ​សម​ដល់​ប្រជាជន​នៅ​ទី​នោះ តារា​វ័យ ៣៩ឆ្នាំ​រូប​នេះ បាន​ថ្លែង​សុន្ទរកថា​មួយ​ ជំរុញ​ឲ្យ​មេ​ដឹកនាំ​នានា​លើ​ពិភពលោក​ចូល​រួម​ទាំង​អស់​គ្នា​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​ស៊ីរី និង​អ៊ីរ៉ាក់។

 

Jolie បាន​និយាយ​ប្រាប់​សារព័ត៌មាន Daily Mail ថា “ប្រជាជន​ស្លូត​ត្រង់​ជា​ច្រើន​នាក់ កំពុង​រង​គ្រោះ​ដោយ​សារ​តែ​ជម្លោះ​នៅ​ស៊ីរី និង​ការ​រីក​រាល​ដាល​របស់​ក្រុម​បះបោរ។ យើង​មិន​អាច​សម្ងំ​យក​សុខ​តែ​ម្នាក់​ឯង​ឡើយ យើង​ត្រូវ​តែ​ជួយ​ការពារ​អ្នក​នៅ​ក្នុង​ជំរំ និង​ទីក្រុង​ជា​ច្រើន​ទៀត​​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី រង​ការ​បំផ្លាញ​ដោយ​សារ​សង្គ្រាម"។​​

 

កន្លង​មក​តារា​សម្ដែង​ម្ចាស់​ពាន​ Oscar រូប​នេះ ធ្លាប់​បាន​មក​ដល់​តំបន់​មជ្ឈិម​បូព៌ា​ជា​ច្រើន​លើក​រួច​មក​ហើយ ក្នុង​នាម​ជា​អ្នក​តំណាង​​អង្គការ​សហប្រជាជាតិ ហើយ​នៅ​ឆ្នាំ​២០១២ នាង​បាន​ទៅ​ដល់​តំបន់​​ឧទ្ទាម​ Kurdistan នៃ​ប្រទេស​អ៊ីរ៉ាក់ និង​ជំរំ​ជន​ភៀស​ខ្លួន នៅ​ទីក្រុង Erbil។

 

មិន​តែ​ប៉ុណ្ណោះ Angelina Jolie គឺ​ជា​សកម្មជន​មួយ​រូប​ដែល​តែងតែ​ចុះ​ផ្ទាល់​ដល់​តំបន់​អាហ្វ្រិក ដែល​រង​គ្រោះ​ដោយ​សារ​សង្គ្រាម សម្រាប់​យុទ្ធនាការ​បញ្ចប់​អំពើ​រំលោភ​ផ្លូវ​ភេទ​ក្នុង​សង្គ្រាម​ ដែល​នាង​បាន​សហការ​ជាមួយ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អង់គ្លេស William Hague ៕​​​

 

 ចុច​អាន៖Angelina Jolie បង្ហាញ​មហិច្ឆតា ចង់​ប្រឡូក​ក្នុង​នយោបាយ​

 
 
 
 
 
 
 

ចុច​អាន៖ក្រឡេក​មើល​រូបថត​សិចស៊ី​ដល់​កំពូល​របស់ Angelina Jolie កាល​នៅ​វ័យ ១៩ឆ្នាំ​

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ usmagazine ,dailymail