រៀបការ​រួច ពេជ្រ សោភា ពោល​សរសើរ​​ប្ដី

  • 2015-02-12 23:09:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​រៀប​ការ​ប៉ុន្មាន​ថ្ងៃ ពេជ្រ សោភា បាន​ពោល​សរសើរ​ប្ដី​ថា ជា​បុរស​មាន​លក្ខណៈ​ល្អ​គ្រប់យ៉ាង ដែល​ធ្វើ​ឲ្យ​ការ​រង់​ចាំ​របស់​នាង​ ៣០ ​ឆ្នាំ​ កន្លង​មក​នេះ មិន​ខក​បំណង​ឡើយ។

 

សោភា បាន​ប្រាប់ ​Sabay ​ រសៀល​នេះ​ថា ក្រៅ​ពី​មាន​សន្ដាន​ចិត្ត​ល្អ និង ​ការងារ​ត្រឹម​ត្រូវ​ហើយ​នោះ បុរសម្នាក់នេះ ជា​មនុស្ស​ផ្ដល់​តម្លៃ​ឲ្យ​នាង​ណាស់ ហើយ​មាន​ការ​គោរព​ចំពោះ​ការ​សម្រេច​ចិត្ត​រៀង​ខ្លួន​ទៀត​ផង និង ​ប្រកប​ដោយ​ការ​យោគយល់​គ្នា។ តារា​ចម្រៀង​រូប​នេះ​អះអាង​ថា សូម្បី​ម្ដាយ​ក្មេក​របស់​អ្នក​នាង ​កំពុង​រស់​នៅ​អាមេរិក ក៏​ជា​មនុស្ស​គួរ​ឲ្យ​គោរព​ណាស់​ដែរ ទើប សោភា ចាត់​ទុក​ខ្លួន​ឯង​ជា​មនុស្ស​មាន​សំណាង។

 

 

 

អ្នក​នាង​ និយាយ​ថា៖ "ខ្ញុំ​ត្រូវ​តែ​សប្បាយ​ចិត្ត​ ព្រោះ​មាន​ប្ដី​ល្អ និង ​ម្ដាយ​ក្មេក​ល្អ ហើយ​អាច​រួម​រស់​នៅ​ជាមួយ​គ្នា​បាន​ដោយ​សុភមង្គល។ ប្ដី​ប្រពន្ធ​យើង​ទាំង​ពីរ​តែង​រក្សា​ភាព​ថ្លៃថ្នូរ​ទៅ​វិញ​ទៅ​មក"។ តារា​រូប​នេះ​បន្ត​ថា សូម្បី​តែ​រូប​ភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា ខុស​បែបបទ​ប្រពៃណី ក៏​ពួក​គេ​មិន​ដែល​មាន ឬ ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ឲ្យ​នរណា​ម្នាក់​បាន​ឃើញ​ឡើយ។

 

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ថ្មីៗ​នេះ ​តារា​ចម្រៀង ពេជ្រ សោភា បាន​ធ្វើ​ការ​ឆ្លើយ​តប​ចំពោះ​ការ​រិះគន់​មួយ​ចំនួន​ផង​ដែរ ពាក់ព័ន្ធ​ទៅ​នឹង​សកម្មភាព​ច្រៀង​រាំ​​របស់​នាង​ជាមួយ​ស្វាមី​ក្នុង​ថ្ងៃ​រៀបការ។ អ្នក​រិះគន់​ខ្លះ​បាន​លើក​ឡើង​ថា សកម្មភាព​រាំរែក​នៅ​លើ​ឆាក​នោះ គឺ​មិន​មែន​ជា​ស្ត្រី​ខ្មែរ​នោះ​ទេ។ សោភា និយាយ​ថា៖ "មិន​មែន​កូន​ខ្មែរ​យ៉ាង​ម៉េច បើ​ឪពុក​ខ្ញុំ​អ្នក​កំពង់​ស្ពឺ ម្ដាយ​ខ្ញុំ​ជា​អ្នក​ព្រៃវែង​ហ្នឹង។ ខ្ញុំ​សប្បាយ​លា​ពាក្យ​កញ្ញា​មក​ជា​អ្នក​នាង​តើ! ខុស​ដែរ?”។

 

តារា​រូប​នេះ​បាន​រៀបរាប់​ថា បើ​ស្លៀក​ហូល​ផាមួង​ខ្មែរ​ហើយ​រាំ​ញាក់​នោះ គឺ​ពិត​ជា​មិន​សម​មែន​ហើយ។ ប៉ុន្តែ​នាង​ស្លៀក​រ៉ូប​បែប​អឺរ៉ុប​ប៉ុណ្ណោះ និង ​បន្ទាប់​ពី​កម្មវិធី​នានា ក្នុង​បែបបទ​ប្រពៃណី​ខ្មែរ​បាន​បញ្ចប់​ទៅ និង​ ត្រឹមត្រូវ​តាម​ទម្រង់​ដើម ​១០០%​ ទៀត​ផង។ តារា​រូប​នេះ​បន្ថែម​ចុង​ក្រោយ​ថា នៅ​ពេល​ណា​អ្នក​រិះគន់​នោះ បាន​រៀប​ការ​ដែរ ទើប​ដឹង​ថា ពិធី​រៀប​អាពាហ៍ពិពាហ៍​មាន​តម្លៃ​ប៉ុណ្ណា​សម្រាប់​ស្ត្រី​ខ្មែរ៕

 

 

 

 

 

អានអត្ថបទ៖ ខៀវ សុខារ៉ាវី ប្រកែក​រឿង​ប្ដី​លែង ហើយ​នាង​​​រត់​ចូល​សិល្បៈ​វិញ

អានអត្ថបទ៖ សើច​ទៀត…Pey Pey Dy ប៉ះ​ម្ចាស់​បទ “Apologize” !!!

 

 

អត្ថបទ៖ សំ ជំនាញ