ស៊ីនឌី៖ភេទទី៣ ធ្វើបានអ្វីខ្លះ?
- 2015-02-13 17:18:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីនឌី៖ភេទទី៣ ធ្វើបានអ្វីខ្លះ?
ចន្លោះមិនឃើញ
ភេទទី៣ កាន់តែបង្ហាញសកម្មភាពដ៏សកម្មឡើងលើជ្រុងនានានៃសង្គមកម្ពុជានា រយៈពេលចុងក្រោយនេះ។ ប៉ុន្តែទោះយ៉ាងណាក៏ក្នុងចំណោមពួកគេមាន ខ្លះនៅតែមិនខ្វាយខ្វល់ពីការរៀនសូត្រ ឫស្វែងរកជំនាញអ្វីទេ គឺផ្ដោតតែលើចំណូលចិត្តខាងតុបតែងខ្លួនដើរលេងសប្បាយប៉ុណ្ណោះ ។ក៏ប៉ុន្តែភេទទី៣មួយចំនួនដែលបានព្យាយាម ជម្នះការរើសអើងពីសង្គម និងខិតខំបង្កើតអាជីពសម្រាប់ជីវិតរបស់ខ្លួនរហូតទទួលបានជោគជ័យ មិនបាននៅឆ្ងាយពីការទទួលស្គាល់ក្នុងសង្គមទេ។ នៅក្នុងទំព័រនេះ Sabay សូមនាំអារម្មណ៍មិត្តយុវវ័យទៅស្គាល់ដែលទទួលបានជោគជ័យក្នុងអាជីវកម្មគួរអោយកត់សំគាល់មួយរូប កញ្ញា ស៊ីនឌី។
Sabay៖ សួរស្ដី ស៊ីនឌី មមាញឹកណាស់មែនទេរាល់ថ្ងៃនេះ? ស៊ីនឌី៖ ចាស៎! មមាញឹកគួរសមដែរបង។ Sabay៖ អាចប្រាប់មិត្តអ្នកអានបានទេថា បច្ចុប្បន្នកញ្ញាមានអាជីវកម្មផ្ទាល់ខ្លួនអ្វីខ្លះ? ស៊ីនឌី៖ ចាស៎! មិនមានច្រើនទេបង មានតែ២ប៉ុណ្ណោះសម្រាប់អាជីវកម្មផ្ទាល់ខ្លួន គឺហាង អ៊ុតសក់នៅ DN នេះ មួយ និង ហាងរៀបចំផ្កាតុបតែងតាមផ្ទះមួយទៀតនៅផារ៉ាហ្កន។ ហើយក៏មានសំអាងការមួយទៀតដែរបើកចូលហ៊ុនគ្នាជាមួយមិត្តភ័ក្ដិ។ Sabay៖ ស៊ីនឌី អាចរៀបរាប់ពីការរៀនសូត្រ របស់ខ្លួនបានទេ ? ស៊ីនឌី៖ ចាស៎ តាមពិតទៅខ្ញុំរៀនមិនសូវឆ្លាតនោះទេបង។ និយាយទៅ ខ្ញុំបានឡើងថ្នាក់ដោយសារតែជួយធ្វើក្រចក ធ្វើសក់ឲ្យគ្រូ ។ ខ្ញុំធ្លាប់ជានិស្សិតរៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បផ្នែក ខាងសៀក។ ខ្ញុំរៀនសៀកបានពីរឆ្នាំខ្ញុំក៏ប្ដូរមករៀនផ្នែករបាំវិញ។ ខ្ញុំរៀនដល់ឆ្នាំទី៣ ខ្ញុំឈប់រៀនរួចហើយត្រឡប់មករៀនអ៊ុតសក់នេះតែម្ដង។ កាលនោះខ្ញុំរៀនអ៊ុតសក់នៅហាងមួយម្ដុំផ្សាដីហុយ។ កាលនោះតម្លៃរៀនគេយកតែ១ជីមាសទេ ខ្ញុំរៀននៅទីនោះបានប្រហែលជាមួយឆ្នាំ រួចហើយមករៀននៅហាងមួយម្ដុំផ្លូវត្រសក់ផ្អែម….បើនិយាយទៅខ្ញុំរៀនអ៊ុតសក់ប្រហែលជា៦ឆ្នាំ។ Sabay៖ ក្រៅពីរៀនអាជីពជាជាងអ៊ុតសក់សំអាងការនៅស្រុកខ្មែរ តើកញ្ញាមានទៅរៀនបន្ថែមនៅបរទេសទៀតទេ? ស៊ីនឌី៖ បន្ទាប់ពីខ្ញុំបើកហាងអ៊ុតសក់រួច ខ្ញុំបានទៅរៀនបន្ថែមនៅប្រទេស ថៃ សិង្ហបុរី ហុងកុង ហើយរាល់ការរៀនវគ្គនីមួយៗនៅបរទេសសុទ្ធតែទទួលបានសញ្ញាប័ត្រទាំង អស់។
Sabay៖ចង់ឲ្យកញ្ញារៀបរាប់បន្តិច កាលពីដំបូងឡើយអាជីវកម្មនេះ កើតឡើងរបៀបណា? ស៊ីនឌី៖ ចាស៎ ក្រោយពីខ្ញុំរៀនចប់ជំនាញអ៊ុតសក់សំអាងការនេះហើយ ខ្ញុំមិនទាន់បើកហាងដោយខ្លួនឯងនេះទេ ពេលនោះខ្ញុំបានសុំគេដើរតាមសំអាងការរបស់គេសិន និងធ្វើតាមផ្ទះដែលគេស្គាល់ខ្ញុំគេហៅទៅធ្វើ។ នៅពេលមួយមានមិត្តភ័ក្ដិបានណែនាំថា គួរតែបើកហាងមួយតូចដោយខ្លួនឯងហើយ ល្មមឈប់ ដើរតាមសំអាងការទៀតទៅ ។ ពេលនោះខ្ញុំក៏បានសាកល្បងបើកហាងតូចមួយនៅផាក់ហ្វេ។ Sabay៖ ការបើកអាជីវកម្មដំបូងមានដើមទុនប៉ុន្មានដែរ? ប្រាក់ទាំងនេះបានមកពីណា?
ស៊ីនឌី៖ កាលនោះខ្ញុំមានប្រាក់ប្រហែលជាង១ពាន់ដុល្លារទេ ខ្ញុំត្រូវជួលកន្លែងគេមួយខែ២០០ដុល្លារ។ ចំពោះប្រាក់ដែលបើកហាងនោះគឺបានមកពីការសន្សំពីការដើរតាម សម្អាងការ និងការដើរផាត់មុខធ្វើសក់ឲ្យគេនៅតាមផ្ទះ។ Sabay៖ បន្ទាប់មកតើរៀបចំគម្រោងបែបណាខ្លះលើអាជីវកម្មនេះ? ចុះនរណាខ្លះជាអ្នកជួយរៀបចំ ? ស៊ីនឌី៖ ដូចជាគ្មាននរណាជួយធំដុំផង មានមិត្តភ័ក្ដិ ជួយឲ្យគំនិតបន្តិចបន្តួច ក្រៅពីនេះគឺធ្វើខ្លួនដោយឯងទាំងអស់។ Sabay៖ស៊ីនឌី គិតថា អាជីវកម្មបច្ចុប្បន្ន ទទួលជោគជ័យកម្រិតណាដែរ? ស៊ីនឌី៖ រាលថ្ងៃខ្ញុំគិតថា ភ្ញៀវគាំទ្រខ្ញុំខ្លាំង ភ្ញៀវក៏មានច្រើនហើយដែរ ប៉ុន្តែខ្ញុំអត់ដឹងត្រូវធ្វើអ្វីទៀតនោះទេ ចាំមើលបន្តិចសិន។ Sabay៖ ចុះតើកត្តាអ្វីខ្លះដែលធ្វើឲ្យមុខរបរមួយនេះ ទទួលបានផ្លែផ្កាយ៉ាងនេះ? ស៊ីនឌី៖ចាស៎ គឺខ្ញុំមានចំណេះដឹងមួយដែលពិតប្រាកដ ហើយធ្វើឲ្យអតិថិជនគាត់ពេញចិត្ត ភ្ញៀវដែលមកម្ដងហើយគឺដាច់ខាតត្រូវតែមកម្ដងទៀត។ Sabay៖ក្រៅពីការទទួលលទ្ធផលល្អអីចឹង តើរាល់ថ្ងៃមានជួបឧបសគ្គអ្វីខ្លះដែរ? ស៊ីនឌី៖ ចាស៎ ខ្ញុំក៏ធ្លាប់បរាជ័យម្ដងដែរកាលពី៣ឆ្នាំមុន គឺនៅពេលដែលខ្ញុំបើកហាងម្ហូបនៅម្ដុំបឹងកេងកង ។ កាលនោះខ្ញុំបើកបានតែ៦ខែខ្ញុំក៏បិតទៅវិញ ដោយសារតែយើងមិនមានជំនាញ ផ្នែកខាងភោជនីយដ្ឋានពិតប្រាកដ ហើយគួបផ្សំមិនមានអ្នកជួយមើលផងខ្ញុំក៏បិតទៅវិញទៅ។ Sabay៖ ពេលជួបបញ្ហាទាំងហ្នឹង ស៊ីនឌី ដោះស្រាយរបៀបម៉េច? ស៊ីនឌី៖ ខ្ញុំមិនសូវជាចូលចិត្តអ្វីដែលសាំញ៉ាំច្រើនទេ ខ្ញុំសាកល្បងតែ៦ខែ ប្រសិនបើមិនអាចទៅរួចគឺខ្ញុំត្រូវតែបិតតែម្ដង ព្រោះខ្លាចខាតកាន់តែច្រើន។ Sabay៖ និយាយអីចឹងស៊ីនឌី ការងារសិល្បៈគិតយ៉ាងម៉េចដែរ ព្រោះដូចមិនសូវឃើញសកម្មភាពសោះ ? ស៊ីនឌី៖ ដោយសារមួយរយៈនេះខ្ញុំរវល់ច្រើន ហើយភ្ញៀវដែលមកគឺតែងតែរកខ្ញុំ បាត់ខ្ញុំមិនបានទេ។ អញ្ចឹងហើយដែលជាមូលហេតុធ្វើឲ្យខ្ញុំរវល់ដកខ្លួនមិនរួចបែប នេះ។ ចំណែកខាងផលិតកម្មវិញគេនៅតែមកទាក់ទងដដែលៗហ្នឹង។ Sabay៖ គេតែងតែនិយាយថា ភេទទី៣មួយចំនួន មិនខ្វល់ពីការរៀនសូត្រ ឬរកស៊ី អ្វីទេ គឺពួកគេបែរជា ប្រកបរបរផ្លូវភេទទៅវិញ តើកញ្ញាយល់យ៉ាងណាដែរ? ស៊ីនឌី៖ ភេទទី៣ដែលរកស៊ីផ្លូវភេទមិនមានច្រើននោះទេគឺមានតិចតួចបំផុត មូលហេតុដែលពួកគេធ្វើបែបនេះ មិនមែនពួកគេចង់លក់ភេទនោះទេ គឺភាគច្រើនពួកគេចង់សប្បាយ។ Sabay៖ តាមការយល់ឃើញផ្ទាល់ ហេតុអ្វីបានជាពួកគេធ្វើបែបនេះ? ស៊ីនឌី៖ ដោយសារតែជីវភាពរបស់ពួកគាត់ និងការចង់សប្បាយ គាត់ចង់ស្អាត គាត់ចង់តែងខ្លួន អញ្ចឹងហើយគាត់ត្រូវការលុយទើបធ្វើឲ្យគាត់លក់ខ្លួនបែបនេះ ប៉ុន្តែអ្នកទាំងនោះ មិនមានច្រើនទេ។ Sabay៖ម្យ៉ាងទៀត ភេទទី៣មួយចំនួន គិតតែពីតែងខ្លួនទាក់ទងបុរសៗ សម្រាប់កញ្ញាវិញ យល់យ៉ាងណាដែរចំពោះទង្វើពួកគេ? ស៊ីនឌី៖ ការដែលភេទទី៣ មួយចំនួននិយមតុបតែងខ្លួនដោយសារតែពួកគាត់ចង់ស្អាត។ ប៉ុន្តែពួកគាត់មិនគួរបណ្ដោយខ្លួនទៅតាមអារម្មណ៍ខ្លួនឯងខ្លាំង ពេកនោះទេ ជាការល្អ ពួកគេគួរតែឆ្លៀតពេលទំនេរមករៀនជំនាញអ្វីមួយពិតប្រាកដ សម្រាប់ខ្លួន ទៅថ្ងៃអនាគត ។ Sabay៖ ងាកមកទំនាក់ទំនង ខាង ផ្នែកសង្គមវិញ នៅក្នុងសង្គមខ្មែរមិននិយមឲ្យតម្លៃទៅលើមនុស្សជាភេទទី៣ ប៉ុន្មានទេ មានអ្នកខ្លះគេពេបជ្រាយ សើចចំអក …..តើស៊ីនឌី យល់យ៉ាងណាដែរ? តើស៊ីនឌី រៀបចំខ្លួនបែបណាដើម្បីឆ្លើយតបទស្សនៈនេះ? ស៊ីនឌី៖ បច្ចុប្បន្ននៅក្នុងសង្គមខ្មែរយើងឃើញថា មានការឲ្យតម្លៃទៅលើភេទទី៣គ្រាន់បើជាងមុន។ តែទោះជាយ៉ាងណាខ្ញុំសូមសំណូមពរដល់មនុស្សទាំងអស់មេត្តាយោគយល់ ដល់ភេទទី៣ផង ព្រោះអ្នកទាំងអស់នោះធម្មជាតិជាអ្នកបង្កើតពួកគាត់មកទេ សូមមេត្តា កុំសើចចំអកឬ ពេបជ្រាយដាក់ពួកគាត់អី មេត្តាផ្ដល់ឱកាសដល់ពួកគាត់ផង។សម្រាប់ខ្ញុំវិញខ្ញុំមិនខ្វល់ពី ការចំអកទាំងនោះទេ ខ្ញុំគិតតែពីការងាររបស់ខ្ញុំ ហើយខ្ញុំគិតថាអ្វីដែលត្រូវខ្ញុំនឹងធ្វើ។ Sabay៖ ទៅថ្ងៃអនាគត តើស៊ីនឌី មានគោលដៅអ្វីខ្លះទៀតអាចប្រាប់បានទេ? ចុះត្រៀមលក្ខណៈដូចម្ដេច? ស៊ីនឌី៖ ចាស៎នៅប៉ុណ្ណឹងសិនបង ចាំមើលបន្តិចទៀតសិន មិនចង់ហ៊ានប្រាប់ទេ។ Sabay៖ ហេតុអ្វីបានជាស៊ីនឌី មិនកែភេទជាមនុស្សស្រី ដូចជាកញ្ញាប៉ុបពី? ស៊ីនឌី៖ បាស៎ មិនធ្វើទេបង ចង់នៅអញ្ចឹងវិញ។ Sabay៖ តើនៅថ្ងៃអនាគតស៊ីនឌី យកប្រពន្ធដែរឬទេ? ស៊ីនឌី៖ ចាស់មិនយកទេបង គឺនៅអញ្ចឹងល្អជាង។ Sabay៖ មិនយកគ្រួសារអញ្ចឹងមិនខ្លាចដាច់ពូជទេ ឬ? ស៊ីនឌី៖ មិនខ្លាចទេបង ព្រោះខ្ញុំមានក្មួយច្រើនណាស់។ ខ្ញុំនឹងយកក្មួយខ្ញុំមកនៅជាមួយខ្ញុំដើម្បីជួយមើលការខុសត្រូវ ខ្ញុំ។ Sabay៖ តើអ្វីទៅជាកម្លាំងចិត្តដែលនាំឲ្យស៊ីនឌី ទទួលបានជោគជ័យបែបនេះ? ស៊ីនឌី៖ កម្លាំងចិត្តធំបំផុតនោះ គឺអតិថិជនគាត់គាំទ្រខ្ញុំ គាត់ពេញចិត្តខ្ញុំ ភ្ញៀវដែលមកម្ដងហើយគឺតែងតែមកម្ដងទៀត។ Sabay៖ អរគុណកញ្ញា មានអ្វីជាការចែករំលែកដល់យុវវ័យផ្សេងទៀតទេ ជាពិសេសយុវវ័យភេទទី៣នោះ? ស៊ីនឌី៖ ចាស៎អគុណបង។ យុវវ័យដែលជាភេទទី៣ ទាំងអស់ប្រសិនបើ យើងរៀននៅសាលាចំណេះដឹងទូទៅមិនកើតទេ គួរតែយើងងាកមករៀនជំនាញណាមួយយកធ្វើជាអាជីពដាក់ខ្លួន មិនថា ជាជាងអ៊ុតសក់ សំអាងការ ជាងកាត់ដេរ ចុងភៅ …..ព្រោះទាំងអស់នេះវាអាចជួយយើងទៅថ្ងៃអនាគត។
ដោយ៖ ខុត សីហា