ស៊ុន ណារីម៉ូនីកា មក​ស្រុក​ខ្មែរ​ស្ងាត់ៗ

  • 2015-02-14 16:05:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នាង ស៊ុន ណារីម៉ូនីកា បាន​​​ស្កាត់​មក​លេង​ស្រុក​ខ្មែរ​ស្ងាត់ៗ​ ដើម្បី​ជួប​ឪពុក​ម្ដាយ​បង​ប្អូន និង ​ឆ្លៀត​បង្ហាញ​មុខ​ក្នុង​កម្មវិធី​សិល្បៈ​មួយ​ចំនួន កាល​ពី​ពេល​ថ្មី​នេះ។

 

អ្នក​នាង​ និយាយ​ថា៖ "គ្មាន​អ្វី​សប្បាយ​ជាង​បាន​ជួប​បងប្អូន​បង្កើត និង​ បង​ប្អូន​អ្នក​រួម​អាជីព​ក្នុង​ស្រុក​ខ្មែរ​ទេ ព្រោះ​បែក​គ្នា​យូរ​ហើយ"។ តារា​ចម្រៀង​រូប​នេះ​និយាយ​ថា បាន​ស្កាត់​មក​កម្ពុជា​ប្រមាណ​ជាង ​១០​ ថ្ងៃ​មក​ហើយ ក៏​បាន​ចូលរួម​ក្នុង​កម្មវិធី​សិល្បៈ​មួយ​ចំនួន​ផង​ដែរ រួម​មាន​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ជា​ដើម ដោយ​ពួក​គេ​បាន​សម្ភាសន៍​ពី​ការ​រស់​នៅ​មួយ​ចំនួន​នៅ​ស្រុក​បារាំង។

 

 

 

 

តារា​រូប​នេះ​បន្ថែម​ទៀត​ថា ដំបូង​ឡើយ​មាន​បំណង​​មក​ស្រុក​កំណើត ​១ ​ខែ​ ប៉ុណ្ណោះ។ ប៉ុន្តែ​ដោយ​សារ​តែ​ការ​គាំទ្រ​ នៅ​តែ​មាន​ដូច​ពី​មុន និង​ មាន​ការ​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​នានា ទើប ម៉ូនីកា សម្រេច​ស្នាក់​នៅ​ប្រទេស​កម្ពុជា​រហូត​ដល់ ​៣ ​ខែ ទើប​ត្រឡប់​ទៅ​រស់​នៅ​ស្រុក​បារាំង​វិញ។ អ្នក​នាង​បញ្ជាក់​ថា រវាង​ស្រុក​កំណើត និង ​ប្រទេស​ទី​២​ងាយ​ស្រួល​រស់​នៅ​ដូច​គ្នា។

 

ស៊ុន ណារីម៉ូនីកា ឲ្យ​ដឹង​ទៀត​ថា៖" គ្រាន់​តែ​ថា នៅ​ស្រុក​គេ​អាច​រក​លុយ​បាន​ច្រើន​ជាង​ស្រុក​យើង​ប៉ុណ្ណោះ"។ អតីត​តារា​កំប្លែង​ក្រមិចក្រមើម​រូប​នេះ បាន​បន្ត​ថា ជីវិត​រស់​នៅ​ក្នុង​ប្រទេស​បារាំង​នៅ​ពេល​នេះ​ហាក់​ដូច​ជា​កណ្ដោចកណ្ដែង ព្រោះ​មាន​តែ​ខ្លួន​មួយ​ក្នុង​នាម​ជា​ស្រ្តី​មេម៉ាយ​ដដែល ដោយ​មិន​មាន​នរណា​ជា​ទី​ពឹង​នោះ​ទេ ក្រៅ​អំពី​ខ្លួន​ឯង។ ការ​វិល​មក​លេង​ស្រុក​ខ្មែរ ទោះ​បី​ជា​រយៈ​ពេល​យូរ​ជាង​នេះ ក៏​គ្មាន​បញ្ហា​ចោទ​ដែរ។ ម៉ូនីកា​ និយាយ។

 

អតីត​អ្នក​កំប្លែង​រួម​ក្រុម​ជាមួយ​នាយ កុយ រូប​នេះ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​អំឡុង​ឆ្នាំ​ ២០០៨ ដើម្បី​រស់​នៅ​ប្រទេស​បារាំង។ អ្នក​នាង​ត្រូវ​ធ្វើ​ការងារ​គ្រប់​បែប​យ៉ាង​នៅ​ទី​នោះ រួម​ទាំង​ការងារ​ពាក់ព័ន្ធ​ទៅ​នឹង​សិល្បៈ​ផង​ដែរ ដោយ​ច្រៀង​តាម​ភោជនីយដ្ឋាន​មួយ​ចំនួន​នៅ​ទី​នោះ។ ប៉ុន្តែ​អ្នក​នាង​ឆ្លៀត​ចេញ​ចូល​ស្រុក​ខ្មែរ​ជា​រឿយៗ ព្រោះ​ស្រុក​កំណើត​ធ្លាប់​កម្សត់ តស៊ូ​ក្នុង​អាជីព​សិល្បៈ​ទម្រាំ​មាន ឈ្មោះ​ល្បី។ ដូច្នេះ​មិន​អាច​បំភ្លេច​ចោល​បាន​ទេ នាង​នៅ​តែ​ស្រលាញ់ និង ​នឹក​រលឹក​ស្រុក​កំណើត​ជានិច្ច៕

 

អាន​អត្ថបទ៖ វ៉ាង ស្រីណូ ត្អូញ​ថា ហត់​ក្រោយ​វិលវិញ

អាន​អត្ថបទ៖ ដល់​ពេល​តារា​ប្រុស​ពីរ​ដួង ធារ៉ាត់ និង ចេក ចាប់​ដៃ​គ្នា

អានអត្ថបទ៖ តារា​សម្ដែង​ នៅ ណាវីន ក្រឡាប់​​ឡាន​ ម្សិល​មិញ

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី