គូស្នេហ៍១០៤ឆ្នាំ បង្ហើបអាថ៌កំបាំងស្នេហាអមតថ្ងៃ Valentine
- 2015-02-14 15:47:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូស្នេហ៍១០៤ឆ្នាំ បង្ហើបអាថ៌កំបាំងស្នេហាអមតថ្ងៃ Valentine
ចន្លោះមិនឃើញ
ទោះចាស់មែនពិតតែចិត្តមិនប្រែ រក្សាក្ដីស្នេហ៍មិនភ្លេចអតីត សន្យាពីចិត្តស្ម័គ្រលុះពេលក្ស័យ សង្ឃឹមអ្វីៗបានដូចប្រាថ្នា។ នេះគឺជារឿងរ៉ាវពិតរបស់គូស្នេហ៍ចាស់វស្សា វ័យជាង ១០០ឆ្នាំ ដែលអាចរក្សាចំណងអាពាហ៍ពិពាហ៍បានជិតមួយសតវត្ស។ បច្ចុប្បន្នលោកតាលោកយាយ កំពុងរស់នៅខេត្តឈៀងម៉ៃ ប្រទេសថៃ ហើយចំទិវានៃក្ដីស្រលាញ់នេះ មានគូស្នេហ៍វ័យក្មេងជាច្រើនគូ បានទៅសុំពរពីលោកទាំងពីរ ព្រមទាំងឈ្លេចសួរពីអាថ៌កំបាំងរក្សាចំណងស្នេហាអមតផងដែរ។
លោកតា Uipan និងលោកយាយ Uitip Kaewjaima សុទ្ធតែមានវ័យ ១០៤ឆ្នាំដូចគ្នា។ គូស្នេហ៍ចាស់វស្សានេះ សម្រេចចិត្តឈានជើងចូលរោងការរួមគ្នា តាំងពីអាយុ ១៨ឆ្នាំ ដែលគិតមកដល់ពេលនេះគឺជាខួបអាពាហ៍ពិពាហ៍លើកទី៨៥។ ចំណងស្នេហាភក្ដីជិតមួយសតវត្សនេះ បង្កើតបានកូន ១២នាក់ និងចៅ ព្រមទាំងចៅទួតជាង ១០០នាក់ ជាចំណងដៃ។
លោកតា Uipan បាននិយាយពីមូលហេតុអាចរក្សាស្នេហ៍បានយូរអង្វែងថា “សំខាន់បំផុត ខ្ញុំប្រតិបត្តិសីលប្រាំយ៉ាងខ្ជាប់ខ្ជាប់... ខ្ញុំចូលចិត្តទៅព្រះវិហារ ស្ដាប់លោកទេសនា" លោកតាបានបន្តទៀតថា "ខ្ញុំមិនដែលឈ្លោះជាមួយអ្នកណាទេ... យើងចូលចិត្តជួយអ្នកដទៃ ចូលចិត្តសប្បាយ... យើងតែងសង្ឃឹមថា គ្រប់គ្នាសប្បាយចិត្តជាមួយគូស្នេហ៍របស់ពួកគេ"។
ចំណែកសីលប្រាំដែលលោកតាប្រតិបត្តិជាមួយលោកយាយជាភរិយា គឺមិនសម្លាប់ជីវិតគេ មិនលួចទ្រព្យគេ មិនភូតភរកុហកបោកប្រាស់គេ មិនបៀតបៀនប្រពន្ធកូនគេ និងមិនទទួលទានគ្រឿងស្រវឹង។ យុវជន យុវនារីជាច្រើន បានទៅជួបគូស្នេហ៍អមតនេះដល់ផ្ទះ នៅតំបន់ដាច់ស្រយាលជិតព្រំដែនរវាងប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ដើម្បីសុំពរពីលោកតាលោកយាយសម្រាប់ថ្ងៃទិវានៃក្ដីស្រលាញ់។
លោកតា Uipan បានធ្វើការជាអ្នកជញ្ជូនឥវ៉ាន់ឲ្យកងទ័ពជប៉ុន អំឡុងពេលប្រទេសនេះកាន់កាប់តំបន់មួយចំនួននៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃក្នុងសង្គ្រាមលោកលើកទី២។ បន្ថែមលើវិធីរក្សាចំណងស្នេហ៍ និងធ្វើឲ្យជីវិតរីករាយ លោកតាក៏បានបង្ហើបរូបមន្តអាយុវែងផងដែរ។ លោកតាបានបញ្ជាក់ថា ត្រូវធ្វើលំហាត់ប្រាណជាប្រចាំ និងចៀសចាកឆ្ងាយពីការជក់បារី និងទទួលទានគ្រឿងស្រវឹង។ ចំណែកអាហារវិញ ប្ដីប្រពន្ធចំណាស់នេះតែងទទួលទានបន្លែជ្រលក់ទឹកម្ទេស ដែលដាំដោយខ្លួនឯងនៅក្នុងចម្ការ៕
ចុចអាន៖ ស្រលាញ់គ្នាតាំងពីតូច រហូតបានគ្នាជាប្ដីប្រពន្ធ២៣ឆ្នាំក្រោយ
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ Coconuts Bangkok