និស្សិត​ IT ៦០ នាក់​ទទួល​ការ​លើក​ទឹក​ចិត្តពី​ ឯកឧត្ដម​បណ្ឌិត ហង់ ជួន ណារ៉ុន

  • 2015-02-14 18:04:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​ IT ចំនួន ៦០ នាក់​ដែល​ទទួល​​បាន​ការ​​បណ្តុះបណ្ដាល​នៅ​មជ្ឈមណ្ឌល Korea Software HRD Center និង​​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ បាន​​ទទួល​ការ​​​កោត​សរសើរ​​ពី​​​រដ្ឋមន្រ្តី​ក្រសួង​អប់រំ​ យុវជន​និង​កីឡា ឯកឧត្តម​ ហង់ ជួន ណារ៉ុន សម្រាប់​ការ​សម្រេច​លទ្ធផល​ដ៏​ប្រសើរ​នេះ។

 

 

 

ឯកឧត្ដម​បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍ក្នុង​ពេល​ចូលរួម​ធ្វើ​ជា​អធិបតីភាព​បញ្ចប់ការ​សិក្សា​​ថា លោក​សូមកោត​សរសើរ​ សម្រាប់ការ​សម្រេច​បាន​លទ្ធផល​ដ៏​ប្រសើរ​របស់និស្សិត​ដែល​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា​​ទាំង​ ៦០ នាក់​ ដែល​បាន​បញ្ចប់​ការ​សិក្សា​​​ដោយ​ជោគជ័យ និង​ដែល​នឹង​ក្លាយ​ជា​ធនធាន​ដ៏​សំខាន់​សម្រាប់​ដឹកនាំ​ធ្វើ​ការ​ផ្លាស់ប្ដូរ​លើ​វិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុង​ពេល​អនាគត។

 

ឯកឧត្ដម​បន្ត​ថា លោក​ចង់​ឃើញ​និស្សិត​ផ្នែក​ព័ត៌មានវិទ្យា​កម្ពុជា​មាន​ចំណេះដឹង​និង​សមត្ថភាពពេញលេញ​​ តាម​រយៈ​ការ​ទទួល​បាន​ការ​បណ្តុះបណ្តាល​ជំនាញ​ច្បាស់លាស់ ដើម្បី​ឆ្លើយតប​និង​បម្រើ​​ទីផ្សារ​ការងារ​ទាំង​ក្នុង​ស្រុក​និង​ក្រៅស្រុក។

 

​លោក​បាន​​ប្រាប់​ទៅ​និស្សិត​ IT ទាំង​អស់​ថា លោក​នឹង​រៀប​ចំ​វិស័យ​អប់​រំ​ឲ្យ​កាន់​តែ​ប្រសើរ​ជា​​ដំណាក់ៗ  ដូចជា​​ការ​ឈាន​ទៅ​បង្រៀន​តាម​​ប្រព័ន្ធ​អនឡាញ​ដែល​ជួយ​​កាត់​បន្ថយ​ការ​ចំណាយ​និង​​មាន​ភាព​ងាយស្រួល។

 

លោក​បញ្ជាក់បន្ថែម​ថា ក្រសួង​​ក៏​នឹង​ខិត​ខំ​ព្យាយាម​​​ពង្រឹង​សមត្ថភាព​ការ​បណ្តុះបណ្តាល​​​​ដល់​និស្សិត​ខ្មែរ​ដើម្បី​អាច​ប្រកួតប្រជែង​​​ពី​និស្សិត​ពី​ខាង​ក្រៅ​ ដោយ​នឹង​មាន​ការ​ចងក្រង​សៀវភៅ​​​បច្ចេកទេស​នានា ដើម្បី​ឲ្យ​និស្សិត​ងាយស្រួល​សិក្សា​ស្រាវជ្រាវ​។

 

មជ្ឈមណ្ឌល Korea Software HRD Center បាន​កសាង​ឡើង​នៅ​ឆ្នាំ​2013 ​ស្ថិត​នៅ​ក្រោម​គម្រោង​ភាព​ជា​ដៃ​គូ​រវាង​ទី​ភ្នាក់ងារ​សហប្រតិបត្តិ​ការណ៍​អន្តរជាតិ​កូរ៉េ និង​ក្រុមហ៊ុន​ព័ត៌មានវិទ្យា​កូរ៉េ ដែល​មាន​ឈ្មោះថា វែបខេស។ ​មជ្ឈមណ្ឌល ​Korea Software HRD Center បាន​ផ្តល់​ធនធាន​និស្សិត​បរិញ្ញាបត្រ​លើក​ទី​មួយ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​មុន។ ក្នុង​ចំណោម​និស្សិត 43នាក់ និស្សិត18នាក់​បាន​ទៅ​ធ្វើការ​​និង​បណ្តុះបណ្តាល​​បន្ថែម​នៅ​ប្រទេស​កូរ៉េ និង​និស្សិត​មួួយ​ចំនួន​ទៀត​បន្ត​ការងារ​​ក្នុង​ប្រទេស​កម្ពុជា​។

 

ចុច​អាន៖  ឱកាស​ល្អ​សម្រាប់​អ្នក​ IT អាច​​ក្លាយ​ជា​ម្ចាស់​​សញ្ញាប័ត្រ ​Microsoft

ចុច​អាន៖ យុវជន​មួយ​រូប​បង្ហើប​របៀប​ច្នៃ​ឧបករណ៍​បច្ចេកវិទ្យា​ទៅ​ជា​ PirateBox

 

អត្ថបទ៖ ដារ៉ាឆានី