ពេលចេញពីគុក កូនឈិន ឡុង និយាយអ្វីខ្លះ?
- 2015-02-16 16:11:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលចេញពីគុក កូនឈិន ឡុង និយាយអ្វីខ្លះ?
ចន្លោះមិនឃើញ
កាលពីថ្ងៃសុក្រកូនឈិន ឡុង ឈ្មោះ Jaycee Chan ត្រូវតុលាការចិនដោះលែងវិញ ហើយនៅរសៀលថ្ងៃសៅរ៍ទី១៤ ខែកុម្ភៈ កូនប្រុសតារាក្បាច់គុនរូបនេះ បានធ្វើសន្និសីទកាសែតមួយក្នុងទីក្រុងប៉េកាំង ដើម្បីបកស្រាយ និងសុំទោសចំពោះទង្វើរបស់ខ្លួន។ តើ Jaycee និយាយអ្វីខ្លះ?
សារព័ត៌មានចិនបានស្រង់សម្ដី Jaycee ថា "ហេតុការណ៍នេះបានជះឥទ្ធិពលអាក្រក់ដល់សង្គម ហើយជាអំពើធ្វើឱ្យអ្នកគាំទ្រខ្ញុំ អស់សង្ឃឹម និងប៉ះពាល់ដល់មិត្តរួមការាងារ។ ខ្ញុំគ្មានហេតុផល និងគ្មានអីត្រូវដោះសារទេ...ព្រោះខ្ញុំបានធ្វើខុសមែន"។
តារាសម្ដែងវ័យ៣២ឆ្នាំបានឱ្យដឹងទៀតថា "ក្រោយកើតរឿងនេះ ខ្ញុំបានប្ដូរទស្សនវិស័យរបស់ខ្ញុំ...ពីមុន ខ្ញុំមិនដឹងពីរបៀបស្រលាញ់អ្វីនៅជុំវិញទេ។ ទោះនៅក្នុងពន្ធនាគារ ខ្ញុំទទួលទណ្ឌកម្មពីច្បាប់ តែមិនមានន័យថា ខ្ញុំទទួលបានការអត់ឱនពីសង្គមឡើយ...អ្វីដែលខ្ញុំចង់ធ្វើពេលនេះ គឺសុំទោសដល់សង្គមទាំងមូលចំពោះកំហុសរបស់ខ្ញុំ។ ខ្ញុំពិតជាសុំទោស ហើយខ្ញុំសន្យាថា នឹងធ្វើជាមនុស្សគោរពច្បាប់ចាប់ពីពេលនេះតទៅ"។
ក្នុងសន្និសីទកាសែត ឪពុកម្ដាយរបស់តារាចម្រៀងរូបនេះ គឺអ្នកស្រី Joan Lin Fengjiao និង ឈិន ឡុង មិនបានចូលរួមទេ ដោយឈិន ឡុង ជាប់រវល់ផ្សព្វផ្សាយរឿង "Dragon Blade”។ ឆ្លើយតបសំណួររបស់អ្នកកាសែត ត្រង់ចំណុចនេះ Jaycee ប្រាប់ថា លោកមិនចង់ឱ្យម្ដាយមកឡើយ ព្រោះលោកដឹងថា ម្ដាយរបស់លោកខ្លាចការធ្វើសន្និសីទកាសែត ហើយចំពោះឪពុកលោកវិញ លោកចង់ឱ្យគាត់បញ្ចប់ការងាររួចរាល់សិន។
“ខ្ញុំដឹងថាឪពុកម្ដាយខ្ញុំស្រលាញ់ខ្ញុំខ្លាំង...វាជាកំហុសរបស់ខ្ញុំ ដូច្នេះខ្ញុំត្រូវតែទទួលខុសត្រូវ។ ខ្ញុំសង្ឃឹមថានឹងសុំទោស ហើយប្រារព្ធពិធីចូលឆ្នាំចិន ជាមួយពួកគាត់ទាំងអស់គ្នា"។ លោកបន្ថែមថា ឪពុកម្ដាយរបស់លោកមិនបានបន្ទោសលោកទេ ផ្ទុយទៅវិញពួកគាត់បានជំរុញលោកឱ្យខិតខំ ធ្វើការឱ្យបានល្អ ផ្លាស់ប្ដូរខ្លួន និងមិនឱ្យលោកធ្វើខុសម្ដងទៀតទេ។
ចំណែកការងារសិល្បៈ (ការសម្ដែង) វិញ លោកថាមិនទាន់ច្បាស់នៅឡើយទេថា នឹងមានឱកាសថតរឿងទៀត ឬយ៉ាងណានោះ តែលោកតាំងចិត្តថា នឹងដឹកនាំរឿង ហើយសរសេរបទសម្រៀង ឱ្យបានច្រើននាពេលអនាគត៕
កូនឈិន ឡុង ចេញពីគុក អ្នកកាសែតរបួសលាន់
ដំណឹងល្អពីអាការៈជំងឺបេះដូង Ng Man Tat ដៃគូ ទិនហ្វី
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Channelnewsasia