និស្សិត​ខ្មែរ​ពូកែ​ IT ១១ នាក់ជាប់​ទៅ​កូរ៉េ​ទទួល​ប្រាក់​ឧបត្ថម្ភ​ ២៥០០ ដុល្លារ​ក្នុង​១ខែ

  • 2015-02-16 18:30:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​ពូកែ IT ចំនួន​ ១១ នាក់​ដែល​ទទួល​ការ​បណ្ដុះ​បណ្ដាល​នៅ​មជ្ឈមណ្ឌល Korea Software HRD Center បាន​ប្រលង​ជាប់​ទៅ​សិក្សា​នៅ​ប្រទេស​កូរ៉េ ដើម្បី​សិក្សា​បន្ត​ជំនាញ​ព័ត៌មាន​វិទ្យា​ ជាពិសេស​​ពួកគេ​ក៏​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ចាយ​វាយ​ប្រចាំ​ខែ​ពី ២០០០ ទៅ ២៥០០ ដុល្លារ​​អំឡុង​ពេល​សិក្សា​របស់​ពួកគេ។

 

 

 

​​លោក ឈិន ភារម្យ អ្នក​គ្រប់​គ្រង​ធនធាន​មនុស្ស​នៃ​មជ្ឈមណ្ឌល Korea Software HRD បាន​ឲ្យ​ដឹង​ថា  ​មាន​បេក្ខជន​ ៦៩ នាក់​​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​មជ្ឈមណ្ឌល Korea Software HRD Center ក្នុង​ជំនាន់​ទី​ពីរ​នេះ។ ក្នុង​ចំណោម​​នោះ​មាន​ ១១ នាក់​ដែល​មាន​សមត្ថភាព​និង​​អាច​ប្រលង​ជាប់​ទៅ​សិក្សា​បន្ត​នៅ​ឯ​ប្រទេស​កូរ៉េ​ខាង​ត្បូង​។

 

និស្សិត​​ដែល​បាន​បញ្ចប់​ការ​សិក្សា​នេះ​មាន​សិក្សា​ជំនាញ​ដូចជា Moblie App លើ Android និង iOS , Web Design , Web Publishing , MVC2 , Scrapping , BizPlay។ សម្រាប់​ការ​​សិក្សា​លើ​មុខ​វិជ្ជា​ទាំង​នេះ​មាន​រយៈ​ពេល​​ ៩ ខែ រួម​​ទាំង​ការ​សិក្សា​ភាសា​កូរ៉េ​បន្ថែម​ផង​ដែរ។ ការ​សិក្សា​រយៈ​ពេល ៩ ខែ​ និស្សិត​ទាំង​នេះ ក៏​ទទួល​បាន​​របប​ប្រាក់​​ខែ​​សម្រាប់​ចាយវាយ​ក្នុង​ពេល​សិក្សា​។

​ លោក ឈិន ភារម្យ​បាន​បញ្ជាក់​ថា និស្សិត​ទាំង​ ១១ នាក់​ ​ដែល​មាន​សមត្ថភាព​ខ្ពស់​​បាន​​ទទួល​ឱកាស​ទៅ​សិក្សា​បន្ត​នៅ​ឯ​ប្រទេស​កូរ៉េ​ខាង​ត្បូង​រយៈពេល​ ១ ឆ្នាំ​បន្ថែម​ទៀត។ ការ​សិក្សា​បន្ត​នៅ​កូរ៉េ ​​និស្សិត​ ១១ នាក់​​នេះ​​នឹង​ទទួល​បាន​ការ​ផ្តល់​​ដូចជា​​ការ​ស្នាក់​នៅ​ ការ​ហូប​ចុក​ ​ដែល​ផ្តល់​ដោយ​ Webcash និង ​ប្រាក់​ឧបត្ថម្ភ​ក្នុង​ម្នាក់​ពី ២០០០ ដុល្លារ ទៅ ២៥០០ ដុល្លារ​​ប្រចាំ​ខែ​សម្រាប់​ចាយ​វាយ​ផ្ទាល់​ខ្លួន​។

 

មជ្ឈមណ្ឌល Korea Software HRD Center បាន​កសាង​ឡើង​នៅ​ឆ្នាំ​2013 ​ស្ថិត​នៅ​ក្រោម​គម្រោង​ភាព​ជា​ដៃ​គូ​រវាង​ទី​ភ្នាក់ងារ​សហប្រតិបត្តិ​ការណ៍​អន្តរជាតិ​កូរ៉េ និង​ក្រុមហ៊ុន​ព័ត៌មានវិទ្យា​កូរ៉េ ដែល​មាន​ឈ្មោះថា Webcash វែបខេស។ ​មជ្ឈមណ្ឌល ​Korea Software HRD Center បាន​ផ្តល់​ធនធាន​និស្សិត​បរិញ្ញាបត្រ​លើក​ទី​មួយ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​មុន។ ក្នុង​ចំណោម​និស្សិត 43នាក់ និស្សិត18នាក់​បាន​ទៅ​ធ្វើការ​​និង​បណ្តុះបណ្តាល​​បន្ថែម​នៅ​ប្រទេស​កូរ៉េ និង​និស្សិត​មួួយ​ចំនួន​ទៀត​បន្ត​ការងារ​​ក្នុង​ប្រទេស​កម្ពុជា​។

 

សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ទាក់ទង ផ្ទះលេខ ១២, សង្កាត់បឹង​កក់​ ២, ខណ្ឌ ទួលគោក ឬ លេខ​ទូរសព្ទ ០២៣ ៩៩១​ ៣១៤ , ០២៣ ៩៩១ ៤១៥។

ហ្វេសបុក៖ www.Facebook.com/ksignhrd

វេបសាយ៖ www.kshrd.com.kh

 

ចុច​អាន៖ និស្សិត​ IT ៦០ នាក់​ទទួល​ការ​លើក​ទឹក​ចិត្តពី​ ឯកឧត្ដម​បណ្ឌិត ហង់ ជួន ណារ៉ុន

ចុច​អាន៖ គ្រាន់​តែ ShowRoom ឡាន​ប្រណិត​ Porsche ចំណាយ​ ២ លាន​ដុល្លារ

 

អត្ថបទ៖ ដារ៉ាឆានី​