ខេម​ថា ទោះ​ជា​ល្បី​ក៏​មិន​ភ្លេច​​ដើម​កំណើត​ជា​អ្នក​ក្រ

  • 2015-02-16 16:51:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេម និយាយ​ថា​ ទោះ​ជា​​ខ្លួន​​​ល្បី​ឈ្មោះ​គួរសម​​នា​ពេល​​បច្ចុប្បន្ន ក៏​លោក​មិន​​ភ្លេច​ដើម​កំណើត​ចេញ​ពី​អ្នក​ក្រ​ឡើយ។ លោក​បាន​​លើក​ឡើង​ដូច្នេះ​​ ក្នុង​ពិធី​ប្រគំតន្ត្រី គ្រួសារ​កម្ពុជា​យប់​មិញ​នៅ​ទី​រួម​ខេត្ត​កោះកុង។

 

និយាយ​នៅ​លើ​វេទិកា​តន្ត្រី​មាន​មនុស្ស​រាប់​ពាន់​នាក់​ចូល​រួម​ទស្សនា​តារា​ចម្រៀង​ឈាន​មុខ​របស់​ផលិតកម្ម Town ខេម លើក​ឡើង​ថា៖ "ខ្ញុំ​ជឿ​ថា​​ បងប្អូន​នៅ​ទី​នេះ​ពិត​ជា​មាន​​អ្នក​ក្រ។ ពី​មុន​ខ្ញុំ និង ​គ្រួសារ​របស់​ខ្ញុំ​ក៏​ជួប​ភាព​ក្រីក្រ​ដូច​គ្នា មុន​នឹង​មាន​ថ្ងៃ​នេះ ហើយ​ខ្ញុំ​មិន​ដែល​ភ្លេច​ដើម​កំណើត​នេះ​ទេ"។

 

ខេម ចូលរួម​ប្រគំតន្ត្រី​នា​ពេល​កន្លង​ទៅ

 

តារា​ចម្រៀង​មាន​ប្រភព​ចេញ​ពី​ខេត្ត កំពង់ឆ្នាំង បន្ត​ថា​ ដោយសារ​តែ​ការ​គាំទ្រ​ពី​ទស្សនិកជន​ទូទាំង​ប្រទេស ក៏​ដូច​ជា​ទស្សនិកជន​នៅ​ទី​នេះ រួម​នឹង​ការ​ប្រឹងប្រែង​ផ្ទាល់​ខ្លួន​ទើប​លោក​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ដល់​ពេល​បច្ចុប្បន្ន។

 

លោក ប៉ុន សុណារិន ហៅ​ ខេម អតីត​កាល​ គឺ​ជា​ អ្នក​រត់​ម៉ូតូ​ឌុប មុន​នឹង​ប្រឡង​ជាប់​ក្នុង​កម្មវិធី Boy Band របស់​ស្ថានីយ​ទូរទស្សន៍ CTN កាល​ពី​ឆ្នាំ ​២០០៧ ហើយ​បាន​ក្លាយ​ជា​តារា​ចម្រៀង​រហូត​ដល់​បច្ចុប្បន្ន។

 

តារា​ចម្រៀង​រូប​នេះ​ធ្លាប់​ហែល​ឆ្លង​ការ​លំបាក​គ្រប់​បែប​យ៉ាង​ជា​មួយ​ម្ដាយ ដោយ​ឪពុក​ស្លាប់​ចោល ជា​ពិសេស​ទទួល​ការ​មាក់ងាយ​​ជា​ខ្លាំង​ពី​អ្នក​ភូមិ​ពេល​លោក​ឡើង​មក​ប្រឡង​ចម្រៀង​នៅ​ភ្នំពេញ។ កត្តា​ដោយ​ជួប​ភាព​ជូរចត់​រាប់​មិន​ភ្លេច​ដូច្នេះ​ហើយ​ ទើប​លោក​តែងតែ​នឹក​ឃើញ​ភាព​ក្រីក្រ និង​ មិន​ដែល​ភ្លេច​ពី​ដើម​កំណើត​របស់​ខ្លួន។

 

តារា​វ័យ ៣០ ​ឆ្នាំ​ ខាង​លើ​​បោះ​ជំហាន​ចូល​ច្រៀង​ដំបូង​ឱ្យ​ផលិតកម្ម ថាម ក្រោយ​ពី​ចប់​កុងត្រា​​ជា​មួយ CTN។ ក្នុង​ផលិតកម្ម​ដំបូង​ ខេម មិន​មាន​ទស្សនិកជន​ស្គាល់​មុខ​ទេ ព្រោះ​មិន​មាន VCD ណា​មួយ​ចេញ​លក់​លើ​ទីផ្សារ។

 

នៅ​ក្នុង​ឆ្នាំ​ ២០១០ លោក​បាន​បោះ​ជំហាន​មក​កាន់​ផលិតកម្ម Town បន្ទាប់​ពី ករុណា ពេជ្រ ណែនាំ​ឱ្យ​ចូល។ ក្នុង​ផលិតកម្ម​នេះ​ហើយ​ធ្វើ​ឱ្យ​ប្រជាប្រិយភាព​របស់​លោក​ឡើង​ខ្លាំង​តាមរយៈ​បទ​ចម្រៀង​ចេញ​ជា​ហូរហែ។ កត្តា​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់​អារម្មណ៍​ខ្លាំង​គឺ សំឡេង​ស្អក​ខុស​ពី​តារា​ចម្រៀង​ដទៃ​ទៀត៕

 

 

អានអត្ថបទបន្ត៖ ពាក្យ​សំដី​ ១ ​ម៉ាត់ ប៉ុន្តែ​ ធ្វើ​​ឱ្យ ប៉ុបពី ឈឺ​ចាប់​តស៊ូ​រហូត​មាន​ថ្ងៃ​

អានអត្ថបទបន្ត៖ ពេជ្រ សោភា កើត​អ្វី​ចូល​ពេទ្យ​សង្គ្រោះ​បន្ទាន់?

អានអត្ថបទបន្ត៖ ពេល​ចេញ​ពី​គុក កូន​ឈិន ឡុង និយាយ​អ្វី​ខ្លះ?

 

 

 

 

អត្ថបទ៖ អ៊ីង សុឡា

អត្ថបទថ្មី