ក្រុម​មនុស្ស​កើត​តាំង​ពី​សតវត្ស​ទី១៩ ចែក​រំលែក​អាថ៌កំបាំង​អាយុ​វែង

  • 2015-02-16 22:32:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ កម្រ​មាន​មនុស្ស​ដែល​អាច​រស់​នៅ​បាន​ដល់​អាយុ ១០០​ឆ្នាំ​ណាស់ យ៉ាង​ច្រើន​បំផុត​ត្រឹម​អាយុ ៩០​ឆ្នាំ ក៏​ចាប់​ផ្ដើម​ជរា​ពិការ​ទៅ​ហើយ។ យ៉ាង​ណា​មិញ លោក​យាយ​បួន​នាក់ ដែល​សុទ្ធតែ​កើត​តាំង​ពី​មុន​ឆ្នាំ១៩០០ បាន​បង្ហើប​ពី​អាថ៌កំបាំង​អាយុ​វែង ប្រាប់​ដល់​កូន​ចៅ​ជំនាន់​ក្រោយ ដើម្បី​អាច​រស់​នៅ​បាន​យូរ​ដូច​ខ្លួន។ ​

 

១. លោក​យាយ Misao Okawo (អាយុ ១១៦​ឆ្នាំ)

 

 

លោក​យាយ ​Misao Okawo គឺ​ជា​ជនជាតិ​ជប៉ុន និង​ជា​មនុស្ស​ចំណាស់​ជាង​គេ​បំផុត​លើ​លោក ដែល​ទទួល​ស្គាល់​ដោយ​ស្ថាប័ន Guinness កាល​ពី​ខែ​មិនា​ ឆ្នាំ​២០១៤ កន្លង​ទៅ។ លោក​យាយ​កើត​នៅ​ថ្ងៃ​ទី៥ ខែ​មិនា ឆ្នាំ​១៨៩៨ ហើយ​នៅ​សល់​ ១៧​ថ្ងៃ​ទៀត​ប៉ុណ្ណោះ លោក​យាយ​នឹង​ប្រារព្ធ​ខួប​កំណើត​លើក​ទី១១៧។

 

លោក​យាយ​ម្ចាស់​កំណត់​ត្រា​ចាស់​ជាង​គេ​រូប​​នេះ បាន​រៀបអាពាហ៍ពិពាហ៍​នៅ​ក្នុង​ឆ្នាំ១៩១៩ មាន​កូន​បី​នាក់ ចៅ​បួន​នាក់ និង​ចៅ​ទួត ៦​នាក់ ចំណែក​ស្វាមី​លោក​យាយ​ស្លាប់​ចោល​តាំង​ពី​ឆ្នាំ១៩៣១។

 

​លោកយាយ Okawo បាន​បញ្ជាក់​ថា រូបមន្ត​ដែល​ធើ​ឲ្យ​ខ្លួន​អាយុ​វែង គឺ​ការ​ទទួល​ទាន​អាហារ​ប្រពៃណី​ជប៉ុន​ស៊ូស៊ី គេង​ឲ្យ​បាន ៨​ម៉ោង​ក្នុង​មួយ​យប់ និង​សម្រាក​លំហែ​ឲ្យ​បាន​ច្រើន។ ​

 

​២. លោក​យាយ Gertrude Weaver (អាយុ ១១៦​ឆ្នាំ)

 

 

លោក​យាយ Gertrude Weaver គឺ​ជា​ជនជាតិ​អាមេរិក និង​ជា​មនុស្ស​ចំណាស់​ជាង​គេ​បំផុត​នៅ​ក្នុង​សហរដ្ឋអាមេរិក។ លោក​យាយ​កើត​នៅ​ថ្ងៃ​ទី៤ ខែ​កក្កដា ឆ្នាំ​១៨៩៨ និង​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ឆ្នាំ១៩១៥ ព្រម​ទាំង​មាន​កូន ៤​នាក់។

 

លោក​យាយ Weaver បាន​ប្រាប់​ទស្សនាវដ្ដី Time magazine ថា អាថ៌កំបាំង​ដែល​ធ្វើ​ឲ្យ​លោកយាយ​អាយុ​វែង គឺ "ចិត្ត​សប្បុរស"។ លោក​យាយ​បាន​និយាយ​ថា "ជួយ​មនុស្ស​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ចិត្ត​ល្អ​ដាក់​គេ ដូច​អ្នក​​ចង់​ឲ្យ​គេ​ធ្វើ​លើ​អ្នក​វិញ​ដែរ"។

៣. លោក​យាយ Jeralean Talley (អាយុ ១១៥​ឆ្នាំ)

 

 

លោក​យាយJeralean Talley គឺ​ជា​ជនជាតិ​អាមេរិក ដែល​កើត​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​១៨៩៩។ បច្ចុប្បន្ន​លោក​យាយ​កំពុង​រស់​នៅ​ជាមួយ​កូន​ស្រី​វ័យ ៧៦​ឆ្នាំ នៅ​រដ្ឋ Michigan។

 

លោក​យាយ បាន​ប្រាប់​សារព័ត៌មាន Detroit Free Press ថា អាថ៌កំបាំង​អាយុ​វែង​ថា "អ្វី​ៗ​ទាំង​អស់​ស្ថិត​នៅ​ក្នុង​ដៃ​ដ៏​អស្ចារ្យ​ដែល​អាទិទេព​ប្រទាន​នេះ... គ្មាន​អ្វី​ដែល​ខ្ញុំ​មិន​អាច​ធ្វើ​បាន​នោះ​ទេ"។

 

៤. លោក​យាយ Susannah Mushatt Jones (អាយុ ១១៥​ឆ្នាំ)

 

 

លោកយាយ Susannah Mushatt Jones កើត​នៅ​ថ្ងៃ​ទី៦ ខែ​កក្កដា ឆ្នាំ​១៨៩៩ ក្នុង​សហរដ្ឋអាមេរិក។ លោក​យាយ​បាន​បញ្ជាក់​ថា​គ្មាន​អាថ៌កំបាំង​អ្វី​ច្រើន​ទេ ប៉ុន្តែ​លោក​យាយ​មិន​ផឹក​​គ្រឿង​ស្រវឹង មិន​ជក់​បារី និង​ទទួល​ទាន​ដំណេក​ឲ្យ​បាន​គ្រប់​គ្រាន់។

 

មនុស្ស​ម្នាក់​ទៀត ដែល​កើត​នៅ​មុន​សតវត្ស​ទី​១៩ ដែរ​នោះ គឺ​លោកយាយ Emma Morano-Martinuzzi អាយុ ១១៥​ឆ្នាំ ដែល​ជា​ជនជាតិ​អ៊ីតាលី។ ចំណែក​មនុស្ស​ធ្លាប់​រស់​បាន​យូរ​ជាង​គេ​បំផុត​លើ​លោក នៅ​តែ​ជា​លោកយាយ Jeanne Calment ជនជាតិបារាំង ដែល​ស្លាប់​នៅ​ឆ្នាំ១៩៩៧ ក្នុង​អាយុ ១២២​ឆ្នាំ៕ ​​​​​​

 

ចុចអាន៖ គូ​ស្នេហ៍១០៤​ឆ្នាំ បង្ហើប​អាថ៌កំបាំង​ស្នេហា​អមត​ថ្ងៃ Valentine

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ Mirror