ញឹម ចំរើន​ ចេញ​អាល់ប៊ុម​ថ្មី​ហើយ ក្រោយ​ស្ងាត់​​ទីផ្សារ​ជិត ​៣ ​ឆ្នាំ

  • 2015-02-19 16:58:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ញឹម ចំរើន ចេញ​អាល់ប៊ុម​​ថ្មី​ហើយ​​ក្នុង​ផលិតកម្ម Legend Tiger  ក្រោយ​ស្ងាត់​ទីផ្សារ​ចម្រៀង​ជិត ៣​ឆ្នាំ​ បន្ទាប់​ពី​ផលិតកម្ម Rock ផ្អាក​ដំណើរការ​ទីផ្សារ​ចម្រៀង។

 

តារា​ចម្រៀង​សំឡេង​ស្រាល ​លោក ញឹម ចំរើន​ ប្រាប់​ថា៖ "ចម្រៀង​របស់​ខ្ញុំ​វិល​វិញ​ហើយ​បងប្អូន​ក្នុង​ផលិតកម្ម​ថ្មី​មិន​ចម្លង​ពី​បរទេស​ដូច​មុន​អីចឹង។ ខ្ញុំ​សង្ឃឹម​ថា ​ពុក​ម៉ែ​បងប្អូន​នឹង​គាំទ្រ​ខ្ញុំ​ឡើង​វិញ ក្រោយ​​បី​ឆ្នាំ​ហើយ​មិន​លឺ​ចម្រៀង​ខ្ញុំ​ទាល់តែ​សោះ​លើ​​ទីផ្សារ"។​

 

http://youtu.be/CHhDZaeR1os

 

លោក​បាន​បន្ត​ថា ក្រៅ​តែ​ពី​បទ "ភាសា​ដួង​ចិត្ត" ដែល​បាន​ចេញ​ជា​ MV នៅ​មាន​បទ​ចម្រៀង​ជា​ច្រើន​ទៀត​ត្រៀម​ចេញ​កំដរ​អារម្មណ៍​ប្រិយមិត្ត និង​ មិត្តៗ​យុវវ័យ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ក្នុង​ផលិតកម្ម Legend Tiger។

 

អតីត​តារា​ចម្រៀង​​របស់​ផលិតកម្ម Rock មាន​ជំនឿ​ជាក់​ថា​ ទីផ្សារ​ចម្រៀង​របស់​ខ្លួន​នឹង​ខ្ពស់​ត្រដែត​ឡើង​វិញ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ។ ក្ដី​រំពឹង​ដោយ​លោក​សំអាង​ទៅ​លើ​ផលិតកម្ម​ថ្មី​ មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ក្នុង​ការ​ផលិត​បទ​ចម្រៀង​ដោយ​មិន​ចម្លង​ពី​​គេ ហើយ​ជា​ផលិតកម្ម​ល្បី​ខាង​ផលិត ស្ប៉ត​​នានា។

 

តារា​ចម្រៀង​វ័យ ២៩ ​ឆ្នាំ​ខាង​លើ​បាន​ប្រាប់​ពី​មូលហេតុ​នាំ​ឱ្យ​លោក​ក្រ​ចេញ​បទ​ចម្រៀង​​ក្នុង​ផលិតកម្ម​ថ្មី ដែល​លោក​ទើប​ចូល​ជិត​មួយ​ឆ្នាំ​ថា ដោយសារ​ផលិតកម្ម​យក​ចិត្ត​ទុក​ដាក់​ផលិត​ចម្រៀង​មាន​គុណ​ភាព​ខ្ពស់ និង ​មិន​ចម្លង​ស្នាដៃ​ពី​នរណា​ម្នាក់​ឡើយ។

 

ម្ចាស់​បទ "មិន​ប្រកាស​សង្គ្រាម​ទេ​អូន" នៅ​តែ​តាំង​ចិត្ត​មិន​ច្រៀង ចម្រៀង​ទាំង​ឡាយ​ណា​​ចម្លង​ពី​គេ គឺ​ច្រៀង​តែ​ចម្រៀង​បង្កើត​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ​ពិត។ កត្តា​ដូច្នេះ​ហើយ​ទើប​ទីផ្សារ​ចម្រៀង​ស្ងប់ស្ងាត់​ជិត​ ៣​ឆ្នាំ ព្រោះ​តែ​ដើរ​រក​ទ្រនំ​ផលិតកម្ម ធ្វើ​ចម្រៀង​ជា​ស្នាដៃ​កូន​ខ្មែរ​មិន​បាន។

 

ញឹម ចំរើន ក្នុង​បទចម្រៀង​ "ភាសាដួងចិត្ត" របស់​ផលិតកម្ម Legend Tiger

 

“ដូច​ដែល​ខ្ញុំ​ធ្លាប់​និយាយ​រួច​ហើយ គឺ​ខ្ញុំ​​មិន​ច្រៀង​ទេ​​បទ​ចម្រៀង​ចម្លង​ពី​បរទេស ទោះ​ជា​ចម្រៀង​នោះ​​អាច​ឱ្យ​ខ្ញុំ​ល្បី​ដល់​កំពូល​ក៏​ដោយ។ ខ្ញុំ​ចង់​ច្រៀង​តែ​ចម្រៀង​ណា​ធ្វើ​ដោយ​ស្នាដៃ​កូន​ខ្មែរ​ពិតៗ។ នេះ​គឺ​ជា​អ្វី​ខ្ញុំ​តាំង​ចិត្ត តាំង​ពី​នៅ​ផលិតកម្ម Rock មក​ម្ល៉េះ"។ ញឹម ចំរើន បន្ថែម​ ដូច្នេះ។

 

ញឹម ចំរើន ចូល​ច្រៀង​នៅ​ក្នុង​ផលិតកម្ម Rock នៅ​ខែ កក្កដា​ ឆ្នាំ ២០០៧ បន្ទាប់​ពី​លោក​បាន​​ប្រឡង​ជាប់​ចំណាត់​ថ្នាក់​លេខ ៣ ​ក្នុង​កម្មវិធី Rock star របស់​ផលិតកម្ម ​Rock ។ បទចម្រៀង​របស់​លោក​ដែល​​ធ្វើ​ឲ្យ​ទស្សនិកជន​ស្គាល់​នោះ​គឺ​បទ “មិន​ធ្វើ​សង្គ្រាម​ទេ​អូន” និង ​បទ “លួច​ស្នេហ៍”។ លោក​ទើប​តែ​បោះ​ជំហាន​ចូល​ផលិតកម្ម Legend Tiger កាល​ពី​ឆ្នាំ ​២០១៤ ហើយ​ទើប​នឹង​ចេញ​អាល់ប៊ុម​ដំបូង​ក្នុង​ផលិតកម្ម​នេះ៕

 

អានអត្ថបទបន្ត៖ សូរ្យ អេណា សង្វេគ​ខ្លាំង ពេល​ឃើញ​ស្ថានភាព​គ្រួសារ​ពូម៉ៅ

អានអត្ថបទបន្ត៖ អុញ…ចូល​ឆ្នាំ​ចិន​អ្នក​នាង កាតុ ស្រាប់​ចង់​តតាំង​ជាមួយ

អានអត្ថបទបន្ត៖ ទិនហ្វី ចាប់​ដៃ​ជាមួយ​ផលិតករ​វៀតណាម​​ថត​រឿង​ថ្មី​ក្នុង​​ឆ្នាំ​នេះ

 

 

អត្ថបទ៖ អ៊ីង សុឡា