ធ្លាក់អាហារូបករណ៍បរទេស ១៩ ដង ចុងក្រោយប្រលងជាប់រៀននៅសាលាល្បីរបស់អាមេរិក
- 2015-02-20 17:04:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាក់អាហារូបករណ៍បរទេស ១៩ ដង ចុងក្រោយប្រលងជាប់រៀននៅសាលាល្បីរបស់អាមេរិក
ចន្លោះមិនឃើញ
រស់នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ជា វិបុល គឺជាយុវជនមួយរូប ដែលទើបប្រលងជាប់អាហារូបករណ៍ជាប់សិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ យេល (Yale) សហរដ្ឋអាមេរិក។ សាកលវិទ្យាល័យនេះ ត្រូវបានចាត់ទុកជាសាកលវិទ្យាល័យល្បីឈ្មោះនៅលើពិភពលោក។ ធំធាត់នៅក្នុងគ្រួសារមួយ ដែលមានជីវភាពមធ្យម ឪពុកជាអតីតគ្រូបង្រៀនពិការជើងម្ខាង វិបុល បានជម្នះឧបសគ្គគ្រប់បែបយ៉ាងទម្រាំមានថ្ងៃនេះ។ វិបុលធ្លាប់បរាជ័យលើការប្រលងយកអាហារូបករណ៍ទៅក្រៅប្រទេស១៩ ដង។ ប៉ុន្តែទីបំផុត វិបុល បានទទួលជោគជ័យ ហើយគ្រោងចេញដំណើរទៅសហរដ្ឋអាមេរិកនៅដើមខែមេសា ខាងមុខនេះ។ Sabay បានធ្វើបទសម្ភាសជាមួយនឹង វិបុល ដូចតទៅ៖ Sabay៖ ជម្រាបសួរ! Sabay ទើបទទួលបានព័ត៌មានថា វិបុល បានអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក តើទៅរៀនមុខជំនាញអ្វី ?នៅសាកលវិទ្យាល័យណាដែរ? វិបុល៖ បាទជម្រាបសួរ ខ្ញុំពិតជាទទួលបានអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬអនុបណ្ឌិត លើជំនាញ ការគ្រប់គ្រង និងការអភិវឌ្ឍគោលនយោបាយសាធារណៈ (Master of Public Policy Development and Management) ដែលគ្រោងនឹងទៅសិក្សា ក្នុងរយះពេលឆាប់ៗនេះហើយ នៅឯសាកលវិទ្យាល័យយេល (Yale) សហរដ្ឋអាមេរិក ដែលជាសាកលវិទ្យាល័យល្បីឈ្មោះនៅលើពិភពលោក។
Sabay៖ វិបុល មានប្រវត្តិសិក្សាយ៉ាងដូចម្តេចដែរ? វិបុល៖ បាទ! ខ្ញុំសិក្សាចំណេះទូទៅនៅសាលាបឋមសិក្សាកំពង់ថ្ម ឆ្នាំសិក្សា ១៩៩៣ - ២០០០ អនុវិទ្យាល័យកំពង់ថ្ម (បច្ចុប្បន្នវិទ្យាល័យកំពង់ថ្ម) ក្នុងឆ្នាំសិក្សា ២០០០ -២០០៣ វិទ្យាល័យជា ស៊ីម កំពង់ថ្ម ក្នុងឆ្នាំសិក្សា ២០០២ - ២០០៥ ហើយបានប្រលងជាប់សញ្ញាបត្រមធ្យមសិក្យាទុតិយភូមិក្នុងឆ្នាំ ២០០៥។ ក្រោយពេលប្រលងជាប់ខ្ញុំក៏បានធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ ដើម្បីមកបន្តការសិក្សា នៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញសេដ្ឋកិច្ចអភិវឌ្ឍ ក្នុងឆ្នាំសិក្សា ២០០៥ - ២០០៩ ហើយក៏បាន ចូលរៀនថ្នាក់អនុបណ្ឌិត ឬបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញស្រាវជ្រាវអភិវឌ្ឍ ក្នុងឆ្នាំសិក្សា ២០១១- ២០១៣។ Sabay៖ តើ វិបុល ធ្លាប់មានបទពិសោធន៍ការងារ និងចូលរួមក្នុងកិច្ចការងារសង្គមដែរទេ? វិបុល៖ ខ្ញុំបាទបានបម្រើការងារជាមួយនិងអង្គការក្រៅរាជរដ្ឋាភិបាល តាមរយៈការងារស្ម័គ្រចិត្ត និងបុគ្គលិកពេញសិទ្ធ ជាច្រើនដូចជា អង្គការយុវជនខ្មែរ និងការអភិវឌ្ឍសង្គម (KYSD), អង្គការការពារភពផែនដី ការពារខ្លួនឯង អន្តរជាតិ (PEPY International),អង្គការកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP), និងអង្គការគណៈកម្មាធិការសុខភាពកម្ពុជា(CHC)ក្រៅពីនេះទៀត ខ្ញុំក៏បានបម្រើការងារស្ម័គ្រចិត្តនៅពេលចុងសបា្តហ៍ ជាមួយអង្គការ អ្នកលើកស្ទួយកុមារ (SBB) និងបានចូលរួមចំណែក ក្នុងការទាក់ទាញសប្បុរសជនមួយចំនួនឱ្យជួយកុមារដែលមានជីវភាពខ្វះខាត នៅតំបន់គំនរសំរាមស្ទឹងមានជ័យ តាមរយៈការឧបត្ថម្ភ នូវធនធានសំភារៈ និងធនធានថវិកាជាដើម។ ខ្ញុំបានរៀនសូត្រ និងមានសមត្ថភាព ព្រមទាំងបទពិសោធន៍ច្រើន លើជំនាញភាពជាអ្នកដឹកនាំ ជាអ្នកគ្រប់គ្រង និងក្រោមបរិបទការងារផ្សេងៗគ្នាដូចជា កិច្ចការអភិវឌ្ឍរដ្ឋបាលថ្នាក់ក្រោមជាតិ ការលើកកំពស់គុណភាពអប់រំ សុខាភិបាល អនាម័យទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធផ្លូវលំ និងកសិកម្មនៅតំបន់ជនបទ និងមានបទពិសោធន៍ច្រើន ក្នុងការធ្វើការជាមួយស្ថាប័នម្ចាស់ជំនួយផ្សេងៗរួមមាន៖ មូលនិធិ សកល (Global Fund), អង្គការសហប្រជាជាតិ (UN), អង្គការសុខភាពពិភពលោក (WHO), ធនាគារអភិវឌ្ឍអាស៊ី (ADB), ធនាគារពិភពលោក (WB), USAID, AuAID, សហគមន៍អ៊ឺរ៉ុប (EU) និងស្ថាប័នម្ចាស់ជំនួយផ្សេងទៀត។ នេះហើយជាគោលដៅទី១ របស់ខ្ញុំ
Sabay៖ តើកត្តាអ្វីខ្លះដែលនាំឲ្យ វិបុល មានបំណងចង់បានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស?
វិបុល៖ ភាពលំបាកបានបង្រៀនខ្ញុំឱ្យចេះរៀបចំជីវិតប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ កត្តាដែលធ្វើឱ្យខ្ញុំចង់បាន អាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេស៖ ១.ដោយសារតែកត្តាគ្រួសារ (ឪពុកម្តាយរបស់ខ្ញុំជាអ្នកក្រីក្រ ជាគ្រូបង្រៀន ហើយគាត់បាននិយាយថា គាត់ធ្វើជាគ្រូបង្រៀន គាត់បានបង្រៀនសិស្សពីមួយជំនាន់ទៅមួយជំនាន់ ហើយស្រែកកោកៗឱ្យកូនគេដើរតាមផ្លូវល្អ ដូចនេះកូនក៏ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យក្លាយ ជាមនុស្សមួយ ដែលសង្គមត្រូវការ ហើយមិនធ្វើឱ្យគាត់ពិបាកចិត្ត ២. ដោយខ្ញុំចង់រក្សានូវកិត្តិនាម ក្នុងការរៀនសូត្ររបស់ខ្ញុំតាំងពីកុមារភាពរហូតដល់ពេល បច្ចុប្បន្ន ៣. ខ្ញុំចង់ក្លាយខ្លួនជាអ្នកធ្វើការងាររាជការ និងជួយអភិវឌ្ឍ សង្គមឱ្យបានច្រើន តាមរយះការទៅរៀនសូត្រនៅក្រៅប្រទេសយកមកអភិវឌ្ឍប្រទេសរបស់ខ្លួន ឱ្យកាន់តែរីកចម្រើន ៤) គឺខ្ញុំចង់វិវត្តខ្លួនឱ្យ ក្លាយជាមនុស្សគំរូ ធ្វើឱ្យក្មេងជំនាន់ ក្រោយរៀនសូត្រតាម។
តាមពិតទៅ ជាបំណងប្រាថ្នារបស់ខ្ញុំក្នុងការដាក់អាហារូបករណ៍ទៅ ក្រៅប្រទេសនេះ គឺកើតមាននៅពេលដែលខ្ញុំបានចូលរៀន នៅមហាវិទ្យាល័យ ដោយសារមើលឃើញពីភាពលំបាកពេក ខ្ញុំបានដាក់សម្ពាធចំពោះខ្លួនឯង ឱ្យសម្រេចគោលដៅចំនួន០៣ មុនអាយុ ៣០ឆ្នាំ ១) ការស្វែងរកការងារធ្វើជាមួយ អង្គការសង្គមស៊ីវិល អង្គការជាតិ និងអន្តរជាតិ២) ប្រលងជាប់ក្នុងក្របខ័ណ្ឌរដ្ឋណាមួយក្នុងស្ថាប័នរាជរដ្ឋាភិបាល ៣) ទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេស។ យ៉ាងណាក្តីបំណងប្រាថ្នានេះមិនសម្រេចបានភ្លាមៗនោះទេគឺវា ត្រូវការពេលវេលានិងការត្រៀមខ្លួនជាច្រើននិងឆ្លងកាត់នូវមហា ឧបសគ្គច្រើន ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំបានប្ដេជ្ញាចិត្តរួចហើយ និងត្រូវធ្វើឲ្យបំណងទាំង០៣នេះឱ្យបានក្លាយជាការពិតនៅអាយុ ក្រោម៣០ឆ្នាំ។
ផ្សារ ភ្ជាប់ជាមួយ និងបទពិសោធន៍មានអាយុកាលជាង០៩ឆ្នាំ ជាមួយអង្គការក្រៅរាជរដ្ឋាភិបាល (NGO) នេះហើយដែលជាកត្តាមួយជួយឱ្យ ខ្ញុំបានវេចស្ពាយនូវសមត្ថភាពពិតៗក្នុងការប្រលងចូលស្ថាប័នរដ្ឋជាមួយក្រសួងជាច្រើនដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រសួងពាណិជ្ជកម្ម ក្រសួងអភិវឌ្ឍជនបទ ក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ ក្រសួងទេសចរណ៍ ក្រសួងធនធានទឹក និងឧតុនិយមជាដើម ប៉ុន្តែភ្លាមៗនេះលទ្ធផលបានបង្ហាញឱ្យឃើញថា បានត្រឹមជាប់បំរុង ជាប់វគ្គសរសេរ និងធ្លាក់ប៉ុណ្ណោះ។ តែភាពបរាជ័យទាំងអស់នេះ ក៏មិនបានបំបាក់នូវស្មារតីខ្ញុំ ឱ្យបោះបង់ការប្រកួតប្រជែងជាមួយស្ថាប័នរដ្ឋឡើយ ទោះបីជានៅក្នុងសង្គមខ្មែរ ត្រូវបានគេនិយាយតៗគ្នាថា បើចង់ប្រលងចូលក្របខណ្ឌរដ្ឋ ដាច់ខាតត្រូវតែមានខ្សែ បក្សពួកនិយម និងស៊កលុយ យ៉ាងហោចណាស់ ចន្លោះពី ៥០០០ដុល្លារ ទៅ៨០០០ដុល្លារ ដែរតាមស្ថាប័ននីមួយៗ តែខ្ញុំត្រូវតែប្រឹងដើរទៅមុខជានិច្ច។ លុះដល់ឆ្នាំ ២០១២ សមិទ្ធិផលនៃការតស៊ូ ត្រូវបានបង្ហាញឱ្យឃើញហើយ ផ្លូវដែលត្រូវដើរជាមួយស្ថាប័នរាជរដ្ឋាភិបាលនោះគឺ ខ្ញុំបានធ្វើការប្រលងប្រកួតប្រជែងជាមួយបេក្ខជនរាប់ពាន់អ្នក នៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល របស់ក្រសួងមហាផ្ទៃ ទីបំផុតបានសម្រេចបាននៅគោលដៅទី២ហើយ លទ្ធផលជោគជ័យមួយនេះត្រូវបានមិត្តភ័ក្ដិ និងក្រុមគ្រួសារសាទរយ៉ាងខ្លាំងក្លាបំផុតគឺបានប្រលងជាប់ចូលបំរើការងារនៅក្នុងក្រសួងមហាផ្ទៃ នៃអធិការដ្ឋានទទួលពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការនយោបាយរដ្ឋបាលនៃអគ្គាធិការដ្ឋានកិច្ចការនយោបាយរដ្ឋបាល និងនគរបាល។ ទន្ទឹមនឹងនោះផងដែរ ការបូកបញ្ចូលគ្នារវាងបទពិសោធន៍ ក្រុមហ៊ុនឯកជន អង្គការក្រៅរាជរដ្ឋាភិបាល (NGO)និងស្ថាប័នរាជរដ្ឋាភិបាលជាកត្តាលីករមួយដែលបានជំរុញឱ្យខ្ញុំកាន់តែខ្លាំងឡើងៗហើយសមត្ថភាពទាំងអស់នេះត្រូវបានអ្នកក្រុមការងារទាំងអស់ទទួលស្គាល់ និងរៀនសូត្រតាម អ្វីដែលនឹកស្មានមិនដល់ នោះគឺខ្ញុំ ទទួលបានអាហារូបករណ៍ដែលគ្រោង និងទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត (Advance Master) ជំនាញគ្រប់គ្រង និងអភិវឌ្ឍគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យយេល (Yale University) សហរដ្ឋអាមេរិក ជាសាកលវិទ្យាល័យដ៏ល្បីឈ្មោះមួយទទួលបានចំណាត់ថ្នាក់លេខ៣នៅលើពិភពលោក ខាងផ្តល់គុណភាពអប់រំដ៏ល្អបំផុតក្នុងចំណោមសាកលវិទ្យាល័យកំពូលៗ ក្នុងលោកក៏សំបូរកូនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅលើពិភពលោក ទៅរៀននៅសាលានេះច្រើនដែរ តាមរយៈកម្មវិធីមួយរបស់អង្គការនៅសហរដ្ឋអាមេរិកឈ្មោះថា South East Asian Leadership Network។ នេះហើយជាបេសកកម្មគោលដៅទី៣ របស់ខ្ញុំ។ ទីបំផុតគោលដៅទាំង៣នេះ បានធ្វើឱ្យខ្ញុំឈានទៅរកការសម្រេចបានពិតៗ មុនអាយុ៣០ឆ្នាំដូចដែលបានគ្រោងទុក។ Sabay៖ តើ វិបុល ចាត់ទុក នេះជាភាពជោគជ័យសម្រាប់ខ្លួនឯងមែនទេ? វិបុល៖ វាជាភាពជោគជ័យមួយ ដែលខ្ញុំពេញចិត្ត និងទទួលយក ព្រោះវាជាភាពជោគជ័យមួយដែលកើតចេញពីការតស៊ូ ដោយដៃទាំងគូររបស់ខ្ញុំ កើតចេញពីការប្រើប្រាស់សមត្ថភាព ជំនាញ និងបទពិសោធន៍ របស់ខ្ញុំពិតៗ។ ទោះបីជាខ្ញុំបរាជ័យចំនួន១៩ដង ក្នុងការដាក់ពាក្យស្នើរសុំប្រលងអាហារូបករណ៍នេះក៏ដោយ។ តែខ្ញុំសូមជម្រាបថា ខ្ញុំមិនមានមោទនភាពហួសហេតុពេកទេ អ្វីដែលខ្ញុំត្រូវធ្វើ គឺខ្ញុំត្រូវខិតខំរៀនបន្ថែមទៀត។ ហើយសូមជម្រាបថាសមិទ្ធផល ដែលខ្ញុំទទួលបានពេលនេះ វាមិនមែនជាសមទិ្ធផលដែលបង្ហាញពីភាពជោគជ័យរបស់ខ្ញុំតែម្នាក់គត់នោះទេ គឺជាភាពជោគជ័យ របស់គ្រួសារខ្ញុំ និងសង្គមជាតិទាំងមូលផងដែរ។
ហើយចង់បង្ហាញប្រាប់ថាភាពជោគជ័យដែលខ្ញុំទទួលបានពេលនេះ គឺកើតចេញពីតួអង្គចំនួន៤ ដែលបានជួយជំរុញខ្ញុំឱ្យមានថ្ងៃនេះ ១. ឪពុកម្តាយ៖ ខ្ញុំសូមអរគុណចំពោះសាច់រឿងកន្លងមក ខ្ញុំគិតថាការបង្កើតកូន ការចិញ្ចឹមបីបាច់ថែរក្សា និងការអប់រំកូនគឺជាកាតព្វកិច្ចរបស់ឪពុកម្តាយគ្រប់រូប ហើយឪពុកម្តាយសប្បាយចិត្តនៅពេលដែលឃើញកូនរបស់គាត់មានមុខមាត់ មានកិត្តិយស តែអ្វីដែលធ្វើឱ្យខ្ញុំសប្បាយចិត្តនាពេលនេះគឺគាត់ទាំងពីរបានអនុញ្ញាតឱ្យខ្ញុំធ្វើខុស ត្រូវចាំថា «បុគ្គលដែលមិនធ្លាប់បង្កើតកំហុសអ្វីសោះ ជាបុគ្គលដែលមិនបានព្យាយាមធ្វើអ្វីដែលថ្មីនោះឡើយ»។ ខ្ញុំមិនតូចចិត្តកាលដែលកើតមកជាគ្រួសារឬកូនអ្នកក្រព្រោះនេះជាមេរៀនសម្រាប់តស៊ូនៅក្នុងជីវិត។ ២. គ្រូបង្រៀន៖ ខ្ញុំគិតថា អ្វីដែលធ្វើឱ្យខ្ញុំទទួលបាននូវចំណេះដឹង ហើយឈានមកដល់ថ្ងៃនេះ គឺកើតចេញពីគ្រូបង្រៀន ដែលបានខិតខំ យកចិត្តទុកដាក់បង្រៀន ចាប់តាំងពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់មហាវិទ្យាល័យ ដែលលោកគ្រូ និងអ្នកគ្រូទាំងអស់ បានផ្ទេរនូវចំណេះដឹង និងសមត្ថភាពគ្រប់សព្វបែបយ៉ាង រហូតដល់ ខ្ញុំបាទបានអភិវឌ្ឍន៍ខ្លួនឈានដល់ចំណុចនេះ។ ៣. គ្រូបង្វឹក៖ អ្វីដែលធ្វើឱ្យខ្ញុំពិតជាមិនអាចបំភ្លេចបាននោះគឺ គ្រូបង្វឹករបស់ខ្ញុំ ដែលបានផ្តល់ឧកាសឱ្យខ្ញុំបាន បម្រើការងារជាមួយគាត់ទាំងអស់គ្នា ទាំងគ្រូបង្វឹកនៅក្នុងក្រុមហ៊ុនឯកជនអង្គការក្រៅរាជរដ្ឋាភិបាល (NGO) និងស្ថាប័នរាជរដ្ឋាភិបាលជាដើម ក្នុងការពង្រឹងនូវសមត្ថភាពជំនាញ និងបទពិសោធន៍ឱ្យកាន់តែមានសក្ដានុពល។ ៤) មិត្តភ័ក្ដិ៖ ពិតជាអរគុណជាអនេក ចំពោះមិត្តភ័ក្ដិទាំងអស់គ្នា ដែលបានជួយរូបខ្ញុំបាទកន្លងមក បើគ្មានមិត្តភ័ក្ដិ ជួយអូសទាញ នៅពេលដែលខ្ញុំបានធ្វើខុស និងជួយជំរុញលើកទឹកចិត្ត ម្ល៉េះសមខ្ញុំគ្មានថ្ងៃនេះទេ។
Sabay៖ តើអ្វីដែល វិបុល មិនអាចបំភ្លេចបាន? វិបុល៖ រំលឹករឿងរ៉ាវក្នុងកំឡុងពេលសិក្សាថ្នាក់បរិញ្ញាបត្រខ្ញុំបាទ បានប្រើប្រាស់បទពិសោធន៍ក្នុងជីវិតតាមរយៈការតស៊ូយ៉ាងស្វិតស្វាញ ក្រោមរូបភាពជាច្រើនដូចជាការធ្វើដំណើរដោយកង់ ឬពេលខ្លះដោយថ្មើរជើង ពីម្តុំអង់តែនទួលគោក ទៅកាន់សាលាច្បាប់(បឹងត្របែក), ភាពលំបាកលំបិនក្នុងការរស់នៅក្រោមដំបូលផ្ទះម្តាយមីង, មិនមានថវិកាចាយវាយ និងការហូបចុកមិនគ្រប់គ្រាន់, ការទទួលរងនូវការមើលងាយពីសំណាក់មិត្តភ័ក្ដិ និងអ្នកជិតខាងគ្រប់សព្វបែបយ៉ាង, ការទទួលរងនូវសម្ពាធផ្លូវចិត្តក្រោយពេលប្អូនស្រីបានស្លាប់បាត់បង់ជីវិតដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នាឆ្នាំ២០០៨។ ពិតជាពិបាក ទុក្ខជាន់លើទុក្ខ ក្នុងការសម្រេចចិត្តមករៀន និងរស់នៅឆ្ងាយពីគ្រួសារក្នុងវ័យក្មេង បញ្ហាចេះតែកើតមាន គឺត្រូវផ្គត់ផ្គង់ច្រើនលើការចំណាយ ជាពិសេសការចំណាយទៅលើ ថ្លៃសម្ភារៈសិក្សា និងការហូបចុកជាដើម ដោយសារតែជួបប្រទៈបញ្ហាប្រឈមមុខ និងកង្វះខាតបែបនេះហើយទើបធ្វើឲ្យខ្ញុំបានសម្រេចចិត្តស្វែងរកការងារធ្វើដោយប្រើកម្លាំងសុទ្ធសាធ ដូចជាធ្វើជាកម្មករសំណង់រៀងរាល់ពេលឈប់សម្រាកពីការសិក្សាអ្នកលាងរថយន្តតាមយានដ្ឋាន អ្នកចាក់សាំងតាមស្ថានីយ អ្នករត់តុ បង្រៀនក្មេង ពេលខ្លះបានដើរស៊ីឈ្នួលបោកគក់សម្លៀកបំពាក់បោសសម្អាតតាមផ្ទះ និងជាកម្មកររោងចក្រកាត់ដេរពេលយប់ ដើម្បីយកថវិកាមកផ្គត់ផ្គង់ការសិក្សា។ ខ្ញុំបាទបានឆ្លងកាត់នូវបន្លាឧបសគ្គដែលបានដើរមុតជើងឡើងសុស។
ខ្ញុំតែងប្រាប់ខ្លួនឯងថា“ខ្ញុំពិតជាមិនតូចចិត្តឡើយនៅពេលដែលមនុស្សមួយចំនួន មិនសូវឱ្យតំលៃខ្ញុំទៅលើការតស៊ូព្យាយាម, ចំណេះដឹង, សមត្ថភាព, បទពិសោធ, គំនិតច្នៃប្រឌិត, ទេពកោសល្យ, សីលធម៌, ឧត្តមគតិ, ភាពជាអ្នកដឹកនាំ និងគុណធម៌ របស់ខ្ញុំ” តែខ្ញុំត្រូវតែដើរទៅមុខជានិច្ច ខ្ញុំទទួលយកអតីតកាលរបស់ខ្ញុំដោយមិនស្តាយក្រោយ ប្រើបច្ចុប្បន្នកាលរបស់ខ្ញុំប្រកបដោយទំនុកចិត្តខ្ពស់ ប្រឈមមុខ និងអនាគតកាលរបស់ខ្ញុំដោយមិនភ័យខ្លាច។ជីវិតបានធ្វើឱ្យខ្ញុំជួបនូវភាពនឿយហត់ ធុញថប់ ឬពិបាកចិត្តច្រើន តែទាំងនេះគឺសុទ្ធតែជាមេរៀនជីវិតដែលធ្វើ ឱ្យអ្នកកាន់តែរឹងមាំ ភាពជោគជ័យដែលកើតចេញពីដៃទាំងគូរបស់ខ្ញុំ គឺជាភាពជោគជ័យដ៏មានន័យបំផុតក្នុងជីវិតទោះបីជាខ្ញុំក្រ ខ្ញុំលំបាក ខ្ញុំបរាជ័យខ្ញុំជួបនូវរឿងបោកប្រាស់ តែពាក្យថា ជោគជ័យនៅតែមានជានិច្ច ជីវិតដែលធ្លាប់តែមានកំហុសឆ្គង ជាជីវិតដែលគួរឱ្យសរសើរ និងមានប្រយោជន៍ ជាជាងជីវិតដែលមិនធ្វើអ្វីសោះ សមិទ្ធផល នៃការតស៊ូទាំងអស់នេះហើយដែលធ្វើឱ្យខ្ញុំពិតជាមិនអាចបំភ្លេចបានហើយក៏ជាកត្តាមួយដែលធ្វើឱ្យខ្ញុំជោគជ័យរហូតមកដល់ពេលនេះ។ Sabay៖ បំណងប្រាថ្នានាពេលអនាគត តើ វិបុល គិតចង់ធ្វើអ្វីដែរ? វិបុល៖ ខ្ញុំបានដាក់គោលដៅរបស់ខ្លួន រយៈពេល១៥ ឆ្នាំ (៣០ ទៅ៤៥ឆ្នាំ) ខ្ញុំចង់ក្លាយជាសហគ្រិនដ៏ល្បីឈ្មោះមួយរូបក្នុងការលើកកម្ពស់កិច្ចការងារសង្គមផ្តោតទៅលើវិស័យអប់រំ ឬវិស័យសុខាភិបាល វិស័យកសិកម្ម វិស័យទេសចរណ៍ និងមីក្រូហិរញ្ញវត្ថុ ទោះបីជានៅក្នុងប្រទេសរបស់យើងមានការអនុវត្តទៅលើវិស័យទាំងអស់នេះមានច្រើនក៏ ដោយ តែផលិតភាពនៃការផ្គត់ផ្គង់ នៅតាមជនបទនៅមានកម្រិតនៅឡើយ មិនទាន់ឆ្លើយតបទៅ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ សម្រាប់វ័យពី ៤៦ ទៅ៦០ឆ្នាំ ចង់ក្លាយខ្លួនជា អភិបាលស្រុក ក្រុង និងអភិបាលខេត្ត ក្នុងស្ថាប័នរាជរដ្ឋាភិបាល។ ខ្ញុំបានត្រៀមខ្លួនជាស្រេច ទាំងផ្នែកសមត្ថភាព និងស្មារតី ដើម្បីបន្តវេន និងទទួលនូវតំណែងសង្គមណាមួយក្នុងពេលអនាគត។ Sabay៖តើ វិបុល មានអ្វី ដើម្បីចែករំលែកដល់យុវជនជំនាន់ក្រោយ ជាពិសេសយុវជន ដែលចង់បាន អាហារូបករណ៍សិក្សានៅបរទេស? វិបុល៖ សម្រាប់ខ្ញុំ យុវជនទាំងអស់គ្នា ចាំបាច់ត្រូវបាន ផែនការនៃជីវិតឱ្យបានច្បាស់លាស់ ទាំងការងារ ទាំងការសិក្សា ត្រូវតស៊ូឱ្យដល់ទីបញ្ចប់ ដូចជាការដាក់ពាក្យសុំអាហារូបករណ៍ជាដើម បរាជ័យកាន់តែច្រើន ភាពជោគជ័យ កាន់តែខ្លាំង។ យុវជនទាំងអស់គ្នា ចាំបាច់ត្រូវចេះចាប់យកឱកាស ឆក់យកឱកាស បង្កើតឱកាស និងចេះប្រើប្រាស់ ឱកាសឱ្យមានប្រសិទ្ធភាព៕
អត្ថបទ៖មៃ សុខលីម