អតីតនិស្សិតបានអាហារូបករណ៍បរទេសពីរដងផ្ទួន ប្រាប់ពីល្បិចប្រលងជាប់
- 2015-02-24 17:14:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតនិស្សិតបានអាហារូបករណ៍បរទេសពីរដងផ្ទួន ប្រាប់ពីល្បិចប្រលងជាប់
ចន្លោះមិនឃើញ
មិនងាយមាននិស្សិតខ្មែរ ណាអាចទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេសពីរដងផ្ទួនគ្នាទេ ប៉ុន្តែ មាស ថុង គឺជាម្នាក់ក្នុងចំណោមនិស្សិតដ៏កម្រទាំងនោះ។ នៅឆ្នាំ២០០៨កន្លងទៅ អតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មរូបនេះ ទទួលបានអាហារូបករណ៍ទៅសិក្សាបញ្ចប់ថ្នាក់បរិញ្ញាប័ត្ររយៈពេលមួយ ឆ្នាំនៅប្រទេសអូស្រ្តាលី។
មានស្រុកកំណើតនៅខេត្តសៀមរាបរូបនេះ និងបានសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលពីរឆ្នាំ ឯសាកលវិទ្យាល័យ University of Kentucky សហរដ្ឋអាមេរិក។ ថ្លៃជួលផ្ទះ ថ្លៃសាលា ថ្លៃម្ហូបអាហារ ថ្លៃប្រដាប់ប្រដារៀនសូត្រ ថ្លៃសំបុត្រយន្តហោះទៅមក និងថ្លៃចាយវាយផ្សេងទៀត គឺអាហារូបករណ៍នោះរ៉ាបរងទាំងអស់។
ចង់ដឹងថា និស្សិតខ្មែររូបនេះមានបច្ចេកទេសស្វះស្វែងរកអាហារូបករណ៍យ៉ាងណា ថ្ងៃនេះ Sabay បានធ្វើបទសម្ភាសន៍ជាមួយរូបលោកដូចតទៅ៖
Sabay៖ លោក មាស ថុង តើអាហារូបករណ៍ដែលលោកកំពុងសិក្សានេះ មានឈ្មោះអ្វីដែរ ហើយលោកដឹងព័ត៌មានអំពីវាដោយរបៀបណា?
មាស ថុង៖ អាហារូបករណ៍ដែលខ្ញុំទទួលបាននេះមានឈ្មោះថា Cambodia HARVEST Scholarship Program, ជាកម្មវិធីដែលរៀបចំដោយ កម្មវិធីអភិវឌ្ឍន៍កសិកម្មមួយនៅប្រទេសកម្ពុជាយើងឈ្មោះថា Cambodia HARVEST Program ក្រោមជំនួយរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ នៃសហរដ្ឋអាមេរិក(USAID)។ ក្រៅពីកម្មវិធីបែបនេះ ក៏មានកម្មវិធីដ៏ទៃទៀតដែលឧបត្ថម្ភនិស្សិតមកសិក្សានៅសហរដ្ឋ អាមេរិក ដូចជាកម្មវិធី Fulbright ជាដើម ដែលជាអាហារូករណ៍ដ៏ល្បីមួយរបស់អាមេរិក។ ព័ត៌មានទាក់ទងនឹងអាហារូបករណ៍ Fulbright នេះ យើងអាច ស្វែងរកបានតាមរយៈវិបសាយរបស់ស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញ និងគេហទំព័របរទេសផ្សេងទៀត។ មិនមានអ្វីជាលាក់កំបាំងទេ ពេលណារដូវបើកប្រកាសប្រគល់អាហារូបករណ៍មកដល់ ស្ថានទូតអាមេរិកនឹងជូនដំណឹងដល់និស្សិតខ្មែរ ទាំងនៅភ្នំពេញ និងតាមបណ្ដាខេត្តបានដឹងមិនខានឡើយ។ តាមពិតទៅ ខ្ញុំក៏ធ្លាប់ប៉ងអាហារូបករណ៍ Fulbright នេះដែរ ហើយខ្ញុំក៏ធ្លាប់បានដាក់ពាក្យសុំអាហារូបករណ៍កម្មវិធីផ្សេងទៀតជា ច្រើនដែរកន្លងមក តែខ្ញុំបែរជាមានសំណាងមកជាប់អាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក តាមរយៈកម្មវិធី USAID Cambodia HARVEST Program ទៅវិញ កាលពីឆ្នាំទៅមិញ។ កម្មវិធីនេះ ក៏មានលក្ខណៈស្រដៀងនឹងកម្មវិធី Fulbright ដែរ។ ចំណែកឯដំណឹងទាក់ទងនឹងកម្មវិធីនេះ ខ្ញុំទទួលបានតាមរយៈសារ email ការផ្សាយតាមទំព័រកាសែត និងការធ្វើបទបង្ហាញដោយអ្នករៀបចំកម្មវិធីផងដែរ។
Sabay៖ អាចប្រាប់ព័ត៌មានជុំវិញអាហារូបករណ៍របស់អ្នកបន្តិចបានទេ?
មាស ថុង៖ កម្មវិធីអាហារូបករណ៍ដែលខ្ញុំកំពុងតែរៀននេះ គឺផ្ដល់សម្រាប់និស្សិតខ្មែរ ដែលចង់ស្វែងរកការសិក្សាថ្នាក់អនុបណ្ដិតនៅសហរដ្ឋអាមេរិក ផ្នែកជំនាញដែលពាក់ព័ន្ធនឹងកសិកម្ម។ ហើយឥឡូវ ខ្ញុំកំពុងសិក្សាយកអនុបណ្ឌិត ផ្នែកសេដ្ឋកិច្ចកសិកម្ម រយៈពេលពីរឆ្នាំនៅសាកលវិទ្យាល័យ University of Kentucky ឯសហរដ្ឋអាមេរិក។
Sabay៖ តើធ្វើម៉េចដើម្បីទទួលបានអាហារូបករណ៍នេះ?
មាស ថុង៖ រឿង សុំអាហារូបករណ៍ គឺត្រូវឆ្លងកាត់ការប្រកួតប្រជែងខ្លាំងណាស់ និងតម្រូវឲ្យសរសេរពាក្យស្នើសុំ និងលក្ខខណ្ឌមួយចំនួន ដូចជាឲ្យមានបទពិសោធន៍បម្រើការងារមួយចំនួនទៀតផង។ តម្រូវការទីមួយក្នុងការទៅសិក្សានៅសហរដ្ឋអាមេរិក គឺកម្រិតភាសាអង់គ្លេង។ ដើម្បីឲ្យពាក្យសុំអាហារូបករណ៍របស់យើងត្រូវបានគណៈមេប្រយោគ ពិចារណា អ្នកត្រូវតែមានពិន្ទុ TOEFL iBT ៨០ ឬ IELTS ៦.៥ តែបើបាន TOEFL iBT ៨៨ ឬ IELTS ៧.០ គឺកាន់តែប្រសើរ ជាពិសេសសម្រាប់អាហារូបករណ៍ Fulbright។ ដូច្នេះបើសិនអ្នកមានបំណងចង់សុំអាហារូបករណ៍ ពិន្ទុភាសាអង់គ្លេសខ្ពស់នឹងជួយឲ្យពាក្យស្នើសុំរបស់អ្នកកាន់តែ មានអាទិភាពខ្ពស់។ ប៉ុន្តែទន្ទឹមនឹងនោះដែរ សម្រាប់និស្សិតដែលប្រាថ្នាចង់ទៅសិក្សានៅសហរដ្ឋអាមេរិក គួរតែត្រៀមសម្រាប់ការធ្វើតេស្តកំរិតអន្តរជាតិផ្សងទៀត ដូចជា GRE និងGMAT ឲ្យហើយទៅ។
លើសពីនេះ អាហារូបករណ៍ទូទៅ នឹងទាមទា កម្រិតពិន្ទុមធ្យម ឬហៅកាត់ថា GPA ខ្ពស់, មានបទពិសោធន៍ការងារ និងធ្លាប់បម្រើការងារក្នុងវិស័យណាមួយកន្លងមក។ កម្រិតGPAទាបបំផុតក៏ ៣.០ដែរ។ សម្រាប់បទពិសោធន៍ការងារវិញ កម្មវិធីអាហារូបករណ៍ខ្លះនឹងកំណត់ថា បេក្ខជនត្រូវធ្លាប់ធ្វើការរយៈពេលណាមួយ ហើយការងារនោះទាក់ទងនឹងអាហារូបករណ៍ដែលកំពុងស្នើសុំ។
Sabay៖ ជាធម្មតា ក្នុងពាក្យសុំអាហារូបករណ៍ គេនឹងតម្រូវឲ្យសរសេរអត្ថបទមួយ (Essay)។ តើក្នុងអត្ថបទនោះគួរសរសេរបែបណា?
មាស ថុង៖ ដើម្បី អាចសរសេរEssayបានល្អ គឺអ្នកត្រូវតែបង្ហាញថា អ្នកពិតជាបេក្ខជនដ៏ស័ក្តសមបំផុតសម្រាប់អាហារូបករណ៍នេះ។ សម្រាប់ Development Scholarship នៅក្នុងពាក្យស្នើសុំ ត្រូវតែពិពណ៌នាអំពីគុណសម្បត្តិផ្ទាល់ខ្លួនរបស់អ្នក, ការរួមចំណែករបស់អ្នកជួយសង្គមនាពេលកន្លងមក, ការប្តេជ្ញាចិត្តរបស់អ្នកដើម្បីជួយអភិវឌ្ឍសង្គម, តើអ្នកនឹងធ្វើឲ្យគម្រោងរបស់អ្នកចេញជាផ្លែផ្កាដោយរបៀបណា, ហើយអ្វីដែលសំខាន់បំផុតនោះ តើអាហារូបករណ៍នេះនឹងជួយឲ្យអ្នកសម្រេចបំណងប្រាថ្នារបស់ខ្លួនបាន ដោយរបៀបណា។ ទាំងនេះ គឺជាអ្វីដែលខ្ញុំបានសរសេរចូលក្នុងពាក្យសុំអាហារូបករណ៍របស់ ខ្ញុំ ហើយវាពិតជាមានប្រសិទ្ធិភាពមែន។
Sabay៖ តើការសុំអាហារូបករណ៍មួយ តម្រូវឲ្យមានការត្រៀមខ្លួនអ្វីខ្លះ?
មាស ថុង៖ ការ ត្រៀមខ្លួនសម្រាប់សុំអាហារូបករណ៍គឺសាមញ្ញទេ។ ដំបូង ខ្ញុំគ្រាន់តែដុះខាត់ភាសាអង់គ្លេសរបស់ខ្ញុំឲ្យកាន់តែប្រសើរ ឡើង។ ភាសាអង់គ្លេសមិនមែនត្រឹមតែសម្រាប់ប្រជែងយកអាហារូបករណ៍ប៉ុណ្ណោះ ទេ ប៉ុន្តែជំនាញនេះសំខាន់ណាស់សម្រាប់ពេលបានអាហារូបករណ៍ហើយ ចូលទៅសិក្សានៅប្រទេសគេ និងសំខាន់សម្រាប់ការងារនាថ្ងៃអនាគតរបស់យើងដែរ។ ទន្ទឹមគ្នា នោះដែរ ខ្ញុំតែងតែស្រាវជ្រាវដំណឹងផ្សេងៗទាក់ទងនឹងអាហារូបករណ៍ដែលធ្លាប់ ផ្ដល់ឲ្យនិស្សិតខ្មែរនាពេលកន្លងមក និងកាលបរិច្ឆេទបិទការស្នើសុំអាហារូបករណ៍នោះ។ នៅពេលអាហារូបករណ៍ណាមួយធ្លាក់មកដល់ ខ្ញុំគ្រាន់តែដាក់ពាក្យសុំបន្តការសិក្សាតែជំនាញណាដែលទាក់ទងនឹង ការសិក្សាមុនៗ និងការងាររបស់ខ្ញុំតែប៉ុណ្ណោះ។
Sabay៖ ក្រោយពេលដាក់ពាក្យរួច អ្នកត្រូវបានគេទូរសព្ទហៅឲ្យមកសម្ភាសន៍ តើត្រូវត្រៀមខ្លួនយ៉ាងណាដែរ?
មាស ថុង៖ ប្រសិនបើអ្នកត្រូវបានគេណាត់ឲ្យមកសម្ភាសន៍ នេះមានន័យថា អ្នកត្រូវតាមអ្វីដែលអាហារូបករណ៍នោះចង់បាន។ ជាធម្មតា ការសម្ភាសគឺគ្រាន់តែជាការផ្ទៀងផ្ទាត់អ្នក ជាមួយនឹងពាក្យសុំអាហារូបករណ៍របស់អ្នកតែប៉ុណ្ណោះ ប៉ុន្តែវានឹងផ្តល់ឱកាសមួយដល់អ្នកក្នុងការប្រាប់ដល់គណៈមេ ប្រយោគ លម្អិតបន្ថែមទៀតអំពីខ្លួនអ្នក។
ក្នុងការត្រៀមខ្លួន សម្រាប់សម្ភាសន៍ ខ្ញុំត្រូវមើលពាក្យស្នើសុំរបស់ខ្ញុំឡើងវិញ ពិនិត្យមើលអ្វីដែលគួរតែប្រាប់ដល់គណៈមេប្រយោគបន្ថែមទៀត ដូច្នេះធ្វើឲ្យដំណើរការនៃការស្នើសុំអាហារូបករណ៍របស់ខ្ញុំកាន់ តែមានទម្ងន់ ប៉ុន្តែទន្ទឹមនឹងនោះដែរ ខ្ញុំត្រូវព្យាយាមបញ្ចុះបញ្ចូលគណៈមេប្រយោគ ថាខ្ញុំមានទំនុកចិត្តពេញលេញលើខ្លួនឯង និងមានការត្រៀមខ្លួនជាស្រេចក្នុងការបំពេញការសិក្សាបន្តនេះ។
Sabay៖ តើអ្នកមានជាយោបល់អ្វីផ្ដល់ដល់និស្សិតខ្មែរ ដែលចង់សុំអាហារូបករណ៍ដូចអ្នកដែរ ឬទេ?
មាស ថុង៖ ខ្ញុំយល់ថា និស្សិតដែលចង់ដាក់ពាក្យសុំអាហារូបករណ៍ ដំបូងត្រូវត្រៀមភាសាអង់គ្លេស (ដើម្បីធ្វើតេស្ត TOEFL/IELTS), លួចសាកល្បងធ្វើតេស្តកំរិតអន្តរជាតិផ្សេងៗទៀតដូចជា GRE ឬ GMAT, គួរចូលបម្រើការងារនៅស្ថាបនណាមួយដើម្បីទទួលបានបទពិសោធន៍ខ្លះ, រៀនសរសេរពាក្យសុំអាហារូបករណ៍ រៀបរាប់អំពីបទពិសោធន៍ផ្ទាល់ខ្លួន និងគោលដៅនៅថ្ងៃអនាគត, ប៉ុន្តែក្នុងពាក្យសុំអាហារូបករណ៍អ្នកក៏ត្រូវបន្ថែមអំពីគម្រោងនៃ ការសិក្សារបស់អ្នកផងដែរ៕ អត្ថបទ៖ មាស រ័ត្ន