បើ​ទ័ល ​បញ្ចាំរបស់​​ និង​ខ្ចី​លុយ​គេ​មួយ​ណា​​ជា​ជម្រើស​ល្អ​ជាង?

  • 2015-02-26 17:11:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មាន​ឈ្មោះ​ថា​ ខ្ចី​​គេ​ដូច​គ្នា​ តែ​មួយ​​ហា​មាត់​ខ្ចី​លុយ​​គេ​ផ្ទាល់​ ឯ​មួយ​ទៀត​យក​របស់​របរ​ (ម៉ូតូ ​ទូរសព្ទ ​កុំព្យូទ័រ ឬ​គ្រឿង​អលង្ការ​ជាដើម) ​ទៅ​ដាក់​បញ្ចាំ​ ​មួយ​ណា​ជា​ជម្រើស​ល្អ​ជាង? ​​​អ្នក​ខ្លះ​​​​ថា​ ទោះ​ជា​​ដាច់​លុយ​​យ៉ាង​ម៉េច​ក៏​ដោយ​ ដាច់​ខាត​មិន​ខ្ចី​លុយ​មិត្តភ័ក្ដិ​ ឬ​ក្រុមគ្រួសារ​ទេ សុខ​ចិត្ត​​យក​របស់​​ទៅ​​​បញ្ចាំ​​​​ល្អ​ជាង។ តើ​ការ​លើក​ឡើង​នេះ​ មួយ​ណា​​​ល្អ​ជាង?​

 

រូបតំណាង

 

​ការ​យក​របស់​របរ​​​ជាប់​ខ្លួន​​ដូចជា​ ទូរសព្ទ​ កុំព្យូទ័រ​ កាតគ្រី​ម៉ូតូ គ្រឿង​អលង្ការ​ និង​របស់​មាន​តម្លៃ​ផ្សេង​ៗ​ទៀត​ជាដើម​ អាច​ជា​រឿង​​ដែល​អ្នក​ខ្លះ​មើល​ឃើញ​ថា​​​ ជា​រឿង​​ធម្ម​តា​ ផ្ទុយ​ទៅ​វិញ​ មាន​ការ​យល់​ឃើញ​ថា​ មិន​គួរ​ទម្លាប់​យក​របស់​ទៅ​ដាក់​បញ្ចាំ​ឡើយ​ ព្រោះ​ជា​រឿង​មិន​ល្អ។

 

​យល់​ឃើញ​ស្រដៀង​គ្នា​នេះ​ដែរ យុវជន ចំណាន​ អាយុ ២៤ ឆ្នាំ ជា​និស្សិត​មួយ​រូប​ ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​​​ កំពង់​ឆ្នាំង​ ​និយាយ​​ថា​ ៖ "​ខ្ញុំ​ក៏​ធ្លាប់​យក​របស់​ទៅ​បញ្ចាំ​ញឹក​ញាប់​​ដែរ​ ជា​ពិសេស​​​គឺ​ពេល​​​ដាច់​លុយ​ចាយ​ហ្នឹង​តែ​ម្ដង"។ ​យុវជន​ដដែល​នេះ​បាន​បន្ត​ទៀត​ថា​ ៖ " ​ខ្ញុំ​មាន​ទម្លាប់​មួយ​ គឺ​សុខ​ចិត្ត​ដាក់​របស់​បញ្ចាំ​ តែ​មិន​ចង់​ហា​មាត់​ខ្ចី​មិត្តភ័ក្ដិ​ដាច់​ខាត​"។

 

ចំណែក​ឯ យុវជន មករា​ និស្សិត​ឆ្នាំ​ទី៤ នៃ​​សកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​​បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា​ ៖ " ខ្ញុំ​គិត​ថា​ ការ​យក​របស់​ទៅ​ដាក់​បញ្ចាំ​​មិន​មែន​ជា​រឿង​អាក្រក់​ទេ​ ប្រសិន​បើ​វា​តម្រូវ​ការ​ចាំ​បាច់​ ហើយ​យើង​ប្រើ​ប្រាស់​វា​ក្នុង​ផ្លូវ​ល្អ​ តែ​បើ​ដើម្បី​យក​លុយ​ទៅ​ចាយវាយ សប្បាយ​ហ៊ឺហា​ ជាមួយ​មិត្តភ័ក្ដិ អា​ហ្នឹង​ទើប​ជា​រឿង​មិន​ល្អ​ទេ​​ ​ដែល​ត្រូវ​ជៀស​វាង​ឲ្យ​បាន"។

 

ស្រដៀង​និង​យុវជន មករា​ដែរ​ វិសាល​​ ជា​និស្សិត​នៃ​​សកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ បាន​ថ្លែង​​ថា​៖ "បើ​សិន​ជា​យក​របស់​ទៅ​បញ្ចាំ​ដើម្បី​បាន​លុយ​ធ្វើ​ជា​ដើម​ទុន​រក​ស៊ី​អ្វី​មួយ​នោះ​វា​មិន​អី​ទេ​ តែ​ខ្ញុំ​ឃើញ​អ្នក​ខ្លះ​​យក​​ខ្ចី​របស់​របរ​មិត្តភ័ក្ដិ​ ​និង​​ទ្រព្យ​សម្បត្តិ​អ្នក​ផ្ទះ​ទៅ​ដាក់​បញ្ចាំ​ទៀត​ក៏​មាន​ដែរ។ ​លើស​ពី​នេះ​ ​អ្នក​ខ្លះ​យក​របស់​ទៅ​ដាក់​បញ្ចាំ​ តែ​ដល់​ពេល​ដល់​ថ្ងៃ​យក​ផុត​កំណត់​ ​អត់​មាន​លុយ​បង់​ឲ្យ​គេ​ ក៏​ដាច់​ទៅ​"។

 

"បើ​គិត​ឲ្យ​មែន​ទែន​ទៅ ​គឺ​ដូច​ខ្ចី​លុយ​គេ​ដូច​តែ​គ្នា​ហ្នឹង។ ​គ្រាន់​តែ​ថា​ មួយ​ខ្ចី​មិត្តភ័ក្ដ​មិន​ចាំ​បាច់​អស់​លុយ​ថ្លៃ​ការ​ឲ្យ​គេ​ តែ​បើ​យក​របស់​ទៅ​ដាក់​បញ្ចាំ​វិញ ត្រូវ​បង់​​ខាត​ចុង​ការ​បន្តិច​បន្តួច​នោះ​ជា​រឿង​ធម្មតា​ទេ។ តែ​សម្រាប់​ខ្ញុំ​វិញ​ បើ​ខ្វះ​ខាត​លុយ​ខ្លាំង​ សុខ​ចិត្ត​​​​យក​របស់​ទៅ​ដាក់​បញ្ចាំ​វិញ​ ជៀស​វាង​ខ្ចី​លុយ​មិត្តភ័ក្ដិ​ នាំ​តែ​មាន​ពាក្យ​ជំពាក់​គុណ​គេ​​​ថ្ងៃ​ក្រោយ"។ នេះ​ជា​ការ​ ថ្លែង​​ឲ្យ​ដឹង​ របស់​យុវជន សែម ចិត្រា ​អាយុ​២៦ឆ្នាំ​ ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​ភ្នំពេញ​ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត កណ្ដាល។

 

​​បន្ថែម​ពី​លើ​ហេតុ​ផល​ខាង​លើ លោក​ ស្រីន ឡង់​ឌី ដែល​ជា​ម្ចាស់​ហាង​បញ្ចាំ​ឈ្មោះ​ សំណាង​និមល​២ នៅ​ម្តុំ​ផ្សារ​កណ្ដាល​បាន​និយាយ​ថា​ ៖ " ភាគ​ច្រើន​អ្នក​ដែល​យក​របស់​មក​បញ្ចាំ​នៅ​កន្លែង​គាត់​ សុទ្ធ​សឹងតែ​ជា​អ្នក​ខ្វះ​ខាត​លុយ​កាក់​សម្រាប់​ធ្វើ​អ្វី​មួយ​ ទើប​គាត់​យក​របស់​មក​ដាក់​ មាន​ដូច​ជា​ ទូរសព្ទ កាមេរ៉ា គ្រឿង​អលង្ការ ម៉ូតូ និង​គ្រឿង​អេឡិចត្រូនិក​ដទៃ​ទៀត​ជា​ដើម​​"។

 

លោក​ ឡង់ឌី បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា​ " ​ទោះ​បី​ជា​យ៉ាង​ណា​ ខ្ញុំ​មិន​ហ៊ាន​ថា​ មួយ​ណា​ល្អ​នោះ​ទេ ព្រោះ​នេះ​ជា​ជម្រើស​របស់​ពួក​គាត់​ តែ​សំខាន់​ហាង​របស់​ខ្ញុំ ទទួល​របស់​បញ្ចាំ​ត្រឹម​ត្រូវ​ ​មិន​ទទួល​បញ្ចាំ​របស់​ណា​ដែល​គ្មាន​ឯកសារទេ​ ព្រោះ​វា​ខុស​ច្បាប់​ ម្យ៉ាង​វិញ​ទៀត​មុន​និង​បើក​ហាង​ទទួល​បញ្ចាំ​នេះ​ ​លោក​​ទទួល​​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ត្រឹម​ត្រូវ ​មិន​មែន​ចេះ​តែ​បើក​នោះ​ទេ​"៕

តើ​ការ​ដែល​យក​របស់​ទៅ​ដាក់​​បញ្ចាំ​ និង​ខ្ចី​លុយ​គេ​មួយ​ណា​​ជា​ជម្រើស​ល្អ​ជាង ឬ​ក៏​ជា​ចំណុច​ដែល​គួរ​តែ​ជៀស​វាង​ទាំង​អស់?

 

អត្ថបទ៖ យិន​ សំបូរ​​

អត្ថបទថ្មី