"ល្បុក្កតោចម្លែក" ខ្សែភាពយន្តប្រជុំដោយកំពូលអ្នកប្រដាល់ខ្មែរ
- 2015-02-26 22:05:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"ល្បុក្កតោចម្លែក" ខ្សែភាពយន្តប្រជុំដោយកំពូលអ្នកប្រដាល់ខ្មែរ
ចន្លោះមិនឃើញ
រឿង "ល្បុក្កតោចម្លែក" ជាខ្សែភាពយន្តដំបូងរបស់ផលិតកម្ម Z Entertainment ប្រជុំដោយកំពូលអ្នកប្រដាល់ខ្មែរ ទើបធ្វើពិធីក្រុងពាលីព្រឹកមិញនៅភ្នំ បាសិត។
អ្នកប្រដាល់ខ្មែរល្បីៗចូលរួមសម្ដែងក្នុងខ្សែភាពយន្តនេះ មានដូចជា វ៉ន វីវ៉ា, សេន ប៊ុនថេន, អូត ភូថង, ពេជ្រ សុផាន់, ម៉ឺន សុភា, ធន់ សុភា រួមទាំងតារាសម្ដែងក្បាច់គុណ សុខ សុវណ្ណដែន និង សេង សុខចាន់។
កីឡាករប្រដាល់ល្បីៗ ក្នុងពិធីក្រុងពាលីរឿង "ល្បុក្កតោចម្លែក" ព្រឹកមិញ
ចាងហ្វាងផលិតកម្ម Z Entertainment លោក លៀង ខេងហេង និយាយថា "ល្បុក្កតោចម្លែក" គឺជា ខ្សែភាពយន្តបុរាណខ្មែរ បានសម្រិតសម្រាំងឡើងយ៉ាងពិសេស ដើម្បីឆ្លើយតបទៅនឹងទីផ្សារភាពយន្តកម្ពុជាបច្ចុប្បន្ន។ អ្វីដែលជាចំណុចសំខាន់ខ្សែភាពយន្តខាងលើចូលរួមសម្ដែងដោយ អ្នកប្រដាល់ល្បីៗរបស់ខ្មែរ។
ផលិតកររូបនេះបញ្ជាក់ដូច្នេះថា៖ "ខ្ញុំធានារឿងនេះថា ពិតជាប្លែកខុសពីរឿងដទៃ ព្រោះយើងសម្រិតសម្រាំងខ្លាំងទាំងប្លង់ថត និង ការវាយតប់ ក្បាច់ល្បុក្កតោខ្មែរពិតៗតែម្ដង"។
លោក លៀង ខេងហេង បន្តថា ក្រៅតែពីបង្ហាញឈុតឆាក នៃការវាយតប់ច្រើន ខ្សែភាពយន្តដំបូងរបស់លោក ក៏មានឈុតឆាកកំប្លែងជាច្រើនទៀតចូលរួមផងដែរ ដើម្បីបង្កបរិយាកាសសាច់រឿងទាំងមូលទាក់ទាញការចាប់អារម្មណ៍ពីអ្នកទស្សនាពេលដាក់បញ្ចាំងតាមរោងភាពយន្តនានា។
ផលិតករសញ្ជាតអាមេរិកធ្លាប់ទទួលជោគជ័យក្នុងខ្សែភាពយន្តជាច្រើន កាលនៅផលិតឱ្យផលិតកម្ម RGB ជឿជាក់ថា ស្នាដៃដំបូងរបស់ផលិតកម្មខ្លួននឹងទទួលបានជោគជ័យខ្ពស់ពេលដាក់បញ្ចាំងនាពាក់កណ្ដាលឆ្នាំនេះ។
ដោយឡែកកីឡាករ វ៉ន វីវ៉ា លើកឡើងថា រឿង "ល្បុក្កតោចម្លែក" គឺជាខ្សែភាពយន្តមួយប្លែកដែលលោកមិនធ្លាប់ជួបប្រទះក្នុងការសម្ដែងនាពេលកន្លងមក។ "ខ្ញុំធ្លាប់សម្ដែងបានពីរទៅបីរឿងដែរពីមុនមក ប៉ុន្តែមិនប្លែកអ៊ីចឹងទេ។ រឿងនេះប្លែកខ្លាំង ហើយឈុតឆាកគឺសុទ្ធតែវាយតប ធានាថានឹងល្អមើល"។
កីឡាករល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ CTN បន្តថា ខ្សែភាពយន្តដំបូងរបស់ផលិតកម្ម Z Entertainment នឹងអាចជួយលើកកម្ពស់វិស័យភាពយន្តខ្មែរបានមួយកម្រិតថែមទៀត។ ជាពិសេសការអភិរក្ស ក្បាច់គុណបុរាណរបស់ខ្មែរ។ វ៉ន វីវ៉ា ស្នើឱ្យទស្សនិកជនចូលរួមទស្សនាខ្សែភាពយន្តនេះទាំងអស់គ្នាក្នុងពេលដាក់បញ្ចាំងថ្ងៃខាងមុខ ដើម្បីគាំទ្រផលិតករ រួមនឹងកីឡាករខ្មែរផងដែរ។
ក្រុមតារាសម្ដែង ក្នុងពិធីក្រុងពាលីព្រឹកមិញ នៅភ្នំបាសិត
ជាមួយគ្នានេះដែរ តារាក្បាច់គុនខ្មែរ សុខ សុវណ្ណដែន បានប្រាប់ថា ខ្សែភាពយន្តដែលប្រជុំដោយកីឡាករល្បីៗ ហ្វឹកហាត់ត្រៀមខ្លាំងណាស់ ដើម្បីឱ្យការសម្ដែងស៊ីចង្វាក់គ្នា។
សុខ សុវណ្ណដែន បញ្ជាក់ថា៖ "មុននឹងថតរឿងនេះ ពួកយើងហាត់សមរួមគ្នាពីរទៅបីឯណោះ ព្រោះអីយើងចង់សម្ដែងឱ្យដល់កម្រិតមួយស្តង់ដារ ទស្សនិកជនអាចទទួលយកបាន"។
មិនខុសពីចាងហ្វាងផលិតកម្ម លៀង ខេងហេង និង កីឡាករ វ៉ន វីវ៉ា ទេ តារាក្បាច់គុនរូបនេះ ក៏បានជឿជាក់ខ្ពស់ថា ខ្សែភាពយន្ត "ល្បុក្កតោចម្លែក" នឹងទទួលបានជោគជ័យខ្លាំងបន្ទាប់ពីថតចប់ដាក់បញ្ចាំងលើទីផ្សារ។
ខ្សែភាពយន្តដំបូងរបស់ផលិតកម្ម Z Entertainment “ល្បុក្កតោចម្លែក" នឹងប្រើរយៈពេលបីខែ ដើម្បីថតចប់រួចរាល់ ហើយគ្រោងនឹងដាក់បញ្ចាំងលើទីផ្សារនាខែ មិថុនា ឆ្នាំ២០១៥ ខាងមុខ។ ខ្សែភាពយន្តនេះ ចាយដើមទុនក្នុងការផលិតជាង ១៣ ម៉ឺនដុល្លារ៕
អានអត្ថបន្ត៖ តារាជាច្រើនចូលរួមថត MV ឱ្យផលិតកម្ម Town ម្សិលមិញ
អានអត្ថបន្ត៖ ចប់...!ស្រីស្អាត បេនីយុំាង អះអាងថានាងមានរោគប្រចាំ
អានអត្ថបន្ត៖ “Rock Angel” ភាពយន្តថៃកំប្លែងសើចចុកពោះ ពីដើមដល់ចប់
អត្ថបទ៖ អ៊ីង សុឡា