កន្លងមកប្រិយមិត្តធ្លាប់តែភ្ញាក់ផ្អើលដោយបានឃើញទូរសព្ទដែលមានតម្លៃថ្លៃរហូតរាប់ម៉ឺនដុល្លារ។ ប៉ុន្តែពេលនេះអ្នកទាំងអស់គ្នាប្រាកដជាបើកភ្នែកធំៗមិនខានពេលឃើញទូរសព្ទមានតម្លៃថ្លៃនឹកស្មានមិនដល់រហូតអាចទិញរថយន្តទំនើបLamborghini មួយគ្រឿងបាន។ ខាងក្រោមគឺជាទូរសព្ទទាំង៦ នៅលើពិភពលោកដែលមានតម្លៃថ្លៃរាប់លានដុល្លារ៖
៦. ទូរសព្ទ Gresso Luxor Las Vegas Jackpot មានតម្លៃ ១លានដុល្លារ
ទូរសព្ទមួយនេះផលិតនៅប្រទេសស្វីសនៅក្នុងឆ្នាំ ២០០៥។ វាស្រោបដោយមាសសុទ្ធទម្ងន់១៨០ក្រាម រីឯសំបកក្រោយធ្វើពីឈើប្រណិតម្យ៉ាងដុះនៅទ្វីបអាហ្វ្រិកដែលមានអាយុកាលជាង២០០ឆ្នាំ ហើយក៏ជាឈើដែលមានតម្លៃថ្លៃបំផុតលើលោក។ ចំណែកឯប៊ូតុងរបស់ទូរសព្ទនេះផលិតពីត្បូងកណ្ដៀង។
៥. ទូរសព្ទ Diamond Crypto មានតម្លៃ ១,៣លានដុល្លារ
Diamon Crypto ដាំដោយពេជ្រចំនួន ៥០គ្រាប់ដែលក្នុងនោះ១០គ្រាប់ជាត្បូងទទឹមដ៏កម្រ ហើយផ្នែកមួយចំនួនផ្សេងទៀតស្រោបដោយមាសសុទ្ធ។
៤. GoldVish Le Million មានតម្លៃ១,៣លានដុល្លារ
ទូរសព្ទមួយនេះធ្លាប់ជាប់កំណត់ត្រាពិភពលោកជាទូរសព្ទស្រោបមាសមានតម្លៃថ្លៃបំផុតរបស់ប្រទេសបារាំងនាឆ្នាំ២០០៦។ លើសពីនេះវាស្រោបដោយមាសស ១៨ការ៉ាត់ និងពេជ្រទម្ងន់២០ការាត់។
៣. iPhone 3G King’s Button មានតម្លៃ ២,៤លានដុល្លារ
វាដាំដោយត្បូងពេជ្រចំនួន១៣៨គ្រាប់ព័ទ្ធជុំវិញហើយប៊ូតុងចុចដាំពេជ្រមួយគ្រាប់ទម្ងន់ ៦,៦ការ៉ាត់។
២. Supreme Goldstriker iPhone 3G 32GB មានតម្លៃ ៣,២ លានដុល្លារ
ទូរសព្ទមួយនេះស្រោបដោយមាសសុទ្ធទម្ងន់២៧១ក្រាមហើយគែមអេក្រង់ជុំវិញដាំពេជ្រចំនួន៥៣គ្រាប់ក្នុងមួយគ្រាប់មានទម្ងន់១ការ៉ាត់។ ចំណែកឯប៊ូតុងចុចដាំដោយត្បូងពេជ្រមួយគ្រាប់ទម្ងន់៧,១ការ៉ាត់។
១. Diamond Rose iPhone 4 32GB មានតម្លៃ ៨លានដុល្លារ
ផ្នែកគែមទូរសព្ទនេះដាំពេជ្រចំនួន៥០០គ្រាប់ដែលមានទម្ងន់សរុប១០០ការ៉ាត់ហើយសំបកផ្នែកខាងក្រោយស្រោបដោយមាសសុទ្ធ រីឯស្លាកសញ្ញារូបApple ដាំពេជ្រចំនួន៥៣គ្រាប់។ ប៊ូតុងចុចនៅខាងមុខ (ផ្នែកគែម) ស្រោបដោយប្លាទីន និងដាំពេជ្រទំហំ៨ការ៉ាត់នៅចំកណ្ដាល៕
ចុចអាន៖ Vertu Aster កញ្ចក់ធ្វើពីត្បូងកណ្ដៀងតម្លៃជិត ១ ម៉ឺនដុល្លារ
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ wonderslist