សិស្ស​នៅ​ភ្នំពេញ​ល្បី​រឿង​ប្រើ​​ ស្មាតហ្វូន​ ចុះ​​សិស្ស​នៅ​វិទ្យាល័យ​ អង្គរ​វិញ?

  • 2015-02-27 18:49:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យ​ទំនើប​បច្ចុប្បន្ន​​ឃើញ​មាន សិស្ស​ ឬ​ និស្សិត​​​សាលា​​កំពុង​​​​​ពេញ​និយម​រឿង​ប្រើប្រាស់​​ស្មាតហ្វូន​​ដែល​ភ្ជាប់​ អ៊ីនធឺណិត ​ដើម្បី​ទំនាក់​ទំនង ឬ​ ​ធ្វើ​​កិច្ចការ​នានា​​ ជា​ពិសេស​​នៅ​ក្រុង​ភ្នំពេញ។ ​ ចុះ​​​នៅ​វិទ្យាល័យ​​​អង្គរ​ នៃ​ទឹក​ដី​ខេត្ត​សៀមរាប​ វិញ​​យ៉ាង​ណា​​ដែរ? ​សូម​ស្ដាប់​បទសម្ភាសន៍​រវាង​ Sabay ​និង​​ លោក​ រិន ឡូត នាយក​ស្ដី​ទី​​នៃ​វិទ្យាល័យ​​អង្គរ​ ដូច​ខាង​ក្រោម។

 

 

Sabay៖ ជម្រាប​សួរ​ លោក​នាយក! រិន ឡូត៖ ​បាទ​ជម្រាប​សួរ!   Sabay៖ ​​លោក​​នាយក​ថា​ បច្ចុប្បន្ន ​​ក្មេងៗ​មាន​ទូរសព្ទ​ប្រើ​ទំនើបៗ​​ ជា​ពិសេស​​សិស្ស​វិទ្យាល័យ​នៅ​ភ្នំពេញ​ ​ចុះ​តើ​ការ​ប្រើ​ ស្មាតហ្វូន ឬ អ៊ីនធឺណិត​ នៅ​វិទ្យាល័យ​​ អង្គរ​យ៉ាង​ម៉េច​ដែរ? ​​  រិន ឡូត៖​ ​បាទ​ សូម​អរគុណ! ​ខ្ញុំ​យល់​ឃើញ​ថា​ ​សម័យ​នេះ​​​​​​​ការ​ប្រើ​អ៊ីនធឺណិត​ គឺ​សំខាន់​ណាស់​ក្នុង​ការ​ងារ​ ក៏​ដូច​ការ​សិក្សា។​ ​​បើ​និយាយ​ពី​​ការ​ផ្សព្វផ្សាយ​​គឺ​លឿន​ ​ពោល​ផ្សាយ​​ភ្លាម​ដល់​ភ្លែត។ ​បើ​ទាក់​ទង​​វិស័យ​អប់រំ​វិញ​​ក៏​ល្អ​ដែរ​​ ​គឺ​​យើង​​អាច​ប្រើ​វា​ដើម្បី​ស្រាវជ្រាវ​ ឬ ​ធ្វើ​កិច្ចការ​បាន​រហ័ស។ ​ជាក់​ស្ដែង​ ​នៅ​​​​វិទ្យាល័យ​អង្គរ​ ខ្ញុំ​ប៉ាន់​ស្មាន​​បាន​ថា​ ​សិស្ស​ប្រើ​ អ៊ីនធឺណិត​ លើ​ ស្មាត​ហ្វូន​​​​ចន្លោះ​​ពី​ ៥៥% ទៅ ៦០% ក្នុង​ចំណោម​សិស្ស​សរុប​ ​​៤៨៧៥​ នាក់(សិស្ស​ស្រី​ ២៤៨១)។ ​​ការ​ប្រើ​ ​ស្មាតហ្វូន​បែប​នេះ វា​ដូច​ជា​ E-Library អីចឹង​ដែរ។​ យើង​ត្រូវ​ការ​មេរៀន ឬ ឯកសារ​យោង​ផ្សេងៗ យើង​បាន​ភ្លាម​តែ​ម្ដង។

 

សិស្ស​នៅ​វិទ្យាល័យ​អង្គរ

Sabay៖​ ​​វា​មាន​គុណសម្បត្តិ​ ចុះ​បើ​និយាយ​ពី​គុណវិបត្តិ​វិញ​​យ៉ាង​​ដូច​ម្ដេច​​ដែរ?   រិន ឡូត៖ ​​​ការ​ពិត​ណាស់​ អ៊ីនធឺណិត​ ជា​អាវុធ​មុខ​ពីរ។ ​ចំណុច​តូច​មួយ​ក្នុង​ចំណោម​ចំណុច​ធំៗ ​អ្នក​ខ្លះ​អាង​តែ ស្មាតហ្វូន អាច​ធ្វើ​ឲ្យ​មនុស្ស​ភ្លេច​រាល់​​​​លេខ​ដក​គុណ​ចែក​ ឬ​​ រូប​មន្ត​ខ្លះៗ​ ​​ដោយ​ពឹង​លើ​​ទូរសព្ទ​ទំនើបៗ។ ​ ឧទាហរណ៍​​ថា​ រូប​មន្ត​គណិតវិទ្យា​ខ្លះ​ Cos, ឬ Tan ​ អីចឹង​ទៅ​ ​មិន​ខ្ចី​ចាំ​​ដោយ​ចាំ​តែ​ទូរសព្ទ​ទំនើប​គណនា​​ឲ្យ។ ​ ​ចំណុច​ធំ​មួយ​ទៀត​បើ​សិន​ សិស្សានុសិស្ស​របស់​យើង​ប្រើ​​ខុស​​គោល​ដៅ​គឺ​ជា​គ្រោះ​ថ្នាក់​មួយ​ដែរ​ ដូច​ជា​​លេង​ អ៊ីនធឺណិត​អត់​គិត​រៀន​សូត្រ ឬ ​បើក​មើល​​រឿង​ហាម​ឃាត់​ដែល​មិន​គួរ​បើក​ ។ ​​មួយ​ទៀត​ ​អាច​និយាយ​បាន​ថា​​ ការ​ប្រើ​អ៊ីនធឺណិត​​ដោយ​យក​គំរូ​អាក្រក់ៗ ​ឬ​ គេច​សាលា​តាម​សម្ភារ​​អូសទាញ​​ជា​ដើម។ ​ជួន​ពេល​ខ្លះ​ ការ​ប្រើ​ ​ស្មាតហ្វូន​​ ក៏​អាច​រំខាន​ដល់​ការ​សិក្សា​មួយ​ចំណែក​ដែរ​ ព្រោះ​​មាន​ការ​ផ្ញើ​សារ​ ឬ ទាក់ទង​គ្នា​ផ្ដេសផ្ដាស​ក្នុង​ម៉ោង​​ដែល​គ្រូ​កំពុង​បង្រៀន។

 

  Sabay៖ ចុះ​បើ​មិន​ផ្ដោត​លើ​ ស្មាតហ្វូន​ តើ​ការ​ប្រើ​ អ៊ីនធឺណិត​ សម្រាប់​​វិទ្យាល័យ​អង្គរ​វិញ​​មាន​លក្ខណៈ​​បែប​ណា​ទៅ?   រិន ឡូត៖​ ​យើង​មាន​​​ កុំព្យូទ័រ​ ចំនួន​ ៣២​ ដែល​ភ្ជាប់​ អ៊ីនធឺណិត ដែល​ជា​ការ​ចង្អុល​បង្ហាញ​របស់​ក្រសួង​អប់រំ​ ​​យុវជន​ និង​កីឡា។ ​ អ៊ីនធឺណិត​ មាន​បង្រៀន​សម្រាប់​សិស្ស​ថ្នាក់​ទី​ ១០ និង ១១។ ចំណែក​ថ្នាក់​ទី​ ១២​ យើង​អត់​បង្រៀន​​​ទៀត​ទេ ព្រោះ​រៀន​កាល​នៅ​ទី​ ១០​ និង ១១​ ​រួច​ទៅ​ហើយ។ ​ក្រៅ​ពី​បង្ហាត់​បង្ហាញ​ អ៊ីនធឺណិត​ និង អ៊ីមែល​ ​យើង​មាន​បង្រៀន​វគ្គ​ Open Office ​ដែល​ជា​កម្មវិធី​របស់​ខ្មែរ។   Sabay៖ សូម​​​អរគុណ​​លោក​នាយក​ដែល​បាន​ឆ្លើយ​សំណួរ​យ៉ាង​ក្បោះក្បាយ។ ​ខ្ញុំ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ជា​ច្រើន​ទៀត​ពី​​វិទ្យាល័យ​អង្គរ។   រិន ឡូត៖​ បាទ ​​លោក​គ្រូ​សូម​ស្វាគមន៍​ចំពោះ​ Sabay​ និង សហការ​ជា​និច្ច​រាល់​ព័ត៌មាន​​ពី​​វិទ្យាល័យ​អង្គរ។   វិទ្យាល័យ​អង្គរ​​ ​ស្ថិត​នៅ​ ភូមិ វត្ត​បូព៌​ សង្កាត់​ សាលា​កំរើក​ ស្រុក​​សៀមរាប​ខេត្ត​សៀមរាប។ ​​​​ឆ្នាំ​សិក្សា​​ ២០១៤-២០១៥ ​មាន​សិស្ស​​​សរុប​ ​៤៨៧៥​ នាក់​ដែល​ក្នុង​នោះ​សិស្ស​ស្រី​ ២៤៨១៕

 

 
 
 

ចុច​អាន ​សិស្ស​​ឆ្នើម​ៗ​​ ៣០​នាក់​ប្រចាំ​​​សៀមរាប​ ត្រៀម​​ដណ្ដើម​​​​​ជយលាភី​​​សិស្ស​ពូកែ​ទូទាំង​ប្រទេស   ចុច​អាន កក​ស្ទះ​ចរាចរណ៍​ខ្លាំង​ពេក យុវជន​ខ្មែរ​រៀន​នៅ​ថៃ​ចាប់​ជំនាញ​វិស្វកម្ម​គមនាគមន៍​សង្ឃឹម​អាច​កាត់​បន្ថយ

 

អត្ថបទ៖ ឆន ទិត្យ

អត្ថបទថ្មី